អាល្លឺម៉ង់-រុស្ស៊ី

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ចង្អុលមុខ​​​ភ្នាក់ងារចារកិច្ច​រុស្ស៊ី​ថា​ជា​ចោរ​វាយប្រហារ​អ៊ីនធ័រនែត

នៅ​ចំពោះមុខ​សភា លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉់ង បរិហារ​ទង្វើ​វាយប្រហារ​អ៊ីនធ័រនែត​របស់រុស្ស៊ី
នៅ​ចំពោះមុខ​សភា លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉់ង បរិហារ​ទង្វើ​វាយប្រហារ​អ៊ីនធ័រនែត​របស់រុស្ស៊ី AFP

លោកស្រី​ អង់ហ្គឺឡា​ មែរកិល (Angela Merkel) ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​អះអាង​នៅ​ល្ងាច​ថ្ងៃពុធ​ទី ១៣​ ឧសភា ថា មាន​ភស្តុតាង​បញ្ជាក់​អំពីសកម្មភាព​ប៉ុនប៉ង​វាយប្រហារ​តាម​អ៊ីនធ័រនែត​របស់​ក្រុមចោរ​ព័ត៌មានវិទ្យា​រុស្ស៊ី ប្រឆាំង​នឹង​អាល្លឺម៉ង់។ ជា​ទង្វើ​ដ៏​អាស្រូវបំផុត ដែល​​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​កិច្ចខំ​ប្រឹង​ប្រែង​របស់លោកស្រី​ក្នុង​ការ​ស្ថាបនា​​ទំនាក់ទំនងដ៏​ជិត​ស្និទ្ធ​​ជាមួយ​រុស្ស៊ី។​

ផ្សាយពាណិជ្ជកម្ម

“គួរ​ឱ្យ​ឈឺចាប់​ ! ខ្ញុំ​ខំ​ព្យាយាម​មាន​ទំនាក់ទំនង​ល្អ ជា​រៀង​រាល់​ថ្ងៃ ជាមួយ​រុស្ស៊ី តែ​ឥលូវយើង​​មាន​ភស្តុតាងយ៉ាង​​ច្បាស់​បង្ហាញថា​ទាហាន​រុស្ស៊ី​បាន​​ប៉ុនប៉ង​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ប្រឆាំងអាល្លឺម៉ង់​និង​​លើ​រូប​ខ្ញុំ​ផ្ទាល់​​ទៅ​វិញ” ! នេះ​ជា​សេចក្តី​ប្រកាស​របស់​លោកស្រី មែរកិល នៅ​កាន់​សមាជិក​សភា​ដែល​មក​ជួប​ប្រជុំ​គ្នា​។

ជា​​ការ​វាយប្រហារ​ព័ត៌មាន​វិទ្យា ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ​ប្រឆាំង​នឹង​សភា​អាល្លឺម៉ង់ផង និង​រដ្ឋាភិបាល​របស់​លោកស្រី​មែរកិល​ផ្ទាល់​ផង។ បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ ទន្ទឹម​នឹង​ការវាយប្រហារ​នោះ ​ពួកចោរ​​អ៊ីនធ័រនែត​បាន​ចូល​ទៅលួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​លោកស្រី​មែរកិល​តាមរយៈ​ប្រអប់​សារអ៊ីមែល ពីឆ្នាំ​២០១២-២០១៥។ ហើយ​កាលណោះ សភា​អាល្លឺម៉ង់​ក៏​បាន​ចោទ​ភ្លាម​ដែរ​ថា​ជា​ស្នាដៃ​របស់​ក្រុម GRU ដែល​ជា​ភ្នាក់ងារ​ចារកិច្ច​យោធារុស្ស៊ី។ ​

ពេល​នេះ បើ​តាម​លោកស្រី​មែរកិល ក្រុម​អ្នក​អង្កេត​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ម្នាក់។ តុលាការ​អាល្លឺម៉ង់​ក៏​បាន​ចេញ​ដីកា​តាមចាប់​ខ្លួន​ជនសង្ស័យដែល​មាន​​​​ឈ្មោះ Dimitri Badin ​ និង​ដែល​ភ្នាក់ងារ FBI ​អាមេរិក​ក៏​កំពុង​តាមស្វែង​រក​ចាប់​ខ្លួន​ដែរ ពី​បទ​ជាប់​សង្ស័យ​បាន​ចូល​រួម​វាយប្រហារ​អ៊ីនធ័រនែត ប្រឆាំង​​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់បក្ស​ប្រជាធិបតេយ្យ​អាមេរិក​កាលពី​ឆ្នាំ​២០១៦ ព្រមទាំង​​ប្រឆាំង​នឹង​សកម្មភាព​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។ នេះ​បើ​សេចក្តី​លម្អិត​បន្ថែម​ក្នុង​សារព័ត៌មាន Der Spiegel។  

មាន​ភស្តុតាង​ហើយ អាល្លឺម៉ង់​អាចនឹង​ចាត់​វិធានការ​តប​​នឹង​រស្ស៊ីវិញ។ ​ នេះ​ជា​ពាក្យ​ព្រមាន​របស់​លោកស្រី​មែរកិល ដោយ​អះអាង​ទៀត​ថា ប្រឈម​នឹង​ទង្វើ​ដ៏​អាស្រូវ និង​ក្នុង​បរិបទ​បែប​នេះ អាល្លឺម៉ង់​ពិត​ជា​ពិបាក​​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ទៀត​ណាស់។ ​គ្រប់​កិច្ចសហប្រតិបត្តិការ​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ទុក​ចិត្ត​គ្នា​ពិត​ជា​ត្រូវ​រំខាន។ លោកស្រីប្រមុខ​រដ្ឋាភិបាល រំលើក​ឡើងដែរ ​អំពី​ករណីឃាតកម្មសម្លាប់​ជនជាតិ​ហ្សកហ្ស៊ី​ដើម​កំណើត​ឆេកឆេន​ម្នាក់​នៅ​ទីក្រុង​ប៊ែឡាំង កាលពីចុង​ឆ្នាំ​២០១៩។

ឃាតកម្ម​ដែល​បាន​បំពុល​ទំនាក់ទំនងការទូត​​រុស្ស៊ី​អាល្លឺម៉ង់​យ៉ាង​ខ្លាំង​។ ​អាល្លឺម៉ង់​សង្ស័យថា​ក៏​ជាស្នាដៃ​របស់​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​ដែរ។ ​បុគ្គលិក​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប៊ែរឡាំងពីរ​នាក់ដែល​​បាន​បដិសេធ​មិន​សហការ​ជាមួយ​ក្រុមអង្កេតអាល្លឺម៉ង់់​ ត្រូវ​បាន​បណ្តេញ​ចេញ​ទឹកដី​អាល្លឺម៉ង់នៅថ្ងៃទី ៤​ធ្នូ​២០១៩។ ​​ឃាតករចាប់​បាន​ហើយ ហើយ​កំពុង​តាម​ស្វែង​​ជន​ផ្សំ​គំនិត។​​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី​មែរកិល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI