សេដ្ឋកិច្ច-កូវីដ១៩

ការសិក្សា៖ចំនួនការងារ និងការជ្រើសរើសបុគ្គលិកបានធ្លាក់ចុះខ្លាំងនៅទូទាំងពិភពលោកដោយសារវិបត្តិកូវីដ១៩

អាកាសចរណ៍​ជា​វិស័យ​មួយ​ដែល​បាន​រងគ្រោះខ្លាំង​ដោយ​វិបត្តិកូវីដ១៩
អាកាសចរណ៍​ជា​វិស័យ​មួយ​ដែល​បាន​រងគ្រោះខ្លាំង​ដោយ​វិបត្តិកូវីដ១៩ Philippe LOPEZ / AFP

នៅ​ថ្ងៃ​អង្គារ ទី៩ មិថុនា ManpowerGroup ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ជ្រើសរើស​បុគ្គលិក​បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ស្តីពី​ស្ថានភាព​ការងារ និង​ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​ឆ្នាំ ២០២០ នៅ​ទូទាំង​ពិភពលោក។ លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា ទស្សនវិស័យ​នៃ​ការ​ជ្រើសរើស​បុគ្គលិក​សម្រាប់​ឆ្នាំ ២០២០ បាន​ធ្លាក់​ចុះ​ទាប​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២០ឆ្នាំ​ចុង​ក្រោយ។ វិបត្តិ​ជំងឺ​កូវីដ១៩ ជា​ដើមចម​នៃ​ការ​បាត់បង់​ការងារ​របស់​មនុស្ស​ជា​ច្រើន​លាននាក់​ក្នុង​លោក។ តាម ManpowerGroup ដដែល គេ​ត្រូវ​រង់ចាំ​ពី​ពេល​នេះ​ទៅ ១២ខែ​ទើប​ស្ថានភាព​អាច​ប្រសើរ​ឡើង​វិញ និង​អាច​ត្រឡប់​ទៅ​រក​ស្ថានភាព​នៅ​មុន​វិបត្តិ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

វិស័យ និង​សេវាកម្ម​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ គឺ​សណ្ធាគារ ទេសចរណ៍ អាកាសចរណ៍ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្នែក​ចែកចាយ។ តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់ ManpowerGroup ការ​ជ្រើសរើស​បុគ្គលិក​បម្រើការ​នៅ​ក្នុង​វិស័យ និង​សេវាកម្ម​ខាង​លើ​បាន​ធ្លាក់​ចុះ​ទាប​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ត្រីមាសទី៣ ឆ្នាំ ២០២០។ ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​អង់គ្លេស ការ​ជ្រើសរើស​មនុស្ស​ធ្វើការ​ក្នុង​ឆ្នាំ ២០២០ បាន​ដាំក្បាល​ចុះ​យ៉ាង​គំហុក​គិត​តាំង​ពី​ឆ្នាំ ១៩៩២។ ក្រៅ​ពី​សណ្ធាគារ ទេសចរណ៍ អាកាសចរណ៍ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្នែក​ចែកចាយ វិស័យ​ដឹកជញ្ជូន និង​សេវាកម្ម​ផ្នែក​ទំនាក់ទំនង​ក៏​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដែរ។

សម្រាប់​ប្រទេស​អង់គ្លេស និង​បារាំង​ត្រូវ​បាន ManpowerGroup មើល​ឃើញ​ថា មាន​វិស័យ​រងគ្រោះ​ខ្លាំង​មួយ​ចំនួន ដូច​យ៉ាង​សណ្ធាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្នែក​ចែកចាយ​មិន​ប្រាកដ​អាច​វិល​ទៅ​រក​ស្ថានភាព​ដូច​មុន​វិបត្តិ​កូវីដ១៩​នា​ពេល​ឆាប់ៗ​បាន​ឡើយ។ តែ​នាយក ManpowerGroup ប្រចាំ​ប្រទេស​អង់គ្លេស​លោក Chris Gray បាន​ទទួល​ស្គាល់​ថា មាន​ភោជនីយដ្ឋាន​ខ្លះ​បាន​បន្ត​សកម្មភាព​របស់​ខ្លួន​ដោយ​ដឹកជញ្ជូន​ម្ហូបអាហារ​ទៅ​ឲ្យ​អតិថិជន​ដល់​ផ្ទះ​ជាជាង​ទទួល​អតិថិជន​នៅ​ក្នុង​ហាង​ផ្ទាល់។ ដោយឡែក​នៅ​ប៉ុន្មាន​ខែ​មុខ​ដែល​ជា​រដូវ​ប្រមូលផល​ដំណាំ​កសិកម្ម ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​វិស័យ​នេះ​នឹង​អាច​មាន​ការ​កើន​ឡើង នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់ ManpowerGroup ដដែល។

យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ មាន​ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស​ជាង ៥០% នៅ​ទូទាំង​ពិភពលោក​បាន​សម្តែង​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្នប្រយែង និង​រំពឹង​ទុក​ថា​ពី​ពេល​នេះ​ទៅ ១២ខែ​ខាង​មុខ ចំនួន​ការងារ​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ដូច​កម្រិត​មុន​វិបត្តិ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI