វិបត្តិកូវីដ១៩ និងសម្ពាធលើសហភាពអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីត្រូវប្រឈមទល់នឹងវិបត្តិហិរញ្ញវត្ថុសកល វិបត្តិលុយអឺរ៉ូ វិបត្តិជនភៀសខ្លួន និងការចាកចេញរបស់ចក្រភពអង់គ្លេស, ទំនាក់ទំនងនៃបណ្ដាប្រទេសសមាជិក ក្នុងសហភាពអឺរ៉ុប មានភាពប្រេះស្រាំខ្លាំង រួចទៅហើយ។ ទោះជាយ៉ាងណា វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កើនកម្រិតនៃភាពតានតឹងកាន់តែខ្លាំង។ មូលហេតុចម្បង គឺដោយសារអឺរ៉ុបកាន់តែមានភាពលំបាកខ្លាំង ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរួម លើវិស័យពន្ធដារ វិស័យការបរទេស វិស័យការពារជាតិ និងបញ្ហាពលរដ្ឋចំណាកស្រុក ជាដើម។
គិតត្រឹមខែមករា ដើមឆ្នាំ២០២០ សហភាពអឺរ៉ុប នៅតែជាតំបន់សេដ្ឋកិច្ចប្រកបដោយភាពសុទិដ្ឋិនិយមនៅឡើយ។ អំឡុងជាងមួយទសវត្សរ៍ចុងក្រោយ សហភាពអឺរ៉ុប ត្រូវប្រឈមបញ្ហាយ៉ាងច្រើន តួយ៉ាង វិបត្តិហិរញ្ញវត្ថុសកល វិបត្តិលុយអឺរ៉ូ វិបត្តិជនភៀសខ្លួន និងការដើរចេញរបស់ចក្រភពអង់គ្លេស ពីសមាជិកភាពនៃសហភាពអឺរ៉ុប។ វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានមកបន្ថែមសម្ពាធលើបញ្ហាដែលកំពុងមានស្រាប់។ គិតមកដល់ពេលនេះ ពលរដ្ឋអឺរ៉ុបប្រមាណ ១២ម៉ឺននាក់បានស្លាប់។
ចំណូលជាតិសរុប វាស់វែងដោយ ផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប ត្រូវគេរំពឹងថាអាចធ្លាក់ចុះរហូតដល់៧,៤% ក្នុងឆ្នាំនេះ ប្រៀបធៀបនឹងអត្រាធ្លាក់ចុះ ត្រឹមតែ ៤,៣% ប៉ុណ្ណោះ ក្នុងឆ្នាំ២០០៩ (គឺជាឆ្នាំអាក្រក់បំផុតនៃវិបត្តិហិរញ្ញវត្ថុសកល)។ អត្រាការប្រាក់កម្ចី លើទីផ្សារហិរញ្ញវត្ថុ របស់ប្រទេសអឺរ៉ុប ដែលមានសេដ្ឋកិច្ចទន់ខ្សោយ តួយ៉ាងប្រទេសអ៊ីតាលី បានកើនឡើង។ ក្នុងពេលជាមួយគ្នា អ្នកនយោបាយអឺរ៉ុប ក៏បានវាយប្រហារគ្នាទៅវិញទៅមក ដោយមិនសំច័យដៃផងដែរ អំឡុងវិបត្តិជំងឺនេះ។
ជាក់ស្ដែង ពិភពលោកទាំងមូលកំពុងប្រឈមជាមួយវិបត្តិកូវីដ១៩។ ក៏ប៉ុន្តែ នៅអឺរ៉ុប ជំងឺរាតត្បាតបានបង្កឱ្យមានវិបត្តិផ្សេងៗដំណាលគ្នាផងដែរ។ បញ្ហាចាប់ផ្តើមជាមួយវិបត្តិជំងឺរាតត្បាត ក្រោយមកវាបានក្លាយជាវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ និងវិបត្តិហិរញ្ញវត្ថុ។ ផ្អែកតាមអ្នកជំនាញ ទៅថ្ងៃខាងមុខ ការមិនចុះសម្រុងគ្នារវាងបណ្ដាប្រទេសសមាជិក អាចនឹងមានការកើនឡើង។
ងាកទៅមើលប្រវត្តិសាស្រ្ដ គម្រោងសហភាពអឺរ៉ុប បានចាប់ផ្តើមជាគម្រោងសន្តិភាព។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥០ ពោលគឺអំឡុង៥ឆ្នាំ ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់នៅទ្វីបអឺរ៉ុប ប្រទេសបារាំង និងអាល្លឺម៉ង់ខាងជើង បានយល់ព្រមគ្នា រួមបញ្ចូលនូវសមត្ថភាពផលិតធ្យូងថ្ម និងដែកថែបរបស់ប្រទេសទាំងពីរ រួមជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដែលមានឆន្ទៈដាក់បញ្ចូល ពួកគេ ឱ្យនៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរឯករាជ្យ។ ពីរឆ្នាំក្រោយមក សហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប ដែលជាបុព្វបុរសនៃការកកើតសហភាពអឺរ៉ុបបច្ចុប្បន្ន បានបង្កើតឡើង។
ភាពរីកចម្រើន បានកើតឡើងក្នុងពេលដំណាលគ្នា ដោយមានកិច្ចសហប្រតិបត្ដិការអឺរ៉ុប ក្នុងគម្រោងអនុញ្ញាតឱ្យមាន លំហូរដោយសេរី លើទំនិញ កម្លាំងពលកម្ម មូលធន និងសេវាកម្ម។ ពីដំបូង គម្រោងនេះ មានសមាជិកតែ៦ប្រទេសប៉ុណ្ណោះ តួយ៉ាង បារាំង អាល្លឺម៉ង់ខាងជើង អ៊ីតាលី បែលហ្ស៊ិក ហូឡង់ និងលុចសំបួ។ ក្រោយមក គម្រោងនេះបានពង្រីកខ្លួន ទៅភាគខាងជើង ដោយប្រទេសអៀរឡង់ ដាណឺម៉ាក និងចក្រភពអង់គ្លេស បានចូលរួម។ បន្ទាប់មកទៀត នៅទសវត្សរ៍ឆ្នាំ១៩៨០ បណ្ដាប្រទេសប្រជាធិបតេយ្យវ័យក្មេង នៅអឺរ៉ុបខាងត្បូង ដូចជា អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិក បានចូលរួមផងដែរ។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ភាគច្រើននៃបណ្ដាប្រទេសអឺរ៉ុបខាងកើត ក៏បានបញ្ចូលជាសមាជិកផងដែរ។
ទោះជាយ៉ាងណា ពេលវេលាចេះតែរំកិលទៅមុខ ការវិវត្ដន៍របស់សង្គម និងពិភពលោកទាំងមូល ប្រែប្រួលមិនឈប់ឈរ។ រហូតមកដល់ពេលបច្ចុប្បន្ន ការសម្រេចបាននូវគោលដៅរួម ជារឿងដ៏លំបាក និងមានភាពស្មុគស្មាញ សម្រាប់សហភាពអឺរ៉ុប ព្រោះថា ទ្វីបដ៏ចំណាស់ និងជឿនលឿននេះ ត្រូវប្រឈមទល់នឹងបញ្ហាយ៉ាងច្រើន ដែលត្រូវដោះស្រាយរួមគ្នា នាពេលបច្ចុប្បន្ន។ បញ្ហាទាំងនោះ ពាក់ព័ន្ធនឹងវិស័យពន្ធដារ វិស័យការបរទេស វិស័យការពារជាតិ និងបញ្ហាពលរដ្ឋចំណាកស្រុក ជាដើម។ បញ្ហាទាំងនេះ បានកាត់ផ្តាច់បេះដូងនៃអធិបតេយ្យភាពរបស់បណ្ដាប្រទេសសមាជិកនីមួយៗ។
ក្តីសុបិន្តរបស់សហភាពអឺរ៉ុប ក្នុងការក្លាយខ្លួនជាមហាអំណាចពិភពលោកផុតលេខ ទាមទារឱ្យមានសាមគ្គីភាពជាយុទ្ធសាស្រ្ត ក៏ប៉ុន្តែ រឿងនេះមិនងាយសម្រេចបានទេ ក្នុងចំណោមក្រុមប្រទេស ដែលមានសមាជិករហូតដល់ ២៧ប្រទេស បែបនេះ។ កុំថាឡើយបញ្ហាចម្បងអ្វី សូម្បីតែការប៉ុនប៉ងប្រែក្លាយបណ្ដាប្រទេសអឺរ៉ុបទាំងអស់ឱ្យទទួលយកតម្លៃប្រជាធិបតេយ្យសេរី ក៏ត្រូវរងបរាជ័យផងដែរ។ នៅពីអតីតកាល ការខ្វែងគំនិតគ្នាលើទិសដៅណាមួយ អាចនៅតែត្រូវបានដោះស្រាយ នៅទីបញ្ចប់ ប៉ុន្តែ សម្រាប់ពេលបច្ចុប្បន្ន គោលនយោបាយរួមណាមួយត្រូវសម្រេចបានយ៉ាងលំបាក។
សរុបជារួម ក្រោយពីត្រូវប្រឈមទល់នឹងវិបត្តិហិរញ្ញវត្ថុសកល វិបត្តិលុយអឺរ៉ូ វិបត្តិជនភៀសខ្លួន និងការចាកចេញរបស់ចក្រភពអង់គ្លេស, ទំនាក់ទំនងនៃបណ្ដាប្រទេសសមាជិក ក្នុងសហភាពអឺរ៉ុប មានភាពប្រេះស្រាំខ្លាំង រួចទៅហើយ។ ទោះជាយ៉ាងណា វិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កើនកម្រិតនៃភាពតានតឹងកាន់តែខ្លាំង។ មូលហេតុចម្បង គឺដោយសារអឺរ៉ុបកាន់តែមានភាពលំបាកខ្លាំង ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរួម លើវិស័យពន្ធដារ វិស័យការបរទេស វិស័យការពារជាតិ និងបញ្ហាពលរដ្ឋចំណាកស្រុក ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ