អានតួអត្ថបទ

បារាំង ព្រមានពីសង្រ្គាមត្រជាក់ថ្មី រវាងចិននិងអាមេរិក ហើយឱ្យអឺរ៉ុបត្រូវប្រយ័ត្នកុំឱ្យផុងខ្លួន

រដ្ឋមន្រ្តីការបរទេសបារាំង សង្កត់ធ្ងន់ថា គេមិនត្រូវដើរត្រឡប់ថយក្រោយ ទៅរកសង្គ្រាមត្រជាក់ ដូចកាលជម្លោះប្រឈមមុខដាក់គ្នារវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកនោះឡើយ។
រដ្ឋមន្រ្តីការបរទេសបារាំង សង្កត់ធ្ងន់ថា គេមិនត្រូវដើរត្រឡប់ថយក្រោយ ទៅរកសង្គ្រាមត្រជាក់ ដូចកាលជម្លោះប្រឈមមុខដាក់គ្នារវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកនោះឡើយ។ Bertrand GUAY / AFP
ដោយ៖ ហេង ឧត្តម
1 នាទី

រដ្ឋមន្រ្តី​ការបរទេស​បារាំង ​ព្រមាន​ពី​«សង្រ្គាម​ត្រជាក់​ថ្មី» រវាង​ចិន និងសហរដ្ឋ​​អាមេរិក ហើយផ្តាំ​​​អឺរ៉ុប ​ត្រូវ​ប្រយ័ត្ន​កុំ​ឱ្យ​ជាប់ផុង​ខ្លួន​ ក្នុង​សង្រ្គាម​ត្រជាក់​ថ្មី​នេះ។ ប្រមុខ​ការ​ទូត​បារាំង បាន​លើកឡើង​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុងការ​ជជែក​ដេញដោល​ របស់​​គណៈកម្មាធិការ​កិច្ចការ​បរទេស​និង​ការពារជាតិ នៃ​ព្រឹទ្ធ​សភា កាលពីថ្ងៃ​ពុធ​ ទី​២៧ឧសភា​។​ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​សង្កត់ធ្ងន់ថា គេ​មិនត្រូវ​ដើរ​ត្រឡប់​ថយក្រោយ ទៅរក​សង្គ្រាម​ត្រ​ជាក់​ ដូច​កាល​ជម្លោះ​ប្រឈមមុខ​ដាក់​គ្នា​​រវាង​សហភាព​សូវៀត​និង​សហរដ្ឋ​អាមេរិក​នោះឡើយ​។

ការ​ព្រមាន​របស់​​រដ្ឋមន្រ្តីការបរទេសបារាំងបែប​នេះ គឺក្រោយ​ពី​មាន​លេច​ដំណឹង កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​​ ដែ​ល​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ​ បាន​ព្រលយពី​លទ្ធភាព​នៃការ​បាញ់​​​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ ដើម្បីគំរាម​ចិន​និង​រុស្ស៊ី ហើយ​​ដើម្បី​តម្រង់​ភាគី​ឱ្យ​ចរចា។ ដំណឹង​នេះ ត្រូវ​គេ​ព្រួយ​ពីហេតុបង្ក​ ដែល​នឹង​អាច​នាំឱ្យ​ពិភពលោក​ ​ធ្លាក់ចូល​ក្នុង​សង្គ្រាម​ត្រជាក់​ថ្មីមួយទៀត ហើយ​និង​នាំ​ទៅរក​ការ​ប្រកួតប្រណាំងប្រជែង​សព្វាវុធ​ ថ្មី ​និងដ៏​គ្រោះថ្នាក់ ជាទី​បំផុត។ ភាគី​ចិន​វិញ ក៏បាន​បង្ហើប​លើកឡើង​ដែរ ពី​សង្គ្រាម​ត្រជាក់​ថ្មី ក្រោយ​ពេល​ដែល​ត្រូវសហរដ្ឋ​អាមេរិក​បរិហារ​ជា​បន្ត​បន្ទាប់​ ជុំវិញ​សំណុំ​រឿងមេរោគ​​កូរ៉ូណា​ថ្មី។​

ជាក់ស្តែងទៅ ការ​ប្រឈម​មុខ​ដាក់​គ្នាខ្លាំង​និងក្តៅគគុក​​រវាង​អាមេរិក​និង​ចិន គឺអស់​ពេល​ជាង​ពីរឆ្នាំមកហើយ​ តាមរយៈ​​ជម្លោះ​ពាណិជ្ជកម្ម ឬសង្គ្រាម​ពាណិជ្ជកម្ម។ ការ​ផ្លោង​សម្តី​រវាង​មហាអំណា​ច​ទាំងពីរ​​នេះ កើតមាន​ជាច្រើន​សប្តាហ៍ ជុំវិញ​ករណី​​ជំងឺ​កូវីដ​១៩​​ និងករណី​អង្គការ​សុខភាពពិភពលោក។ ​​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ​អាមេរិក​និង​ចិន​ រឹង​រឹត​តែ​មើល​មុខ​គ្នា​មិន​ចំ​  ហើយ​បាន​​​គំរាម​ព្រមាន​គ្នាទៅវិញទៅមក​ ពាក់ព័ន្ធ​នឹង​​សំណុំ​រឿង​ហុងកុង និង​ច្បាប់​សន្តិសុខជាតិ​ចិន​។

ចំពោះ​មុខ​ស្ថានការណ៍​ដ៏​ផុយ​ស្រួយ​បែបនេះ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian) បាន​ដាស់​តឿន​សហភាព​អឺរ៉ុប​ កុំ​ឱ្យជាប់​ផុងខ្លួន​។ ​ដើម្បី​បញ្ជៀស​ពីការ​ប្រឈមមុខ​ចំពោះ​ជម្លោះនិង​គេចឱ្យ​ផុត​ពី​ការ​ជំរុញ​ឱ្យ​វិល​ត្រឡប់​ទៅរក​សករាជ​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​នោះ ប្រមុខការ​ទូត​បារាំង​ ចេញ​យោបល់​ថា អឺរ៉ុប​ត្រូវតែ​បញ្ជាក់​ពី​ស្វ័យភាព​របស់​ខ្លួន និង​គេច​ឱ្យ​​ឆ្ងាយ​ពីការ​ប្រកាន់​និន្នាការ​ផ្អៀង​ទៅ​ភាគី​ណាមួយ​។ មិន​តែប៉ុណ្ណោះ សហភាព​អឺរ៉ុប ត្រូវ​រក្សា​ជំហរ​ផលប្រយោជន៍​រួម​របស់​ខ្លួន​ ហើយ​​មិន​ត្រូវចូលខ្លួន ​ឬ​បណ្តោយ​ខ្លួន​​ ធ្វើ​ជា​ឧបករណ៍​បម្រើ​ឱ្យជម្លោះ​ប្រឈម​មុខ​រវាង​អាមេរិក​និង​ចិន​ នោះ​ទេ។​​

គួរ​ជ្រាបថា សហភាព​អឺរ៉ុប​និង​ចិន មូលមាត់គ្នា​ គោរពគោលការណ៍ពិភពលោក​ពហុប៉ូល និង​មាន​កិច្ចព្រមព្រៀម​រួម​គ្នា​​ច្រើន ពិសេស​ក្នុង​កិច្ច​ព្រមព្រៀងក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ ដែល​អាមេរិក​ដកខ្លួន​ចេញ។ តាមគ្រោង នៅ​ខែ​កញ្ញា​ខាងមុខ នឹងមាន​​ជំនួបកំពូល​ រវាង​ប្រមុខ​រដ្ឋ​ចិន ស៊ី ជិនពីង ​និង​សហភាព​អឺរ៉ុប គឺ​ច្បាស់​ជាបង្ក​ឱ្យ​មាន​កម្តៅ​នយោបាយ​អន្តរជាតិ​ កើន​ក្តៅ​ខ្លាំង​ជាមិន​ខាន​។ តែរដ្ឋមន្រ្តីការបរទេសបារាំង បង្ហើបថា ជំនួបកំពូល​​នោះ អាចទំនង​ជា​​នឹងត្រូវ​លើកពេលបន្តិច​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ