សហភាពអឺរ៉ុប ស្នើថវិកា៧៥០ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ច រងគ្រោះដោយសារកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃពុធ ទី២៧ឧសភា គណៈកម្មការសហភាពអឺរ៉ុប បានរៀបចំស្នើគម្រោងកញ្ចប់ថវិកា ចំនួន ៧៥០ ពាន់លានអឺរ៉ូ ដើម្បីស្តារសង្គ្រោះសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩។ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន អំពាវនាវឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ជួយគាំទ្រនិងអនុម័តសំណើនេះ។ ភាគីបារាំង បានគាំទ្រសេចក្តីអំពាវនាវនេះ ខណៈ អ៊ីតាលី ដែលរងគ្រោះខ្លាំងជាងគេក្នុងរង្វង់សហភាពអឺរ៉ុប បានសាទរសំណើ ដោយគូសបង្ហាញថា នេះជាសញ្ញាណដ៏វិជ្ជមាន។
គិតត្រឹមថ្ងៃពុធ ជំងឺកូវីដ១៩ បានសម្លាប់ប្រជាជននៅក្នុងរង្វង់សហភាពអឺរ៉ុប ចំនួនប្រមាណជាង ១៧៤ ០០០ នាក់ ហើយបណ្តាលឱ្យខូតខាតសេដ្ឋកិច្ចជាខ្លាំង មិនធ្លាប់ជួបទេ តាំងពីក្រោយពេលចប់សង្គ្រាមលោកលើកទី២រួចមក។ ពោលគឺឆ្នាំ២០២០នេះ សេដ្ឋកិច្ចអឺរ៉ុប នឹងជួបវិបត្តិ ដក៧,៤ភាគរយ។ ប្រមុខនឹងវិបត្តិ រដ្ឋសមាជិក បានជជែកគ្នាជាច្រើនលើកច្រើនសាមកហើយ ដើម្បីរៀបចំគម្រោងថវិកាស្តារសេដ្ឋកិច្ចឡើងវិញ តែគំនិតខ្វែងគ្នា និងមិនទាន់ស្រុះស្រួលគ្នានៅឡើយទេ សម្រាប់គម្រោងបញ្ចប់មូលនិធិជំនួយនេះ។
ចំពោះសំណើថ្មី វិញ គណៈកម្មការសហភាពអឺរ៉ុប ព្យាយាមគេចពីពាក្យនិន្ទាថា យកតាមពុម្ពគំនូរទាំងដុល ដែលស្នើដោយបារាំងនិងអាល្លឺម៉ង់ កាលពីសប្តាហ៍មុន។ តាមប្រភពពីមន្ត្រីទូត, គម្រោងផែនការថ្មី មានទំហំទឹកប្រាក់ចំនួន ៧៥០ពាន់លានអឺរ៉ូ ក្នុងនោះថវិកាចំនួន៥០០ពាន់លានអឺរ៉ូ នឹងត្រូវជួយឧបត្ថម្ភដល់ប្រទេសសមាជិកដែលរងគ្រោះខ្លាំង ហើយនៅសល់ សម្រាប់ផ្តល់កម្ចីរយៈពេលវែង ដល់សមាជិក។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដូចជា អ៊ីតាលី ស្លាប់មនុស្សជាង ៣៣ ០០០នាក់ ប្រទេសផ្សេងទៀត សុទ្ធតែស្លាប់មនុស្សជាងពីរ-បីម៉ឺននាក់ដែរ ដូចជា អេស្បាញ់ ប៉ូឡូញ និងបារាំង ជាដើម នឹងទទួលបានជំនួយសង្គ្រោះពីកញ្ចប់ថវិកាទាំងនោះ។ ភាគីបារាំង តាមរយៈរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bruno Le Maire បានប្រកូកប្រកាសឱ្យរដ្ឋសមាជិកផ្សេងទៀត សម្រេចគាំទ្រគម្រោងសំណើនេះ ដោយគ្មានលក្ខខណ្ឌ ហើយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏ចង់ឱ្យប្រទេសទាំងអស់បោះឆ្នោតសម្រេចលើសំណើនេះ ឱ្យបានឆាប់ ដើម្បីជួយដល់វិស័យដែលរងគ្រោះ ឱ្យបានឆាប់ដែរ។ ស្របគ្នាដែរ ប្រមុខរដ្ឋាភិបាលអ៊ីតាលី Giuseppe Conte បានវាយតម្លៃថា សំណើថ្មីនេះជាសញ្ញាណដ៏វិជ្ជមានជាប្រវត្តិសាស្ត្រនៃការសម្រេចចិត្តរបស់រដ្ឋបាលក្រុងព្រុចសែល។
ទោះយ៉ាងនោះក៏ដោយ សំណើកញ្ចប់ថវិកាថ្មីនេះ នៅមិនទាន់សម្រេចដាច់ណាត់នៅឡើយទេ គណៈកម្មការសហភាពអឺរ៉ុប នឹងត្រូវបន្តចរចាបញ្ចុះបញ្ចូលរដ្ឋសមាជិកទាំង២៧ ឱ្យស្រុះស្រួលព្រមព្រៀងទាំងអស់គ្នាដើម្បីបោះឆ្នោតអនុម័ត។ ក៏ប៉ុន្តែ ប្រទេសមួយចំនួន ដូចជា ហូឡង់ អូទ្រីស ដាណឺម៉ាក់ និងស៊ុយអែត ជាដើម គឺនៅរឹងត្អឹងជាងគេ។ ក្រុមប្រទេសទាំងនេះ ចង់ឱ្យកញ្ចប់ជំនួយថវិកានោះ បែងចែង ដោយស្ថិតក្នុងទម្រង់ជាប្រាក់កម្ចី តែម្យ៉ាងគត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ