អានតួអត្ថបទ

អឺរ៉ុប​ខ​ក​ចិត្ត​​ចំពោះ​អាមេរិក​ដែល​​បញ្ឈប់ក្តីអនុគ្រោះផ្នែកថាមពលនុយក្លេអ៊ែរស៊ីវិលអ៊ីរ៉ង់​

Iran said the US move to end sanction waivers would not impact its work on the Arak nuclear reactor
Iran said the US move to end sanction waivers would not impact its work on the Arak nuclear reactor AFP/File

ប្រទេសអឺរ៉ុប​​ ​​ បាន​សម្តែង​សេចក្តី​សោកស្តាយ​ជា​ខ្លាំង ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក ដែល​បាន​បញ្ឈប់​ការ​លើកលែង​អនុគ្រោះ​ចំពោះ​ក្រុម​ហ៊ុន​បរទេស​  ​ធ្វើ​ការ​ផ្នែក​ថាមពលនុយក្លេអ៊ែរ ស៊ីវិល នៅ​អ៊ីរ៉ង់។ រដ្ឋបាលក្រុង ប៉ារីស ឡុងឌ្រឺ និងប៊ែរឡាំង  បានប្រតិកម្មខកចិត្ត នៅថ្ងៃសៅរ៍ បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប សម្តែងក្តីសោកស្តាយដូចគ្នាដែរ កាលពីថ្ងៃព្រហស្បតិ៍។ ពួកគេខកចិត្តចំពោះការបញ្ចប់ក្តីលើកលែងរបស់អាមេរិក ក្នុងសំណុំរឿងនុយក្លេអ៊ែរស៊ីវិលអ៊ីរង់។  ការ​សម្រេច​ចិត្តដូច្នេះ ​​របស់​អាមេរិក គឺ​ហាក់​ដូច​ជា​ដកខ្លួន​ចេញ​ដាច់​មែនទែន​តែម្តង ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

អាមេរិក​ នៅ​ថ្ងៃ​ពុធ បញ្ជាក់​ពីការ​បញ្ឈប់​ក្តី​លើកលែង​អនុគ្រោះ​ដក​ក្រុម​ហ៊ុន​បរទេសទាំងអស់ ដែល​ធ្វើការ​នៅ​ការដ្ឋាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរស៊ីវិល មួយ​ចំនួន ​នៅ​អ៊ីរ៉ង់​ ​បើ​ទោះបីជាក្រុម​ហ៊ុន​របស់​បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី ចិន ក៏ដោយ​ក្តី។ ការ​សម្រេច​នេះ នឹង​ចាប់​ផ្តើម​មាន​សុពលភាព​អនុវត្ត នៅ​រយៈពេល​៦០ថ្ងៃ​ទៀត។

តាម​សេចក្តីថ្លែងការណ៍រួម ​ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ​យល់ថា ការបើកផ្លូវ​អនុគ្រោះ​ដល់​ក្រុម​បរទេសធ្វើ​ការក្នុង​​វិស័យ​ថាមពល​ស៊ីវិល​នៅអ៊ីរ៉ង់ គឺ​អាច​ជួយធានា​ដល់​ការ​មិន​សាយភាយអាវុធ ហើយ​អាច​នឹង​ធានាទំនុកចិត្ត​ដល់​សហគមន៍​អន្តរជាតិ អំ​ពី​ដំណើរការ​មិន​អភិវឌ្ឍ​គ្រាប់បែប​នុយក្លេអ៊ែរ​ របស់​អ៊ីរ៉ង់​។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​​អាមេរិក​សម្រេច​ចិត្ត ឈប់​​លើកលែង​ក្តី​អនុគ្រោះ​នេះ​ ហាក់​ដូចជា ជំរុញ​ស្ថានការណ៍​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ។

ទន្ទឹមនឹងគ្នា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ លោក Abbas Moussavi បាន​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​របស់សហរដ្ឋ​​អាមេរិក ដោយ​ចាត់ទុកថា ជាការ​រំលោភ​នឹងសេចក្តីសម្រេច (លេខ​2231)  ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ និងបំពាន​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​។​

អ៊ីរ៉ង់​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​មហាអំណាច ទាំងប្រាំ កាលពី​ឆ្នាំ ២០១៥ ស្តីពី​ការ​មិន​អភិវឌ្ឍ​គ្រាប់​បែក​នុយក្លេអ៊ែរ។ ប៉ុន្តែ នៅ​ឆ្នាំ​២០១៨ សហរដ្ឋ​អាមេរិក​របស់​លោក ដូណាល់ ត្រាំ​ បាន​ដកខ្លួន​ចេញ ជាឯកតោភាគី និង​បាន​​ចោទ​ចង្អុរមុខអ៊ីរ៉ង់​ថា​ ​មិន​គោរពកិច្ចព្រមព្រៀង​ ហើយអាមេរិក​​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់។ ទណ្ឌកម្ម​អាមេរិក​​ផ្តោត​សំខាន់ ទៅលើផ្នែកសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ និង​វិស័យ​ប្រេង។ ចំណែក ​ផ្នែក​កិច្ចការ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល គឺ​មាន​ខចែង​អនុគ្រោះ​យោគយល់ខ្លះ​។ ប៉ុន្តែ​ ក្នុង​​សប្តាហ៍​នេះ សហរដ្ឋអាមេរិច​សម្រេច​ចិត្ត​ថ្មី បញ្ឈប់​ក្តី​អនុគ្រោះ​តទៅទៀតហើយ​។ ការ​សម្រេចនេះ បើតាមអ្នក​ជំនាញ​ គឺ​ប៉ះពាល់​ផ្ទាល់​និងខ្លាំង​ ជាដំបូងគេ ដល់​​ភាគី​រុស្ស៊ី ដែល​កំពុង​ធ្វើ​ការ​រកស៊ី​មាន​សន្ទុះ​ជាងគេ​ ​ខាង​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិលនេះ​ នៅអ៊ីរ៉ង់។ ដូច្នេះ​តាម​រយៈ​ការ​សម្រេចចិត្តថ្មី​​នេះ​​  រុស្ស៊ី​ អាច​នឹង​ត្រូវ​ទណ្ឌកម្ម​អាមេរិក បន្ថែម​ទៀត។​

នៅពេល​នេះ ភាគី​ បារាំង អង់គ្លេស និង​អាល្លឺម៉ង់ កំពុង​តែ​ជជែក​ជាមួយ​សមភាគី​ រុស្ស៊ី និង​ចិន ដើម្បី​រក​ច្រកផ្លូវ​បញ្ជៀស​ហានិយភ័យ​ឱ្យ​នៅទាប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ