ក្រុមប្រទេសនាំប្រេងចេញ ព្រមព្រៀងបន្តការកាត់បន្ថយការផលិតប្រេងទៀត ដើម្បីទ្រទ្រង់តម្លៃនៅលើទីផ្សារ
ចុះផ្សាយនៅថ្ងៃ៖
សមាជិកក្រុមប្រទេសអ្នកនាំប្រេងចេញ និងសម្ព័ន្ធមិត្ត ហៅកាត់ក្រុមOPEP+ បានព្រមព្រៀងគ្នានៅយប់ថ្ងៃសៅរ៍ទី ៦ មិថុនា បន្តកាត់បន្ថយបរិមាណផលិតប្រេងខ្លាំងមែនទែន បន្ថែមមួយខែទៀត។ កាលពីខែមេសា ក្នុងពេលពិភពលោកកំពុងរង វិបត្តិកូរ៉ូណាវីរុសយ៉ាងធ្ងន់ធ្ងរ ក្រុមប្រទេសផលិតប្រេងបានសម្រេចកាត់បន្ថយការបូមប្រេងជាង១០% ដើម្បីទ្រទ្រង់សេដ្ឋកិច្ចនិងតម្លៃនៅទីផ្សារដែលដាំក្បាលចុះ ព្រោះសេចក្តីត្រូវការផ្នែកថាមពលប្រេងបានធ្លាក់យ៉ាងខ្លាំង។
នៅថ្ងៃទី ១២មេសា ក្រុមប្រទេសអ្នកនាំប្រេងចេញនិងសម្ព័ន្ធមិត្តបានព្រមព្រៀង បញ្ចុះការផលិតប្រេងជាដំណាក់ៗ ចំនួន ៩លាន៧សែនធុងបារីលក្នុងមួយថ្ងៃ នៅរវាងខែឧសភានិងមិថុនា និងចំនួន ៧លាន៧សែនធុង ពីខែកក្កដាដល់ខែធ្នូ ២០២០ ហើយចាប់ពីខែមករាដល់ខែមេសា២០២១ ត្រូវបន្ថយត្រឹម៥,៨លានធុង។ ប៉ុន្តែប្រឈមនឹងភាពទន់ខ្សោយនៃទីផ្សារ នៅយប់មិញ ក្រុមOpep+ បានសម្រេចបន្តដំណាក់កាលទីមួយ ដែលជាកាត់បន្ថយការផលិតប្រេងខ្លាំងមែនទែន រហូតដល់ថ្ងៃទី ៣១កក្កដា។
ជាសេចក្តីសម្រេច ដើម្បីប្រយោជន៍របស់សមាជិកអង្គការទាំងមូល ពីព្រោះសេចក្តីត្រូវការផ្នែកថាមពលនៅលើពិភពលោក នៅទាបខ្លាំង បើទោះបីជាប្រទេសកាន់តែច្រើនឡើងៗចាប់លើកបម្រាមបិទខ្ទប់ហើយក៏ដោយ។
នយោបាយកាត់បន្ថយការផលិត មានប្រសិទ្ធភាពខ្ពស់ ដោយបានធ្វើតម្លៃប្រេងឡើងថ្លៃវិញ ក្នុងកំរិតប្រមាណ ៤០ដុល្លារអាមេរិកក្នុងមួយធុងបារីល នៅដើមខែមិថុនា ២០២០។ តម្លៃប្រេងបានធ្លាក់ថ្លៃខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិមកទៅត្រឹម ១៥ដុល្លារក្នុងមួយធុងបារីលប៉ុណ្ណោះ នៅម្តុំថ្ងៃទី ២០មេសា២០២០។
បន្ទាប់ពីការបដិសេធរបស់ម៉ិចស៊ិក មិនព្រមទទួលបន្តកាត់បន្ថយការផលិតប្រេង ក្រោមហេតុផលថាមានប្រទេសផ្សេងមិនគោរពសន្យាលើកមុន កិច្ចព្រមព្រៀងក្នុងជំនួបប្រជុំតាមវីដេអូខុនហ្វេរិនលើកនេះ ក៏បានបញ្ចូលលក្ខខណ្ឌឱ្យប្រទេសដែលមិនបានគោរពកិច្ចសន្យាក្នុងពេលកន្លងមក មានជាអាទិ៍អ៊ីរ៉ាក់និងនីហ្សេរ៉ា ត្រូវចាប់អនុវត្តភ្លាម និងត្រូវកំរិតការផលិតប្រេងរបស់ខ្លួនតាមកូតារហូតដល់ខែកញ្ញា។ បើតាមទិន្នន័យ ក្នុងខែឧសភាកន្លងមកនេះ Opep+ បានកាត់បន្ថយ ៨,៦លានធុង ពោលគឺតិចជាងផែនការចំនួន១១%។
ក្រុមរដ្ឋមន្ត្រីOPEP+ សម្រេចជួបប្រជុំគ្នាជាថ្មី នៅថ្ងៃទី ១ខែធ្នូ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដែលជាទីស្នាក់ការកណ្តាលរបស់អង្គការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ