អានតួអត្ថបទ
អឺរ៉ុប-អន្តោប្រវេសន៍

អឺរ៉ុប៖​វិបត្តិ​កូវីដ១៩ អាច​នាំ​ឲ្យ​មាន​កំណើន​ជនអន្តោប្រវេសន៍ និងអ្នក​សុំ​សិទ្ធិ​ជ្រកកោន

​អឺរ៉ុបថា វិបត្តិ​កូវីដ១៩ អាច​នាំ​ឲ្យ​មាន​កំណើន​ជនអន្តោប្រវេសន៍ និងអ្នក​សុំ​សិទ្ធិ​ជ្រកកោន
​អឺរ៉ុបថា វិបត្តិ​កូវីដ១៩ អាច​នាំ​ឲ្យ​មាន​កំណើន​ជនអន្តោប្រវេសន៍ និងអ្នក​សុំ​សិទ្ធិ​ជ្រកកោន BERNARD BARRON / AFP
១៤ នាទី

នៅ​ថ្ងៃ​អង្គារ ទី១២ ឧសភា ទីភ្នាក់ងារ​អឺរ៉ុប​ទទួល​បន្ទុក​សំណុំរឿង​សុំ​សិទ្ធិជ្រកកោន​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អ្នក​សុំសិទ្ធិជ្រកកោន​ក្នុង​សហភាព​អឺរ៉ុប។ របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ និង​ការ​ផ្តើម​កក្រើក​សកម្មភាព​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឡើង​វិញ​អាច​ជំរុញ​ឲ្យ​មាន​កំណើន​អ្នក​សុំ​សិទ្ធិជ្រកកោន​នៅ​ក្នុង​សហភាព​អឺរ៉ុប។ តាម​របាយការណ៍​ដដែល ការ​ធ្លាក់​ចុះ​អ្នក​សុំសិទ្ធិជ្រកកោណ​ក្នុង​ខែ​មីនា​កន្លង​ទៅ​ក៏​ដោយសារ​ប្រទេស​អឺរ៉ុប​បាន​ចេញ​វិធានការ​បិទព្រំដែន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​អឺរ៉ុប​ទទួល​បន្ទុក​សំណុំរឿង​សុំ​សិទ្ធិជ្រកកោន ចំនួន​អ្នក​សុំសិទ្ធិ​ជ្រកកោន​នៅ​ក្នុង ២៧ប្រទេស​អឺរ៉ុប​កាល​ពី​ខែ​មីនា​កន្លង​ទៅ​បាន​ធ្លាក់​ចុះ ៤៣%។ ការ​ធ្លាក់​ចុះ​ដោយសារ​តែ​វិធានការ​បិទ​ព្រំដែន​របស់​ប្រទេស​ទាំង​នេះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ តែ​របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា ភាព​ងាយ​រងគ្រោះ​ចំពោះ​វិបត្តិ​កូវីដ-១៩​របស់​ក្រុម​ប្រទេស​ក្រីក្រ​ដែល​ជា​ប្រភព​នៃ​អ្នក​សុំសិទ្ធិជ្រកកោន​ភាគ​ច្រើន​ទៅ​កាន់​អឺរ៉ុប កំណើន​ហានិភ័យ​នៃ​ភាព​អត់ឃ្លាន អសន្តិសុខ និង​ការ​កក្រើក​សកម្មភាព​ឡើង​វិញ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​អាច​បង្ក​ឲ្យ​មាន​លំហូរ​ជនអន្តោប្រវេសន៍​ទៅ​កាន់​អឺរ៉ុប និង​មាន​កំណើន​អ្នក​សុំសិទ្ធិជ្រកកោន​ក្នុង​រយៈពេល​ខ្លី។

ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម​របស់​អឺរ៉ុប ទីភ្នាក់ងារ​អឺរ៉ុប​ទទួល​បន្ទុក​សំណុំរឿង​សុំ​សិទ្ធិជ្រកកោន​បាន​បញ្ជាក់​ពី​កង្វះ​មធ្យោបាយ​របស់​ក្រុម​ប្រទេស​ក្រីក្រ​ក្នុង​ការ​ប្រឆាំង​ទប់​នឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ដូច​យ៉ាង​ប្រទេស​អាហ្វហ្កានីស្ថាន បង់ក្លាដែស សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កុងហ្គោ អេរីត្រេ សូម៉ាលី និង​ប្រទេស​ស៊ីរី។ ក្រុម​ប្រទេស​ទាំង​នេះ​ខ្វះ​គ្រែ​នៅ​ក្នុង​មន្ទីរពេទ្យ និង​ខ្វះ​គ្រូពេទ្យ។ ទន្ទឹម​គ្នា​នេះ ការ​តម្រូវ​ឲ្យ​លាង​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​បង្ការ​ការ​ឆ្លង​កូវីដ-១៩​ជា​រឿង​មិន​អាច​ទៅ​រួច​សម្រាប់​ប្រទេស​ក្រីក្រ​ខ្លះ​ដែល​គ្មាន​ទឹកម៉ាស៊ីន​ប្រើប្រាស់ និង​រស់នៅ​ដោយ​បញ្ជ្រៀត​គ្នា។

ជាក់ស្តែង​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កុងហ្គោ លំនៅដ្ឋាន ៨៤% គ្មាន​ទឹកម៉ាស៊ីន​ប្រើប្រាស់​ទេ ហើយ​នៅ​ស៊ូដង់ ៩២% នៃ​ពលរដ្ឋ​ជនបទ​រស់​នៅ​តាម​តំបន់​អនាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ