អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

OMS ចង់ឃើញ​ពិភពលោក រួម​ដៃ​គ្នា​ប្រឆាំង​ជំងឺ​កូវីដ១៩ ដូចការ​ប្រយុទ្ធ​ទល់​​នឹងជំងឺអុត

សំឡេង ០៧:០៤
អគ្គ​នាយក​អង្គការ​សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus
អគ្គ​នាយក​អង្គការ​សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus AFP/Archivos
ដោយ៖ អៀង សុខម៉ិញ
៣៤ នាទី

កាល​ពី ៤០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី ៨ ឧសភា ឆ្នាំ​១៩៨០ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស ​រំដោះ​ពិភពលោក​ចេញ​ផុតពី​ជំងឺ​អុតធំ។ ជា​ជោគជ័យជា​ប្រវត្តិសាស្រ្ត​​ ដែល​​បាន​មក​ពី​ការ​រួម​សាមគ្គី​គ្នា​ជា​លក្ខណៈសកល។ នេះ​ជា​ការ​ថ្លែង​របស់លោក Tedros Adhanom ​Ghebreyesus អគ្គនាយកអង្គការ​សុខភាពពិភពលោកនៅ​ក្នុង​សន្និសីទកាសែត​ក្នុងល្ងាច​​ថ្ងៃ​សុក្រ ទី៨ ឧសភា ពី​ទីក្រុង​ហ្សឺណែវ។ អគ្គ​នាយក​អង្គការ​សុខភាពពិភពលោក ចង់​ឲ្យ​ពិភពលោក​យក​គំរូ​ដដែល​មួយ​នេះ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ-១៩ បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

អុតធំ ជាអ្វី ?

ជំងឺ​អុតធំ ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ណាស់ បង្ក​ឡើង​ដោយ​វីរុស​ដែល​មាន​ឈ្មោះ​ថា វ៉ារីយ៉ូលីក VARIOLIQUE។ វីរុស​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាមរយៈ​ការ​ស្រូប​យក​មេរោគ​ដែល​តោង​នៅ​ក្នុង​ខ្យល់ និង​តាម​រយៈ​ទឹកមាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ (អ្ន​ក​ដែល​មានផ្ទុក​មេរោគ​អុតធំ ហើយ​មាន​បញ្ចេញ​អាការៈ​សញ្ញា​រោគ មិន​ដូច​​ជំងឺ​កូវីដដែល​ចម្លង​តាំង​ពីទាន់​មាន​រោគ​សញ្ញាទេ)។ ១២-១៤​ថ្ងៃ​ក្រោយ​ការ​ចម្លង​មេរោគ អ្នក​ជំងឺ​ចាប់​ផ្តើម​មាន​​​រោគសញ្ញា រោលកន្ទួល​លើ​ស្បែក​ ឡើង​ខ្ទុះ អម​ដោយ​អាការៈ​ឈឺក្បាល ចុកចាប់​ពេញ​ខ្លួន ក្អួត​ចង្អោរ​វិលមុខអស់កម្លាំង​នឿយហត់។

គេ​​​មិន​ដឹង​ច្បាស់ អំពី​ដើម​ហេតុ​ដែល​​បង្កឱ្យមាន​ជំងឺ​អុតធំនេះ​​ទេ។ ប៉ុន្តែ​បើ​តាម​អ្នក​​​ជំងឺ​អ្នក​វិទ្យាសាស្ត្រ​ខ្លះ វីរុស​ទំនង​ចេញមក​ពី​សត្វ​ហើយ​ឆ្លង​មក​មនុស្ស​។ វីរុស​នៃ​ជំងឺ​ឆ្លង​របស់​សត្វ​នៅ​តំបន់​ភាគ​ខាង​ជើង​ទ្វីប​អាហ្វ្រិក ឬ​មកចិន​ ឬ​មក​ពី​តំបន់ជ្រលង​INDUSប្រទេស​ប៉ាគីស្ថាន​បច្ចុប្បន្ន។ មុន​នឹង​រាលដាល​ទូទាំង​ពិភពលោក។ ស្តាប់ទៅ​​ធ្វើ​ឱ្យ​គេ​អត់​នឹក​គិត​ភ្ជាប់​នឹង​​​ជំងឺ​កូវីដមិន​បាន។

អុត​ធំ ជា​ជំងឺ​ដ៏​កំណាច។ មុន​ការរកឃើញ​ថ្នាំ​បង្ការ ​៣០%​នៃ​ជា​អ្នក​ឆ្លង​វីរុស​វ៉ារីយ៉ូលីក បាន​ស្លាប់ ពោល​គឺ​ក្នុង​ចំណោមអ្នកជំងឺ​១០​នាក់ បី​នាក់​ស្លាប់ និង​ដល់​ទៅ ៨០ទៅ​៩៥% នៅ​អាហ្វ្រិក​។ មកដល់​​​សតវត្សរ៍​ទី​២០ទៅ​ហើយ និង​ក្នុង​អំឡុង​តែមួយ​សតវត្សរ៍នេះ អុត​ធំ​បាន​​សម្លាប់​ជីវិត​​​​មនុស្ស​​យ៉ាង​សន្ធឹកសន្ធាប់ អស់​ប្រមាណ​ ​៣០០​លាននាក់ នៅ​ទូទាំង​ពិភពលោក។

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​​រក​ឃើញថ្នាំបង្ការ​ជំងឺ​អុតធំ ​នៅ​ឆ្នាំ​១៧៩៦។ មុន​ក្លាយ​ជា​ថ្នាំ​អាច​ចាក់​ វិធីបង្ការ​គឺ​ការ​ជោះអុត ដែល​ឪពុកម្តាយ​យើង​មាន​ស្លាកស្នាម​នៅ​ដើមដៃ​បន្សល់​ទុក​រហូត​មកទល់​សព្វថ្ងៃ។ ​ថ្វី​បើ​ប្រជាពលរដ្ឋ​ភាគ​ច្រើន មាន​អង់ទីក័រការពារខ្លួន តាម​រយៈ​ការ​ជោះអុត​ជា​ថ្នាំ​បង្ការ​មែន តែ​មេរោគ​នៅ​តែ​បន្ត​រីករាលដាល​។

តើ​​អង្គការ​សុខភាព​ពិភពលោក​ មាន​សកម្មភាព​ការងារប្រឆាំងនឹង​ជំងឺអុត ​យ៉ាងណា ?

ជំងឺអុត​ធំ ត្រូវ​បាន​គេចាត់ទុក​ជា​សត្រូវ​ ជា​អាទិភាពមួយ​ដែល​ត្រូវ​កម្ចាត់​ឱ្យ​បាន នៅ​​ថ្ងៃ​បង្កើត​អង្គការ​សុខភាព​ពិភពលោក ឆ្នាំ​១៩៤៨។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៥៨ ទើប​អង្គការ​លើក​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អុត​ចេញ។

​ក្នុង​ជំនួប​ប្រជុំរបស់​​អង្គការ​សុខភាពពិភពលោក សហភាព​សូវៀតជា​អ្នក​លើក​សំណើ​បើក​យុទ្ធនាកា​រចាក់ថ្នាំបង្ការ​កម្ចាត់​អុត កំរិត​ពិភពលោក ដោយ​កំណត់​កម្មវត្ថុ ​ធ្វើ​យ៉ាង​ណា​ឱ្យក្នុង​រយៈ​ពេល​ពី ៤-៥ឆ្នាំ ​​ប្រជាពលរដ្ឋ​លើ​ភពផែនដី ចំនួន​៨០% បាន​ទទួល​ថ្នាំ​បង្ការ។ សំណើ​​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទទួល​យល់ព្រមសហការ​ជាមួយ​ភ្លាម បើ​ទោះ​បី​តាម​បែប​នយោបាយ​ពួក​គេ​មាន​​សង្គ្រាម​ត្រជាក់​នឹង​គ្នា​ក៏​ដោយ។ ​អង្គការ​សុខភាព​ពិភពលោកបាន​ចាប់​ផផ្តើម​បើក​យុទ្ធនាការ​​ចាក់​ថ្នាំ​បង្ការទ្រង់ទ្រាយ​ធំ ទាំង​ហ្វូងៗ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ មាន​ប្រសិទ្ធភាពតែ​នៅ​ក្នុង​ប្រទេស​ខ្លះ។ នៅ​ទី​បំផុត​អង្គការ​សុខភា​ព​ពិភពលោកបាន​សម្រេច​ប្តូរ​យុទ្ធសាស្ត្រ​ ផ្តើមធ្វើ​យុទ្ធនាការឃោសនា ផ្តល់​ព័ត៌មាន​ ឱ្យ​ស្គាល់ពី​ជំងឺ និង​សកម្មភា​ព​ប្រឆាំង​នឹងជំងឺ។ ដើម្បី​ការពារ​ និង​ទប់​ស្កាត់​ការរាតត្បាត អង្គកា​រសុខភាពពិភពលោក មិន​ខ្លាច​នឹងចុះដើរ​ទៅ​គោះទ្វារ​ពី​ផ្ទះ​មួយ​ទៅផ្ទះ ​ស្វែងរក​បុគ្គល​ដែល​មាន​ទំនាក់ទំនង​នឹង​មានជំងឺ​ទេ ហើយ​នាំ​មកចាក់​ថ្នាំបង្ការ និង​នាំ​មក​​ព្យាបាល ដើម្បី​កុំ​ឱ្យ​ទៅ​ចម្លង​អ្នក​ដទៃ។ ​ ពោលគឺ​របៀប​ដូច​គម្រោង​ដាក់​កម្មវិធី រក​ដាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ របស់​រដ្ឋាភិបាលមួយ​ចំនួន​នៅ​​អឺរ៉ុប។​

ជំងឺ​អុតឃើញមាន​កើត​ ក្នុង​ទ្រង់ទ្រាយ​ធំ ជាលើក​​ចុង​ក្រោយ​ នៅបង់ក្លាដែស នៅ​ឆ្នាំ ១៩៧៥ និងក្នុង​ទម្រង់​តូច​ចុងក្រោយ នៅ​ប្រទេស​សូម៉ាលី​នៅ​ឆ្នាំ​១៩៧៧។ ​នៅ​ឆ្នាំ​១៩៧៨ អ្នកកាសែត​ថតរូប​ជាតិ​អង់គ្លេស​ធ្វើការ​នៅ​ជិត​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​ជំងឺអុត​ ​ជា​ជនរងគ្រោះ ​ចុងក្រោយគេ​​ម្នាក់ នៃ​​ជំងឺ​អុត។

នៅ​​ថ្ងៃទី ៨ ឧសភា ឆ្នាំ​១៩៨០ ទើបអង្គការ​សុខភាព​ពិភព​លោក​ទទួល​បាន​ជោគជ័យ​ទាំងស្រុង ដោយ​ប្រកាស​​កម្ចាត់​​ជំងឺអុត​បាន ទាំង​ស្រុង​ ​​ជាផ្លូវការ។

 

ប៉ុន្តែតើ​គេអាច​យក​ធ្វើ​ជា​គំរូ​ម្តេចនឹង​កើត​ទៅ បើ​​សម្រាប់​កូវីដ​ គេ​នៅមិន​ទាន់​រក​ឃើញ​ថ្នាំ​បង្ការ​ផង​ ?

ជោគជ័យ​ជា​ប្រវត្តិសាស្ត្រសម្រាប់​ពិភពលោក​ក្នុង​ការកម្ចាត់ជំងឺអុត គឺ​ជា​លទ្ធផល​នៃការ​រក​ឃើញ​ថ្នាំ​បង្ការ​ ​ ប៉ុន្តែ​ជោគជ័យ​នេះ ក៏​ជា​លទ្ធផល​នៃ​កិច្ចសហការ​អន្តរជាតិ ដែលឈរ​លើ​យុទ្ធនាការ​ការពារ ព្យាបាល និង​វិភាគ​រក​ជំងឺ​។ នៅ​ពេល​រុស្ស៊ី អំពាវនាវ​ឱ្យ​ពិភពលោក​សហការ​គ្នា នៅ​​​ឆ្នាំ​១៩៦៧​ ជំងឺ​អុត​នៅ​តែជា​ជំងឺ​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេសចំនួន​៣៣ និង​ចម្លង​ដល់​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១២០០​​លាន​នាក់ ព្រម​ទាំង​​​បន្ត​សម្លាប់​​ជីវិត​មនុស្ស​​អស់​ប្រមាណ​ ២លាននាក់​ទៀត។ ​សេចក្តី​អំពាវនាវ​របស់​រុស្ស៊ី និងការគាំទ្រ​របស់​អាមេរិក បាន​ជំរុញ​ឱ្យ​អង្គការ​សុខភាព​ពិភព​លោក ​កាន់​តែសកម្មខ្លាំង​ឡើងក្នុង​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអុត។

បច្ចុប្បន្ន ​​ជំងឺកូវីដ១៩ ដែល​ចាប់រាតត្បាត​តាំង​ពី​ជាង​បួន​ខែ​មក​ និង​ដែល​​បាន​ធ្វើ​ឱ្យ​គាំងពិភពលោក​​ទាំង​មូល ខ្លាំង​ជាង​សម័យ​អុត​រាតត្បាត​ទៀត មិន​ទាន់​មាន​ថ្នាំព្យាបាល និង​ថ្នាំ​បង្ការ​ទេ។ មិនតែប៉ុណ្ណោះ ​មហាអំណាច​ធំៗ មិន​បង្ហាញ​កិច្ច​សហការ​គ្នា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវ​រួមកូវីដសោះ។ សំណើ​សេចក្តី​សម្រេច​ចិត្ត​​អង្គការ​សហប្រជាជាតិ ដើម្បី​ដោះស្រាយ​វិបត្តិបង្កឡើងកូវីដ១៩ ស្នើ​ឡើង​ដោយ​បារាំងនិង​ទុយនីស៊ី នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ទើប​ត្រូវ​បានសហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​វេតូ​ប្រឆាំង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ