អានតួអត្ថបទ
អ៊ីរ៉ង់-អឺរ៉ុប-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ៖អឺរ៉ុបដាក់គំនាបលើអ៊ីរ៉ង់ឲ្យរួមសហការណ៍ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ REUTERS - LEONHARD FOEGER
១៩ នាទី

នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស ក្រុមប្រឹក្សាអភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​អនុម័ត​ក្នុង​ថ្ងៃ​សុក្រ ទី១៩ មិថុនា​លើ​សេចក្តីសម្រេច​មួយ​ដាស់តឿន​អ៊ីរ៉ង់​ឲ្យ​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ សេចក្តីសម្រេច​ដាស់តឿន​នេះ​ជា​សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ដែល​ជា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ អ្វី​ដែល​ក្រុម​ប្រទេស​ហត្ថលេខី​អឺរ៉ុប​ទាមទារ គឺ​សុំ​អ៊ីរ៉ង់​បើក​ទ្វារ​ឲ្យ​ក្រុម​អធិការ​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន​ពីរ​ដែល​អ៊ីរ៉ង់​បាន​បដិសេធ​មក​ដល់​ពេល​នេះ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ក្នុង​ឆ្នាំ ២០១៨ និង​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ តាំង​ពី​ពេល​នោះ​មក អ៊ីរ៉ង់​ក៏​បាន​សម្រេច​មិន​គោរព​តាម​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​ដែល​ក្រុមប្រឹក្សាអភិបាល​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ជា​ភាសា​បារាំង AIEA បាន​អនុម័ត​ពេល​នេះ​គ្រាន់​ជា​និមិត្តរូប​ប៉ុណ្ណោះ។ តែ AIEA បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​អ៊ីរ៉ង់​នៅ​តែ​បន្ត​រឹងរូស AIEA នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​អាច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់។ តាម​ពិត សេចក្តីសម្រេច​ដែល AIEA បាន​អនុម័ត​ជា​សំណើ​របស់​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ដែល​ចង់​ក្រើន​រម្លឹក ដាស់តឿន​អ៊ីរ៉ង់​ឲ្យ​រួមសហការណ៍​ជាមួយ AIEA ពិសេស​អនុញ្ញាត​ឲ្យ​ក្រុម​អធិការ AIEA ចូល​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន ២ ដែល​អ៊ីរ៉ង់​បាន​បដិសេធ​តាំង​ពី​ខែ​មករា។ AIEA មាន​ការ​សង្ស័យ​ថា អ៊ីរ៉ង់​កំពុង​បន្ត​សកម្មភាព​នុយក្លេអ៊ែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទាំង ២ ដោយ​មិន​បាន​រាយការណ៍​តាំង​ពី​ជាង ១៥ឆ្នាំ​កន្លង​មក។

សេចក្តីសម្រេច​ដាស់តឿន​អ៊ីរ៉ង់​មួយ​នេះ​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​ដោយ ២៥ប្រទេស​សមាជិក AIEA ក្នុង​ចំណោម​សមាជិក​ទាំង ៣៥ប្រទេស។ មាន ៧ប្រទេស​បាន​បោះឆ្នោត​អនុប្បវាទ ហើយ​រុស្ស៊ី និង​ចិន​បាន​បោះឆ្នោត​ច្រានចោល។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​មុន​ការ​បោះឆ្នោត អ៊ីរ៉ង់​បាន​ព្រមាន​ប្រឆាំង​នឹង​សេចក្តីសម្រេច​ដែល​ខ្លួន​យល់​ថា​មាន​បង្កប់​ដោយ​រឿងនយោបាយ រួច​ព្រមាន​ថា សេចក្តីសម្រេច​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​នៅ​ក្នុង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីរ៉ង់ និង AIEA។ គួរ​រម្លឹក​ថា ការ​ចូល​ទៅ​ពិនិត្យ​ផ្ទាល់​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់​ពី​សំណាក់​ក្រុម​ភ្នាក់ងារ AIEA ជា​កត្តា​គន្លឹះ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​អ៊ីរ៉ង់ និង AIEA ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

តាម AIEA គ្មាន​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា សកម្មភាព​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​មិន​បាន​រាយការណ៍​នៅ​មជ្ឈមណ្ឌល​ទាំង ២ បង្ក​ការ​គំរាមកំហែង​ទេ តែ AIEA ចង់​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​បើ​តាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ អ៊ីរ៉ង់​ត្រូវ​ទទួល​យល់ព្រម​តាម​គ្រប់​សំណើ​សុំ​ត្រួតពិនិត្យ​របស់ AIEA។ គួរ​បញ្ជាក់​ថា​ខុស​ពី​អាមេរិក​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ និង​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ប្រឆាំង​អ៊ីរ៉ង់ ប្រទេស​ហត្ថលេខី​អឺរ៉ុប​បន្ត​រក្សា​កិច្ចព្រមព្រៀម និង​បន្ត​ជ្រើស​ផ្លូវ​សន្ទនា​ជំនួស​ឲ្យ​ផ្លូវ​ទណ្ឌកម្ម។ តែ​អ៊ីរ៉ង់​បាន​សម្រេច​មិន​គោរព​កិច្ចសន្យា​មួយ​ចំនួន​ដើម្បី​សងសឹក​នឹង​រដ្ឋបាល​អាមេរិក​ដោយ​បង្កើន​បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច និង​បង្កើន​អត្រា​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ