ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ ៖ បារាំង​ក្រោយ​​ការ​បិទ​ខ្ទប់ តើជីវិតប្រជាពលរដ្ឋ ប្តូរផ្លាស់យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​៥៥​ថ្ងៃ​មក បារាំង​ចាប់​មាន​សកម្មភាពឡើង​វិញ​ហើយ ចាប់​ពី​ថ្ងៃចន្ទទី ១១ ឧសភា  នេះ​ទៅ។ បុគ្គលិក​ក្រុមហ៊ុន សហគ្រាស រដ្ឋ​ឯកជន ចាប់​វិលមកចូល​កន្លែងធ្វើ​ការខ្លះៗ។ ហាង​ទំនិញ ក៏​ចាប់​បើកទ្វារ​វិញដែរ។ ប្រជាពលរដ្ឋ​អាច​​ចេញ​ដើរហើរ​ក្រៅផ្ទះ​ និង​បញ្ចេញ​សកម្មភាព​ដោយ​សេរី​បាន​ឡើង​វិញ ប៉ុន្តែពលរដ្ឋ​ត្រូវ​បន្ត​គោរព​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា​ពាក់ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព សូម្បី​តែ​ក្នុង​ការ​​ជួប​ជុំ​​ជា​លក្ខណៈ​គ្រួសារ។

ទិដ្ឋភាព​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​នៅក្រុង​ប៉ារីស ក្នុង​ថ្ងៃទី​មួយ​នៃ​ការ​លើកការ​បិទ​ខ្ទប់
ទិដ្ឋភាព​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​នៅក្រុង​ប៉ារីស ក្នុង​ថ្ងៃទី​មួយ​នៃ​ការ​លើកការ​បិទ​ខ្ទប់ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

បារាំង​​ដើរ​ចេញ​ពី​ការ​​បិទ​ខ្ទប់​​ទៅ​ដោយ​សន្សឹមៗបំផុត ក្នុង​ពេលដែល​តុល្យការ​នៃ​ជនរងគ្រោះ​ដោយ​កូវីដ​១៩ បានធ្លាក់​ទាប​បំផុត ដោយ​មាន​ស្លាប់​តែ​៧០​នាក់​ក្នុង​រយៈ​ពេល​២៤​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ ​តែ​ជាមួយ​នឹង​​អ្នក​ស្លាប់​​សរុបដល់​ទៅ​ជាង ២៦០០០​នាក់ ​ គិត​ចាប់​ពីថ្ងៃទី ១​មីនាមក ​ពលរដ្ឋ​បារាំងនៅ​​ពុំ​ទាន់​អាច​មានជីវិត​ជា​ធម្មតា​ដូច​ពីមុន​ទេ។

​​ថ្ងៃ​នេះ​ ក្រុមហ៊ុន​សហគ្រាស តូច​ធំ​មធ្យម ​​ជាង​៤០ម៉ឺន​ ដែល​តំណាង​ឱ្យ​ការងារ​ចំនួន​ជាង​៨សែន​៧ម៉ឺន៥ពាន់​ការងារ​ចាប់​បើក​ទ្វារវិញ។ ​​ផ្ទុយ​ទៅ​វិញ អាហារដ្ឋាន ហាង​កាហ្វេ ភោជនីដ្ឋាន រោងកុន រោង​ល្ខោន​ ... មិន​ទាន់​ត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​វិញ​ទេ។ ចំពោះការងារ​នៅ​ការិយាល័យ​ រដ្ឋាភិបាល​បាន​ណែនាំ​និង​ជំរុញ​ឱ្យ​ក្រុមហ៊ុនបន្ត​ប្រកាន់​យក​របៀប​របប​​ធ្វើ​ការងារ​ពី​​ផ្ទះ ឱ្យ​បាន​ច្រើនដដែល​​តាមតែអាចធ្វើ​ទៅបាន ទៀត​សិន។

​​មាន​សកម្មភាពការងារ​​ឡើង​វិញ មានន័យ​ថា​ពលរដ្ឋ​ត្រូវការ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​​ ដែល​ជាកន្លែងមាន​ហានិភ័យ​ចម្លង​មេរោគ​ខ្ពស់​ជាង​គេ។ តាមគម្រោង​រដ្ឋាភិបាល តម្រូវ​ឱ្យ​ពលរដ្ឋ​បារាំងពាក់​ម៉ាស់ និង​​មាន​​​លិខិត​បញ្ជាក់​អំពី​កន្លែង​ធ្វើ​ការ​ទើប​អាច​ជិះ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​នៅ​ពេលម៉ោង ចេញ​និង​ចូលធ្វើ​ការ (៦កន្លះ​ដល់ម៉ោង​៩កន្លះព្រឹក និងម៉ោង​បួនរសៀល​​ទៅ​ម៉ោង​៧​ល្ងាច)។

បើ​តាមអ្នក​យកការណ៍​ពិសេស​របស់​វិទ្យុយើង​ដែល​ចុះ​ទៅ​ដល់​ស្ថានីយរថភ្លើងGare du Nord ​ដ៏​ធំ​ជាង​គេ​នៅ​ប៉ារីស​និងនៅ​អឺរ៉ុប ប្រជាពលរដ្ឋ​បារាំង​គោរព​បាន​ជាទូទៅ​នូវ​បទបញ្ជា​របស់​រដ្ឋាភិបាល គឺដាច់ខាត​ត្រូវ​​ពាក់​ម៉ាស់​ នៅ​ពេល​ធ្វើ​ដំណើរ ជិះ​រថភ្លើងក្រោមដី ឬរថយន្ត​ក្រុង។ អ្នកដំណើរ​​ពាក់​ម៉ាស់​ស្ទើរ​គ្រប់គ្នា​ទាំង​អស់ និងមាន​សមាគម​ឈរចាំ​ចែក​ម៉ាស់ ដល់​អ្នកដំណើរ​ដ៏​តិច​តួចដែល​មិន​ពាក់ម៉ាស់។ សារ​រំលឹក​អំពី​ការ​រក្សា​គម្លាត​សុវត្ថិភាព​មួយ​ម៉ែត្រ ត្រូវ​បាន​ប្រកាស​ឡើង​ល្វើយ​ជា​ញឹកញាប់។

​ធ្វើ​ដំណើរ១០០គីឡូម៉ែត្រ

ប៉ុន្មានម៉ោង​មុន​លើក​ការ​បិទ​ខ្ទប់​ ប្រធានាធិបតី​បារាំង​បានផ្ញើ​សា​ជូន​ពលរដ្ឋ​ថា “ដោយសារ​អ្នក​ទើបការ​រាតត្បាតថមថយ តែ​កូវីដ​មិន​ទាន់​ទៅ​ណា​ឆ្ងាយទេ ដូច្នេះ​ដើម្បី​សង្គ្រោះ​ជីវិត​ សូម​បន្ត​ប្រុង​ប្រយ័ត្ន​ទាំងអស់គ្នា”។ រដ្ឋាភិបាល​បាន​ណែនាំ​ហើយ​ណែនាំ​ទៀត ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ចេះ​មាន​ទំនួល​ខុស​ត្រូវ​ចូល​រួមចំណែក​ទប់​ស្កាត់​ការ​ចម្លង​កូវីដ ដោយ​ជ្រើសរើស​ធ្វើ​ដំណើរ​តែក្នុង​ករណី​ចាំបាច់។ ដំណើរផ្លូវ​ឆ្ងាយ​ឆ្លង​ប្រទេសចេញ​ក្រៅ​រង្វង់សហភាព​​អឺរ៉ុ​ប មិនទាន់​ត្រូវ​បានអនុញ្ញាត​ទេ លើកលែងតែប្រជាជននៅ​ក្រៅ​ប្រទេសចង់​ត្រលប់​ចូល​ផ្ទះ​វិញ​​។ រដ្ឋាភិបាល​បានដាក់កំហិត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី តែ​ក្នុង​ចម្ងាយ​ត្រឹមតែ​១​០០គីឡូម៉ែត្រ​​ពី​ផ្ទះ​តែ​ប៉ុណ្ណោះ។ បើ​ឆ្ងាយ​លើសនេះ​ត្រូវ​មាន​ហេតុ​ផល​បន្ទាន់ និង​លិខិតបញ្ជាក់​​ត្រឹមត្រូវ។ ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត រដ្ឋាភិបាលបានណែនាំ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​តំបន់​ ដែល​មាន​ការ​រីករាលដាល​ខ្លាំង ហៅ​ថា​តំបន់​ក្រហម ទៅ​តំបន់​បៃតង​ដែល​មានករណី​កូវីដ​តិច​តួច​ទេ ដើម្បី​កុំ​ឱ្យមាន​ការ​ពាំនាំ​រីកសាយភាព​មេរោគ។

​​តំបន់​ក្រហម- តំបន់​បៃតង

​រដ្ឋាភិបាល​បារាំង បានពុះ​ចែក​ប្រទេស​ជា​ពីរ​ គឺ​តំបន់​ក្រហម នៅ​ប៉ែក​ខាងជើង​ឆៀង​ខាងកើត​ប្រទេស ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង មេរោគ​កូវីដ១៩នៅ​សកម្មខ្លាំង​ក្នុង​តំបន់ ហើយ​មន្ទីរពេទ្យ​នៅ​មាន​អ្នកជំងឺ​ច្រើន​ និង​មាន​​សមត្ថភាព​ទទួលព្យាបាលងាយ​ចាល់​​បើ​មាន​រលក​ចម្លង​ថ្មី​កើត​​ឡើង​។ ចំណែក​តំបន់​បៃតង (​ភាគ​ខាងលិច​និង​ខាងត្បូង ខាង​ជើង​ឆៀង​ខាង​លិច និង​តំបន់​ភាគកណ្តាល​នៃ​ប្រទេស) ពុំ​សូវ​មានមេរោគ មន្ទីរពេទ្យ​នៅមាន​សមត្ថភាព​ខ្ពស់។ ប៉ុន្តែ​តំបន់​ទាំងពីរ​នេះ ដើរ​ចេញ​ពីការ​បិទ​ខ្ទប់​ ក្នុង​ពេល​តែ​មួយ​ដូច​គ្នា ក្នុង​បទ​វិធាន​និងវិន័យ​ដូច​គ្នា​ទាំង​អស់ ខុស​តែម្យ៉ាងទេ គឺនៅ​តំបន់​ក្រហម សួនឧទ្យាន​ ទីលាន​សាធារណៈ និងសាលាអនុវិទ្យាល័យ​ មិន​ទាន់​អនុញ្ញាត​ឱ្យ​បើក​ទ្វារ ឯនៅ​តំបន់​បៃតង​គឺ​អាច​បើក​បាន​ទាំង​អស់។

ការ​បើក​សាលារៀន​ឡើង​វិញ ជា​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស​ខ្លាំងណាស់។ ចៅហ្វាយ​ក្រុង និង​ស្រុក​ខ្លះ​បដិសេធ មិនបើកសាលា​រៀន​វិញ​ទេ។ នៅ​ថ្ងៃ​នេះ សាលារៀននៅ​ទូទាំង​ប្រទេស​ចំនួន​ ៨០-៨៥%​ ត្រូវ​បើក​ទ្វារ​។ គ្រូចូល​មុន ដើម្បី​រៀប​ចំ​បែង​ថ្នាក់​សិក្សា​ជាក្រុម​តូចៗ ឯ​សិស្សានុសិស្សនឹង​ចូល​តាម​ក្រោយ​នៅ​ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក ជាបន្តបន្ទាប់។ ម្តាយឪពុកភាគ​ច្រើន មិន​ទាន់​ចង់​បញ្ជូនកូន​ទៅ​សាលា​វិញទេ។  បើ​តាមវិទ្យាស្ថាន​ស្ទង់​មតិជាតិ មាន​ប្រជាពលរដ្ឋបារាំង​ដល់ទៅ​ជាងពាក់កណ្តាល (៥៣%) ​ ​មានការ​ព្រួយ​បារម្ភ​ខ្លាំងចំពោះ​សុខភាព​ និង​ខ្លាចកូវីដ​ជាង​ខ្លាច​ផលវិបាក​សេដ្ឋកិច្ច​ទៅ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI