ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិកូវីដ​ធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ក្ស័យធុន ឬ​ក៏​ជួប​វិបត្តិ​ប្រាក់បំណុល

សំឡេង ០៤:៥៨
យន្តហោះជាច្រើនគ្រឿង​របស់​ក្រុមហ៊ុន​ហោះហើរ​អាមេរិក Delta ត្រូវចតចោល​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​Kansas ដោយសារ​តែ​វិបត្តិកូវីដ។ រូបថត​នៅថ្ងៃ​ទី ១៤ឧសភា ២០២០
យន្តហោះជាច្រើនគ្រឿង​របស់​ក្រុមហ៊ុន​ហោះហើរ​អាមេរិក Delta ត្រូវចតចោល​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​Kansas ដោយសារ​តែ​វិបត្តិកូវីដ។ រូបថត​នៅថ្ងៃ​ទី ១៤ឧសភា ២០២០ AP - Charlie Riedel

មាន​យន្តហោះ​របស់ខ្លួន នៅជាប់​នឹងដី ដោយសារ​វិធានការ​បិទព្រំដែន នៅគ្រប់កន្លែង ក្នុង​ពិភពលោក ដោយសារ​ជំងឺរាតត្បាត​កូវីដ ១៩ ក្រុមហ៊ុន​អាកាសចរណ៍​មិនថា នៅអាស៊ី អឺរ៉ុប អាមេរិក ឬ​អាហ្វ្រិក សុទ្ធ​តែ​រង​ការខាតបង់​យ៉ាង​ធ្ងន់ធរ។ ដោយសារ​តែ​អាក់ខាន ហោះហើរ និង​គ្មានប្រាក់ចំណូល អស់​ជាច្រើនខែ ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​មួយចំនួន បាន​ក្ស័យធន  ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​វិញ មាន​ជោគវាសនា​បាន​ទទួល​ជំនួយ​សង្រ្គោះបន្ទាន់​ពីរដ្ឋាភិបាល។ តើ​ជំនួយ​រដ្ឋាភិបាល នឹង​ជួយ​​ក្រុមហ៊ុន​អាកាសចរណ៍ឲ្យ​ងើបដើរ​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច លើក​នេះ ដែរ​ឬ​ទេ? 

ផ្សាយពាណិជ្ជកម្ម

គេ​ផលិត​យន្តហោះ​ដើម្បី​ឲ្យ​ហោះដឹកជញ្ជូន ទំនិញ ឬ​អ្នកដំណើរ ប៉ុន្តែ ​ មិនមែន​ឲ្យ​មក​ចតចោល ជាប់​នឹង​ដី​នោះទេ។ នៅពេល យន្តហោះ​ចត​ជាប់​នៅលើ​ដី ក្រុមហ៊ុន​អាកាសចរណ៍​មិនត្រឹមតែ​គ្មានចំណូល ប៉ុន្តែ ត្រូវ​ចំណាយ​លុយ​សម្រាប់ ការថែទាំ និងបង់ថ្លៃ​សម្រាប់​ចំណត​យន្តហោះ ដែល​អាច​មានតម្លៃ​យ៉ាងតិច ១ពាន់​ដុល្លារ សម្រាប់​យន្តហោះមួយគ្រឿង ក្នុង​មួយថ្ងៃ។

ចុះ​ទម្រាំ យន្តហោះ​ត្រូវចតចោល នៅលើដី ដល់​ទៅ​ជាង​៣ខែ ដោយសារ ដោយសារ​តែ ការបិទព្រំដែន និង​វិធានការ សុខភាព របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លងជំងឺ​កូវីដ តើ​ក្រុមហ៊ុន​នឹង​ខាតបង់​ប៉ុណ្ណាទៅ?

តាម​សមាគម​ដឹកជញ្ជូនផ្លូវ អាកាស​អន្តរជាតិ ដែល​មាន​ក្រុមហ៊ុនអាកាសចរណ៍​ចំនួន ២៩០​ជា​សមាជិក យន្តហោះ​ប្រមាណ ១៦ ០០០​គ្រឿង នៅក្នុង​ពិភពលោក ត្រូវ​ចតចោល​នៅលើដី ចាប់តាំង​ពី​ខែ​មីនា នៅពេល​រដ្ឋាភិបាល​ចាប់ផ្តើម​ចាត់វិធានការ​បិទព្រំដែន ហាមមិន​ឲ្យ​មនុស្ស​ជាង ៤ពាន់លាន​នាក់ ធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាល​ជំងឺកូវីដ។ នៅ​ខែ​មេសា នៅពេល​ជំងឺកូវីដ ចាប់រាតត្បាត​ខ្លាំង​ពេញពិភពលោក ជាពិសេស​នៅ​ទឹកដីអឺរ៉ុប ចំនួន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ក្នុង​ពិភពលោក បានធ្លាក់ចុះ អស់ ៩៤% បើប្រៀបធៀប​នឹង​ឆ្នាំ មុន។ គេ​អាច​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​បាន​ប្រើយន្តហោះ​ឲ្យ​ហោះហើរ បាន​ប្រមាណ​តែ ៦%​ប៉ុណ្ណោះ នៅក្នុង​មួយខែ មេសា។

ឧស្សាហកម្ម​អាកាសចរណ៍​ខាត​ប្រាក់ ២៥២​ពាន់លាន​ដុល្លារ​ដោយសារតែ​កូវីដ​១៩

យន្តហោះ​ជាង ១ម៉ឺនគ្រឿង គ្មាន​សកម្មភាព និងត្រូវ​ចតទំនេរចោល​ជាង ២ខែ។ យន្តហោះ​នៅជាប់នឹង​ដី​ក្នុង​រយៈពេល ដ៏យូរបែបនេះ គឺហេតុការណ៍ ដែល​មិនធ្លាប់​កើតមាន​ទេ ពីមុនមក នៅក្នុង​ប្រវត្តិ​ក្រុមហ៊ុន​អាកាសចរណ៍។

តាម​សមាគម ដឹកជញ្ជូន​ផ្លូវអាកាសអន្តរជាតិ វិបត្តិកូវីដ​លើកនេះ ប៉ះពាល់​ខ្លាំង ដល់​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ ដែល​អាច​ខាតបង់ ទឹកប្រាក់​ប្រមាណ​២៥២​ពាន់​លាន​ដុល្លារ ចំណែក ការងារ​ជាង ២៥លាន នៅក្នុង​វិស័យ​មួយនេះ កំពុង​រង​ការគំរាមកំហែង ជាពិសេស នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

តាម​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​ដដែល ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយមុខ ប្រឈម​នឹង​ការខាតបង់​ប្រមាណ ៨៤ពាន់​លាន​ដុល្លារ នៅ​ឆ្នាំនេះ និង​១៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំក្រោយ។ វិបត្តិកូវីដ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ខាតបង់ ធ្ងន់ធ្ងរ ជាង​កាល​វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ដែលកាលណោះ មាន​ត្រឹមតែ​៣១​ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ។

ស្ថិត​ក្នុង​ស្ថានភាព ដែល​ធនធាន​ហិរញ្ញវត្ថុ របូតរបាញ ដ៏លឿនរហ័ស ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​តែ​ហិបលុយ ទទេ បាន​រត់ទៅរកជំនួយ​អន្តរាគមន៍​ពីរដ្ឋ ដើម្បី​យករួចខ្លួន​ពីការក្ស័យធន។ សម្រាប់​ក្រុមហ៊ុន​ហោះហើរ Lufthansa រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ប្រាក់​៩ពាន់លាន​អឺរ៉ូ ដែល​ក្នុង​នោះ ៣ពាន់​លាន​អឺរ៉ូ ជា​ប្រាក់កម្ចី ពី​រដ្ឋាភិបាល។ ដោយ​ផ្តល់ជំនួយ ហិរញ្ញវត្ថុ​ដ៏ច្រើនសម្បើម​លើកនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ មាន​សិទ្ធិ​លើ​ភាគហ៊ុន ២៥%​របស់​ក្រុមហ៊ុន អាកាសចរណ៍ Lufthansa។

នៅបារាំង​វិញ រដ្ឋាភិបាល​បាន​ជួយ​ក្រុមហ៊ុន​Air France ឲ្យ​ទទួល​បាន​ប្រាក់កម្ចី ៧ពាន់​លាន​អឺរ៉ូ ដែល​ក្នុងនោះ ២ពាន់​លាន​ដុល្លារ ជា​ប្រាក់កម្ចី​ពីខាង​រដ្ឋាភិបាល។ នៅអាមេរិក ក្រុមហ៊ុន​អាកាសចរណ៍ ធំៗ​បាន​ទទួល​ជំនួយ ៥០ពាន់លាន​ដុល្លារ សម្រាប់​ផែនការ​សង្រ្គោះ ក្រុមហ៊ុន​អាកាសចរណ៍ ក្នុង​ស្រុក ដែលក្នុង​នោះ​២៥ពាន់​លាន​ដុល្លារ ជា​ប្រាក់កម្ចី។

ការផ្តល់ជំនួយ​បន្ទាន់​របស់​រដ្ឋាភិបាល​អឺរ៉ុប និង​អាមេរិក បាន​ជួយ​ស្រោចស្រង់ មួយគ្រា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុករបស់ខ្លួន។ ប៉ុន្តែ នៅ​អាហ្វ្រិក អាស៊ី ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​ប្រកាស​ក្ស័យធន ឬ​ត្រូវ រុះរើ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway ជាដើម។

ក្រុមហ៊ុនអាកាសចរណ៍ វណ្ឌ ក នឹងបំណុល ដោយសារ ជំងឺរាតត្បាត កូវីដ​១៩

ក្រុមហ៊ុន​អាកាសចរណ៍ នៅក្នុង​ពិភពលោក បាន​ទទួល​ជំនួយ​ពីរដ្ឋ សរុប ១២៣​ពាន់លាន​ដុល្លារ ដែលក្នុង​នោះ ៦៧ពាន់លាន​ដុល្លារ ជា​ប្រាក់កម្ចី ដែល​គេត្រូវ​សង​ទៅវិញ នៅ​ថ្ងៃ​អនាគត។ គេ​អាច​និយាយ​បាន​ថា ជំនួយ​អន្តរាគមន៍​របស់​រដ្ឋាភិបាល បាន​ជួយ​សង្រ្គោះ ក្រុមហ៊ុន​អាកាសចរណ៍​ឲ្យ​ជៀសផុត​ពីការក្ស័យធន និង​រួចរស់​បាន​មួយគ្រាទៀត ប៉ុន្តែ ជាមួយ គ្នានោះ វាក៏​ទៅជួយបំប៉ោង ថង់បំណុល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ឲ្យ​កើនឡើង​ជិត ៥៥០​ពាន់​លាន​ដុល្លារ​ផង​ដែរ។

សព្វថ្ងៃ​នេះ ដោយមក​ពី វិបត្តិកូវីដ បាន​ធូរស្រាល​នៅ​តាម​តំបន់​មួយចំនួន ក្រុមហ៊ុន​អាកាសចរណ៍​នឹង​អាច​ចាប់ដំណើរការ​ហោះហើរ​ឡើងវិញ បណ្តើរៗ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍​នឹង​មិនអាច​មាន​អ្នកដំណើរ​ច្រើនដូចមុន ដែរ ដោយសារ វិធានការ រក្សា​គម្លាតសង្គម ហើយ​និង​ការបិទព្រំដែន នៅ​តាម​បណ្តាប្រទេស​មួយចំនួន ដែល​បារម្ភ​ពីករណី​ឆ្លងកូវីដ ចូល​ទឹកដី​របស់ខ្លួន។ គេ​វាយតម្លៃថា ដើម្បី អាច​ងើបដើរ​បាន​ស្រួលបួល ពោល​គឺ អាច​រកប្រាក់ចំណូល​បាន ដូច​មុនពេល​កើតមាន​វិបត្តិកូវីដ ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវការ​ពេល​យ៉ាងតិច ១០ឆ្នាំ។ ១០​ឆ្នាំ គឺជា​រយៈពេល ដែល​ក្រុមហ៊ុន​អាកាសចរណ៍ ផ្សេងទៀត អាចនឹង​ត្រូវ​បិទទ្វារ​ជា​ស្ថាពរ ដោយសារ​តែ​មិនអាច​ទ្រាំទ្រ នឹង​ការខាតបង់​មហាសាល ដោយសារ​វិបត្តិកូវីដ។ នៅពេល​ក្រុមហ៊ុន​អាកាសចរណ៍​ដួលរលំ គឺ​មនុស្ស​រាប់លាន​នាក់ ដែល​នឹង​ត្រូវ​រងគ្រោះ បាត់បង់​គ្មានការងារធ្វើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI