អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ារីស៖ ល្អងធូលី និងឧស្ម័ន​ពុល​ក្នុង​បរិយាកាស កើនឡើង​ខ្ពស់ ដូច​ធម្មតា​វិញ

សំឡេង ០៨:០៦
រូបចម្លាក់មាស​នៅទីលានត្រូកាដេរ៉ូ ក្រុងប៉ារីស។ ថ្ងៃទី​២ ឧសភា ២០២០
រូបចម្លាក់មាស​នៅទីលានត្រូកាដេរ៉ូ ក្រុងប៉ារីស។ ថ្ងៃទី​២ ឧសភា ២០២០ THO - Benoit Tessier
ដោយ៖ ម៉ម ពិសី
៣៩ នាទី

នៅតំបន់​ក្រុង​ប៉ារីស កម្រិតល្អងធូលី និង ឧស្ម័នពុល​ក្នុងបរិយាកាស បានចុះថយខ្លាំង ក្នុងអំឡុងពេល​ដែលបារាំងបានបិទខ្ទប់ប្រទេស​ទាំងស្រុង នៅរវាង​ខែមីនា ដល់ខែ​ឧសភា។ ស្របពេលដែលសេដ្ឋកិច្ច​បានបើកដំណើរ​ការ​ឡើងវិញ យោងតាមរបាយការណ៍ចេញផ្សាយ​នៅថ្ងៃទី ១០មិថុនានេះ បានបង្ហាញថា ល្អងធូលី និងឧស្ម័នពុល បានកើនឡើងខ្ពស់ ត្រលប់មករក​សឹងតែ​ដូច​សភាព​ដើមវិញហើយ នៅទីក្រុងប៉ារីស។ តើឆ្លងកាត់វិបត្តិកូវីដ១៩កន្លងមកនេះ គេអាចទាញយលបទពិសោធន៍អ្វីខ្លះ ទាក់ទិនទៅនឹងការកាត់បន្ថយឧស្ម័នពុលក្នុងបរិយាកាស?

ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលបិទខ្ទប់ប្រទេសទាំងស្រុងដោយសារជំងឺឆ្លងកូវីដ១៩ ប្រជាជនទីក្រុងប៉ារីស បានប្លែកអារម្មណ៍ជាខ្លាំង ដោយសារតែគ្រប់គ្នាបានសង្កេតឃើញថា បរិយាកាស ខ្យល់ដកដង្ហើម មានភាពបរិសុទ្ធស្រលះមុខស្រលះមាត់ណាស់។ សកម្មភាពសេដ្ឋកិច្ចត្រូវបិទ តាមផ្លូវមិនសូវមានរថយន្តធ្វើដំណើរ។ យោងតាម​តួលេខផ្លូវការ ក្នុងអំឡុងពេលបិទខ្ទប់ទាំងស្រុងនេះ កម្រិតល្អងធូលីក្នុងបរិយាកាសបានចុះថយប្រមាណ​៧% ចំណែកកម្រិតឧស្ម័នពុល អ៊ុកស៊ី អាស៊ូត បានចុះថយប្រមាណ​២៥% ឯណោះ។

កម្រិត​ឧស្ម័នពុល និង ល្អងធូលីក្នុងបរិយាកាស ត្រលប់មករភសភាពដើមវិញ៨០%

ប៉ុន្តែពេលនេះ អ្វីៗបានត្រលប់មករកសភាពសឹងតែដូចដើមវិញហើយ។ យោងតាមក្រុមការងារអង្កេតគុណភាពខ្យល់បរិកាសឈ្មោះ Airparif បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី​១១ ខែ​ឧសភា រហូតដល់ថ្ងៃទី៣១ឧសភា ពោលគឺជាពេលចាប់ផ្តើមបើកប្រទេសឡើងវិញ ដោយសន្សឹមៗ គឺថាកម្រិត​ឧស្ម័នពុលក្នុងបរិយាកាស នៅតំបន់ជុំវិញទីក្រុងប៉ារីស បានកើនឡើងជាលំដាប់ឡើងវិញដែរ។ បច្ចុប្បន្ននេះ កម្រិតល្អងធូលី និងឧស្ម័នពុល បានកើនប្រមាណ​៨០% បើប្រៀបធៀបទៅនឹង​កម្រិត​នៅមុន​ពេល​បារាំងបិទខ្ទប់ប្រទេសទាំងស្រុង កាលពីខែមីនា។

នៅទីក្រុងប៉ារីស និងតំបន់ជុំវិញ សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើមដំណើរការឡើងវិញ។ ការធ្វើដំណើរ ការប្រើប្រាស់យានយន្តមិនថា​ផ្ទាល់ខ្លួន ឬសម្រាប់អាជីវកម្មដឹកជញ្ជូនជាដើម បានត្រលប់មករកសភាពដើមវិញហើយ។ ទាំងអស់នេះគឺជាប្រភពនៃការបញ្ចេញ​ល្អងធូលី និងឧស្ម័នពុលក្នុងបរិយាកាស។ ជាក់ស្តែង ឧស្ម័នប្រភេទ Oxydes d’Azote (NOx) គឺជាឧស្ម័នដែលចេញពីបំពង់ស៊ីម៉ាំងយានយន្តតែម្តង។​

សម្រាប់ពេលនេះ យើងមានតែតួលេខនៅតំបន់ទីក្រុងប៉ារីស ដែលជាតំបន់ធំ សំបូរសកម្មភាព​សេដ្ឋកិច្ចខ្លាំងជាងគេនៅបារាំង។ អ្នកជំនាញ​របស់ Airparif អះអាងថា នៅប៉ុន្មានថ្ងៃទៀត នឹងមានតួលេខបង្ហាញពីតំបន់ផ្សេងៗ ហើយតាមការរំពឹងទុក វាក៏មិនខុសពីតំបន់ប៉ារីសប៉ុន្មានដែរ ពោលគឺកម្រិតល្អងធូលី និងឧស្ម័នពុល ទូទាំងប្រទេសបារាំង បានកើនឡើង វិលមកកម្រិតដូចមុនវិញហើយ។

៥លានទៅ៩លាននាក់ ស្លាប់មុនអាយុ ដោយសារឧស្ម័នពុលក្នុងបរិយាកាស

ពេលវេលានៃបរិយាកាស​ខ្យល់ដកដង្ហើបបរិសុទ្ធល្អ កាលពីខែមីនា ខែមេសានោះ វាបានរសាត់ឆ្ងាយ ក្លាយជាអតីតកាលទៅហើយ។ វាជារឿងគួរឲ្យសោកស្តាយណាស់ ព្រោះយើងដឹងថា ល្អងធូលី និងឧស្ម័នពុលក្នុងបរិយាកាសនេះ វាគ្រោះថ្នាក់កម្រិតណា ដល់សុខភាព​របស់​មនុស្សយើង។ យើងមិនឃើញស្លាប់ជាក់ស្តែងនៅនឹងភ្នែក ដូចជំងឺ១៩មែន​ តែល្អងធូលីនិងឧស្ម័នពុល​ក្នុងបរិយាកាសនេះ បានធ្វើឲ្យ​មនុស្សស្លាប់ច្រើនណាស់ ក្នុងមួយឆ្នាំៗ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ល្អងធូលីនិងឧស្ម័នពុលក្នុងបរិយាកាស បានធ្វើឲ្យ​មនុស្ស​ស្លាប់មុនអាយុ ប្រមាណច​ន្លោះពី​៥ ទៅ៩លាននាក់ ជារៀងរាល់ឆ្នាំ ទូទាំងពិភពលោក។ នៅអឺរ៉ុបវិញ ចំនួនអ្នកស្លាប់មុនអាយុ ដោយសារតែរស់នៅក្នុងបរិយាកាសខ្យល់ពុល សំបូរល្អងធូលីនេះ គឺមានប្រមាណ​៤សែននាក់ប្រចាំឆ្នាំ។ នៅបារាំង អ្នកស្លាប់មុនអាយុ ដោយសារតែបញ្ហានេះ គឺមានចន្លោះពី​ ៤៨០០០ ទៅ៦៧០០០នាក់ ជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ កាលពីចុងខែ​មេសា ក្នុងអំឡុងពេល​បិទខ្ទប់ប្រទេសទាំងស្រុងដោយសារកូវីដ១៩ ដែលធ្វើឲ្យកម្រិតឧស្ម័នពុល និងល្អងធូលីបានចុះថយខ្លាំងនៅអឺរ៉ុប  មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងនៅប្រទេសហ្វាំងឡង់ បានចេញរបាយការណ៍មួយ ដែលបង្ហាញថា​ ពេញមួយខែមេសា កម្រិតឧស្ម័នពុលបានចុះថយ​ប្រមាណ​៤០% នៅអឺរ៉ុប​ ហើយ​កម្រិតល្អងធូលីវិញ បានចុះថយប្រមាណ​១០%។ អ្នកជំនាញបានសន្និដ្ឋានថា ការចុះ​ថយ​នេះ បានជួយមិនឲ្យ​មនុស្ស​ប្រមាណ​១១០០០នាក់ ស្លាប់មុនអាយុ។

សារធាតុល្អងធូលី និងឧស្ម័នពុលក្នុងបរិយាកាសនេះ វាមិនមែនទៅសម្លាប់មនុស្សស្តែងៗនោះទេ តែវាបាន​បង្កឲ្យ​មនុស្សមានបញ្ហាសុខភាព មានជំងឺផ្លូវដង្ហើម ដូចជាជម្ងឺហឺត ឬមហារីកសួតជាដើម។ ដូច្នេះ វាគឺបញ្ហាសុខភាពសាធារណៈ​​មួយដ៏ធំចម្បង ដែលប្រជាជន ក៏ដូចជាអាជ្ញាធរ មានការព្រួយបារម្ភណាស់។

កសាងផ្នត់គំនិតថ្មី ដែល​ផ្តល់សារៈសំខាន់ដល់សុខមាលភាព​ ជាជាងសម្ភារៈនិយម

ការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាសនេះ គឺវាជាប់ពាក់ព័ន្ធដោយផ្ទាល់ជា​មួយនឹង​សកម្មភាពសេដ្ឋកិច្ច ដំណើរការរោងចក្រ និងការធ្វើដំណើរតាម​យានយន្តជាដើម។ ជាក់​ស្តែង​ យើងឃើញហើយ ថាគ្រាន់តែបិទខ្ទប់សកម្មភាពសេដ្ឋកិច្ច ខ្យល់បរិយាកាសបានប្រែជាមានកម្រិតល្អបរិសុទ្ធ។ តើឆ្លងកាត់​ការចុះថយខ្លាំងនៃកម្រិតឧស្ម័នពុល ក្នុងពេលបិទខ្ទប់សកម្មភពកន្លងមកនេះ គេអាចទាញយកបទពិសោធន៍អ្វីខ្លះ ដើម្បីឈានទៅកាត់បន្ថយល្អងធូលី ក៏ដូចជាឧស្ម័នពុល​ក្នុងបរិយាកាសនេះ ឲ្យ​បានជារៀងដរាប ?

នេះគឺជាចំណោទមួយដ៏ធំណាស់។ មនុស្សយើងចង់មានសុខភាពល្អ មានអាយុយឺនយូរ តែទន្ទឹមនឹងនេះ ក៏ត្រូវការរកចំណូលចិញ្ចឹមជីវិត។ មានចំណូល មានការងារធ្វើ ក៏វាទាល់តែមានសកម្មភាពសេដ្ឋកិច្ច។ តែសួរថា បើបានចំណូលបានប្រាក់ហើយ យកវាមកចំណាយតែនឹង ការ​មើលថែសុខភាព ព្យាបាលជំងឺដដែលៗ តើវាមានន័យអ្វីទៅ?

ជាច្រើនឆ្នាំ​មកហើយ ដែលអ្នកជំនាញ ក៏ដូចជាអង្គការសមាគមន៍ជាច្រើន បានអំពាវនាវ ឲ្យ​ពិភព​លោក​យើង ត្រូវវិលត្រលប់មកផ្តល់តម្លៃចំបង ដល់សុខមាលភាពរបស់មនុស្ស។ សេដ្ឋកិច្ចលុយកាក់ប្រាក់ចំណូល មិនសំខាន់ដល់សុខមាលភាពរបស់យើងនោះទេ។ ឆ្លងកាត់វិបត្តិជំងឺកូវីដ​១៩​នេះ មនុស្សភាគច្រើន ជាពិសេសនៅតាមប្រទេសជឿនលឿននៅអឺរ៉ុប កាន់តែបាន​ភ្លឺភ្នែក ឃើញជាក់ស្តែងថា សកម្មភាពសេដ្ឋកិច្ច ការប្រើប្រាស់យានយន្ត ម៉ាស៊ីនរោងចក្រ បានចូលរួមខ្លាំងកម្រិតណា ដល់ការបង្កើនឧស្ម័នពុលក្នុងបរិយាកាស។

ដូច្នេះគេត្រូវពិចារណា កសាងនូវផ្នត់គំនិតថ្មី សម្រាប់សង្គមទាំងមូល ដោយផ្តោតសំខាន់ លើសុខ​មាលភាព មិនមែនតែលើសម្ភាៈ លុយកាក់នោះទេ​។ គឺគម្រូសេដ្ឋកិច្ចទាំងមូលតែម្តង ដែលត្រូវធ្វើការផ្លាស់​​ប្តូរ។ គម្រូសេដ្ឋកិច្ចបច្ចុប្បន្ន ដែលគិតតែពីផលិត ជំរុញមនុស្សឲ្យ​ទិញប្រើប្រាស់គ្រប់មុខឥតឈប់។ គំរូសេដ្ឋកិច្ចរបៀបនេះ វាមិនមែន​ត្រឹមតែត្រូវការ ប្រភពថាមពលច្រើននោះទេ តែវាក៏ធ្វើឲ្យ​មាន​កាក​សំណល់ សម្រាមកើនឡើងកាន់តែខ្លាំង។

នៅតាមទីក្រុងធំៗនៅអឺរ៉ុប ប្រជាជន​បាន​ចាប់ផ្តើម កាត់បន្ថយការប្រើប្រាស់ដែលមិនចាំបាច់ ហើយកាត់បន្ថយនូវរាល់ប្រភពថាមពល ដែលបញ្ចេញឧស្ម័នពុល ក៏ដូចជាល្អងធូលីក្នុងបរិយាកាស។ ទីក្រុងខ្លះ ដូចជាទីក្រុងប៉ារីសជាដើម បានចាប់ផ្តើម ពិចារណាហាមឃាត់យានយន្ត ដែលស៊ីសាំងខ្លាំង ឬយានយន្ត​​ដែលប្រើប្រេងម៉ាស៊ូត ព្រោះថាវាបញ្ចេញឧស្ម័នពុលខ្លាំងណាស់។ មធ្យោបាយធ្វើដំណើរ ដែលមិនបញ្ចេញឧស្ម័ណពុល ដូចជាការជិះកង់ ឬមធ្យោបាយធ្វើដំណើររួមជាដើម គឺត្រូវបានគេលើកទឹកចិត្តជំរុញ។

ការផ្លាស់ប្តូរផ្នត់គំនិតនេះ មិនមែនធ្វើភ្លាមបានភ្លាមទេ។ គេត្រូវការពេលវេលា ដើម្បី​បណ្តុះបណ្តាលមនុស្ស ផ្សព្វផ្សាយអបរំក្មេងជំនាន់ក្រោយ ឲ្យមានទំលាប់ស្រលាញ់សុខភាព ស្រលាញ់ធម្មជាតិ ជាជាងស្រលាញ់តែសម្ភារៈក្រៅខ្លួន។ ទាំងអស់នេះ គឺជាតួនាទីរបស់អាជ្ញាធរក្រុង និងរដ្ឋាភិបាល ដែលត្រូវគូសវាសគោលនយោបាយរួម សម្លឹងទៅឲ្យ​បានឆ្ងាយ ដើម្បីការពារសុខមាល​ភាព​របស់​ប្រជាពលរដ្ឋខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ