អានតួអត្ថបទ
បារាំង កូវីដ១៩

វិទ្យាស្ថានប៉ាស្ទ័រ​បារាំង​​ថា អ្នកជំងឺកូវីដ១៩​ ទោះក្នុង​កម្រិត​ខ្សោយ​ក៏អាច​មាន​​ប្រព័ន្ធ​ការពារខ្លួន​

ការសិក្សាបង្ហាញថា អ្នកជំងឺកូវីដ១៩កម្រិតស្រាល ប្រមាណ៩៨% មានប្រព័ន្ធអង់ទីក័រ​ទប់​មេរោគកូរ៉ូណាថ្មី ចាប់ពីថ្ងៃទី​២៨ ដល់ថ្ងៃទី​៤១ បន្ទាប់ពីចេញរោគសញ្ញា។
ការសិក្សាបង្ហាញថា អ្នកជំងឺកូវីដ១៩កម្រិតស្រាល ប្រមាណ៩៨% មានប្រព័ន្ធអង់ទីក័រ​ទប់​មេរោគកូរ៉ូណាថ្មី ចាប់ពីថ្ងៃទី​២៨ ដល់ថ្ងៃទី​៤១ បន្ទាប់ពីចេញរោគសញ្ញា។ AFP/File
ដោយ៖ ម៉ម ពិសី
1 នាទី

វិទ្យាស្ថានប៉ាស្ទ័របារាំង ទើបបានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារទី​២៦ឧសភា​ អំពីលទ្ធផលសិក្សាថ្មីមួយ ស្តីពីការផលិតប្រព័ន្ធអង់ទីក័រការពារខ្លួន​ របស់មនុស្ស​ដែល​ឆ្លងមេរោគកូរ៉ូណាថ្មី។ យោងតាមការសិក្សានេះ អ្នកជំនាញបារាំង បានរកឃើញថា អ្នកដែលឆ្លង​មេរោគកូរ៉ូណាវីរុសថ្មី ទោះបើមិនមានរោគសញ្ញា ឬអាការៈជំងឺក៏ដោយ តែសរីរាង្គពួកគេបានផលិតនូវ​ប្រព័ន្ធអង់ទីក័រ ហើយប្រព័ន្ធអង់ទីក័រនោះ អាចមានកម្លាំងការពារមិនឲ្យ​ឆ្លងសារជាថ្មី ក្នុងរយៈពេលយ៉ាងហោច៤០ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

អ្នកជំងឺកូវីដ១៩ ទោះបីក្នុងអាការៈស្រាល មិនធ្ងន់ធ្ងរ ក៏សរីរាង្គកាយ អាចបង្កើតនូវប្រព័ន្ធអង់ទីក័រ ដើម្បីការពារខ្លួនបាន​ដែរ។ នេះគឺជាការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ​ នៃវិទ្យាស្ថានប៉ាស្ទ័របារាំង សហការជាមួយ​មន្ទីរពេទ្យសកលវិទ្យាល័យទីក្រុងស្ត្រាសបួរ។

លោក Arnaud Fontanet អ្នកទទួលបន្ទុកផ្នែក​សុខភាពរួម នៃវិទ្យាស្ថានប៉ាស្ទ័រ បានលើកឡើងថា នេះគឺជាដំណឹងមួយដ៏ល្អ។​ អ្នកជំនាញ​រូបនេះបន្ថែមថា កន្លងមកយើងបានដឹងថា អ្នកជម្ងឺកូវីដ​១៩ ដែលមានអាការៈជំងឺធ្ងន់ គឺសរីរាង្គកាយអាចចាប់ផ្តើម​ផលិតប្រព័ន្ធអង់ទីក័រ នៅរវាងថ្ងៃទី១៥ បន្ទាប់ពីស្តែងចេញជារោគសញ្ញា។ តែពេល​នេះ អ្វីដែលយើងបានដឹងបន្ថែមទៀត គឺថា អ្នកជំងឺកូវីដ១៩ ដែលមិនឈឺធ្ងន់ ក៏សរីរាង្គកាយអាច​ផលិតប្រព័ន្ធអង់ទីក័រ នៅរវាងថ្ងៃទី​១៥ បន្ទាប់ពី​ចេញ​រោគសញ្ញាដែរ ប៉ុន្តែប្រព័ន្ធអង់ទីក័រ អាចមានទំហំតិចជាង ឬខ្សោយជាង។

លោក Olivier Schwartz អ្នកជំនាញផ្នែក​មេរោគ និងប្រព័ន្ធការពារខ្លួន នៃវិទ្យាស្ថានប៉ាស្ទ័រ ដែលបានចូលរួមក្នុងការសិក្សានេះដែរ បានបន្ថែមថា យោងតាមលទ្ធផលអង្កេត គឺអង់ទីក័រដែល​មានក្នុងអ្នកជម្ងឺកូវីដ១៩កម្រិតស្រាល អាចមានកម្លាំងទប់ទល់ជាមួយមេរោគ បានយ៉ាងហោច​​៤០ថ្ងៃ។ ក្នុងរយៈពេលនេះ គឺមានន័យថា អ្នកជំងឺនោះអាចរួចផុតពីការឆ្លងមេរោគសារជាថ្មី។ យោងតាមអ្នកជំនាញរូបនេះ អ្វីដែលជាកម្មវត្ថុបន្តទៅទៀត ក្នុងការតាមដាន គឺត្រូវ​ស្វែងយល់​ អំពីកម្លាំងឆ្លើយតបក្នុងរយៈពេលវែង ​នៃប្រព័ន្ធអង់ទីក័រនេះ​ ទល់នឹង​មេរោគកូរ៉ូណាថ្មី (Sars-CoV-19)។

សូមបញ្ជាក់ថា ការសិក្សានេះ គឺអ្នកជំនាញវិទ្យាស្ថានប៉ាស្ទ័របារាំង បានធ្វើទៅលើបុគ្គលិកមន្ទីរពេទ្យនៅទីក្រុងស្ត្រាសបួរចំនួន​១៦០នាក់ ដែលពួកគេសុទ្ធតែបានឆ្លងជំងឺកូវីដ១៩ ក៏ប៉ុន្តែស្ថិតក្នុងអាការៈស្រាល។ តាមរយៈការធ្វើតេស្តឈាម បានបង្ហាញថា នៅ​រវាងថ្ងៃទី១៥ គិតចាប់ពីពេលឆ្លងមេរោគដំបូង សរីរាង្គកាយ​របស់​អ្នកជំងឺសឹងតែទាំងអស់ ក្នុងចំណោម១៦០នាក់ សុទ្ធតែបាន​បង្កើតប្រព័ន្ធអង់ទីក័រ។ បន្ទាប់មក គេបានធ្វើតេស្តឈាមថ្មីមួយបន្ថែមទៀត ដើម្បីស្វែងយល់ពីកម្លាំងរបស់ប្រព័ន្ធអង់ទីក័រទាំងនោះ ដែលបង្ហាញថា នៅរវាងថ្ងៃ២៨បន្ទាប់ពីចេញរោគសញ្ញា ៩៨%នៃអ្នកជំងឺ គឺសរីរាង្គកាយ​បាន​ផលិតជាប្រព័ន្ធអង់ទីក័រ ​ដែលមានកម្លាំងសម្លាប់មេរោគកូរ៉ូណាថ្មី។

លោកសាស្ត្រាចារ្យ Samira Fafi-Kremer ប្រធានផ្នែកមេរោគឆ្លង នៅមន្ទីរពេទ្យសកល​វិទ្យាល័យ​ស្ត្រាសបួរ បានលើកឡើងថា លទ្ធផលសិក្សានេះ ​ជាដំណឹងមួយ​ល្អណាស់​ ជាពិសេស​សម្រាប់ យុទ្ធសាស្ត្រនៃ​ការស្រាវជ្រាវ និង​ផលិត​ថ្នាំវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូរ៉ូណា ដែលបង្កជំងឺកូវីដ១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ