អាល្លឺម៉ង់​បិទខ្ទប់​ស្រុកដ៏ធំមួយ នៅក្រោយ ផ្ទុះករណីឆ្លង​មេរោគកូរ៉ូណា នៅ​រោងចក្រ​កាប់សាច់​

ទាហានអាល្លឺម៉ង់​ជួយ​តម្រូវម៉ាស​របស់​បុគ្គលិក​សុខភាព ដែលត្រូវ​ចូល​ទៅ​ពិនិត្យ​តាមដាន​អ្នកដែល​ធ្វើការ​នៅរោងចក្រ​កាប់សាច់ ជាទី​ដែលមាន​ករណីឆ្លងកូវីដ​ដល់ទៅ​១៥០០​ករណី​នៅថ្ងៃទី ២២​មិថុនា ២០២០
ទាហានអាល្លឺម៉ង់​ជួយ​តម្រូវម៉ាស​របស់​បុគ្គលិក​សុខភាព ដែលត្រូវ​ចូល​ទៅ​ពិនិត្យ​តាមដាន​អ្នកដែល​ធ្វើការ​នៅរោងចក្រ​កាប់សាច់ ជាទី​ដែលមាន​ករណីឆ្លងកូវីដ​ដល់ទៅ​១៥០០​ករណី​នៅថ្ងៃទី ២២​មិថុនា ២០២០ REUTERS - LEON KUEGELER

អាល្លឺម៉ង់​ដែល​អាច​គ្រប់គ្រង​ជំងឺរាតត្បាត​កូវីដ ១៩ បាន​តាំង​ពី​ពាក់កណ្តាល​ខែមេសា ត្រូវ​បង្ខំចិត្ត ជាលើកទី១ បិទខ្ទប់​ស្រុក​ដ៏​ធំមួយ នៅភាគ​ខាងលិច​ប្រទេស នៅក្រោយ មានផ្ទុះ​ករណី​ឆ្លង​កូរ៉ូណាវីរុស នៅ​ក្នុង​រោងចក្រ​កាប់សាច់​ដ៏ធំ​មួយ​នៅ​អឺរ៉ុប។ នៅថ្ងៃ​ចន្ទ អាជ្ញាធរ​ក្នុង​ស្រុក​បាន​ប្រកាស​ថា បុគ្គលិក​ជាង ១៥០០នាក់ ​ដែល​ធ្វើការ​នៅ​រោងចក្រ​កាប់សាច់ Tönnies​ត្រូវ​បាន​គេធ្វើ​តេស្តទៅ​ឃើញ​មាន​ផ្ទុក​មេរោគកូរ៉ូណា។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពីកើតមាន​មេរោគ​រាតត្បាត​កូរ៉ូណាវីរុស អាល្លឺម៉ង់​ដែល​មាន​ប្រជាជន​ជាង​៨០លាននាក់ មានចំនួន​មនុស្ស​ឆ្លង និង​ស្លាប់​ តិចតួច ដោយសារ​កូវីដ បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ជិតខាង ដូចជា អ៊ីតាលី បារាំង អង់គ្លេស និង​អេស្ប៉ាញ។

ប៉ុន្តែ ការផ្ទុះករណី​ឆ្លង​ក្នុងទ្រង់ទ្រាយដ៏ធំ​មិនធ្លាប់​មាន​នៅ​រោងចក្រ​កាប់សាច់ នៅ​ភាគខាងលិច នៅ​ចុងសប្តាហ៍មុននេះ បានធ្វើ​ឲ្យ​អាល្លឺម៉ង់ រន្ធត់ និងត្រូវ​បង្ខំចិត្ត​ចេញក្រឹត្យ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បិទខ្ទប់ ស្រុក​ដ៏ធំមួយ ដែលមាន​ប្រជាជន​រស់នៅ ជាង ៣សែននាក់។ ករណីឆ្លង​រាលដាល មេរោគកូរ៉ូណា​បានផ្ទុះឡើង​នៅ​រោងចក្រ​កាប់សាច់ ដ៏ធំជាងគេ​នៅអឺរ៉ុប ដែលមាន​មនុស្ស​ធ្វើការ​ជាង ៦៧០០នាក់ ដែលនៅក្នុង​នោះ ភាគច្រើន ជា​ជនជាតិ​បុលហ្ការី និង​រូម៉ានី។

នៅថ្ងៃ​ចន្ទ អាជ្ញាធរ​ក្នុង​ស្រុក​អាល្លឺម៉ង់​បាន​រកឃើញថា មនុស្ស១៥៥៣នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​កាប់សាច់ ឈ្មោះ Tönnies ត្រូវ​បាន​ធ្វើតេស្ត ឃើញ​មាន​សញ្ញាវិជ្ជមាន មេរោគកូរ៉ូណា។ មនុស្ស ២១នាក់ ត្រូវ​បញ្ជូន ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ និង ៦នាក់ ផ្សេងទៀត ស្ថិតនៅ​ក្នុង​បន្ទប់សង្រ្គោះបន្ទាន់។ ភ្លាមៗ បុគ្គលិក​ទាំងអស់​របស់​រោងចក្រ ត្រូវ​ដាក់​ឲ្យ​នៅឆ្ងាយដាច់​​ពីគេឯង។ ជារួម មនុស្ស​ជាង ៧ពាន់នាក់​ត្រូវ​ដាក់បង្ខាំង​ឲ្យ​នៅក្នុង​ផ្ទះ។ ទូរទស្សន៍​អាល្លឺម៉ង់ បាន​បង្ហាញ​ទាហាន និង​ប៉ូលិស ពាក់ម៉ាស និង​ស្រោមដៃ ជុំជិត  ដឹក​ជញ្ជូន ស្បៀងអាហារ​ទៅ​ឲ្យ​បុគ្គលិក​រោងចក្រ ដែល​ឈរ​ចាំ នៅក្រោយ រនាំងទ្វារ នៃ​អគារស្នាក់នៅ​របស់ពួកគេ។

វិធានការ​បិទខ្ទប់​ស្រុក ដែល​មាន​ផ្ទុះករណីឆ្លងរាលដាល​កូវីដ ១៩ នឹង​មាន​សុពលភាព​រហូត​ដល់​ចុងខែ​មិថុនា។ ប្រជាជន​អាល្លឺម៉ង់ ដែល​ទើប​មាន​សេរីភាព ដើរហើរ​ដោយ​សេរី បាន​ប៉ុន្មាន​ខែ ត្រូវ​ត្រលប់​ទៅ​រក្សា​គម្លាតសង្គម ចំណែក​រោងកុន បារ សារមន្ទីរ និង​កន្លែង​ហាត់ប្រាណ​ត្រូវ​បិទទ្វារ​សាជាថ្មី។ ចំណែក​ភោជនីយដ្ឋាន​នៅអាច​បន្ត​បើកទ្វារ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​ទទួល​ភ្ញៀវ មកពីក្រៅស្រុក​នោះទេ។

ការផ្ទុះករណីឆ្លងរាលដាល​មេរោគកូរ៉ូណា​នៅ​រោងចក្រ​កាប់សាច់ នៅអាល្លឺម៉ង់ ក៏ដូចជា​នៅ​បារាំង បានធ្វើ​ឲ្យ​មាន​ការចោទសួរ​ពីបរិយាកាស និង​​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ ដែល​សមាគម​ការពារ​បរិស្ថាន​តែងតែ​រិះគន់​កន្លងមក។ វិទ្យាស្ថាន​តាមដាន​សុខភាពអនាម័យ របស់​អាល្លឺម៉ង់​វាយតម្លៃថា ការឆ្លង​រាលដាល​មេរោគកូរ៉ូណា ក្នុង​ចំនួន​ដ៏ច្រើន​នៅ​រោងចក្រ​កាប់សាច់ គឺ​អាច​បណ្តាល​មកពី សីតុណ្ហភាព​ត្រជាក់ខ្លាំង នៅក្នុង​រោងចក្រ ហើយ​និង​ប្រព័ន្ធ​ស្រូប បញ្ចេញ​ខ្យល់ ដែល​អំណោយផល​ឲ្យ​មេរោគ​អាច​នៅ​បានយូរ នៅក្នុង​ខ្យល់បរិយាកាស ក្នុង​រោងចក្រ៕

អ្នកវិជ្ជមានឆ្លង​​កូវីដ១៩ នៅ​តែ​កើន​ឡើង​ ក្នុង​បរិមាណ​ខ្ពស់ ប្រមាណ​៣ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​នៅឡើយ។

អាល្លឺម៉ង់មិនចាត់​វិធានការ​​បិទ​ខ្ទប់​ប្រជាជនទាំង​ស្រុង​ទេ តែ​បានចេញ​បម្រាម​​យ៉ាង​តឹងតែង មិនឱ្យ​មានការ​ជួប​ជុំ​គ្នា​លើស​ពី​ ​ពីរ​នាក់​នៅ​តាម​ទី​សាធារណៈ បិទ​សាលា​រៀន បិទ​មណ្ឌលសិល្បៈ​​វប្បធម៌។ វិធានការទាំងនេះនឹង​ត្រូវ​ចាប់​បន្ធូរ​បន្ថយ​ បន្តិច​ម្តងៗ ចាប់​ពី​​ថ្ងៃ​ទី​៤​ឧសភាទៅ សាលា​រៀន ហាង​ទំនិញ​ដែលមានផ្ទៃក្រឡា​ចាប់​ពី​៨០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ​ អាច​ចាប់​បើក​ទ្វារ​វិញ​​។​ តែ​ការ​ជួបប្រមូល​ផ្តុំ​ធំៗ ការ​ប្រកួត​កីឡា​សិល្បៈ​ ត្រូវ​ហាម​ឃាត់​​រហូត​ដល់​ថ្ងៃទី ៣១​សីហា យ៉ាង​ឆាប់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI