កូវីដ-១៩៖បារាំងផ្តើមបន្ធូរបន្ថយការបិទខ្ទប់ប្រទេសចាប់ពីថ្ងៃទី១១ ឧសភា
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃចន្ទ ទី១១ ឧសភាជាថ្ងៃដែលបារាំងចាប់ផ្តើមលើកការបិទខ្ទប់ប្រទេសបណ្តើរៗ បន្ទាប់ពីបានបិទខ្ទប់ទាំងស្រុងតាំងពីថ្ងៃទី១៦ មីនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃចន្ទ ទី១១ ឧសភានេះទៅ ពលរដ្ឋអាចធ្វើដំណើរដោយសេរីក្នុងរង្វង់តិចជាង ១០០គីឡូម៉ែត្រពីផ្ទះដោយមិនចាំបាច់មានលិខិតបញ្ជាក់ សាលារៀនមួយចំនួនបើកទ្វារទទួលសិស្សឡើងវិញ ផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញអាចបើកទ្វារជាថ្មី។ តែភោជនីយដ្ឋាន ហាងលក់ភេសជ្ជៈ និងផ្សារទំនើបដែលមានផ្ទៃដីលើសពី ៤០ ០០០ម៉ែត្រការ៉េនៅមិនទាន់អាចបើកទ្វារឡើងវិញបានទេ។ ម្យ៉ាងទៀត ការផ្តើមបើកប្រទេសឡើងវិញបណ្តើរៗនេះត្រូវគោរពលក្ខខណ្ឌមួយចំនួន ដូចយ៉ាងរក្សាគម្លាតសុវត្ថិភាព ឬពាក់ម៉ាសជាចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ លោកគ្រីស្តូហ្វ កាស្តាណ៊ែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា គេមិនត្រូវចាត់ទុកការបន្ធូរបន្ធយនេះជាការរំដោះប្រទេសដែលពលរដ្ឋអាចធ្វើអ្វីៗដូចពេលមុនផ្ទុះវិបត្តិកូវីដ-១៩ ឡើយ។ តាមលោកគ្រីស្តូហ្វ កាស្តាណ៊ែរ ជោគជ័យនៃការបើកប្រទេសបណ្តើរៗឡើងវិញអាស្រ័យទាំងស្រុងលើកិរិយា មារយាទរបស់ពលរដ្ឋបារាំងគ្រប់រូប ពោលមិនមែនអាស្រ័យលើការពាក់ម៉ាស និងការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ ទេ។
« វាមិនមែនជាការរំដោះមួយដើម្បីធ្វើអ្វីៗដូចដែលយើងចង់ធ្វើដូចពីពេលមុនផ្ទុះវិបត្តិកូវីដ-១៩ ទេ។ អ្វីៗលែងមានដូចមុនទៀតឡើយ និងដែលចាប់ពីពេលនេះតទៅ គេត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់ និងត្រឹមត្រូវពីភាពចាំបាច់នៃការចាប់ផ្តើមឡើងវិញរវាងជីវិតធម្មតា គ្រួសារ សេដ្ឋកិច្ច វប្បធម៌ សុខភាព និងសង្គម។
បន្ទាប់មក ភាពចាំបាច់នៃការគោរពតាមគ្រប់វិធានការបង្ការដែលនឹងអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឡើងវិញ ចូលរួមជួយការពារពលរដ្ឋបារាំងទូទៅ ការពារក្រុមគ្រួសារ កូនៗខ្លួនឯង និងការពារអ្នករួមការងារទាំងអស់។ គឺកាយវិការទាំងអស់នេះហើយដែលយើងចង់ឲ្យពលរដ្ឋបារាំងគ្រប់រូបចូលរួមឲ្យបានត្រឹមត្រូវ។
ជោគជ័យនៃការបើកប្រទេសឡើងវិញមិនអាស្រ័យលើការពាក់ម៉ាស និងការធ្វើតេស្តិ៍រកកូវីដ-១៩ ទេ តែវាអាស្រ័យលើការគោរពតាមវិធានការការពារត្រឹមត្រូវ និងការគោរពកិរិយា មារយាទល្អ។ ការធ្វើតេស្តិ៍ និងម៉ាសជាឧបករណ៍សម្រាប់ការពារពលរដ្ឋបារាំង »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ