អានតួអត្ថបទ

អ-ស-ប៖ វិបត្តិកូវីដ ធ្វើ​ឲ្យ​ការវិនិយោគបរទេស​ក្នុង​ពិភពលោក​ធ្លាក់ចុះ ជិត ៤០%​

សំណង់នៅ​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​សៀងហៃ ក្នុង​ប្រទេស​ចិន
សំណង់នៅ​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​សៀងហៃ ក្នុង​ប្រទេស​ចិន REUTERS - Aly Song
ដោយ៖ ឈាង បុប្ផា
២០ នាទី

២០២០​ជាឆ្នាំ​ខ្មៅងងឹត​សម្រាប់​គម្រោង​វិនិយោគ​បរទេស។ ​របាយការណ៍​របស់​ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ដោយសារ​ជំងឺរាតត្បាត​កូវីដ១៩ ទឹកប្រាក់​វិនិយោគ​បរទេស នៅក្នុង​ពិភពលោក​នឹង​ធ្លាក់ចុះ​ប្រមាណ ៤០% នៅ​ឆ្នាំ​២០២០។ គ្រប់តំបន់​មិនថា អាស៊ី អឺរ៉ុប អាមេរិក ឬ​អាហ្វ្រិក នឹង​ត្រូវ​រងប៉ះពាល់ ដោយសារ​ការធ្លាក់ចុះ​នៃ​ការវិនិយោគបរទេស ដោយ​នៅក្នុង​នោះ បណ្តាប្រទេស​កំពុង​អភិវឌ្ឍ នៅអាស៊ី រងផលប៉ះពាល់​ខ្លាំងជាងគេ។

ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុកផ្នែក​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ កាលពី​ខែ មីនា​កន្លងទៅ ធ្លាប់បាន​ព្យាករថា ការវិនិយោគ​បរទេស​នឹង​អាច​ធ្លាក់ចុះ​ពី​១៥ ទៅ ២០ភាគរយ​សម្រាប់​ឆ្នាំ២០២០នេះ។ ប៉ុន្តែ នៅ​៣ខែ ក្រោយ ​អង្គការ​សហប្រជាជាតិ បាន​កែ ដូរ​មកវិញ ថា ការវិនិយោគ​បរទេស នៅក្នុង​ពិភពលោក នឹង​ធ្លាក់ចុះ ជិត​៤០ភាគរយ នៅ​ឆ្នាំ​នេះ ដោយសារ​តែ​វិបត្តិកូវីដ។ ការវិនិយោគ​បរទេស និង​បន្តធ្លាក់ចុះ ពី៥ ទៅ ១០ភាគរយ នៅ​ឆ្នាំក្រោយ មុន​នឹង​អាចងើបឡើងមកវិញ នៅ​ឆ្នាំ ២០២២។ ជារួម ទឹកប្រាក់វិនិយោគ​បរទេស នៅ​ឆ្នាំនេះ នឹង​ធ្លាក់ចុះ​ពី ជាង ១៥៤ម៉ឺន​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៩ មកនៅ​ក្រោម ១០០ម៉ឺនលាន ដុល្លារ។ គឺ​ជា​ការធ្លាក់ចុះ​ដ៏ខ្លាំង ដែលមិនធ្លាប់មាន នៅក្នុង​រយៈពេល ១៥​ឆ្នាំ​ចុងក្រោយនេះ។

តាមរបាយការណ៍ របស់​អង្គការ​សហប្រជាជាតិ ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការវិនិយោគ​បរទេស នឹង​រងប៉ះពាល់​ខ្លាំងជាងគេ។ ទឹកប្រាក់​វិនិយោគ បរទេស​នៅទឹកដី​អឺរ៉ុប និង​អាស៊ី នឹង​ធ្លាក់ចុះ​ពី ៣០​ទៅ ៤៥ភាគរយ។ ២០ភាគរយ​នៅ​អាមេរិក​ខាងជើង និង​ពី ២៥ ទៅ ៤០ភាគរយ នៅ​តំបន់​អាហ្វ្រិក។ អាហ្វ្រិក​ដែល​រស់ពឹង​អាស្រ័យ លើ​ការនាំចេញ​វត្ថុធាតុដើម របស់ខ្លួន នឹង​រងគ្រោះ​ខ្លាំង ព្រោះថា ការធ្លាក់ចុះ​នៃ​តម្លៃ​វត្ថុធាតុដើម ដូចជា​ប្រេង​ជាដើម នឹង ​រឹតតែ​មិនធ្វើ​ឲ្យ​គេ​ចង់បោះទុនវិនិយោគ​នៅអាហ្វ្រិក​នោះទេ។ គេ​វាយតម្លៃថា ការវិនិយោគ​បរទេស​ទៅលើ​ការធ្វើអាជីវកម្ម​រ៉ែ នៅអាហ្វ្រិក​នឹង​ធ្លាក់ចុះ ដល់ទៅ​៧០%។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​លើកឡើង​ពី​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ ​ការវិនិយោគ​បរទេស​ធ្លាក់ចុះខ្លាំង​នៅ​ឆ្នាំនេះ។ វិធានការ​បិទខ្ទប់ប្រទេស ធ្វើ​ឲ្យ​គម្រោង​វិនិយោគ​មាន​ស្រាប់ មិនអាច​អនុវត្ត​បាន​១០០ភាគរយ។ វិធានការ​បិទខ្ទប់​ប្រទេស​ បាន​ទៅ​បង្អាក់ ខ្សែបណ្តាញ ផលិត​និង​ផ្គត់ផ្គង់​របស់​រោងចក្រ នៅក្នុង​តំបន់។ ក្រុមហ៊ុនពហុជាតិ ជាង ៥ពាន់​ដែលត្រូវ​គេ​សាកសួរ សម្រាប់​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បាន​ព្យាករ​ពី​ការធ្លាក់ចុះនៃប្រាក់ចំណេញ ប្រមាណ ៤០ភាគរយ។ ក្រុមហ៊ុន​ខ្លះ ត្រូវ​ខាតបង់ គ្មាន​ប្រាក់ចំណូល​តែម្តង។ គ្មាន​ប្រាក់ចំណេញ ក្រុមហ៊ុន​នឹង​ត្រូវពិនិត្យ​សើរើឡើងវិញ គម្រោង​វិនិយោគ ដែល​គេ​ចង់ពង្រីក ចេញ​ទៅក្រៅតំបន់។ គួរបញ្ជាក់ថា ប្រាក់ចំណេញ របស់​ក្រុមហ៊ុន​ដើតួសំខាន់ ប្រមាណ ៥០ភាគរយ​នៃ​ការវិនិយោគ​បរទេស។

មួយវិញទៀត នៅក្នុង​កាលៈទេសៈ ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង ដើរថយក្រោយ  ដោយសារ​ជំងឺ​រាតត្បាត​កូវីដ ក្រុមហ៊ុន​បរទេស​ជាច្រើន មិន​សូវចង់​បោះទុន​វិនិយោគ ព្រោះ គេ​​បារម្ភ​ពី​បញ្ហា​រាំងស្ទះ នៃ​សង្វាក់ផលិតកម្ម ការផ្គត់ផ្គង់​វត្ថុធាតុដើម និងការដឹកជញ្ជូន​ទំនិញ ចេញ​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​ជាដើម។ ជាមួយ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​សកល​ដែល​ធ្លាក់ចុះ គេ​ក៏កាន់តែ​លែង​ចង់​វិនិយោគ​បន្ថែមទៀត។

តាម​អគ្គលេខាធិការ​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ពាណិជ្ជកម្ម ស្ថានភាព​មិន​ច្បាស់លាស់ សព្វថ្ងៃ​នេះ នឹង​អាស្រ័យ​ទៅលើ​រយៈពេល​នៃ​វិបត្តិកូវីដ ហើយ​និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ​សេដ្ឋកិច្ច។ គេ​វាយតម្លៃថា ជាមួយ​នឹង​វិបត្តិកូវីដ រដ្ឋាភិបាល​របស់​ប្រទេស​អ្នកមាន មួយចំនួន រឹតតែ​ពង្រឹង​នយោបាយ​ជាតិនិយម តាមរយៈ ការបង្វិល​ទឹកប្រាក់​វិនិយោគ​មក​ក្នុង​ស្រុក។ និន្នាការនេះនឹង​ប៉ះពាល់​ដល់ ប្រទេស​កំពុង​អភិវឌ្ឍន៍ នៅ ប៉ុន្មានទសវត្សរ៍​ទៅមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ