អានតួអត្ថបទ
សហភាពអឺរ៉ុប-ទេសចរណ៍

អឺរ៉ុបកំពុងឈឺក្បាលពីការបើកព្រំដែនទទួលអ្នកទេសចរណ៍បរទេសឡើងវិញចាប់ពីថ្ងៃទី១ កក្កដា

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen AFP - FRANCISCO SECO
1 នាទី

នៅ​អឺរ៉ុប បន្ទាប់​ពី​បាន​បើក​ព្រំដែន​ឡើង​វិញ​រវាង​ប្រទេស​សមាជិក​ក្នុង​ថ្ងៃទី២២ មិថុនា​មក ការ​បើក​ព្រំដែន​ឡើង​វិញ​ជាមួយ​ប្រទេស​ក្រៅ​អឺរ៉ុប​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១ កក្កដា​ខាង​មុខ។ តែ​ការ​បើក​ព្រំដែន​ក្រៅ​អឺរ៉ុប​នេះ​នឹង​មិន​ធ្វើ​ឡើង​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ទេ ពោល​មាន​ការ​ពិនិត្យ និង​ជ្រើសរើស​ដោយ​ផ្អែក​លើ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ របស់​ប្រទេស​នីមួយៗ។ ខណៈ​នេះ ប្រទេស​សមាជិក​អឺរ៉ុប​កំពុង​បន្ត​ជជែក​គ្នា​យ៉ាង​លំបាក​លើ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​អ្នកទេសចរណ៍​ក្នុង​ប្រទេស​នោះ​អាច​ទៅ​លេង​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី១ កក្កដា។ តាម​ប្រភព​ការទូត​មួយ​ចំនួន អ្នកទេសចរណ៍​ជនជាតិ​ចិន​អាច​អនុញ្ញាត​ឲ្យ​ទៅ​លេង​អឺរ៉ុប​ឡើង​វិញ តែ​អ្នកទេសចរណ៍​ជនជាតិ​អាមេរិក​ប្រហែល​ជា​ត្រូវ​រង់ចាំ​បន្ត​ទៀត។

ផ្សាយពាណិជ្ជកម្ម

ជាង ៣ខែ ពោល​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​ដែល​ការ​ធ្វើ​ដំណើរ​ចេញ ចូល​អឺរ៉ុប​មិន​ចាំ​បាច់​ត្រូវ​បាន​ហាម​ឃាត់​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩។ តែ​ចាប់​ពី​ថ្ងៃទី១ កក្កដា​ខាង​មុខ​ទៅ ព្រំដែន​អឺរ៉ុប​នឹង​ចាប់​បើក​ទ្វារ​ឡើង​វិញ​ដើម្បី​ទទួល​អ្នកទេសចរណ៍​បរទេស។ តែ​ប្រហែល​មិនមែន​សម្រាប់​អ្នកទេសចរណ៍​បរទេស​ពី​គ្រប់​ប្រទេស​ទាំង​អស់​នោះ​ទេ មាន​ន័យ​ថា អឺរ៉ុប​ត្រូវ​ពិនិត្យមើល​លើ​ស្ថានការណ៍ និង​ការ​វិវឌ្ឍន៍​នៃ​ជំងឺ​កូវីដ-១៩ របស់​ប្រទេស​នីមួយៗ​ជា​មុន​សិន។ គួរ​បញ្ជាក់​ថា ទោះ​បី​ជា​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​អឺរ៉ុប​ជា​សមត្ថកិច្ច​របស់​ប្រទេស​សមាជិក​នីមួយៗ​ក៏​ដោយ​ក៏​អឺរ៉ុប​តែង​ព្យាយាម​សម្របសម្រួល​គ្នា​ដែល​អាច​ធ្វើ​ទៅ​បាន​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​អ្នកទេសចរណ៍​បរទេស​ចូល​ទឹកដី​អឺរ៉ុប។ ចូរ​កុំ​ភ្លេច​ថា ក្រុម​ប្រទេស​សមាជិក​អឺរ៉ុប​ដែល​ស្ថិត​ក្នុង​លំហ Schengen គ្មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន ហើយ​ពលរដ្ឋ​ក៏​អាច​ធ្វើ​ដំណើរ​ចេញ ចូល​ដោយ​សេរី។

ស្ថានភាព​ជំងឺ​កូវីដ-១៩ ជា​កត្តា​ចម្បង​ដែល​អឺរ៉ុប​ត្រូវ​ពិនិត្យ​ដើម្បី​សម្រេច​ថា តើ​ពលរដ្ឋ​ក្នុង​ប្រទេស​ណា​ខ្លះ​ដែល​អឺរ៉ុប​សម្រេច​បើក​ទ្វារ​ទទួល​ឡើង​វិញ និង​ប្រទេស​ណា​ខ្លះ​ដែល​អឺរ៉ុប​បន្ត​បិទទ្វារ។ មែនទែន​ទៅ បញ្ជី​ឈ្មោះ​នៃ​ក្រុម​ប្រទេស​ទាំង​នេះ​ត្រូវ​បាន​អឺរ៉ុប​ជជែក​គ្នា​ជា​ច្រើន​ដង​នា​ពេល​កន្លង​មក និង​បាន​ជជែក​ឡើង​វិញ​ក្នុង​ថ្ងៃ​សុក្រ ទី២៦ មិថុនា​ដោយ​មិន​ដឹង​ចេញ​រួច ឬ​អត់​ទេ។ តាម​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​ដែល​អឺរ៉ុប​បើក​ទ្វារ​ទទួល​ឡើង​វិញ​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា​ត្រូវ​មាន​អត្រា​ឆ្លង​ថ្មី​នៃ​កូវីដ-១៩​តិច​ជាង ១៦នាក់​ក្នុង​ចំណោម​ពលរដ្ឋ ១០០ ០០០នាក់​ក្នុង​រយៈពេល ១៤ថ្ងៃ​ចុង​ក្រោយ ការ​ឆ្លង​ថ្មី​នៅ​ឋិតឋេរ ឬ​មួយ​ក៏​ធ្លាក់​ចុះ និង​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល ដូច​យ៉ាង​ការ​ធ្វើ​តេស្តិ៍​រក​មេរោគ​ជា​ដើម។

ប្រភព​ការទូត​មួយ​បាន​បញ្ជាក់​ថា បើ​ផ្អែក​តាម​លក្ខខណ្ឌ​ទាំង​នេះ និង​បើ​យោង​តាម​បញ្ជី​ឈ្មោះ​ប្រទេស​បណ្តោះអាសន្ន​ដែល​បាន​ឯកភាព​គ្នា​នា​ដើម​សប្តាហ៍​នេះ ពលរដ្ឋ​មក​ពី​សហរដ្ឋអាមេរិក ប្រេស៊ីល និង​កាណាដា​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ចូល​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី១ កក្កដា​ទេ។ ចំណែក​ក្រុម​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​ចូល​នៅ​ថ្ងៃទី១ កក្កដា​មាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ារ៉ុក គុយបា វ៉េណេស៊ុយអេឡា អូស្រ្តាលី នូវែលហ្សេឡង់ និង​ក្រុមប្រទេស​បាល់កង់។ ទោះ​ជា​យ៉ាង​នេះ​ក្តី បញ្ជី​ឈ្មោះ​ប្រទេស​បណ្តោះអាសន្ន​នេះ​ត្រូវ​បាន​ប្រទេស​សមាជិក​អឺរ៉ុប​ខ្លះ​ជំទាស់​ក្រោម​ហេតុផល​ថា ទិន្នន័យ​ស្តីពី​កូវីដ-១៩ ផ្តល់​ដោយ​ប្រទេស​ខ្លះ​មិន​ពិត និង​មិន​អាច​ជឿ​ទុកចិត្ត​បាន ពិសេស​គឺ​ចិន។ ចំណែក​ប្រភព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា បើ​ប្រទេស​ណា​មួយ​ត្រូវ​បាន​អឺរ៉ុប​អនុញ្ញាត​ឲ្យ​ចូល ប្រទេស​នោះ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​ចូល​វិញ​ដែរ ហើយ​វិធានការ​បើក​ព្រំដែន​សម្រាប់​ប្រទេស​ក្រៅ​អឺរ៉ុប​នេះ​នឹង​ត្រូវ​សហភាព​អឺរ៉ុប​ពិនិត្យមើល​ឡើង​វិញ​នៅ​រៀងរាល់ ១៤ថ្ងៃ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ