អឺរ៉ុប​ផ្តើម​ជើង​ហើរហោះ​ជាលើកដំបូង ទៅស្រុក​ចិន បន្ទាប់ពី​ផ្អាក​ប្រមាណជា​ពីរខែមកនេះ

រូបភាពតំណាង។​
រូបភាពតំណាង។​ Pool/AFP/Archivos

នៅថ្ងៃសៅរ៍ ទី​៣០ឧសភា យន្ត​ហោះ​ក្រុម​ហ៊ុន​អឺរ៉ុប​មួយ បាន​ធ្វើ​ដំណើរ​ចុះ​ចត​ដល់​ទឹក​ដី​ចិន​ ជា​លើក​ទី១​ដំបូង​បំផុត ក្រោយ​ពី​បាន​​ផ្អាក​ការ​ហោះ​ហើរ​​និង​ការ​បិទ​ប្រទេស​ ប្រមាណ​ជា​ពីរ​ខែ​មកនេះ ព្រោះ​តែ​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណាថ្មី។ ជើង​ហោះហើរ ទី១​របស់​ក្រុម​ហ៊ុន​យន្តហោះ​អឺរ៉ុប នៅពេ​លនេះ​ គឺជាសញ្ញាណ​ថ្មី នៃ​ការបើកសកម្មភាពហោះហើរ​ឡើងវិញ និងក៏បានបង្ហាញដែរ ពីភាពធូរស្រាលមួយកម្រិត នៃក្តីបារម្ភចំពោះមេរោគរាតត្បាត។ ទោះយ៉ាងនេះ គេនៅតែ​រក្សា​ភាព​ប្រុងប្រយ័ត្ន​ជានិច្ច។​

ផ្សាយពាណិជ្ជកម្ម

យន្ត​ហោះ ​ទី១​នេះ គឺ​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Lufthansa ចាកចេញពី​ ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ Francfort ពីថ្ងៃសុក្រ ហើយ​បាន​ទៅដល់​អាកាសយានដ្ឋាន​ ឆានជីង (Tianjin) ដែល​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ ​ពី​រដ្ឋធានី​ប៉េកាំង។ ជើង​ហោះហើរនេះ មាន​ផ្ទុក​ដឹក​មនុស្ស ​ប្រមាណជាង​​២០០នាក់ ភាគច្រើន​ ជា​ជន​ជាតិ​អាល្លឺម៉ង់។  អ្នក​ដំណើរទាំង​នេះ ត្រូ​វ​និពិត្យ​កម្តៅក្នុងខ្លួន និង​​ធ្វើ​តេស្ត​រក​មេរោគកូវីដ​១៩​ ហើយ​និង​ត្រូវ​បញ្ជា​ឱ្យ​ឃុំ​សម្ងំឃុំ​ខ្លួនឯង ​រយៈ​ពេល​១៤​ថ្ងៃ​​ ថែម​ទៀត​។​

តាំងតែពីអំលុងពេល​ចុងខែ​មីនា​មក ដោយសារ​សន្ទុះ​នៃ​ជំងឺ​កូវីដ១៩ ចិនជាប្រទេស​រងគ្រោះ​ដំបូង​គេ ​ បាន​ចេញវិធានការ​​បិទខ្ទប់​ប្រទេស បិទជើងហោះហើរ​។ នៅពេលនោះ ពលរដ្ឋ​ចិន​នៅក្រៅ​ស្រុក ក៏​លំបាក​ចូល​ប្រទេស​វិញ ហើយ​ជន​បរទេស​ដែល​មានបណ្ណនៅ​ស្រុក​ចិន ក៏​មិន​អាច​ចូល​បានដែរ។​ ចំណែក​ អឺរ៉ុប​ និងប្រទេស​ផ្សេងជាងច្រើន ក៏​ផ្អាក​ការហើរ​​ហោះទៅចិនដែរ។ ដូច្នេះហើយ តាំងពីជាង​ពីរខែចុងក្រោយនេះ វិស័យ​អាកាសចរណ៍​ធ្លាក់​ចុះ​យ៉ាងគំហុក។

ពេល​នេះ យន្តហោះនៃ​ក្រុម​ហ៊ុន​ អាល្លឺម៉ង់ បាន​ផ្តើម​ទៅ​ជាន់​ដីចិន​មុន​គេ ព្រោះបុព្វហេតុ​ជំនួញ​។ តាម​ការ​បញ្ជា​ក់​របស់​សភាពាណិជ្ជកម្ម​អាល្លឺម៉ង់, ប្រទេស​អាល្លឺម៉ង់​​មាន​ក្រុម​ហ៊ុន​សហគ្រាស  ចំនួន​ជាង​៥ ​២០០​ក្រុម​ហ៊ុន​ធំៗ​ ដែល​ឈរជើង​រក​ស៊ី​នៅ​ស្រុក​ចិន​។ ដូច្នេះ​ជើង​ហោះ​ទីមួយ​នេះ  ​សម្រាប់​ថ្នាក់ដឹកនាំសហគ្រាស និង បុគ្គលិកក្រុមហ៊ុន ជាមួយនិងក្រុមគ្រួសាររបស់ពួកគេ។  

​តាម​​គម្រោង ក្រុម​ហ៊ុនយន្ត​ហោះ​អាល្លឺម៉ង់​​ដដែល​នេះ នឹង​បើក​ការ​ហោះហើរ​ ជើង​ទី២ នៅសប្តាហ៍ក្រោយ​​។ ដូចគ្នា​ដែរ ជើងហោះហើរ​ដំណើរ​ទី២នេះ គឺ​មិនទាន់​សម្រាប់​ឱ្យ​អ្នក​ដំណើរ​ដើរ​ទេចរណ៍​ធម្មតា​នោះទេ តែទុក​រក្សា​កន្លែង​​សម្រាប់​តែ​អ្នក​ដំណើរ​ជាឈ្មួញ ពាណិជ្ជករ ​នៃ​ក្រុម​ហ៊ុន​សហគ្រាស ពាណិជកម្ម​និងបច្ចេកវិទ្យា, អ្ន​កវិទ្យាសាស្ត្រ​ គ្រូពេទ្យ បុគ្គលិក​សុខភិបាល​ និង​សម្រាប់​តែ អ្នក​ធ្វើ​ការ​ងារ​ផ្នែក​មនុស្ស​ធម៌ ដែលត្រូវ​ចុះ​ផ្តល់​ជំនួយ​បន្ទាន់​​​។ ដំណើរជើង​ទី២ នឹងធ្វើ​នៅ​ថ្ងៃ៣មិថុនា  ដែល​គ្រោង​នឹងចេញ​ពីព្រលានយន្តហោះ  Francfort ដដែល តែម្តងនេះ នឹងទៅចុះនៅក្រុង សៀងហៃ វិញម្តង​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI