អានតួអត្ថបទ
អង់តាកទិក-ប្លាស្ទិក

ការ​បំពុលបរិស្ថាន​ដោយ​មីក្រូប្លាស្ទិក​ បានជ្រៀត​ចូលដល់ប្រព័ន្ធ​អេកូសាស្ត្រ​នៅ​អង់តាកទិក

អង់តាកទិក រូប​ថត​ខែ​មករា ឆ្នាំ​២០១០
អង់តាកទិក រូប​ថត​ខែ​មករា ឆ្នាំ​២០១០ REUTERS/Pauline Askin
ដោយ៖ អៀង សុខម៉ិញ
1 នាទី

មីក្រូប្លាស្ទិក​បាន​ជ្រៀតចូល​ទៅ​បំពុល​បរិស្ថាន​ ដល់​គ្រប់​កន្លៀតនៃ​ភព​ផែន​ដី និងក្នុង​​គ្រប់​មហាសមុទ្ទ​ទាំង​អស់។ សូម្បី​តែ​នៅ​អង់តាកទិក តំបន់​ដែលនៅ​ឆ្ងាយ​ដាច់ស្រយាលបំផុត​នៃ​ផែនដី​ ក៏​មីក្រូប្លាស្ទិក​បានធ្វើ​ដំណើរ​ទៅ​ដល់ និង​​បំពុល​ដល់​ប្រព័ន្ធ​អេកូសាស្ត្រ​​លើ​ដែនដី​នោះដែរ។ នេះ​បើ​តាម​ការសិក្សា​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៤​មិថុនា ២០២០។

ផ្សាយពាណិជ្ជកម្ម

​​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​និយាយ​ច្រើន​អំពី​មីក្រូប្លាស្ទិកបំពុល​បរិស្ថាន បំពុលមហាសមុទ្ទ​ និង​រក​ឃើញ​ជាតិ​មីក្រូប្លាស្ទិក​​ក្នុង​សត្វនិង​សរីរាង្គ​មាន​ជីវិតទាំង​ឡាយ​​​នៅ​ក្នុងសមុទ្ទ មិន​ថា​នៅ​គៀនកោះណា​ឬ​​ក្នុងតំបន់​អន្លង់​ទឹក​សមុទ្ទ​ជ្រៅ​ជាងគេ​បំផុត​នៅ​លើ​លោកទេ។ ​នៅថ្ងៃ​ពុធ​ទី ២០​មិថុនា ២០២០​នេះ អ្នក​វិទ្យាសាស្ត្រចេញផ្សាយ​អត្ថបទមួយ​បញ្ជាក់ថា ពេល​នេះ លម្អង​មីក្រូប្លាស្ទិក ប៉ូលីស្ទីរ៉ែន ត្រូវ​បាន​រក​ឃើញ​មាន​នៅ​ក្នុងពោះសត្វដ៏​តូច​ល្អិត​បំផុតចេះ​លោត​ដូច​ចៃដែល​រស់​នៅ​លើ​ដី និង​ក្នុង​តំបន់​អង់តាកទិក ដ៏ឆ្ងាយ​ដាច់​ស្រយាល​បំផុត​នៃ​ភពផែនដី។ ពពួក​សត្វដ៏​តូច​ល្អិត​តែ​អាចធុន​នឹងអាកាសធាតុត្រជាក់​ខ្លាំង​​​នៅ​អង់តាកទិកបានេះ​មានរស់​នៅ​ច្រើន​នៅ​លើផ្ទៃ​ដី​ ដែល​គ្មាន​ទឹកកក​គ្របដណ្តប់។ តំបន់​ដី​គ្មានទឹកកក​មាន​ផ្ទៃដី​ប្រមាណតែ​​១%​នៃ ​តំបន់អង់តាកទិកប៉ុណ្ណោះ។

សម្រាប់​អ្នក​វិទ្យាសាស្ត្រ កន្លង​មក​ពិភពលោក​ប្រហែស​មិន​គិត​ពី​ការ​បំពុល​របស់​មីក្រូប្លាស្ទិក​លើ​ផ្ទៃដី​ទេ។​ ​លទ្ធផល​នៃ​ការ​រក​ឃើញ​ថា​មាន​លម្អង​មីក្រូប្លាស្ទិក​ក្នុង​ពោះ​សត្វនៅ​អង់តាកទិក​ នៅ​ពេល​នេះ សឱ្យ​ឃើញ​ថាការ​បំពុល​របស់​មីក្រូប្លាស្ទិក ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក បានជ្រាបចូល​ជ្រៅ​ដល់​ប្រព័ន្ធចំណីអាហារ​មួយ​ គឺ​ដី​។ ​បើ​មីក្រូប្លាស្ទិក​ជ្រៀត​ចូលបំពុល​ដល់​ប្រព័ន្ធ​ចំណីអាហារ ក្នុង​តំបន់​ដែល​ដាច់​ស្រយ៉ាល​បំផុតនៃ​ភពផែនដីដូច្នេះ មាន​ន័យ​ថាអង់តាកទិក​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុនិង​សកម្មភាពមនុស្ស​ស្រាប់​ទៅ​ហើយ ត្រូវ​ប្រឈម​នឹង​កត្តាហានិភ័យ​មួយ​ទៀត​សម្រាប់​ប្រព័ន្ធ​អេកូសាស្ត្រ​។​ មីក្រូប្លាស្ទិក​ប្រភេទ ប៉ូលីស្ទីរ៉ែន ជា​តំណាង​គ្រោះថ្នាក់ពិសេស​ព្រោះវាមានរចនា​សម្ព័ន្ធ​ងាយ​កើត​ស្លែ​និងពពុះ​ដែលទាក់ទាញ​សរីរាង្គជា​ច្រើន​ផ្សេ​ង​ទៀត។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​បន្ថែម​របស់​អ្នក​ស្រាវជ្រាវ។

គេ​នៅ​មិន​ទាន់​ដឹង​អំពី​ផល​ប៉ះពាល់​​ចំពោះ​សុខភាព​នៅ​ពេល ​​ចំពោះ​សត្វតូច/​ធំ​ រស់ក្នុង​ទឹក និង​ លើ​ដី​​ លេប​ចំណី​អាហារ​មាន​​មីក្រូប្លាស្ទិកចូលទៅ​ក្នុងពោះ​ទេ។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅលើ​ពិភពលោកកំពុង​សិក្សា​​អំពី​ឥទ្ធិពល​នៃ​ជាតិ​គីមី​របស់​ប្លាស្ទិក។ ក្រុមអ្នក​ស្រាវជ្រាវ​ដែលទើប​​ចេញ​ផ្សាយ​របក​គំឃើញ​ថ្មី​នេះ ក៏​កំពុង​​បន្ត​សិក្សា​ដែរ​អំពី​ផលវិបាក​នៃ​របស់​ក្រុម​សត្វល្អិត​ នៅ​ពេល​​លេប​ចំណី​មានជាតិ​មីក្រូប្លាស្ទិក​ និង​ផលវិបាក​ចំពោះ​សត្វ​ធំ​ដែល​ស៊ី​សត្វ​ល្អិត​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ