អានតួអត្ថបទ

អឺរ៉ុប​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ធានា ទទួលបាន វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ​១៩

ដបគំរូដែលមានដាក់ស្លាកថា វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩
ដបគំរូដែលមានដាក់ស្លាកថា វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ REUTERS - Dado Ruvic
ដោយ៖ ឈាង បុប្ផា
១៧ នាទី

នៅពេល​ការស្រាវជ្រាវ​រកវ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ កំពុង​ផ្តល់​ពន្លឺបណ្តើរៗ ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ហូឡង់ បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិតឱសថ AstraZeneca ដើម្បី​ធានា​ផ្គង់ផ្គង់ អនាគត​វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ ចំនួន ៣០០​លាន​ដូស សម្រាប់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប។ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ក្នុង​ចំនួន​ដ៏ច្រើន និង​មុនគេ គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ប្រើ​កញ្ចប់​ថវិកា ជាង ២ពាន់លាន​អឺរ៉ូ សម្រាប់​កិច្ចសន្យា​ទិញ វ៉ាក់សាំង​បង្ការជំងឺកូវីដ។

ផ្សាយពាណិជ្ជកម្ម

ដោយ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ហូឡង់ ​ចង់​បាន​ការធានា​ថា ប្រទេស​សមាជិក​សហភាពអឺរ៉ុប នឹង​ទទួល​បាន វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ មុនគេ នៅថ្ងៃណា​ដែល​គេ​រកឃើញ វ៉ាក់សាំង។

តាមលោក​Jens Spahn ​រដ្ឋមន្រ្តី​សុខភាព​អាល្លឺម៉ង់ ដើម្បី​ឲ្យ​ការផ្គត់ផ្គង់​វ៉ាក់សាំង ធ្វើឡើង​ក្នុងចំនួន​ដ៏ច្រើន និង​លឿន នៅឆ្នាំនេះ ឬ​នៅឆ្នាំក្រោយ គេត្រូវ​តែចុះ​កិច្ចសន្យា ឥលូវនេះ សម្រាប់​ធានា​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន​ផលិត​ឱសថ។

សម្រាប់រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​បារាំង លោក​Oliver Varan ការទទួល​បាន​វ៉ាក់សាំង បង្ការជំងឺកូវីដ គឺ​ជា​ដំណាក់កាល​សំខាន់ ដើម្បី​ធានា​ការពារ​ប្រជាជន​ពីការឆ្លងរាតត្បាត​សាជាថ្មី របស់​ជំងឺកូវីដ។ តាម​រដ្ឋមន្រ្តី​សុខភាព​បារាំង ដដែល ការផ្គត់ផ្គង់​វ៉ាក់សាំង​នឹងអាច​ធ្វើឡើង​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០នេះ។

កាលពី​ថ្ងៃ​សុក្រ​គណៈកម្មការ​អឺរ៉ុប​បាន​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ឲ្យ​ចូលរួម​ក្នុង​គម្រោងរួមគ្នា ដើម្បី​មាន​អាទិភាព ក្នុង​ការទទួល​បាន​អនាគត​វ៉ាក់សាំង។ គណៈកម្មការ​អឺរ៉ុប គ្រោង​នឹង​ចំណាយ​ថវិកា ជាង ២ពាន់លាន​អឺរ៉ូ នៃ​កញ្ចប់​ថវិកា​ពិសេស​សម្រាប់​កូវីដ សម្រាប់ បង់ថ្លៃ ជាមុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ ពោល​គឺ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាចធានា​បាន សមត្ថភាព​ផលិត​វ៉ាក់សាំង។ ផ្ទុយមកវិញ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​AstraZeneca នឹងបើកសិទ្ធិ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​អាច​ទិញ វ៉ាក់សាំង ក្នុងតម្លៃថោក និង​ក្នុង​ចំនួន សមស្រប​នឹងចំនួន​ពលរដ្ឋរបស់ខ្លួន។

បង្កើត ឡើង​នៅ​ឆ្នាំ ១៩៩៩ នៅក្រោយ ការច្របាច់ចូលគ្នា​រវាង​ក្រុមហ៊ុនផលិត​ឱសថ ស៊ុយអែត និង​អង់គ្លេស AstraZeneca កំពុង​សហការ​ជាមួយអ្នកវិទ្យាសាស្រ្ត​នៅ​សកលវិទ្យាល័យ​អង់គ្លេស​Oxford ដើម្បី​ស្រាវជ្រាវរក​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩។ តាម​ក្រុមហ៊ុន​ផលិតឱសថ​AstraZeneca ការធ្វើតេស្ត​សាកល្បង ទៅលើ​មនុស្ស កំពុង​ដំណើរការ នៅ​ប្រទេសអង់គ្លេស និង​នៅប្រទេស​ប្រេស៊ីល និង​អាចផ្តល់​លទ្ធផល​ពី​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង នៅ​ខែ​កញ្ញាខាងមុខ។ សព្វថ្ងៃនេះ មានការស្រាវជ្រាវ​ជាង​១០០​ដែលធ្វើការ​ទៅលើ​ការស្រាវជ្រាវ​រកវ៉ាក់សាំង​ប្រឆាំង​កូវីដ។ នៅក្នុង​នោះ វ៉ាក់សាំង​ចំនួន​១០ កំពុង​ស្ថិតក្នុង​ដំណាក់កាល សាកល្បង​វេជ្ជសាស្ត្រ។ ប្រឈម​នឹង​ជំងឺរាតត្បាត​កូវីដ ដែល​សម្លាប់​មនុស្ស​ជាង​៤សែននាក់ ​និង ឆ្លងទៅ​មនុស្ស ៧លាននាក់ និង សេដ្ឋកិច្ច​ពិភពលោក ជាប់គាំង​ដោយសារ​វិធានការ​បិទទីក្រុង ដោយសារ​ជំងឺកូវីដ ក្រុមហ៊ុន​ផលិតឱសថ​បាន​ប្រជែងគ្នា ដើម្បី ស្រាវជ្រាវ​រកវ៉ាក់សាំង ក្នុង​រយៈពេល​ដ៏លឿន ពី ១ឆ្នាំ ទៅ ១ឆ្នាំកន្លះ នៅពេល ការស្រាវជ្រាវ​រកវ៉ាក់សាំង ជាទូទៅ ត្រូវការ​ពេលវេលា​ដល់​ទៅ រាប់ឆ្នាំ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន​ផលិត​ឱសថ បាន​អះអាងថា ក្រុមហ៊ុន​នឹង​អាច​ផ្គត់ផ្គង់​អនាគត​វ៉ាក់សាំង​បង្ការជំងឺកូវីដ ដល់​ទៅ ៤០០លានដូស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ