អានតួអត្ថបទ
បារាំង-កូវីដ១៩

មាន​​ប្រជាជន​តែ៤,៤%បាន​​ឆ្លងកូវីដ បារាំងអាច​ងាយ​នឹង​ជួប​រលក​រាតត្បាត​​លើក​ទីពីរ

ពលរដ្ឋ​បារាំង ៤,៤% បាន​ឆ្លង​កូវីដ១៩
ពលរដ្ឋ​បារាំង ៤,៤% បាន​ឆ្លង​កូវីដ១៩ RFI/Pierre René-Worms
ដោយ៖ អៀង សុខម៉ិញ
1 នាទី

បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃពុធ​ទី ១៣​ឧសភា មាន​ប្រជាជន​បារាំង​ដែល​រស់​នៅ​ក្នុង​តំបន់​រងគ្រោះ​កូរ៉ូណាវីរុស​ថ្មី​ខ្លាំង​ជាង​គេបំផុត មិន​ដល់​១០​%​ទេ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។ ដូច្នេះ​បើ​គិត​ជា​មធ្យមភាគ​ថ្នាក់​ជាតិ​ទាំង​មូល បារាំង​មាន​អ្នក​ឆ្លង​កូវីដ ប្រមាណ​៤,៤%។ ជាតួលេខ​ដ៏​ទាបឆ្ងាយ​ពី​កម្រិត​ដែល​ជំរុញ​ឱ្យ​​មាន​រនាំង​អង់ទ័ក័រ ការពារ​ប្រទេសពី​ការ​រាតត្បាត​ជា​ថ្មីណាស់។

ផ្សាយពាណិជ្ជកម្ម

កាលពី​ចុងខែ​មេសា វិទ្យាស្ថាន​ប៉ាស្ទ័រ បានព្យាករ​បឋម​ថា នឹង​មានប្រជាពលរដ្ឋបារាំង​ប្រមាណ​៥,៧% ត្រូវ​ជា​​៣,៧​លាននាក់ បាន​ឆ្លង​កូវីដ​១៩ នៅថ្ងៃ​ទី​១១​ឧសភា ថ្ងៃ​លើក​ការ​បង្ខាំងប្រជាជន។ តួលេខ​អាច​ប្រែប្រួល​ពី​៣ទៅ​១០%។ ប៉ុន្តែ​ថ្ងៃ​១១​ឧសភា​មកដល់ ការ​សិក្សា​បាន​បង្ហាញ​លទ្ធផលកាន់​តែ​តិច​ និង​កាន់​តែ​ប្រាកដ​ជា​មុនថា ​មាន​ពលរដ្ឋ​តែ​៤,៤%​ប៉ុណ្ណោះ បានឆ្លងកូវីដ​១៩ ជាមួយ​នឹង​ការប្រែប្រួល​ខុស​ត្រឹម២,៨ទៅ​៧,២%ទេ។ នៅ​ ប៉ារីស និងតំបន់​ជុំ​វិញ​រដ្ឋធានី ព្រមទាំងតំបន់​ភាគ​ខាង​កើត​ ដែល​រងការ​រាតត្បាត​យ៉ាងខ្លាំង​ជាង​គេបំផុត មាន​ប្រជាពលរដ្ឋ​មិន​ដល់​១០%​បាន​ឆ្លង​មេរោគកូរ៉ូណា​ថ្មី។

អត្រា​អ្នក​ឆ្លង​ទាប ក៏​ព្រោះ​តែ​ដោយ​សារ​វិធានការ​បិទ​ខ្ទប់​ដែរ ប៉ុន្តែ​តួលេខ​នេះ ក៏​សបញ្ជាក់​ឱ្យ​​ឃើញ​ថា បារាំង​មិនអាច​​​ការពារប្រទេស​ពី​ការ​រាតត្បាតជាថ្មី​​ ដោយ​រំពឹង​លើ​​​​អង់ទីក័របានទេ។ ដើម្បី​ឱ្យ​ប្រទេស​អាច​ប្រើ​អង់ទីក័រ ឬ​អ៊ីម៉ុយនិតេឡិចទីវ ជា​អាវុធបាន​ ទាល់​តែ​មាន​ប្រជាពលរដ្ឋប្រមាណ​៦៥%មាន​ភាពស៊ាំ​នឹង​មេរោគ (បានឆ្លង​កូវីដ)។ ​ដូច្នេះ ប្រសិន​បើ​គ្មាន​ថ្នាំបង្ការ​ទេ បារាំងពិត​ជាពិបាក​នឹង​បញ្ចៀស​រលក​រាតត្បាត​ជា​លើក​ទីពីរ​។ ក្នុង​ពេល​ប្រទេស​ចាប់​លើក​ការ​បិទ​ខ្ទប់​ជា​សន្សឹមៗ ​​គ្រប់​​ទិន្នន័យ​ដែល​មាន និង​រាល់​គ្រប់​ការ​សិក្សា​ សុទ្ធ​តែ​បង្ហាញ​ថា ជំងឺកូវីដ​១៩​​អាច​នឹង​ត្រលប់​មក​រាតត្បាត​ជា​ថ្មី​ ប្រសិន​បើ​គ្មាន​វិធានការ​​​ត្រឹមត្រូវ​ទេ។

បើ​តាម​ការ​សិក្សា​ដដែល​នេះ នៅ​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​១៩​ទាំង​អស់ មាន​៣,៦% បាន​ចូលព្យាបាលនៅ​មន្ទីរពេទ្យ និង​០,៧%​បាន​ស្លាប់។ ប៉ុន្តែអត្រា​មរណៈ​មាន​​គម្លាតខ្លាំង​​រវាង​មនុស្ស​ចាស់និង​មនុស្ស​ក្មេង ៖ ០,០០១% ចំពោះ​ក្មេង​អាយុ​ក្រោម​២០ឆ្នាំ​​ និង​១០,១%​សម្រាប់មនុស្ស​ចាស់​អាយុ​លើស​៨០ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ