សភា​អឺរ៉ុប​អនុម័ត​សេចក្តី​សម្រេច ​ប្រឆាំង​នឹង​ការ​រើស​អើង​ពលរដ្ឋស្បែក​ខ្មៅ

សភា​អឺរ៉ុប​ប្រកាស​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍
សភា​អឺរ៉ុប​ប្រកាស​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើសអើង​ពូជសាសន៍ REUTERS/Yves Herman

សភា​អឺរ៉ុប បាន​អនុម័ត​នៅយប់​ថ្ងៃ​សុក្រ​ទី ១៩​មិថុនា យប់​មិញ សេចក្តី​សម្រេច​ប្រកាស​ប្រឆាំង​នឹង​ការ​រើង​អើង​ពូជសាសន៍​ស្បែក​ខ្មៅ​។ សម្រាប់​សភា​អឺរ៉ុប ​ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​ក៏​មាន​តម្លៃ​ដូច​ពលរដ្ឋ​ដទៃ​។ តាម​រយៈ​សេចក្តី​សម្រេ​ចស្រប​នឹង​ចលនា​ Black Lives Matter នេះ សភា​អឺរ៉ុប​បានថ្កោល​ទោស​​ កា​រស្លាប់​របស់ ចច ហ្វឡយ​​ទៀត។

ផ្សាយពាណិជ្ជកម្ម

​សភា​អឺរ៉ុប​​បាន​អនុម័ត សេចក្តី​សម្រេចចិត្តប្រឆាំង​នឹង​ការ​រើងអើ​ង​ស្បែក​ខ្មៅ ដោយ​សំឡេង​គាំទ្រ​ ៤៩៣​សំឡេង ១០៤​ប្រឆាំង​និង​៦៧​សំឡេង​អនុប្បវាទ។ នៅ​ក្នុង​សេចក្តី​សម្រេចចិត្ត​ ​សមាជិក​សភា​អឺរ៉ុប បាន​​​ប្រកាសថា​ការ​ធ្វើ​បាប​មនុស្ស​ជា​ទាសករ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំ​ងនឹង​មនុស្ស​ជាតិ។

ជាមួយ​នឹង​សេចក្តី​សម្រេច​នេះ សភា​អឺរ៉ុប​បាន​ឆ្លើយ​តប​​ដោយ​ផ្ទាល់​ទៅ​នឹង​ចលនា​បាតុកម្មដែល​បាន​​ផ្ទុះ​ឡើង ជា​បឋម​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក រួច​​រាល​ដាល​ដល់​អឺរ៉ុប និង​ទូទាំង​ពិភពលោក​ ដើម្បី​បរិហារ​ទង្វើ​រើងអើស​​​ពណ៌​សម្បុរ​ ​ ក្រោយ​​ការ​ស្លាប់​របស់​ចច ហ្វឡយ ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ​ដោយ​សា្នដៃ​ប៉ូលិស​ស្បែក​ស​ពេល​ចាប់​ខ្លួន។

សភា​អឺរ៉ុប​បាន​បង្ហាញ​ដោយ​ចំហ ការ​គាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើសអើង​និង​ប្រកាន់​ពូជសាសន៍ និង​ថ្កោល​ទោស​​គំនិត​ដែល​ថាជន​​ស្បែកស​ជា​អ្នក​ខ្លាំង មាន​ប្រៀប​លើ​ពលរដ្ឋ​ដទៃ។ សម្រាប់​សភា​អឺរ៉ុប ជីវិតមនុស្ស​មាន​តម្លៃ​ដូច​គ្នា ​មិន​ថា​ស្បែក​ខ្មៅឬ​ស្បែក​ស​ឡើយ។ ដូច្នេះ​សភា​អឺរ៉ុប​សូម​ថ្កោល​ទោសចំពោះ​ទង្វើ​ដែល​ធ្វើ​ឱ្យ​ចចហ្វឡយ​ស្លាប់ និង​រាល់​គ្រប់​ទង្វើ​ហិង្សា​មរណៈ​ព្រោះពណ៌​សម្បុរទាំង​ឡាយ​ដែល​កើត​នៅ​ឡើង​នៅ​លើ​ពិភពលោក។

សភា​អឺរ៉ុប​បាន​ចែងនៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ថា រាល់​គ្រប់​ការ​ប្រើ​អំពើហិង្សាហួសហេតុ​​ប្រឆាំង​នឹង​ហ្វូង​មនុស្ស​សុទ្ធ​តែ​ផ្ទុយ​នឹង​គោល​ការណ៍​សមមាត្រទាំង​អស់​។ ចំណែក​សុន្ទរកថា​បែប​ប្រកាន់​ពូជសាសន៍​និង​ស្អប់​ខ្ពើម​ មិន​មែន​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិទេ។ អឺរ៉ុប​ប្រឆាំង​នឹង​អន្តរាគមន៍​ហិង្សា​របស់​ប៉ូលិស​អាមេរិក​ប្រឆាំង​នឹង​បាតុករ​និងអ្នក​កាសែត​ ព្រមទាំង​ពាក្យ​ញុះ​ញង់​បញ្ឆេះ​កំហឹង​របស់​របស់​ប្រធានាធិបតី​អាមេរិក។

នៅថ្ងៃសុក្រ​ទី ១៩​មិថុនា​ដដែល​នេះ ក្រុមប្រឹក្សា​សិទ្ធមនុស្ស​អង្គការ​សហប្រជាជាតិ ក៏​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ សេចក្តី​សម្រេចចិត្ត​​ថ្កោល​ទោស​​ការ​ប្រកាន់​ពូជសាសន៍​ជាប្រព័ន្ធ​​និង​អំពើ​ហិង្សា​របស់​ប៉ូលិស​ តែ​មិន​បាន​ដៅ​ចំ​លើ​សហរដ្ឋ​អាមេរិក​​ជា​ពិសេស​ឡើយ៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI