ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេសក្លាយជាប្រទេសរងគ្រោះកូវីដ១៩ លំដាប់ទីពីរពិភពលោក បន្ទាប់​ពី​អាមេរិក

សំឡេង ០៧:២៨
អង់គ្លេសក្លាយជាប្រទេសរងគ្រោះកូវីដ១៩ លំដាប់ទីពីរពិភពលោក
អង់គ្លេសក្លាយជាប្រទេសរងគ្រោះកូវីដ១៩ លំដាប់ទីពីរពិភពលោក AFP

៣២៣១៣នាក់ បាន​ស្លាប់​ដោយ​កូវីដ១៩ នៅ​ប្រទេស​អង់គ្លេស។ នេះ​បើ​តាម​តុល្យការ​ផ្លូវការ​ចុងក្រោយ ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ៥ ឧសភា ២០២០។ ជាមួយ​នឹង​ចំនួន​មនុស្ស​ស្លាប់​ជាង​បី​ម៉ឺន​នាក់​ អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេសរងគ្រោះ​ខ្លាំង​ជាង​បំផុត​ នៅ​អឺរ៉ុប (ខ្លាំង​ជាង​អ៊ីតាលី​ទៀត) និង​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក។ ហេតុ​អ្វី​បាន​ជាអង់គ្លេស​ធ្លាក់​ខ្លួន​រងគ្រោះ​ខ្លាំង​ដូច្នេះ ?

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃអង្គារទី​៥​ឧសភា​​ម្សិលមិញ​មក អង់គ្លេសបានក្លាយ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​បំផុត​នៅ​អឺរ៉ុប ដោយ​មាន​ចំនួនអ្នក​ស្លាប់ ច្រើន​ជាង​​​អ៊ីតាលី​ទៅទៀត។ នេះ​បើយោង​តាម​តុល្យការ​ផ្លូវការ ដែល​ប្រមូល​បូក​សរុប​ចំនួន​អ្នក​ស្លាប់​ នៅតាម​មន្ទីរពេទ្យ នៅ​តាម​ផ្ទះ​ដែល​ជាប់​សង្ស័យ​ថា​បណ្តាលមក​ពី​កូវីដ១៩ដែរ នៅ​តាម​គ្រប់​រដ្ឋ​មក​​បញ្ចូលគ្នាទាំង​អស់។ ប៉ុន្តែ​​​តុល្យការនេះ​ គឺ​ជាតួលេខ​ប្រចាំ​សប្តាហ៍ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ២៤​មេសា​តែ​ប៉ុណ្ណោះ។ ​​​ការ​ពិត​ជាក់​ស្តែង នឹងមាន​ចំនួន​ច្រើន​ថែមទៀត។

បើ​តាមរបាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល​អង់គ្លេសកាលពី​​ថ្ងៃចន្ទ ដោយ​រាប់​តែ​​​អ្នក​ស្លាប់ ​នៅ​តាម​មន្ទីរពេទ្យ​ និង​តាម​មណ្ឌល​មនុស្ស​ចាស់​ជរា ដែលបាន​ឆ្លងកាត់​តេស្ត​ដឹង​ច្បាស់​ថាកើតកូវីដ១៩ អង់គ្លេស​មាន​ចំនួនអ្នកស្លាប់​ ២៨៧៣៤នាក់ និងអ្នក​មាន​ផ្ទុក​មេរោគកូរ៉ូណា​ថ្មី​ផ្លូវការ​ចំនួន​ជាង​១៩​ម៉ឺ​ន​នាក់។ នៅមណ្ឌលចាស់​ ​​ស្ថានភាពដុនដាប​ខ្លាំង​ណាស់ ចំនួនមនុស្ស​ស្លាប់​បាន​កើន​ឡើង​២៨០%​​បើប្រៀប​ទៅ​នឹងឆ្នាំ​មុន​ និង​ច្រើន​ជាង​ដល់​បួន​ដង បើ​ប្រៀប​ទៅ​នឹង​មធ្យមភាគ​ទូទៅក្នុង​ប្រទេស។

​បរាជ័យ​នៃយុទ្ធសាស្ត្រ​ចង់​​ឱ្យ​ពលរដ្ឋ​ច្រើន​មាន​អង់ទីក័រ​

នៅ​ចំពោះ​ទំហំ​នៃគ្រោះមរណៈ​ដ៏​សន្ធឹកសន្ធាប់ អស់​ជាងបីម៉ឺ​ន​នាក់ក្នុង​រយៈ​ពេល​តែ​ពីរខែ រដ្ឋាភិបាល​អង់គ្លេស​ត្រូវ​តែ​រង​ការរិះគន់និងបន្ទោស​ដោយ​ចៀស​មិន​រួចឡើយ។ អង់គ្លេស​ធ្លាក់​ខ្លួន​រងគ្រោះ​ខ្លាំង មិនមែន​បណ្តាល​មក​ពី​តែ​ពី​យុទ្ធសាស្ត្រ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​មាន​អង់ទីក័រ​ច្រើន​គ្នាទេ​មួយ​មុខ​ទេ។ ​​កូវីដ១៩​ធ្វើ​ដំណើរទៅ​ដល់ និង​រាតត្បាតនៅ​​អង់គ្លេសក្រោយ​គេ។ អង់គ្លេស​មាន​ករណីស្លាប់​ម្នាក់​ដំបូង នៅ​ថ្ងៃទី៥​ មីនា ក្នុង​ពេលដែល​អ៊ីតាលី​កំពុង​រាប់​ឃើញ​មានអ្នក​ស្លាប់​ឡើង​ដល់​១៤៨​នាក់។ តែ​អាជ្ញាធរអង់គ្លេស​មិន​បាន​រួសរាន់​ចាត់​វិធានការ​ទប់​ស្កាត់​ហានិភ័យ​ភ្លាម​ទេ និងក៏មិនបានត្រៀមលក្ខណៈ​រៀប​ចំរកតេស្ត​ឬ​សម្ភារៈ​បរិក្ខារ​ការពារដែរ និង​បាន​សម្រេច​បិទខ្ទប់​ប្រជាពលរដ្ឋ​ ក្រោយគេ នៅ​​ថ្ងៃទី​២៣​ខែមីនាឯណោះ។

កាលពីសប្តាហ៍មុន ក្នុង​បទសម្ភាសន៍​ជាមួយទូរទស្សន៍BBC ​ទីប្រឹក្សាវិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស​ពី​ឆ្នាំ​២០០០-២០០៧ លោក ដេវីដ គីង David King យល់​ថា អង់គ្លេសមាន​អ្នក​ស្លាប់​ដ៏​ច្រើនខ្លាំង​ក្រៃ គឺ​មកពី​រដ្ឋាភិបាលមិនចាត់វិធានការ​ដែល​គួរ និង​សមស្រប​​ក្នុងពេលករណី​រាតត្បាត​សាកល។

លោក ចនសុន នាយករដ្ឋមន្ត្រី​អង់គ្លេស​ ​មើលស្រាល​វិបត្តិកូវីដ១៩។ លោក​បានថែម​ទាំង​ទៅ​ចាប់​ដៃអ្នក​ជំងឺ​ ដែល​ខ្លះ​មាន​ជំងឺកូវីដ១៩​ផង ពេល​ចុះ​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី ៣​មីនា។ នៅ​ពេល​អាជ្ញាធរ​ សេវា​សុខាភិបាល​ ចាប់​ផ្តើម​ហួសសមត្ថភាព​គ្រប់គ្រង​ជំងឺ​រាតត្បាតហើយ ប្រមុខ​រដ្ឋាភិបាល​នៅ​តែ​មិន​អើ​ពើ​នឹង​រឿង​គិត​គូរ​បិទ​បង្ខាំងពលរដ្ឋ​ទៀត ដោយ​ចង់ឱ្យ​ពលរដ្ឋ​បាន​ឆ្លង​មេរោគដើម្បី​មាន​អង់ទីក័រ​ការពារខ្លួន​ពី​ជំងឺកូវីដ​១៩​តែ​ម្តង។ ទាល់​តែ​ទីប្រឹក្សា​សុខាភិបាល​ស្រែក​អាសន្ន​ថា មនុស្ស​​អាចមានអង់ទីក័រ​ឈ្នះ​កូវីដ​១៩​បាន ទាល់​តែអ្នកឈឺជាមកវិញ ទើ​ប​លោក ចនសុនព្រម​ប្តូរ​ជំហរ​ ចេញបម្រាម​បិទ​ខ្ទប់ប្រជាជន។ ទី​បំផុត​ គឺ​រូបលោកផ្ទាល់​ក៏​បានឆ្លងកូវីដ និង​បានធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ចូល​សង្គ្រោះ​បន្ទាន់​ អស់​ជា​ច្រើន​ថ្ងៃ។ ​ប្រឈម​នឹង​​ការរិះគន់​និង​ដ៏​ច្រើនទាក់ទង​នឹង​ចំណាត់ការ​ប្រឆាំង​នឹងកូវីដ១៩ រដ្ឋាភិបាល​​បានចេញ​មុខ​បដិសេធ​ថា​មិន​បាន​​ជ្រើសរើស​ប្រកាន់យក​យុទ្ធសាស្ត្រ​ស្វែង​រក​អង់ទីក័រ​ឱ្យ​​សមូហភាពទេ ហើយ​ក៏​​មិន​មែន​ជាកម្មវត្ថុ​របស់រដ្ឋាភិបាលដែរ។ ការ​ស្វែងរកអង់ទីក័រ​​ជាគោលគំនិត​វិទ្យាសាស្ត្រ។

អង់គ្លេស​នឹងអាច​បើក​ប្រទេស ក្នុង​ពេលឆាប់ៗ ? ​

ថ្វី​បើ​តុល្យការនៃ​ចំនួន​មនុស្ស​ស្លាប់​​ឡើង​ខ្ពស់​មែន ប៉ុន្តែ​អាជ្ញាធរអង់គ្លេសបាន​អះអាង ​ការ​ចម្លង​រាតបាន​ឡើង​ដល់កំរិត​កំពូល​និង​ចាប់​ផ្តើម​ថយ​អំណាច​ហើយ។ ចំនួន​អ្នក​ស្លាប់​និង​អ្នក​ចូល​ព្យាបាលក្នុង​មន្ទីរពេទ្យ​ ​កំពុង​ចាប់​ផ្តើម​ស្រកចុះ។ នៅ​ថ្ងៃព្រហស្បតិ៍ទី​៧​ឧសភាស្អែក ត្រូវ​ដល់​កំណត់​ដែល​រដ្ឋាភិបាល​វាយតម្លៃ​ស្ថានការណ៍​និង​ផ្តល់​​សេចក្តី​សម្រេច​ចិត្តជា​​ថ្មី។ ប៉ុន្តែ​​ ​ដោយ​ខ្លាច​ការ​រាតត្បាត​មានសន្ទុះ​ឡើង​វិញ អង់គ្លេស​ទំនង​ជា​នឹងត្រូវ​បិទបង្ខាំង​​ប្រជាពលរដ្ឋ​បន្ត​ទៀត។

ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ចដ៏​​ធ្ងន់ ​អត្រា​​អ្នក​អត់​ការងារកើន​​ថ្មី​បន្ថែម​ជាង​៦លាន​នាក់  និង​ដើម្បី​ស្តារ​​សេដ្ឋកិច្ច​ដែលកំពុងទន់​ជង្គង់​ឱ្យ​មាន​សកម្មភាពខ្លះ​ឡើង​វិញ ​រដ្ឋាភិបាល​ក៏​ចាប់​ផ្តើម​ពិចារណា​រក​វិធី​បន្ធូរ​បន្ថយ​បម្រាម​បិទខ្ទប់​ប្រទេស​ដែរ។

បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មានអង់គ្លេស​មួយចំនួន លោកនាយករដ្ឋមន្ត្រី​ ចនសុន ទំនង​ជា​នឹងត្រូវ​ធ្វើ​សុន្ទរកថា​ជាតិ​នៅ​ល្ងាចថ្ងៃអាទិត្យទី​១០​ឧសភា ដើម្បី​បង្ហាញ​អំពីយុទ្ធសាស្ត្រដើរ​ចេញពី​​ការបិទ​ខ្ទប់។​ ដើម្បី​បើក​ប្រទេស​វិញ​ដោយ​សន្សឹមៗ ​រដ្ឋាភិបាលរំពឹង​លើការធ្វើ​តេស្តរក​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ទ្រង់ទ្រាយ​ធំ និង​លើកម្មវិធីរក​​ដាន​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ។ កម្មវិធី​នេះ​កំពុង​ឆ្លង​កាត់​ការប្រើ​​សាកល្បង​នៅលើកោះ​ Wight ភាគ​ខាង​ត្បូង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI