អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងនិងអាល្លឺម៉ង់ រួមគ្នាស្នើគម្រោងជួយប្រទេសសមាជិកអឺរ៉ុប ក្នុងទឹកប្រាក់៥០០ពាន់លានអឺរ៉ូ

សំឡេង ០៧:៣៥
លោកម៉ាក្រុង និងលោកស្រីមែរកិល ពេលធ្វើសន្និសីទកាសែតព្រមគ្នា តាមប្រព័ន្ធវីស្យ៉ូខុនហ្វឺរិនស៍ នៅថ្ងៃទី១៨ ឧសភា ២០២០
លោកម៉ាក្រុង និងលោកស្រីមែរកិល ពេលធ្វើសន្និសីទកាសែតព្រមគ្នា តាមប្រព័ន្ធវីស្យ៉ូខុនហ្វឺរិនស៍ នៅថ្ងៃទី១៨ ឧសភា ២០២០ Francois Mori/Pool via REUTERS
ដោយ៖ ម៉ម ពិសី

វិបត្តិជំងឺឆ្លងកូវីដ១៩ បាន​ធ្វើឲ្យសេដ្ឋកិច្ចសកលលោក ត្រូវរាំងស្ទះខាតបង់ប្រាក់​យ៉ាងសន្ធឹកសន្ធាប់។ កាលពីល្ងាចថ្ងៃចន្ទទី១៨ ឧសភា រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់​បានយល់ព្រមគ្នា ស្នើគម្រោងថវិកាចំណាយចំនួន​៥០០ពាន់លានអឺរ៉ូ ដើម្បីឲ្យ​សហភាពអឺរ៉ុប ធ្វើការបែងចែក ជួយទៅប្រទេស ឬវិស័យដែលរងគ្រោះខ្លាំងបំផុត នៅក្នុងសហភាពអឺរ៉ុប។ ថវិកា​ដ៏ច្រើនមិនធ្លាប់មាននេះ គឺជាកម្ចីរួមគ្នា ក្នុងក្របខណ្ឌសហភាពអឺរ៉ុប ដែលប្រទេសអឺរ៉ុបភាគខាងត្បូង បានអំពាវនាវចង់បាន​ ជាច្រើនសប្តាហ៍មកហើយ។

ផ្សាយពាណិជ្ជកម្ម

"កម្ចីរួម" លើកទីមួយ ក្នុងប្រវត្តិសាស្ត្រអឺរ៉ុប

វិបត្តិបង្កឡើងដោយជម្ងឺឆ្លងកូវីដ១៩ បានអង្រួនសហភាពអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ឲ្យ​ធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់បំផុត មិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះ សហភាពអឺរ៉ុប ក៏ត្រូវតែរកវិធី ដោះស្រាយ ស្តារសេដ្ឋកិច្ច ឡើងវិញ ឲ្យ​ពិសេស និងអស្ចារ្យបំផុតដែរ។

អ្វីដែលជាលក្ខណៈពិសេស និង​លើកទីមួយ នៃគម្រោងថវិកាចំនួន​៥០០ពាន់លានអឺរ៉ូនេះ គឺថាវាជាគម្រោង កម្ចីរួមគ្នា។ មានន័យថា សហភាពអឺរ៉ុប និងចេញមុខខ្ចីប្រាក់នេះពីស្ថាប័នហិរញ្ញវត្ថុនៅលើទីផ្សារអន្តរជាតិ។ ៥០០ពាន់លានអឺរ៉ូ គឺច្រើនណាស់ ស្មើនឹង៣ដងកន្លះ នៃថវិកាប្រចាំឆ្នាំរបស់​សហភាពអឺរ៉ុប។

តាំងតែពីដើមមក ក្នុងក្របខណ្ឌចំណាយ​របស់សហភាពអឺរ៉ុប គឺគេមិនដែលធ្វើកម្ចីរួមគ្នាបែបនេះទេ។​ បើចង់ខ្ចីគឺប្រទេសនីមួយ​ៗ ជាអ្នកចេញមុខខ្ចីនិងសងវិញ ដោយខ្លួនឯង។ ខ្ចីរួមគ្នា មានន័យថា សងវិញ ក៏ត្រូវរួមគ្នាដែរ។ គោលការណ៍នេះ អាល្លឺម៉ង់ តែងតែប្រកែក​មិនយល់ព្រមទេ ព្រោះអាល្លឺម៉ង់ មិនចង់យកជ័រព្នៅត្បៀតក្លៀក ជាប់បំណុលរួមគ្នា ដោយសារតែប្រទេសសមាជិក​ដ៏ទៃ។ ត្រង់នេះហើយដែលកម្ចីរួមគ្នានេះ ជាលើកទីមួយសម្រាប់ប្រវត្តិសាស្ត្រអឺរ៉ុប ព្រោះវាមានខ្លឹមសារបញ្ជាក់ពី សាមគ្គីភាព និងសមាហរណកម្ម​កាន់តែខ្លាំង នៅក្នុងក្របខណ្ឌអឺរ៉ុប។

សងវិញក្នុងក្របខណ្ឌអឺរ៉ុប

កាលពីល្ងាចថ្ងៃចន្ទ នៅក្នុងសន្និសីទកាសែតរួមគ្នា របស់លោកម៉ាក្រុង និងលោកស្រីមែរកិល បានលើកឡើងថា ថវិកានេះ នឹងយកទៅបែងចែកនៅតាមប្រទេសសមាជិកណា​ នៅតំបន់​ណា ឬវិស័យណាមួយ​ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែវិបត្តិកូវីដ១៩នេះ។ ពោលគឺគេបែងចែកជាកញ្ចប់ថវិកា ដោយចំពោះ ទៅលើកម្មវត្ថុនីមួយៗ។ តែមិនមែនឲ្យតែប្រាក់ទៅចប់ទេ គឺគេនឹងតម្រូវឲ្យ​មាន​ផែនការតាមដានឲ្យបានជាក់លាក់ ពោលគឺជាយុទ្ធសាស្ត្ររួមគ្នា ដែល​ប្រទេសសាមាជិក ឬក៏វិស័យ ដែលទទួលបានប្រាក់នេះ ត្រូវ​តែ​សហការគ្នា គិតគូររួមគ្នា។

ទាក់ទិននឹង​ការសងមកវិញ លោកម៉ាក្រុងបានបញ្ជាក់ថា ផែនការនេះ មិនតម្រូវឲ្យ​អ្នកដែល​បានទទួលប្រាក់នេះយកទៅចាយ ត្រូវសងប្រាក់នេះមកវិញ ដោយផ្ទាល់ទេ។ ពោលគឺវាមិនមែនជាកម្ចីទេ តែវាជាមូលនិធិអំណោយ។ គេកំពុងតែពិចារណាលំអិត ដើម្បីរៀបចំយន្តការ នៃការសងនេះ នៅក្នុងក្របខណ្ឌអឺរ៉ុប។ លោកម៉ាក្រុងអះអាងថា ការសងត្រលប់វិញ អាចនឹងត្រូវធ្វើនៅក្នុង​ក្របខណ្ឌ​សហភាពអឺរ៉ុប តាមរយៈការបែងចែកការចំណាយ រវាងប្រទេសសមាជិក ដោយយោងលើ​សមាមាត្រនៃ​វិភាគទាន របស់សមាជិកនីមួយៗ។

"អាល្លឺម៉ង់អាចងើបច្រមុះផុតពីទឹក ល្គិកណាអឺរ៉ុបទាំងមូលងើបផុតដែរ"

លោកស្រីមែរកិល ធ្លាប់មាន​គោលជំហរប្រឆាំងនឹងកម្ចីរួមគ្នា។ គោលជំហរដ៏រឹងដាច់ណាត់របស់គាត់នេះ បានធ្វើឲ្យ​គាត់ត្រូវថ្នាក់ដឹកនាំប្រទេសខ្លះ រិះគន់ថា ជាមនុស្ស​ចិត្តដាច់ អត្មានិយម កំសាក គ្មានសាមគ្គីភាព។ ក៏ប៉ុន្តែ កាលៈទេសៈពេលនេះបានផ្លាស់ប្តូរ លោកស្រីមែរកិល បាន​ប្តូរគោលជំហរ មកស្របជាមួយលោក​ម៉ាក្រុង ដើម្បីរៀបចំស្នើកម្ចីរួមគ្នា។ ការផ្លាស់ប្តូរនេះ លោកស្រីមែរកិល ត្រូវប្រឈមមុខនឹងការរិះគន់ខ្លាំងណាស់ ពីសំណាក់មនុស្សមួយចំនួន​នៅអាល្លឺម៉ង់។

នៅក្នុងសន្និសីទកាសែត អ្នកកាសែតអាល្លឺម៉ង់ម្នាក់ បានសួរទៅលោកស្រីមែរកិលថា តើនៅក្នុង​កម្ចីរួមគ្នានេះ អាល្លឺម៉ង់នឹងត្រូវចំណាយប្រាក់ប៉ុន្មាន នៅពេលត្រូវសងវិញ? លោកស្រី មែរកិលបានឆ្លើយថា តើនេះជាសំណួរដែលល្អដែរឬទេ? លោកស្រី បន្តថា បើអាល្លឺម៉ង់ ចង់ងើបច្រមុះចេញពីទឹកនាពេលនេះ គឺទាល់តែអឺរ៉ុបទាំងមូលងើបទាំងអស់គ្នា។ សម្តីនេះមានន័យថា សេដ្ឋកិច្ចអាល្លឺម៉ង់  ត្រូវការសន្ទុះរបស់សេដ្ឋកិច្ច នៃប្រទេសសមាជិកផ្សេងទៀត។​ ដូច្នេះ បើ​មិនជួយគ្នាពេលនេះទេ អាល្លឺម៉ង់គឺជាអ្នកខាតបង់។

មួយវិញទៀត បើអាល្លឺម៉ង់ បន្តមិនព្រមជួយគេ អនាគតសហភាពអឺរ៉ុប អាចនឹងបែកខ្ចាយ ឈ្លោះប្រទូស្តរាយគ្នា។​ អ៊ីតាលី អេស្ប៉ាញ និងក្រិកជាដើម ប្រាកដជានឹងរករឿង សុំដើរចេញពីអឺរ៉ុបដូចអង់គ្លេស។

ត្រូវបញ្ចុះបញ្ចូល​ប្រទេសភាគខាងជើង

ឥឡូវពេលនេះ បារាំងនិងអាល្លឺម៉ង់ យល់ព្រមគ្នាហើយ។ នៅឡើយតែត្រូវយកកម្រោងនេះ ទៅចរចា​ជាមួយ​ប្រទេសសាមជិកផ្សេងទៀត។ ប្រទេសនៅខាងត្បូង មាន អ៊ីតាលី ព័រទុយហ្កាល់ អេស្ប៉ាញ និងក្រិកជាដើម សុទ្ធតែជាអ្នកគាំទ្រ។ អ្វីដែលលំបាក គឺប្រទេសភាគខាងជើង ដូចជាអូទ្រីស ហូឡង់ ដាណឺម៉ាក ឬស៊ុយអែដ ដែលប្រទេសទាំងនេះ មិនសូវជួបការលំបាកខ្លាំង ហើយ​សុខសុខឲ្យ​គេមកចូលរួមខ្ចី និងសងបំណុលជាមួយ គឺមិនមែនជាការងាយទេ។ នៅក្នុងទំព័រ Twitter លោក Sebastian Kurz ប្រមុខរដ្ឋាភិបាលអូទ្រីស បានលើកឡើងថា លោកគាំទ្រ ឲ្យ​ការបែងចែកប្រាក់នេះត្រូវធ្វើ ក្នុងនាមជាកម្ចី មិនមែនក្នុងនាមជាជំនួយមូលនិធិទេ។

តាមការគ្រោងទុក នៅថ្ងៃទី២៧ឧសភា គណកម្មការអឺរ៉ុប នឹងជជែកគ្នា ដើម្បីដាក់ស្នើគម្រោងមួយរបស់ខ្លួន។ លោកស្រី​ ប្រធានគណកម្មការអឺរ៉ុប បានលើកឡើងថា គម្រោងថវិកា ដែលបារាំង និងអាល្លឺម៉ង់ស្នើរួមគ្នា គឺវាដើរផ្លូវតែមួយជាមួយនឹងអ្វីដែលគណកម្មការអឺរ៉ុប យល់ឃើញដែរ។

ជាការពិត បារាំងនិងអាល្លឺម៉ង់ យល់ឃើញស្របគ្នា មិនមែនមានន័យថា សមាជិកទាំង២៧យល់ឃើញដូចគ្នានោះទេ។ តែយ៉ាងណា លោកម៉ាក្រុង បាននិយាយថា បើគ្មានការយល់ស្របគ្នារវាងអាល្លឺម៉ង់ និងបារាំង ក៏គ្មាន​ការយល់ស្របគ្នាទាំង២៧សមាជិកដែរ។

សហព័ន្ធសុខាភិបាលអឺរ៉ុប​

លោកHenrik Enderlein នាយកមជ្ឈមណ្ឌលសិក្សា Jacques Delors នៅទីក្រុងប៊ែរឡាំង បានលើកឡើងថា ភាពស្របគ្នា ស្នើគម្រោងដ៏ពិសេសមិនធ្លាប់មាន របស់អាល្លឺម៉ង់ និងបារាំងនាពេលនេះ​ គឺជាការផ្តល់កម្លាំងសន្ទុះមួយដ៏ល្អ ដល់អឺរ៉ុប។ វាជាការបោះជំហានថ្មី ឈានចូលក្នុង​ភាពជាសហព័ន្ធ នៃប្រទេសសមាជិកគ្រួសារអឺរ៉ុប​ ដែលធ្វើឲ្យ​គេនឹកឃើញទៅដល់ ប្រវត្តិសាស្ត្រ នៃការកកើតរដ្ឋសហព័ន្ធអាមេរិក នៅឆ្នាំ១៧៩០ ដែលកាលនោះ លោក Alexander Hamilton បានបង្កើតគោលការណ៍ មជ្ឈកាលកម្ចីនិងបំណុលរួម សម្រាប់រដ្ឋសមាជិកទាំងអស់។

យ៉ាងណាមិញ ឆ្លងកាត់វិបត្តិបង្កឡើងដោយជម្ងឺកូវីដ១៩នេះ កម្មវត្ថុចំបងមួយរបស់បារាំង និងអាល្លឺម៉ង់ គឺចង់​កសាងសហភាពអឺរ៉ុប ឲ្យឈានដល់ដំណាក់កាល សហព័ន្ធផ្នែក​សុខាភិបាល។ មានន័យថា អឺរ៉ុបត្រូវបានយុទ្ធសាស្ត្ររួមក្នុងវិស័យសុខភាព ទាំងការស្រាវជ្រាវឱសថ ឬវ៉ាក់សាំង ទាំងការផលិត ទាំងការបញ្ជាទិញសម្ភារៈ។ ប្រឈមនឹងវិបត្តិជម្ងឺឆ្លងនេះ សាមជិកអឺរ៉ុប បានភ្លឺភ្នែកច្រើន ថាការសហការ ការ​សាមគ្គីជួយគ្នា មានតម្លៃសំខាន់កម្រិតណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ