អានតួអត្ថបទ
បាតុកម្ម-ហិង្សាប៉ូលិស

ពិភពលោកប្រមូលផ្តុំគ្នាយកថ្ងៃ៦មិថុនា ធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស

បាតុកម្ម​ប្រឆាំងនឹង​អំពើ​ហិង្សា​ប៉ូលិស​ នៅ​អូស្ត្រាលី
បាតុកម្ម​ប្រឆាំងនឹង​អំពើ​ហិង្សា​ប៉ូលិស​ នៅ​អូស្ត្រាលី AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

​សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​រៀប​ចំបាតុកម្មដ៏​ធំមិនធ្លាប់​មាន​នៅ​រដ្ឋធានី ដើម្បី​បរិហារ​អំពើ​ហិង្សា​របស់​ប៉ូលិស និងការ​រើសអើងពូជសាសន៍ នៅថ្ងៃទី ៦ មិថុនា ២០២០។ ពី​តូក្យូ សេអ៊ូល ចុះ​ទៅ​ស៊ីននី ដល់ឡុងដ៍ ដោយ​ឆ្លងកាត់​​ប៉ារីស ឬ​ម៉ុងរ៉េអាល់... នៅ​តាម​ទីក្រុង​ធំៗ​ស្ទើរ​តែ​ទូទាំង​ពិភពលោក ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បានជំនះ​បម្រាម និង​ការ​ភ័យ​ខ្លាច​កូរ៉ូណា​វីរុស នាំគ្នា​ធ្វើបាតុកម្មដែរ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ ចច ហ្វឡយ ដែល​បាន​ស្លាប់​ដោយ​ប៉ូលិស​ស្បែក​សដង្កត់កទាល់​តែ​ដាច់​​ដង្ហើម។ 

ផ្សាយពាណិជ្ជកម្ម

​អូស្ត្រាលី បាន​ចាប់​ផ្តើមមុន​គេ។ ទោះរដ្ឋាភិបាល​បាន​ណែនាំនៅ​តែ​ក្នុង​ផ្ទះ ក៏​​​ប្រជាពលរដ្ឋរាប់​ម៉ឺពាន់​នាក់នៅ​ក្រុង​ប្រ៊ីស្បាន ស៊ីននី មែលប៊ន ... មិន​ស្តាប់ និង​បានមកជួប​ជុំប្រមូល​ផ្តុំគ្នា ស្រែកជ័យ​ឃោស “ខ្ញុំ​ដក​ដង្ហើមមិនរួច​ទេ” ដើម្បី​​បរិហារ​ទង្វើ​ហិង្សា​របស់​ប៉ូលិស។ សម្រាប់​អ្នក​រៀបចំ​បាតុកម្ម អូស្ត្រាលី​ក៏​ប្រកាន់និងរើសអើង​ពូជសាសន៍​ខ្លាំង​ដែរ។ បាតុករ​ចង់​ឆ្លៀត​ឱកាស​នេះបរិហារ​ទង្វើ​របស់​ប៉ូលិស​អូស្ត្រាលី ដែល​បាន​ចាប់​ខ្លួន​​​ជនជាតិ​ដើមភាគតិច ដាក់​ពន្ធនាគារ ក្នុង​ចំនួនដ៏​​ច្រើន។ ក្នុង​ពេល​ជាប់​ឃុំ ក្នុងដៃ​ប៉ូលិស សហគមន៍បាន​បាត់​បង់​សមាជិក​របស់ខ្លួន​ដល់​ទៅ​ប្រមាណ​ជាង​៤០០​នាក់ ក្នុងរយៈ​ពេល​៣០​ឆ្នាំ​កន្លង​មកនេះ។

ដោយគោរព​គម្លាត​សុវត្ថិភាព​​កូវីដ១៩ ពលរដ្ឋ​ជប៉ុន​ជា​ច្រើនពាន់នាក់ មិនមែន​ចុះធ្វើ​បាតុកម្មដើម្បីគាំទ្រ​ចលនា Black Live Matter​ទេ តែ​ក៏​ដើម្បី​បរិហារទង្វើ​ហិង្សា​បែប​​រើសអើង​ពូជសាសន៍​នៅ​ជប៉ុន​ ពី​សំណាក់ប៉ូលិស​ដែលបាន​​ផ្ទប់​ជនជាតិ​គួឌីស្ថានម្នាក់ទៅ​ដី​នៅ​ពេលចាប់​ខ្លួន។ បាតុករ​ដោយ​ស្រែក​ថា គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព គ្មានប៉ូលិស​ប្រកាន់​ពូជសាសន៍។ “កូរ៉េខាង​ត្បូង​កំពុង​ក្លាយ​ជា​ប្រទេស​ពហុវប្បធម៌” នេះ​ជា​អ្វី​ដែល​ឃើញ​ក្នុង​បដា​របស់បាតុករ​នៅ​សេអ៊ូល ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ម៉ាស់​ពណ៌​ខ្មៅ។

នៅប្រទេស​បារាំង រដ្ឋាភិបាល​បាន​ចេញបម្រាមតែ​ម្តង ព្រោះ​ប្រទេសស្ថិត​ក្នុង​ភាព​អាសន្ន​សុខាភិបាល​នៅ​ឡើយ និង​ម្យ៉ាង​ទៀត​មកពី​បាតុកម្មកាលពី​ថ្ងៃ​ទី ២​មិថុនា​របស់​ក្រុម​សមាគមន៍​អ្នក​គាំទ្រ​ជន​ស្បែក​ខ្មៅ​រងគ្រោះ​ដោយ​ប៉ូលិស បាន​បិទ​បញ្ចប់​ទៅ​ដោយ​អំពើ​ហិង្សា​ខ្លាំង។ ប៉ុន្តែបាតុករ​នៅ​តែ​ច្រើន​កុះករ ប្រមូលផ្តុំ​គ្នា​តាម​ទីក្រុង​ធំៗ និង​នៅ​មុខ​ស្ថានទូត​អាមេរិក ព្រមទាំង​ទីលាន​សិទ្ធិមនុស្ស ក្បែរ​តួអេហ្វែល នៅ​ទីក្រុង​ប៉ារីស​ដដែល។ ជា​បាតុកម្មដែល​បាន​ប្រកូកប្រកាស​ឡើង ដោយ​ចលនាសាមគ្គី​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​ប៉ូលិស។ នៅអង់គ្លេស បាតុកម្ម​ប្រឆាំង​នឹងអំពើ​ហិង្សា​ប៉ូលិស មានរៀប​ចំធ្វើ​ជា​ច្រើន​លើក​សាមកហើយ​ និងបន្តមាននៅ​ថ្ងៃអាទិត្យ​នេះ នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំទី​ក្រុង​ឡុងដ៍ នៅ​មុខ​សភា​ បើ​ទោះ​បី​អាជ្ញាធរ​ទទូច​មិន​​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​ក៏​ដោយ។ នៅ​អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ ឬ​ហុងគ្រី អ្នករៀប​ចំកម្មវិធី​​ បាន​បំផុស និង​រំលើកភ្ជាប់​បាតុកម្ម​ថ្ងៃ​នេះ​ទៅ​​អំពីករណី​ហិង្សា​របស់​ប៉ូលិស​​ក្នុង​ប្រទេស​ដោយ​ជាក់ស្តែងរៀង​ៗ​ខ្លួន។

បាតុកម្មបរិហារ​ការ​រើសអើងពូជសាសន៍​ និង​គាំទ្រ​វាសនា​ជនជាតិ​ស្បែក​ខ្មៅ ក៏​មាន​រៀប​ចំ​ឡើង​ដែរ នៅ​អាមេរិកឡាទីន ម៉ិចសិក កូឡុំប៊ី​ ឬ​ប្រេស៊ីល ដោយ​មាន​លើក​បង្ហាញ​រូប​ថត​ជន​រងគ្រោះ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ