អានតួអត្ថបទ
បារាំង-រុស្ស៊ី

បារាំង-រុស្ស៊ី៖លោកម៉ាក្រុង និងលោកពូទីនជួបសន្ទនាគ្នាតាម Video conference

កិច្ចសន្ទនាតាម Video conference រវាងប្រធានាធិបតីបារាំងលោកម៉ាក្រុង និងប្រធានាធិបតីរុស្ស៊ីលោកពូទីន ថ្ងៃទី២៦ មិថុនា ២០២០
កិច្ចសន្ទនាតាម Video conference រវាងប្រធានាធិបតីបារាំងលោកម៉ាក្រុង និងប្រធានាធិបតីរុស្ស៊ីលោកពូទីន ថ្ងៃទី២៦ មិថុនា ២០២០ REUTERS - POOL
1 នាទី

នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៧ មិថុនា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន​បាន​ជួប​សន្ទនា​គ្នា​តាម Video conference។ នៅ​ក្នុង​កិច្ចសន្ទនា លោក​ម៉ាក្រុង និង​លោក​ពូទីន​បាន​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី​បារាំង និង​រុស្ស៊ី ព្រម​ទាំង​សំណុំរឿង​អន្តរជាតិ​ក្តៅៗ​មួយ​ចំនួន ពិសេស​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​លីប៊ី។ ប្រភព​ពី​អ្នក​នៅ​ជាមួយ​លោក​ម៉ាក្រុង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទំនុកចិត្ត​របស់​លោក​ម៉ាក្រុង​ក្នុង​ការ​បោះជំហាន​ទៅ​មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរជាតិ​មួយ​ចំនួន​ជាមួយ​រុស្ស៊ី។ បន្ទាប់ លោក​ម៉ាក្រុង​បាន​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​លោក​ពូទីន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​នា​ពេល​ខាង​មុខ ពោល​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០ នេះ។

ផ្សាយពាណិជ្ជកម្ម

កិច្ចសន្ទនា​តាម Video conference រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ដែល​មាន​រយៈពេល​ជិត ២ម៉ោង គឺ​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​ឥស្សរជន​ទាំង​ពីរ​ពិនិត្យ​ឡើង​វិញ និង​ផ្តល់​សន្ទុះ​បន្ថែម​លើ​ចំណុច​ដែល​បាន​ជជែក​គ្នា​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ពូទីន​ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១៩ សីហា ឆ្នាំ ២០១៩។ សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​បាន​ឲ្យ​ដឹង​ថា លោក​ម៉ាក្រុង​បាន​គូសបញ្ជាក់​ពី​ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​កិច្ចសន្ទនា​ដែល​លោក​មាន​ជា​មួយ​លោក​ពូទីន​ជិត​មួយ​ឆ្នាំ​មុន និង​ថា គេ​ត្រូវ​ពង្រឹង​កិច្ចសន្ទនា​មួយ​នេះ​តាម​រយៈ​ការ​ពន្លឿន​នៃ​ការ​រៀបចំ​ឡើងវិញ​នូវ​សមតុល្យ​ពិភពលោក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ និង​តាម​រយៈ​ការ​បញ្ជាក់​ពីអធិបតេយ្យភាព​របស់​អឺរ៉ុប។

ពី​ប្រទេស​រុស្ស៊ី​វិញ វិមាន​ប្រធានាធិបតី​ក្រឹមឡាំង​បាន​ចុះ​ផ្សាយ​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​រវាង​លោក​ម៉ាក្រុង និង​លោក​ពូទីន ពិសេស​ប្រសាសន៍​លោក​ពូទីន​និយាយ​ប្រាប់​លោក​ម៉ាក្រុង។ តាម​វិមាន​ក្រឹមឡាំង លោក​ពូទីន​បាន​យល់​ពី​ការ​ចង់​បាន​របស់​លោក​ម៉ាក្រុង​ដែល​ចង់​ធ្វើ​ការងារ​ជាមួយ​លោក​នៅ​លើ​ប្រធានរឿង​ជា​ច្រើន និង​ដែល​លោក​ពូទីន​បាន​គាំទ្រ​តាម​សំណើ​របស់​លោក​ម៉ាក្រុង។ ឥស្សរជន​ទាំង​ពីរ​បាន​ផ្តោត​សំខាន់​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​លីប៊ី​ដែល​លោក​ម៉ាក្រុង​បាន​សម្តែង​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការ​លូកដៃ​កាន់​តែ​ខ្លាំង​របស់​ប្រទេស​តួកគី​ជួយ​គាំទ្រ​ភាគី​រដ្ឋាភិបាល​លីប៊ី​របស់​លោក​ហ្វាយេ អាល់សារ៉ា និង​វត្តមាន​កម្លាំងទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ជួយ​គាំទ្រ​ភាគី​សេនាប្រមុខ​ខាលីហ្វា ហាស្វតា។

ចម្លើយ​ពី​លោក​ពូទីន​វិញ លោក​មិន​បាន​និយាយ​ដល់​វត្តមាន​កម្លាំងទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ទេ តែ​បាន​បញ្ជាក់​ថា លោក​យល់ព្រម​ធ្វើ​ការ​ជាមួយ​លោក​ម៉ាក្រុង​ដើម្បី​ស្វែង​រក​បទឈប់​បាញ់​មួយ​ដោយ​ផ្អែក​លើ​ស្ថានការណ៍​យោធា​សសព្វថ្ងៃ។ បន្ទាប់​មក​នៅ​វគ្គ​ចុង​ក្រោយ​នៃ​កិច្ចសន្ទនា​តាម video conference លោក​ពូទីន​បាន​អញ្ចើញ​លោក​ម៉ាក្រុង​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​លោក​ម៉ាក្រុង​បាន​ឆ្លើយ​យល់ព្រម​ភ្លាមៗ​ដោយ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ខែ​នៅ​ឡើយ​ទេ។ បើ​តាម​មើល​ទៅ និង​បើ​គ្មាន​ការ​រំខាន​ដោយ​កំណើន​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ទេ ទស្សនកិច្ច​អាច​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ពោល​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ