ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​រំលឹកខួប ៧៥ឆ្នាំ​នៃ​ការបិទបញ្ចប់​សង្រ្គាម​លោក​លើកទី២ ដោយ​រឹតត្បិតបំផុត ដោយសារ​កូវីដ១៩

សំឡេង ០៧:១០
ប្រធានាធិបតីបារាំង ដាក់កម្រងផ្កា​នៅលើផ្នូរ​ទាហាន​ដែល​ពលីជីវិត​ក្នុង​សង្រ្គាម នៅថ្ងៃ​ប្រារព្ធខួប​៧៥ឆ្នាំនៃ​ការបិទបញ្ចប់​សង្រ្គាមលោកលើកទី២​ដែល​ត្រូវ​បានរៀបចំ​ដោយ​រឹតត្បិត​បំផុត ដោយសារ​បញ្ហា​កូវីដ ១៩
ប្រធានាធិបតីបារាំង ដាក់កម្រងផ្កា​នៅលើផ្នូរ​ទាហាន​ដែល​ពលីជីវិត​ក្នុង​សង្រ្គាម នៅថ្ងៃ​ប្រារព្ធខួប​៧៥ឆ្នាំនៃ​ការបិទបញ្ចប់​សង្រ្គាមលោកលើកទី២​ដែល​ត្រូវ​បានរៀបចំ​ដោយ​រឹតត្បិត​បំផុត ដោយសារ​បញ្ហា​កូវីដ ១៩ REUTERS - CHARLES PLATIAU

នៅ អឺរ៉ុប វិបត្តិកូវីដ​១៩ បាន​ទៅ​រំខាន មិន​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំ​ពិធីរំលឹកខួប​៧៥ឆ្នាំ នៃការបិទបញ្ចប់​សង្រ្គាម​លោកលើកទី២ បានយ៉ាងទូលំទូលាយ ទេ នៅថ្ងៃ​សុក្រទី​៨ឧសភានេះ។ នៅក្នុង​បរិបទ​កើតមាន​ជំងឺ កូវីដ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១សែន ៥ម៉ឺននាក់ នៅទឹកដីអឺរ៉ុប ពិធីបុណ្យ​អបអរ​ជ័យជំនះ របស់​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​ ទៅលើ​ពួកទាហាន​ណាហ្ស៊ី អាល្លឺម៉ង់ កាលពី​៧៥​ឆ្នាំមុន ត្រូវបាន​ រៀបចំ​ឡើង ដោយ​រឹតត្បិត​បំផុត។ 

ផ្សាយពាណិជ្ជកម្ម

នៅបារាំង នៅថ្ងៃ​៨ឧសភា ដែល​ជាថ្ងៃ​បុណ្យជាតិ ថ្ងៃ​ឈប់​សម្រាក​របស់​ប្រជាជន ពិធី​រំលឹក​គោរព​វិញ្ញាណក្ខន្ធ​ដល់​ទាហាន​ដែល​ពលីជីវិត ក្នុង​សង្រ្គាមដើម្បី រំដោះប្រទេស​ជាតិ តែងត្រូវ​រៀបចំឡើង យ៉ាង​អធិកអធម ជាមួយ​ក្បួនដង្ហែរ​រថយន្ត​របស់​ប្រធានាធិបតី ក្រោម​ក្រសែភ្នែក​របស់​ប្រជាជន​បារាំង ដែល​ចូលរួម​តាមដាន​ពិធីបុណ្យជាតិ​ដ៏សំខាន់មួយនេះ។

ប៉ុន្តែ ឆ្នាំនេះ ជំងឺកូវីដ បាន​ចាប់តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង កែប្រែ សឹងទាំងស្រុង កម្មវិធី ទំនៀមទំលាប់ រៀបចំ​ពិធីរំលឹក​ខួប៧៥​ឆ្នាំ នៃ​ការបិទបញ្ចប់​សង្រ្គាមលោកលើកទី ២។ នៅថ្ងៃ​សុក្រនេះ កម្មវិធីបុណ្យ​ត្រូវ​រៀបចំ ដោយ​រឹតត្បិត​បំផុត ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សំខាន់ៗ ប៉ុន្មាន​រូបបុណ្ណោះ។ ពីខាង​រដ្ឋាភិបាល មានតែ​នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តីការពារ​ជាតិ ដែល​មានវត្តមាន​ជាមួយ អតីតប្រធានាធិបតី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា។ ក៏គ្មានដែរ អតីត​នាយទាហាន ដែល​ធ្លាប់ចូលរួម​ក្នុង​សង្រ្គាមលោក ដោយសារថា ពួកគេ​ទាំងនោះ​ដែល​សុទ្ធតែ​មាន​វ័យចំណាស់ គឺ​ជា​ផ្ទាំងស៊ីប ងាយរងគ្រោះខ្លាំង ដោយសារ​ឆ្លងជំងឺ​កូវីដ។ រដ្ឋាភិបាល​កាត់បន្ថយ ចំនួន មនុស្ស​ចូលរួម នៅថ្ងៃ​នេះ គឺ​ដើម្បី​កាត់បន្ថយ​លទ្ធភាព​ចម្លង​ជំងឺ​កូវីដ។

នៅវិមាន​ជ័យជំនះ Arc de Triomphe ជាទី​ដែល​លោក​ដាក់កម្រងផ្កា​សម្រាប់គោរព​វិញ្ញាណក្ខន្ធ​ទាហាន​ដែល​បាន​ពលីជីវិត​ក្នុង​សង្រ្គាម លោកប្រធានាធិបតី​ ក៏ដូចជា អ្នកចូលរួម​ផ្សេងទៀត រក្សា​គម្លាតសង្គម មិន​ឈរជិត គ្នា មិនចាប់រលាក់ដៃ តាមទម្លាប់បារាំង​ទៀតនោះទេ។ លោកម៉ាក្រុង នៅបានលាងដៃ​នឹង​ទឹកអាកុលទៀតផង​បន្ទាប់ពី​ចាប់ប៊ិច​សរសេរ​លើកំណត់ត្រា​មាស។ រក្សា​គម្លាតសង្គម ដោយត្រូវ​ឈរឃ្លាតគ្នា ១ម៉ែត្រ និង​លាងទឹកអាល់កុល ជា​កាយវិការ​ដែល​គេ​ប្រកាន់ខ្ជាប់​ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ​កូរ៉ូណា។

បន្ទាប់ពី​សង្រ្គាមលោកលើកទី២ កូវីដជាសង្រ្គាម​ថ្មីដែល​ពិភពលោកកំពុងជួបប្រទះ

សង្រ្គាមលោកលើកទី២ ដែល​បាន​សម្លាប់មនុស្ស​ជាង ៥០លាននាក់នៅក្នុង​ពិភពលោក បានបិទបញ្ចប់​ទៅ​ហើយ កាលពី​៧៥ឆ្នាំមុន ជាមួយ​នឹង​ជ័យជំនះ​របស់​ប្រទេស​អឺរ៉ុប និង​សម្ព័ន្ធមិត្ត ទៅលើ​ទាហានណាហ្ស៊ី អាល្លឺម៉ង់។ ប៉ុន្តែ នៅសល់​សមរភូមិ​សង្រ្គាម​មួយដែល​គេប្រយុទ្ធនោះ គឺ​កូវីដ ដែល​ឆ្លងទៅមនុស្ស ជាង ៣លានកន្លះ នៅក្នុង​ពិភពលោក។

ពិធីរំលឹកខួប ជ័យជំនះលើ​ពួកណាហ្ស៊ី ក្នុង​សង្រ្គាមម​លោកលើកទី២ លើកនេះ ធ្វើ​ឲ្យ​គេ​នឹកទៅដល់​រឿងពីរ។ ទី១ នៅក្នុង​បរិបទ​ដែល​ពិភពលោក កំពុង​កើតមាន​ជំងឺរាតត្បាត​កូវីដ វីរជន​ក្លាហាន​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន មិនមែន​ទាហាន នោះទេ ប៉ុន្តែ គឺ​ក្រុមគ្រូពេទ្យ ក្រុមសង្រ្គោះ​បន្ទាន់ និង​អ្នកធ្វើការ ទាំងឡាយ ដែល​ប្រថុយគ្រោះថ្នាក់ ដើម្បី រក្សា សកម្មភាព​សង្គម សេដ្ឋកិច្ច។

ទី២ គឺ​ដោយសារ​កូវីដ សេរីភាព​ដើរហើ​របស់ប្រជាជន​ត្រូវ​បាន​រឹតបន្តឹង។ ប្រជាជន​ត្រូវ​ប្រយ័ត្នប្រយែង​គ្រប់ពេលវេលា ព្រោះមិន​ចង់​ឆ្លងមេរោគកូវីដ។ ឆ្លើយ​នឹង​សំណួរថា តើ​អឺរ៉ុប​អាច​ប្រយុទ្ធ​យកឈ្នះ​លើ​កូវីដ លើកនេះ​ដែរឬទេ រឿង​នេះ គេ​នៅតែ​មិនទាន់​អាច​ដឹងបានទេ ដរាបណា គេនៅមិនទាន់​រកឃើញ​វ៉ាក់សាំង និង​ថ្នាំព្យាបាល​ដ៏មានប្រសិទ្ធិភាពនោះ។

នៅក្នុង​ដំណាក់កាលនេះ នៅពេល​ប្រទេស ត្រៀមបើកបណ្តើរៗ ទីក្រុង និង​អនុញ្ញាត​ឲ្យប្រជាជន​ចេញទៅក្រៅ ទៅធ្វើការ​ឡើងវិញ រដ្ឋអំណាច​របស់​ប្រទេស​នីមួយៗ មានតែ​ចាត់វិធានការ ធ្វើយ៉ាងណា ដើម្បី​កុំ​ឲ្យ​មាន​រលកទី២​នៃ​ជំងឺ​កូវីដ តែប៉ុណ្ណោះ។ នៅអ៊ីតាលី រដ្ឋាភិបាល​បាន​បើក​វិហារកាតូលិក ចំណែក​អេស្ប៉ាញ បើកកន្លែង​ធ្វើកីឡា ចំណែក​នៅបារាំង និងបែលហ្សិក​ជាដើម ដែល​គ្រោង​នឹង​បើកទីក្រុង បើកសាលារៀន ចាប់ពីថ្ងៃ​ចន្ទសប្តាហ៍ក្រោយ បាន​ចាត់វិធានការ​ដោយប្រុងប្រយ័ត្នបំផុត ដើម្បី​កាត់បន្ថយលទ្ធភាពរលក​ទី២​របស់កូវីដ។

ជាក់ស្តែង នៅបារាំង រដ្ឋាភិបាល​ទើប​លម្អិត​ផែនការ​ស្តីពីការបើកទីក្រុង កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ដែលនៅក្នុង​នោះ ប្រទេស​បារាំង​ត្រូវ​ពុះចែក​ជា​២​តំបន់ គឺ​ក្រហម និង​បៃតង។ តំបន់ក្រហម ដែល​ប្រមូលផ្តុំ ប្រជាជន​រស់នៅ ២៧លាននាក់ ត្រូវ​ចាត់ទុក​ជា​តំបន់​ដែល​គេ​ត្រូវ បន្ត​រឹតបន្តឹង ក្នុង​ការធ្វើដំណើរ​តទៅទៀត។ តាមការពន្យល់​របស់​រដ្ឋមន្រ្តី​សុខាភិបាល​បារាំង តំបន់​ចំនួន​៤ របស់បារាំង មានពណ៌​ក្រហម​ (មាន​ផងដែរ ទីក្រុង​ប៉ារីស) ព្រោះ​តំបន់​ទាំងនោះ មាន​ចំនួន​អ្នកជំងឺ​កូវីដ​ច្រើនខ្លាំងនៅមន្ទីរពេទ្យ ចំនួនគ្រែ​សម្រាប់​អ្នកជំងឺធ្ងន់ មាន​កំណត់។ មួយវិញទៀត ការធ្វើតេស្តរកមេរោគកូវីដ ក៏មិនមាន​ច្រើន គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់គ្នានោះទេ។ ដើម្បី ទប់ស្កាត់ កាត់បន្ថយ​កុំ​ករណីឆ្លងថ្មី មានច្រើន រដ្ឋាភិបាល នៅ​រឹតបន្តឹង​ការធ្វើដំណើរ របស់ប្រជាជនក្នុង​តំបន់ក្រហម ប៉ុន្តែ ចំណែក ក្នុង​តំបន់​បៃតង ជាទី​ដែលមិនសូវ​មានអ្នកជំងឺកូវីដ គេ​អាច​បើក​សាលារៀន សួនច្បារ ហើយ​មនុស្សមានសេរីភាព ដើរហើរ​ច្រើនជាង​អ្នកដែលនៅក្នុង​តំបន់ក្រហម។

ថ្ងៃ៨ឧសភា៖ អាល្លឺម៉ង់ ប្រារព្ធ​ពិធី​រំលឹកខួប នៃ​បរាជ័យ និង​ការរំដោះខ្លួន​របស់អាល្លឺម៉ង់ចេញពី​ដៃ​របស់ពួកណាហ្ស៊ី

អាល្លឺម៉ង់​កម្រនឹង​រៀបចំ​បុណ្យខួប ៨ឧសភា ព្រោះវា​ជាថ្ងៃ​ដែល​អាល្លឺម៉ង់​របស់​របបណាហ្ស៊ី ចាញ់សង្រ្គាម ក្រោមដៃ​របស់​អឺរ៉ុប និងសម្ព័ន្ធមិត្ត។ ចាប់តាំង​ពី​ចប់​សង្រ្គាមលោកលើកទី២ ឆ្នាំ ១៩៤៥ ពិធីរំលឹក​ខួប​៨​ឧសភា ត្រូវ​បាន​ធ្វើ​ម្តងគត់​នៅអាល្លឺម៉ង់ នៅ​ឆ្នាំ ១៩៩៥។

នៅពេល​បារាំង អង់គ្លេស រុស្ស៊ី ជាដើម រៀបចំ បុណ្យ ៨ឧសភា សម្រាប់រំលឹកដល់ថ្ងៃ បិទបញ្ចប់​សង្រ្គាម​លោកលើកទី២ និងជ័យជំនះ​របស់​ទៅលើ​ពួកទាហាន​ណាហ្ស៊ី​អាល្លឺម៉ង់ អាជ្ញាធរ​ទីក្រុង​ប៊ែរឡាំង​បាន​ប្រកាស​យកថ្ងៃ​សុក្រនេះ ជាថ្ងៃ​ឈប់សម្រាក​សម្រាប់ប្រជាជនអាល្លឺម៉ង់ ដើម្បីរំលឹក​ពី​ការមានសេរីភាព ពីក្រុមណាហ្ស៊ី និង​ការបំបែកជំរំ សម្លាប់ជនជាតិជ្វីហ្វ របស់​ពួកណាហ្ស៊ី ហ៊ីត្លែ។

ឆ្នាំនេះ ប្រធានាធិបតី អាល្លឺម៉ង់ គ្រោង​នឹង​រៀបចំ​ពិធីផ្លូវការ​ដ៏ធំមួយ ដោយ​មានការចូលរួម​របស់​ភ្ញៀវ ជាង ១៦០០នាក់ ប៉ុន្តែ ដោយសារ​តែ​កូវីដ១៩ កម្មវិធី​នេះ ក៏ត្រូវ​លុបចោល​ទៅវិញ។ ប៉ុន្តែ យ៉ាងណាក៏ដោយ នៅថ្ងៃ សុក្រ​ទី ៨ឧសភា លោកស្រី​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ អង់ហ្គេឡា មេរកិល​នឹងទៅ​ដាក់កម្រងផ្កា​នៅ​បូជវិមាន​រំលឹកវិញ្ញាណក្ខន្ធ ជនជាតិ​ជ្វីហ្វ ប្រមាណ ៦លាននាក់​ដែល​បាន​ស្លាប់​នៅក្នុង​សង្រ្គាម របស់​ពួកណាហ្ស៊ី។

ទោះជា​ពិធី​រៀបចំ​ដោយ​រឹតត្បិត ដើម្បី​ជៀសវាង​ការឆ្លងមេរោគកូវីដ រដ្ឋាភិបាលអាល្លឺម៉ង់​ចង់​យក​ពិធីបុណ្យ​លើកនេះ ដើម្បី រំលឹក​ដាស់តឿន ឲ្យ​មានសណ្តាប់ធ្នាប់​ឡើងវិញ ជាពិសេស​នៅក្នុង​កាលៈទេសៈ ដែល​ក្រុមស្តាំនិយមជ្រុល​អាល្លឺម៉ង់ ដែល​ស្អប់ជនបរទេស កំពុងបង្កើនសកម្មភាព​កាន់តែ​ខ្លាំង ​នៅអាល្លឺម៉ង់។ សម្រាប់មន្រ្តី​វប្បធម៌​អាល្លឺម៉ង់ គេ​ត្រូវ​រៀនពីប្រវត្តិសាស្រ្ត​ដ៏ជូរចត់ ព្រោះថា ការស្អប់​នឹង​ធ្វើ​ឲ្យកើតមានរបបផ្តាច់ការ។ របបផ្តាច់ការ​នឹង​ជំរុញ​ឲ្យ​កើតមាន​សង្រ្គាម​សម្លាប់មនុស្ស។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI