អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជាគេ​ត្រូវព្រួយបារម្ភ​ពី​ការឡើងកំដៅ នៅ​តំបន់​អាក់ទិក?

សំឡេង ០៥:០៩
រូបភាព​ថតពីលើ​តំបន់​ប៉ូលខាងជើង ផ្តល់​ដោយ​បណ្តាញ​តាមដាន​អាកាសធាតុរបស់អឺរ៉ុប ECMWF Copernicus បង្ហាញ​ពី​រូបក្រហម​ដែល​តំណាង​ឲ្យ​កំដៅ​នៅ​តំបន់ប៉ូល​អាក់ទិក
រូបភាព​ថតពីលើ​តំបន់​ប៉ូលខាងជើង ផ្តល់​ដោយ​បណ្តាញ​តាមដាន​អាកាសធាតុរបស់អឺរ៉ុប ECMWF Copernicus បង្ហាញ​ពី​រូបក្រហម​ដែល​តំណាង​ឲ្យ​កំដៅ​នៅ​តំបន់ប៉ូល​អាក់ទិក AP - ECMWF Copernicus Climate Change Service
ដោយ៖ ឈាង បុប្ផា

អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​បើកការអង្កេត នៅក្រោយ​មាន​ព័ត៌មាន​ថា តំបន់​ស៊ីបេរី នៅ​តំបន់​ប៉ូល​អាក់ទិក មានកំដៅ ឡើងក្តៅខ្លាំង មិនធ្លាប់​មាន កាលពី​ថ្ងៃសៅរ៍​ចុងសប្តាហ៍មុន។ តាម​អ្នកឧតុនិយម​រុស្ស៊ី សីតុណ្ហភាព​នៅ​ទីក្រុង Verkhoïanska នៅ​តំបន់​ប៉ូលខាងជើង បានឡើង​ដល់​ទៅ ៣៨អង្សារ នៅ​ថ្ងៃ​ទី ២០​មិថុនា គឺ​កើនខ្ពស់​ជាង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ មុន ដល់​ទៅ ១៨​អង្សារ។ អាកាសធាតុ​ក្តៅខ្លាំង នៅ​តំបន់​ប៉ូល​អាក់ទិក គឺ​ជា​កង្វល់​របស់​អ្នកវិទ្យាសាស្រ្ត។ 

ផ្សាយពាណិជ្ជកម្ម

នៅស៊ីបេរី ទីក្រុង​របស់​រុស្ស៊ី Verkhoïanska ត្រូវ​បាន​កំណត់ត្រា​ពិភពលោក​Guinness World Records ចាត់ថ្នាក់​ជា​កន្លែង ដែល​មាន​អាកាសធាតុ​ក្តៅបំផុត និង​អាកាសធាតុ​ត្រជាក់​បំផុត។ នៅ​ខែ មករា ដើមឆ្នាំនេះ ​អាកាសធាតុ​ចុះត្រជាក់​ខ្លាំង​រហូត​ដល់ -៦៧​អង្សារ​ក្រោមសូន្យ ចំណែក​នៅ​ខែ​មិថុនា សីតុណ្ហភាព​បានឡើង​ដល់​កម្រិត ៣៨អង្សារ។ អាកាសធាតុ​ក្តៅ ត្រជាក់ខ្លាំង នៅ​ទីក្រុង រុស្ស៊ី ដែល​ស្ថិតនៅ​ពីលើ​រង្វង់ខ្សែ ប៉ូលអាក់ទិក មិនមែន​ជា​រឿង​ប្លែក​ថ្មី​នោះទេ។ ប៉ុន្តែ អ្វីដែល​ទាញចំណាប់អារម្មណ៍​របស់​អ្នកឧតុនិយម និង​អង្គការ​ឧតុនិយម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ គឺ​ទែរម៉ូម៉ែត្រ​បាន​ចង្អុលកំដៅ ដល់​ទៅ ៣៨​អង្សារ ​ កាលពី​ថ្ងៃ​ទី​២០​មិថុនា​កន្លងទៅ។ នៅ​ខែ​មិថុនា ដូចគ្នា​នេះ កាលពី​ឆ្នាំមុន ទីក្រុង​ Verkhoïanska ធ្លាប់​មាន​កំដៅ​ត្រឹម​តែ​២០អង្សារតែ​ប៉ុណ្ណោះ។ មាន​ន័យ​ថា បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នានេះ សីតុណ្ហភាព នៅ​ប៉ូលអាក់ទិក​បាន​កើនឡើង​ដល់​ទៅ​១៨​អង្សារ។ ជា​កម្រិតកំដៅ ខ្ពស់បំផុត បំបែកឯតទ្គកម្ម​សម្រាប់​ខែ មិថុនា។

ប៉ូល​អាក់ទិក​ជា​តំបន់​ដែល​ឆាប់ក្តៅ លឿនជាង​​តំបន់​ផ្សេងទៀត​នៃ​ផែនដី ដល់​ទៅ​២ដង។ នៅ ខែ​ឧសភា អាកាសធាតុ​ចាប់ឡើង​ក្តៅ លឿន​ដូចព្រួញ ដល់​ទៅ​១០​អង្សារ​លើ​កម្រិត​ជា​មធ្យម រហូត​ធ្វើ​ឲ្យ​ខែ​ឧសភា ឆ្នាំ ២០២០ ក្លាយ​ជា​ខែ​ដែល​មាន​អាកាសធាតុ​ក្តៅខ្លាំង ដែល​ផែនដី​មិនធ្លាប់​មាន។ នេះបើតាម​បណ្តាញ អឺរ៉ុប Copernicus​ដែល​ធ្វើការ​តាមដាន​ការប្រែប្រួល​អាកាសធាតុ។

តាមទីភ្នាក់ងារ​អាមេរិកាំង​ដើម្បី​តាមដាន​បរិយាកាស គេ​មានទំនុកចិត្ត ដល់​ទៅ ៩០ភាគរយ ដែល​ថា ឆ្នាំ​២០២០ ស្ថិតក្នុង​ចំណោមឆ្នាំ​ទាំង​៥ ដែល​ក្តៅបំផុត។ បន្ទាប់ពី​រដូវត្រជាក់​មិនសូវ​ត្រជាក់ខ្លាំង និង​រដូវផ្ការីក​ដែល​ឆាប់ក្តៅ មុនពេលវេលា តំបន់ជាច្រើន​នៅ​ស៊ីបេរី មាន​អាកាសធាតុ​ក្តៅខ្លាំង តាំង​ពី​ខែ​ឧសភា និងបានបណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ ទឹកជំនន់​នៅ​តាម​កន្លែង និង​ការរាតត្បាត​របស់​សត្វល្អិតចង្រៃ។

តាម​ក្រុមអ្នកជំនាញអឺរ៉ុប​ខាងប្រែប្រួល​អាកាសធាតុ ភ្លើងឆេះព្រៃ នៅភាគខាងជើង​ស៊ីបេរី​និង​នៅ​ខាងលើ​រង្វង់ខ្សែ​អាក់ទិក​នៅបន្ត​កើនឡើង ក្នុង​ល្បឿន ដូច​កាលពី​ឆ្នាំមុន។ កាលណោះ ភ្លើងឆេះព្រៃ ដែល​បណ្តាល​មកពី​អាកាសធាតុ​ក្តៅខ្លាំង បានដុតបំផ្លាញ​ព្រៃ រាប់លាន​ហិចតា។

អាកាសធាតុ​ក្តៅខ្លាំង​ ប្លែក​នឹង​ផ្តល់​ផលវិបាក ពិតជាក់ស្តែង​ដែលគេ​មិនអាច​ប្រកែកបាន នោះគឺ ទឹកកក​នៅ​អាក់ទិក​នឹង​រលាយ​មុន​ពេលវេលា ខុសប្រក្រតី។ បើសិន​ទឹកកក​រលាយ កាន់តែ​ច្រើន នោះ មហាសមុទ្រ​ក៏​នឹង​ឡើង​កំដៅ ដែល​នឹង​ទៅ​ជួយ​ឲ្យ​ទឹកកក​ កាន់តែ​រលាយថែម​ទៀត។

បណ្តាញ​តាមដាន​ការប្រែប្រួល​អាកាសធាតុ របស់​សហភាពអឺរ៉ុប​វាយតម្លៃថា នៅក្នុង​រយៈពេល​១ឆ្នាំ​នេះ (គិតត្រឹម​ខែ​ឧសភា ២០២០) កំដៅ នៅ​ជុំវិញ​ផែនដី បាន​កើនឡើង បន្ថែម ១,៣អង្សា បើប្រៀបធៀប​នឹង​សម័យ​បុរេឧស្សាហកម្ម។ កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​អាកាសធាតុ បាន​ទាមទារ​ឲ្យ​គេ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដើម្បី ធ្វើយ៉ាងណា​កុំ​ឲ្យ​កំដៅលើ​ផែនដី កើនឡើង លើស​ពី ២អង្សារ។

អាកាសធាតុ​ក្តៅខ្លាំង នៅ​តំបន់​អាក់ទិក នឹង​គំរាមផងដែរ ស្រទាប់ដី​ដែលគ្របពីលើ​ទឹកកក ដែល​លាតសន្ធឹង​មួយភាគធំ​នៅ​ស៊ីបេរី។ ការបំផ្លាញ​ ស្រទាប់ដី​គ្របពីលើ​ទឹកកក ឬ Permafrost ជា​គ្រោះមហន្តរាយ គ្រោះថ្នាក់​ដ៏ធំសម្បើម សម្រាប់​ជីវិត​មនុស្សលើ​ផែនដី។ តាមរបាយការណ៍​របស់​ក្រុមអ្នកជំនាញ​អន្តររដ្ឋាភិបាល ដែលធ្វើការ​ទៅលើ​ការប្រែប្រួល​អាកាសធាតុ (GIEC) ការរលាយទឹកកក​ក្រោមដី ឬ Permafrost នឹង​មាន​ជាហូរហែ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២១០០ បើសិន គេ​មិន​ព្រមកាត់បន្ថយ​ការបញ្ចេញឧស្ម័ន កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ទេនោះ។

ស្រទាប់ដីកក Permafrost ដែល​លាតសន្ធឹង​នៅ​ក្នុង​ទឹកដី​រុស្ស៊ី កាណាដា និង​រដ្ឋ​អាឡាស្កា​របស់​អាមេរិក។ នៅពីក្រោមស្រទាប់ដីកកនេះ មាន​កប់ទៅដោយ ឧស្ម័នកាបូនិក ១៧០០ ពាន់​លាន​តោន ដែល​ស្មើ​នឹង​ចំនួន​ទ្វេដង​នៃ​ឧស្ម័ន​កាបូនិក ដែលមាន​ក្នុង​បរិយាកាស។ អាកាសធាតុ​ក្តៅខ្លាំង​នឹង​ធ្វើ​ឲ្យ​ស្រទាប់ដីកក Permafrost ចាប់រលាយ ដែល​ធ្វើ​ឲ្យ​ឧស្ម័នកាបូនិក អាចរំដោះខ្លួន ហើរ​ចេញទៅក្នុង​បរិយាកាស។ គេ​អាច​និយាយបាន​ថា នៅពេល​កំដៅផែនដី​កាន់តែ​ក្តៅខ្លាំង ស្រទាប់​ដីកក​កាន់តែ​រលាយច្រើន និង​បើកបង្ហើរ​ឧស្ម័នកាបូនិក។ ឧស្ម័នកាបូនិក​មានចំនួនកាន់តែ​ច្រើន ឧស្ម័ន​ផ្ទះកញ្ចក់​ក៏មាន​កាន់តែ​ច្រើន​ដែរ ដែល​ធ្វើ​ផែនដី​ឡើង​កំដៅ។

ក្រៅតែ​ពី​ហុចផល​អាក្រក់​ដល់​ផ្នែក​អាកាសធាតុ ការរលាយ​ទឹកកក​ក្រោមដី Permafrost នឹង ​ជះផលអាក្រក់​ផងដែរ​ដល់​សុខភាព​មនុស្ស​សត្វ នៅលើ​ផែនដី ព្រោះថា បើ​បើ​ទឹកកក​ក្រោមស្រទាប់ដី​រលាយ នោះ មេរោគ​រាប់​ពាន់​លាន ដែល​នៅជាប់កក​នៅក្រោមដី រាប់​រយ រាប់លាន​ឆ្នាំ នឹង​មាន​ឱកាស​លេចមុខ​សាជាថ្មី។ នៅ​ឆ្នាំ ២០១៦ គេ​បាន​រកឃើញ​កុមារ​នៅ​ស៊ីបេរី​ម្នាក់ ឆ្លង ជំងឺ Anthrax ដែល​បាន​បាត់មុខ​ពីផែនដី អស់​៧៥​ឆ្នាំមកហើយ។ អ្នកជំនាញ​វាយតម្លៃថា កុមារ​អាច​ឆ្លង​មេរោគ ពី​សត្វ​ដែល​មានជំងឺ​Anthrax ដែល​ចាប់លេច​មុខ​មក​លើដី នៅក្រោយ ស្រទាប់ទឹកកក ចាប់រលាយ។

អ្នកវិទ្យាសាស្រ្ត​ធ្លាប់​បាន​ព្រមាន​រួចហើយថា បើសិន​គេ​នៅតែ​បង្ខំ​ជីកខួងស្រទាប់​ដីកក​កាន់តែ​ជ្រៅ ដើម្បី​ចង់បូមប្រេង ឬ​ឧស្ម័ន នៅ​អាក់ទិក នោះ គេ​នឹង​អាច​ដាស់ ធ្វើ​ឲ្យ​មេរោគ ដែល​កប់នៅក្រោម​ដីកក រាប់លាន​ឆ្នាំ​មកហើយនោះ នឹង​អាច​ត្រលប់​មក​យាយី​ជីវិត​របស់​មនុស្សលោក។ ម្យ៉ាងទៀត ការរលាយ ស្រទាប់ដីកក Permafrost ដោយសារ​ការឡើង​កំដៅផែនដី នឹង ធ្វើ​ឲ្យ ដីបាក់ស្រុត បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​របស់​មនុស្ស​ ជាង​៣លាននាក់ ដែល​រស់នៅ នៅតំបន់​អាក់ទិក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ