អាល្លឺម៉ង់-អាមេរិក-អូតង់

អាល្លឺម៉ង់​ បារម្ភ​ចំពោះ​ផែនការ​របស់​អាមេរិក​ដែល​ចង់​កាត់​បន្ថយ​ចំនួន​កង​ទ័ព​ពី​ទឹក​ដី​អាល្លឺម៉ង់

ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល (ស្តាំ) និងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង (ឆ្វេង) ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល (ស្តាំ) និងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ POOL/AFP/Archivos

ប្រទេស​អាល្លឺម៉ង់​ នៅថ្ងៃអាទិត្យ​ ៧ មិថុនា បាន​សម្តែង​ការ​ព្រួយបារម្ភ​ ចំពោះ​របាយការណ៍​ដែល​ថា​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ គ្រោង​នឹង​កាត់​បន្ថយ​ចំនួន​កងទ័ព​អាមេរិក​ដែល​ឈរជើង​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​។ មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់​ ភ័យ​ខ្លាច​ថា​ ផែនការ​របស់​អាមេរិក​នេះ​ អាចនឹង​ធ្វើឱ្យ​កម្លាំង​ការពារ​របស់​អូតង់​ធ្លាក់​ចុះខ្សោយ​នៅ​ក្នុង​តំបន់​។

ផ្សាយពាណិជ្ជកម្ម

ផែនការ​របស់​លោក​ដូណាល់ ត្រាំ ​ក្នុងការ​កាត់បន្ថយ​កម្លាំងទ័ពអាមេរិក​បានធ្វើ​ឲ្យ​អាល្លឺម៉ង់​ភ្ញាក់ផ្អើល​និង​ស្រឡាំងកាំង​ជាខ្លាំង​។ សម្រាប់​ទីក្រុង​ប៊ែកឡាំង​ ផែនការ​របស់​អាមេរិក​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ និង​បង្ក​ជា​ហានិភ័យ​ផ្នែក​សន្តិសុខ​នៅក្នុង​តំបន់​អឺរ៉ុប​។

“កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​អាល្លឺម៉ង់​ជាមួយនឹង​កងទ័ព​អាមេរិក​មាន​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ​ ហើយ​យើង​គឺជា​ដៃគូ​ជិតស្និទ្ធ​នៅក្នុង​សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង​”។ នេះ​ គឺជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់លោក Heiko Maas​ ដោយ​ថែម​ទទួល​ស្គាល់​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​អាល្លឺម៉ង់​ហើយនិង​សហរដ្ឋអាមេរិក​ បានចាប់​ផ្តើម​ប្រែទៅ​ជា​តានតឹង​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ដូណាល់​ ត្រាំ​។

គួរ​បញ្ជាក់ជូនថា​ កាលពី​ថ្ងៃសុក្រ​ ទី៥ មិថុនា​ សារព័ត៌មាន​ Wall Street Journal និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​បាន​រាយការណ៍​ថា​ លោកត្រាំ បាន​ចេញបញ្ជាឲ្យ​មន្ទីរបញ្ចកោណ​កាត់​បន្ថយ​ចំនួនកងទ័ព​អាមេរិក​ដែលឈរជើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ តាមការ​ចុះផ្សាយ លោក ដូណាល់ ត្រាំ ចង់កាត់​បន្ថយ​ចំនួនទ័ព​អាមេរិក​ដែល​សព្វថ្ងៃ​មាន​ ៣៤ ៥០០ នាក់​ ឲ្យ​ចុះ​មក​ត្រឹម​ ២៥ ០០០នាក់​វិញ​។

ចំណាត់ការ​បែបនេះ​ ហាក់​បញ្ជាក់ប្រាប់ថា​អាមេរិក​របស់​លោកត្រាំ​ចង់កាត់​បន្ថយការ​ចូលរួម​ក្នុង​កិច្ចការពារជាតិ​អឺរ៉ុប​ក្រោមឆត្រ​របស់​សម្ព័ន្ធអូតង់​ និង​ហាក់​ដូចជា​ធ្វើឲ្យ​ក្រុង​ប៊ែកឡាំង​ធ្លាក់​ចូល​ក្នុងស្ថានភាព​ដ៏​លំបាកមួយ​។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​លើកឡើងថា​ ផែនការ​ចុងក្រោយ​របស់​អាមេរិក​នេះ​ធ្លាក់​មក​ បន្ទាប់ពី​អាល្លឺម៉ង់​នៅ​តែប្រកាន់ជំហរ​បន្តគាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ និង​បន្ទាប់ពី​អាល្លឺម៉ង់​បាន​ចាប់ដៃ​ជាមួយ​ប្រទេសរុស្សី​ក្នុង​គម្រោង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ Nord Stream2​។

យ៉ាងណាក៏ដោយ​ គេនៅមិនឃើញ​មាន​ការបញ្ជាក់​ណាមួយ​ភ្លាមៗ​ ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​នោះទេ​ ជុំវិញ​គម្រោង​កាត់​បន្ថយកងទ័ព​នៅ​អាល្លឺម៉ង់​។ ក៏ប៉ុន្តែ ​ការរិះគន់​ទិតៀន​នៅគ្រា​កន្លងមក​របស់​លោក​ដូណាល់ ត្រាំ ទៅលើ​សមាជិក​អូតង់​មួយចំនួន​ដែលក្នុងនោះ​ក៏មាន​អាល្លឺម៉ង់​មួយ​ដែរ​ បំផុសឲ្យ​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​នៅក្នុង​តំបន់​អឺរ៉ុប​។ មេដឹកនាំ​អាមេរិករូប​នេះ​ បាន​ដំឡើង​សំឡេង​យ៉ាងខ្លាំង​ដាក់​ប្រទេស​អាល្លឺម៉ង់​នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ និង​បាន​ទាមទារ​ផងដែរឲ្យ​អាល្លឺម៉ង់​បង់​វិភាគទាន​ឲ្យ​អូតង់​ក្នុង​ចំនួន​ច្រើនជាងមុន​។

លោក​ Johann Wadephul​ សមាជិកជាន់​ខ្ពស់​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​អាល្លឺម៉ង់​ បាន​និយាយ​ថា​ ផែនការ​កាត់​បន្ថយ​កងទ័ព​របស់​អាមេរិក​គឺជា​ចលករ​ដ៏​សំខាន់​មួយ​ទៀត​ ជួយ​ដាស់​ស្មារតី​ប្រទេស​អឺរ៉ុប​ឲ្យងាក​មក​គិតគូរ​អំពី​កិច្ចការពារខ្លួន​ដោយខ្លួន​ឯងផ្ទាល់​ និង​មិន​ចាំបាច់​ពឹងពាក់​អាមេរិក​តទៅទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI