អានតួអត្ថបទ
បារាំង កូវីដ១៩

បារាំង​ហាមឃាត់​ការប្រើប្រាស់​ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ លើ​អ្នក​ជំងឺ​កូវីដ១៩ ​ក្រៅ​ក្របខណ្ឌ​សិក្សា​សាកល្បង​

ថ្នាំ hydroxychloroquine ដែលអ្នកជំនាញសន្និដ្ឋាន​ថា​ ​ អាចធ្វើឲ្យខូចចង្វាក់បេះដូងលើអ្នកជំងឺកូវីដ១៩ ក្នុងករណីខ្លះ។
ថ្នាំ hydroxychloroquine ដែលអ្នកជំនាញសន្និដ្ឋាន​ថា​ ​ អាចធ្វើឲ្យខូចចង្វាក់បេះដូងលើអ្នកជំងឺកូវីដ១៩ ក្នុងករណីខ្លះ។ AFP/File
ដោយ៖ ម៉ម ពិសី
1 នាទី

ក្រសួងសុខាភិបាលបារាំង ដោយមានការយល់ព្រមពីឧត្តមក្រុមប្រឹក្សាសុខភាពសាធារណៈ បានសម្រេចលុបចោកចោលការអនុញ្ញាត ប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ ទៅលើអ្នកជំងឺកូវីដ១៩ ក្រៅក្របខណ្ឌ​សិក្សា​សាកល្បង។ ការសម្រេចនេះ គឺដោយផ្អែកលើ​លទ្ធផលនៃការស្រាវជ្រាវធំមួយ ចុះផ្សាយ​ដោយទស្សនាវត្តី The Lancet កាលពីចុងសប្តាហ៍មុន ដែលស​ន្និដ្ឋានថា ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ មិនមានប្រសិទ្ធិភាព​ព្យាបាលជំងឺកូវីដ១៩ទេ ហើយថែមទាំងអាចបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកជម្ងឺផង ក្នុងករណីខ្លះ។

ផ្សាយពាណិជ្ជកម្ម

យោងតាមក្រិត្យ ចុះផ្សាយ​ថ្ងៃពុធទី២៧ឧសភា ឧត្តមក្រុមប្រឹក្សាសុខភាពសាធារណៈបារាំង ដោយ​មានការស្នើសុំពី​រដ្ឋមន្ត្រីសុខាភិបាល​ បានសម្រេច​លុបចោលវិញ នូវការអនុញ្ញាតប្រើប្រាស់ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ ទៅលើអ្នកជំងឺកូវីដ១៩ ក្រៅក្របខណ្ឌនៃការសិក្សាសាកល្បង ទោះប្រើតែឯង ឬផ្សំជាមួយថ្នាំផ្សេងទៀតក៏ដោយ។ ដូចគ្នាដែរ ថ្នាំឈ្មោះ Kaletra ក៏ត្រូវបានគេដកចេញ​ពីការ​អនុញ្ញាតប្រើ​ ក្រៅក្របខណ្ឌសិក្សា​សាកល្បងដែរ។

សូមរំលឹកថា ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ ត្រូវបានអាជ្ញារសុខាភិបាលបារាំង ចាត់បញ្ចូលទៅក្នុងការសិក្សាសាកល្បងប្រើលើអ្នកជំងឺកូវីដ១៩ ជាមួយនឹងថ្នាំ៣មុខផ្សេងទៀត ដើម្បីស្វែងយល់ថាថ្នាំណាមួយ មានប្រសិទ្ធិភាពជាងគេ។ នៅរវាងចុងខែមិនា អាជ្ញាធរសុខាភិបាលបារាំង ក៏បានបើកអនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យអាចសម្រេច ប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ បើទោះបីអ្នកជំងឺ មិនស្ថិតនៅក្នុងក្របខណ្ឌ​នៃ​ការ​សិក្សា​សាកល្បងក៏ដោយ។

គួរកត់សំគាល់ថា ការប្រើប្រាស់សាកល្បង​ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​  ដើម្បីព្យាបាលជំងឺកូវីដ១៩ ត្រូ​វបានគេហាមឃាត់ ឬផ្អាកជាបន្តបន្ទាប់ បន្ទាប់ពីទស្សនាវត្តី The Lancet បានចុះផ្សាយរបាយការណ៍​សិក្សាវិទ្យាសាស្ត្រ​ទ្រង់ទ្រាយធំមួយ​ ដែលបបង្ហាញថា ថ្នាំក្លូរ៉ូគីន និងថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ មិនត្រឹមតែគ្មាន​ប្រសិទ្ធិភាពព្យាបាលជំងឺកូវីដ១៩ទេ តែថែមទាំងអាចធ្វើឲ្យខូចចង្វាក់បេះដូងរបស់អ្នកជំងឺ ក្នុងករណីខ្លះផង។ ប្រការនេះ គឺវាបានបន្ថែមកំរិតគ្រោះថ្នាក់ ដល់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ។

ក្រោយការចុះផ្សាយនេះ កាលពីថ្ងៃអង្គារទី​២៦ឧសភា អង្គការសុខភាពពិភពលោក បានសម្រេចព្យួរជាបណ្តោះអាសន្ន នូវការ​ប្រើ​ប្រាស់​ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ ក្នុងក្របខណ្ឌនៃការសាកល្បងរបស់ខ្លួន​ នៅតាមបណ្តាប្រទេសប្រមាណ១៧ប្រទេស ដែលមានឈ្មោះថា Solidarity។​ ដូចគ្នាដែរ កម្មវិធី សិក្សាសាកល្បងប្រសិទ្ធិភាព​ថ្នាំក្នុងក្របខណ្ឌអឺរ៉ុប​ ឈ្មោះថា Discovery ក៏បានសម្រេចផ្អាកឈប់ទទួលអ្នកជំងឺថ្មីបន្ថែម ដើម្បីផ្តល់ថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីនដែរ ចាប់តាំងពីថ្ងៃអាទិត្យទី​២៤ឧសភាមក។

យោងតាម វិទ្យាស្ថានជាតិស្រាវជ្រាវវិជ្ជសាស្ត្របារាំង បានឲ្យដឹងថាកម្មវិធីសិក្សាសាកល្បងទាំង២នេះ ធ្វើការសហការគ្នា ហើយបានផ្អាកការសាកល្បងប្រើថ្នាំអ៊ីដ្រូស៊ីក្លូរ៉ូគីន​ ដោយសារ​មានការសង្ស័យស្តីពីគ្រោះថ្នាក់​បណ្តាលមកពីថ្នាំនេះ។ ក្រុមអ្នកជំនាញ ត្រូវធ្វើការវិភាគ​លទ្ធផល​ដែលបាន​កន្លងមក ទាក់ទិននឹងថ្នាំនេះ។​ ដោយឡែក ថ្នាំ៣មុខទៀតដែលគេកំពុងសាក គឺ ថ្នាំ Remdesivir ថ្នាំ Kaletra និងថ្នាំKaletra ផ្សំជាមួយ Interferon beta គឺនៅតែបន្តធ្វើជាធម្មតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ