អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំងវិលត្រលប់មករកភាពប្រក្រតីខ្លះៗ ជាមួយនឹងដំណាក់កាលទី២ នៃការបើកប្រទេសឡើងវិញ

សំឡេង ០៦:១៦
ហាកាហ្វេ Café de Flore ដ៏ល្បីនៅទីក្រុងប៉ារីស។ ថ្ងៃទី​២ មិថុនា២០២០
ហាកាហ្វេ Café de Flore ដ៏ល្បីនៅទីក្រុងប៉ារីស។ ថ្ងៃទី​២ មិថុនា២០២០ REUTERS - CHRISTIAN HARTMANN
ដោយ៖ ម៉ម ពិសី

នៅប្រទេសបារាំង អ្នកស្លាប់ដោយជំងឺកូវីដ១៩ មានប្រមាណ​ជាង​២ម៉ឺន៨ពាន់នាក់។ យោងតាម​តួលេខផ្លូវការ របស់អាជ្ញាធរសុខាភិបាលបារាំង ការឆ្លងរាលដាល ក៏ដូចជាករណីមរណៈភាព ដោយកូវីដ១៩ បាន​ចុះថយខ្លាំង ដោយនៅ២៤ម៉ោងចុងក្រោយ​ មានអ្នកស្លាប់ដោយកូវីដ១៩ ត្រឹមតែ​៣១នាក់។ នេះគឺជាលទ្ធផលវិជ្ជមាន នៃការរាំងខ្ទប់ទាំងស្រុង ដែលបានអនុវត្តតាំងតែពី​មិនាមក។ ដូចអ្វីដែលបាន​គ្រោងទុក ចាប់ពីថ្ងៃអង្គារទី​២មិថុនាទៅ រដ្ឋាភិបាលបារាំង នឹងផ្តើម​អនុវត្ត​ដំណាក់កាល​ទី២ នៃការ​បើកប្រទេសឲ្យដំណើរការ​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនបានសេរីភាពមកវិញ

ដំណឹងល្អបំផុតសម្រាប់ប្រជាជនបារាំងនោះ គឺថាចាប់ពីថ្ងៃនេះទៅ ការហាមឃាត់មិនឲ្យធ្វើដំណើរលើសពី១០០គីឡូម៉ែត្រពីផ្ទះ នឹងត្រូវដកចេញហើយ។​ ដូច្នេះប្រជាជនអាចធ្វើដំណើរក្នុងស្រុកបានដោយសេរី។

ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មី បានចុះថយខ្លាំង តែយ៉ាងណា រដ្ឋាភិបាលបារាំង បានរក្សាតំបន់ចំនួន​៣ ជាតំបន់ពណ៌ទឹកក្រូច ដោយត្រូវស្ថិតក្នុងការតាមដាន​ប្រុងប្រយ័ត្នខ្ពស់។ នោះគឺតំបន់ Ile de France ដែលមានទីក្រុងប៉ារីស និងតំបន់ជុំវិញ និង​​តំបន់នាយសមុទ្រ២ គឺ Mayotte និង​Guyane។ ក្រៅពីនេះ មួយភាគធំនៃប្រទេស គឺជាតំបន់ពណ៌បៃតង ដែលមានន័យថា ការឆ្លងរាលដាលកូវីដ១៩ បានថយចុះខ្លាំង ហើយដែលអាច​បើកឲ្យដំណើរការឡើងវិញបាន គ្រប់វិស័យទាំងអស់​សឹងតែដូចធម្មតា។

ចាប់ពីថ្ងៃទី២មិថុនាទៅ ទូទាំងប្រទេស មិនថាតំបន់ពណ៌បៃតងឬពណ៌ទឹកក្រូច ហាងទំនិញ ក្រុមហ៊ុនសហគ្រាស សួនសាធារណៈ សួនសត្វ តំបន់ទេសចរណ៍ ឆ្នេរសមុទ្រជាដើម នឹងត្រូវបើកឲ្យ​ដំណើរការឡើងវិញ។ ចំពោះហាងកាហ្វេ ភោជនីយដ្ឋាន គឺអាចបើកទទួលភ្ញៀវវិញបាន តែនៅតាមតំបន់បៃតងទេ។ តំបន់ពណ៌ទឹកក្រូច ដូចជាទីក្រុងប៉ារីសជាដើម ហាងហាហ្វេ ភោជនីយដ្ឋាន អាចបើក​ទទួលភ្ញៀវបាន ចំពោះតែហាងណា​ ដែលអាចរៀបតុកៅអី ទទួលភ្ញៀវនៅខាងក្រៅបាន។ ខាងក្នុងហាង មិនអាចទទួលភ្ញៀវបានទេ។

កម្មវិធីជួបជុំនានា ដូចជាមង្គលការជាដើម អាចរៀបចំបានឡើងវិញហើយ នៅទូទាំងប្រទេស។ ដោយឡែក រោងភាពយន្ត នៅមិនទាន់អាចបើកវិញបានទេ គឺត្រូវរងចាំដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២២មិថុនាទៅ។ ការធ្វើដំណើរក្នុងស្រុក តាមរថភ្លើង ឬតាមយន្តហោះ អាចធ្វើវិញបានហើយ តែអ្នកដំណើរត្រូវតែពាក់ម៉ាស។ ដោយឡែក ព្រំដែនទាំងក្នុង និងក្រៅអឺរ៉ុប នៅមិនទាន់បើកវិញទេ។

សិស្សសាលាចូលរៀនវិញ មួយខែមុន​វិស្សមកាលធំ

សាលាមតេយ្យបានចាប់ផ្តើមបើកខ្លះៗវិញហើយ តាំងតែពីដំណាក់កាលពីមួយម្លេះ។ ក្នុងដំណាក់កាលទី២នេះ សាលារៀនថ្នាក់អនុវិទ្យាល័យ​ និងវិទ្យាល័យ អាចចាប់ផ្តើមបើកឡើងវិញ ជាបណ្តើរៗ តែតាមសាលាត្រូវរៀបចំឲ្យ​មានវិធានការរក្សាអនាម័យ​ខ្ពស់បំផុត។ ទាក់ទិននឹងការបើកសាលារៀននេះ មានការរិះគន់ខ្លះដែរ ព្រោះថានៅបាំងតែមួយខែទៀតប៉ុណ្ណោះ នឹងចប់ឆ្នាំសិក្សា ហើយដល់វិស្សមកាលខែក្តៅហើយ។ ដូច្នេះ បើកសាលាវិញ ត្រឹមតែមួយខែ ដោយប្រឈមនឹងគ្រោះថ្នាក់ឆ្លងរាលដាលនេះ គឺហាក់ដូចជាមិនចំណេញអ្វីច្រើនទេ សម្រាប់សិស្ស។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីក្រសួងអប់រំបារាំង បានលើកឡើងថា កម្មវត្ថុរបស់ក្រសួង គឺចង់ឲ្យសិស្សអាចត្រលប់ទៅសាលាវិញបានឲ្យ​បានឆាប់ ទោះជាមិនបានយូរក៏ដោយ ព្រោះសិស្សខានទៅសាលាយូរពេក អាចធ្វើឲ្យ​មានបញ្ហា ខ្លាចសាលា ឬលែងមានចិត្តចង់រៀន។ មួយវិញទៀត ចុងឆ្នាំសិក្សា សិស្សអនុវិទ្យាល័យ ត្រូវ​ជួបនិយាយជាមួយគ្រូប្រចាំថ្នាក់ ម្នាក់ម្តងៗ ដើម្បីបូកសរុបលទ្ធផលនៃការរៀនសូត្រកន្លងមក។ ដូច្នេះវាជារឿងចាំបាច់ណាស់ ដែលសិស្សត្រូវតែត្រលប់ទៅសាលាវិញ ទោះមួយខែទៀត ដល់ពេលវិស្សមកាលធំក៏ដោយ។

ចំពោះថ្នាក់ មហាវិទ្យាល័យ និងសកលវិទ្យាល័យ គឺមិនទាន់បើកវិញទេ គឺគេរងចាំដល់បើកបវេសនកាលថ្មី នៅខែកញ្ញាតែម្តង។

បើផ្ទុះការឆ្លងរាលដាលថ្មី នឹងបិទខ្ទប់ឡើងវិញទាំងអស់

វិស័យសឹងតែទាំងអស់អាចបើកទ្វារ ដំណើរការឡើងវិញមែន តែត្រូវគោរពវិធានាការ​រក្សាអនាម័យ រក្សាគំលាត ឲ្យ​បាន​ខ្ជាប់ខ្ជួនបំផុត។ ជាក់ស្តែងដូចជាការពាក់ម៉ាស។ នៅតាមហាងទំនិង នៅតាមមធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ គឺត្រូវតែពាក់ម៉ាស។ អាជ្ញាធរមូលដ្ឋាន ក៏អាចសម្រេច​ ដាក់កំហិតឲ្យ​ពាក់ម៉ាសនៅតាមទីប្រជុំជនសាធារណៈដែរ។

រដ្ឋាភិបាលសម្រេចឲ្យបើកហាងកាហ្វេ ភោជនីយដ្ឋានមែនឡើងវិញមែន តែមិនមែនគ្រប់ហាងទាំងអស់​សុទ្ធតែអាចមានលទ្ធភាពបើកវិញបាននោះទេ។ ជាក់ស្តែងនៅទីក្រុងប៉ារីស ភោជនីយដ្ឋាន ហាងកាហ្វេ អាចរៀបតុកៅអីនៅខាងក្រៅ តាមចិញ្ចើមថ្នល់បានមែន តែក៏វានៅមិនគ្រប់គ្រាន់ដែរ ​ដោយសារកន្លែងតូច ហើយត្រូវរក្សាចំងាយ ដាក់កៅអីមួយម៉ែត្រពីគ្នាទៀត។ បើកលក់ដូរ តែទទួលភ្ញៀវម្តងបានតែ២ ទី​៣នាក់ គឺមិនបើកល្អជាង។ មិនចំណេញទេ គឺមានតែខាតដើម។

យោងតាមលោក Didier Chenet ប្រធានសមាគមន៍អ្នកជំនួញឯករាជ្យ ក្នុងវិស័យទេសចរណ៍បដិសណ្ឋារកិច្ច បានលើកឡើងថា ១៧% នៃភោជនីយដ្ឋាន សណ្ឋាគារ បានសម្រេចចិត្តមិនបើកទ្វាររកស៊ី​នាពេលនេះទេ ព្រោះគ្មានលទ្ធភាពចំណាយ។ ម្ចាស់ហាងខ្លះ បានថែមទាំងអះអាងថា​នឹងអាចបើករកស៊ីវិញ នៅខែកញ្ញាឯណោះ។

រដ្ឋាភិបាល​បារាំង បានប្រកាសហើយ​ប្រកាសទៀត ឲ្យបន្តការប្រុងប្រយ័ត្ន​ ព្រោះការឆ្លងរាលដាល នៃមេរោគវាបានថយចុះមែន តែវានៅតែមានវត្តមាន និងធ្វើចរាចរណ៍ដដែល ជាពិសេសនៅតាមទីក្រុងធំៗតែម្តង។ ដូច្នេះត្រូវតែគោរព អនុវត្តវិធានការ​អនាម័យ រក្សាចំងាយ ឲ្យ​បានខ្ជាប់ខ្ជួនបំផុត។ បើក្នុងករណី​ផ្ទុះការឆ្លងរាលដាលសាជាថ្មី លោកនាយករដ្ឋមន្ត្រីបារាំង បានប្រកាសហើយ ថានឹងបិទប្រទេសឡើងវិញម្តងទៀត។ តែយ៉ាងណា ក៏ដោយ គេពិបាកស្រម៉ៃណាស់ ថាបើបិទម្តងទៀត សេដ្ឋកិច្ចនឹងដាំក្បាលចុះ លំបាកលំបិនកម្រិតណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ