គណៈកម្មការអឺរ៉ុប៖សេដ្ឋកិច្ចក្នុងសហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២០ នឹងដាំក្បាលចុះជាប្រវត្តិសាស្រ្ត
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃពុធ ទី៦ ឧសភា គណៈកម្មការអឺរ៉ុបបានព្យាករណ៍ថា សេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២០ នឹងដាំក្បាលចុះយ៉ាងគំហុកជាប្រវត្តិសាស្រ្តមិនធ្លាប់មាន។ វិបត្តិកូវីដ-១៩ជាអ្នកទទួលខុសត្រូវទាំងស្រុងនៃសេដ្ឋកិច្ចដើរថយក្រោយនៅក្នុងសហភាពអឺរ៉ុបដោយរាប់ទាំងប្រទេសនៅក្នុងតំបន់ និងប្រទេសនៅក្រៅតំបន់ចាយប្រាក់អឺរ៉ូ។ គ្រាន់តែថា មានប្រទេសខ្លះជួបវិបត្តិធ្ងន់ធ្ងរ និងប្រទេសខ្លះទៀតមិនសូវធ្ងន់ធ្ងរប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបានស្នើឲ្យរៀបចំផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរួមមួយមិនធ្លាប់មានដើម្បីឆ្លើយតបនឹងវិបត្តិមួយមិនធ្លាប់មាន។
ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ចលោកប៉ាវឡូ យ៉ង់ទីឡូនីដែលជាជនជាតិអ៊ីតាលីបានគូសបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងប្រឈមនឹងសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២០ មិនធ្លាប់មាន គិតតាំងពីមហាវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ ១៩២៩ និងគិតតាំងពីអឺរ៉ុបបានប្រកាសដាក់ប្រាក់អឺរ៉ូឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៩៩។ ស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរនេះបានដាក់សម្ពាធលើសមាជិកអឺរ៉ុបទាំង ២៧ប្រទេសឲ្យប្រញិបប្រញាប់បង្ហាញចេញនូវផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរួមមួយជាបន្ទាន់។ តាមលោកយ៉ង់ទីឡូនី ប្រទេសសមាជិកទាំងអស់កំពុងធ្វើការងារមួយនេះយ៉ាងលំបាក និងមានជំនឿថា ផែនការផ្តល់សន្ទុះសេដ្ឋកិច្ចរួមអាចនឹងចេញរួចនៅប៉ុន្មានសប្តាហ៍ទៀត និងអាចអនុម័តក្នុងខែមិថុនាខាងមុខ។
តែលោក យ៉ង់ទីឡូនីបានទទួលស្គាល់ថា ជម្រៅនៃវិបត្តិ និងសមត្ថភាពនៃការស្រោចស្រង់នឹងមានខុសគ្នាដោយផ្អែកតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ។ អ្វីដែលលោកយ៉ង់ទីឡូនីចង់និយាយ គឺការដកវិធានការបិទខ្ទប់ប្រទេសចេញវិញមុន ឬក្រោយ សមត្ថភាពហិរញ្ញវត្ថុ និងសារៈសំខាន់នៃវិស័យអាទិភាពរបស់ប្រទេសនីមួយៗ។ មានប្រទេសខ្លះពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដូចយ៉ាងក្រិច អ៊ីតាលី និងអេស្ប៉ាញ ហើយប្រទេសខ្លះទៀតពឹងផ្អែកលើវិស័យទេសចរណ៍បូកនឹងឧស្សាហកម្មដូចយ៉ាងបារាំង និងអាល្លឺម៉ង់។ តាមការព្យាករណ៍របស់គណៈកម្មការអឺរ៉ុប ប្រទេសក្រិច អ៊ីតាលី និងអេស្ប៉ាញនឹងស្គាល់ស្ថានភាពសេដ្ឋកិច្ចអាក្រក់ជាងគេដោយមានផលិតផលសរុបក្នុងស្រុកធ្លាក់ចុះ ៩,៧% សម្រាប់ក្រិច ៩,៥% សម្រាប់អ៊ីតាលី និង ៩,៤% សម្រាប់អេស្ប៉ាញ។
ចំណែកអាល្លឺម៉ង់ និងបារាំងដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ និងទី២ ក្នុងអឺរ៉ុបនឹងមានផលិតផលសរុបក្នុងស្រុកធ្លាក់ចុះ ៦,៥% សម្រាប់អាល្លឺម៉ង់ និង ៨,២% សម្រាប់បារាំង។ បើគិតក្នុងតំបន់ចាយប្រាក់អឺរ៉ូ ផលិផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ ២០២០ នឹងធ្លាក់ចុះ ៧,៧% មុននឹងស្ទុះឡើងវិញចំនួន ៦,៣% នៅឆ្នាំ ២០២១។ សេដ្ឋកិច្ចដាំក្បាលចុះយ៉ាងគំហុកនឹងរុញឲ្យមានកំណើនបំណុលសាធារណៈ និងឱនភាពសាធារណៈ។ បំណុលសាធារណៈរបស់អ៊ីតាលីក្នុងឆ្នាំ ២០២០ អាចមាន ១៥៨,៩% នៃផលិតផលសរុបក្នុងស្រុក បារាំងអាចមាន ១១៦,៥% ហើយប្រទេសធ្ងន់ ក ជាងគេក្នុងចំណោម ១៩ប្រទេសស្ថិតក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺក្រិចដែលអាចមានដល់ទៅ ១៩៦,៤%។
ទាក់ទងនឹងឱនភាពសាធារណៈវិញ អ៊ីតាលីអាចមានអត្រាឱនភាពសាធារណៈឡើងដល់ទៅ ១១,១% នៃផលិផលសរុបក្នុងស្រុក បារាំងអាចឡើងដល់ ៩,៩% និងអាល្លឺម៉ង់ដែលជាសិស្សល្អជាងគេអាចឡើងដល់ ៧%។ គួររម្លឹកថាតាមច្បាប់សហភាពអឺរ៉ុប ប្រទេសសមាជិកនីមួយៗត្រូវមានអត្រាឱនភាពសាធារណៈត្រឹម ៣% នៃផលិតផលសរុបក្នុងស្រុក។ យ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបសង្ឃឹមថានៅឆ្នាំ ២០២១ ស្ថានការណ៍នឹងអាចត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ