អានតួអត្ថបទ
ប៉ូឡូញ

ប៉ូឡូញបោះឆ្នោត​រើស​ប្រធានាធិបតីថ្មី ក្នុង​បរិបទ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​ប្រជាធិបតេយ្យ

បេក្ខជនមក​ពីបក្ស​ប្រឆាំងធំបំផុតគឺបក្ស Party Civic Platform (PO) លោក Rafal Trzaskowski ដែលគេសង្ឃឹមថាអាចប្រជែង​ជាមួ​យ​លោកប្រធានាធិបតីចប់អាណត្តិ​។ វ៉ាសូវី ថ្ងៃទី២៤ មិថុនា ២០២០
បេក្ខជនមក​ពីបក្ស​ប្រឆាំងធំបំផុតគឺបក្ស Party Civic Platform (PO) លោក Rafal Trzaskowski ដែលគេសង្ឃឹមថាអាចប្រជែង​ជាមួ​យ​លោកប្រធានាធិបតីចប់អាណត្តិ​។ វ៉ាសូវី ថ្ងៃទី២៤ មិថុនា ២០២០ via REUTERS - Agencja Gazeta
ដោយ៖ ម៉ម ពិសី
1 នាទី

នៅថ្ងៃអាទិត្យទី​២៨មិថុនា ប្រជាជនប៉ូឡូញត្រូវទៅបោះឆ្នោត​ជុំទីមួយ ដើម្បី​ជ្រើសរើសប្រធានាធិបតី។ លោក អង់ដ្រេច ឌូដា ប្រធានាធិបតីបច្ចុប្បន្ន គឺជាបេក្ខជនឈរឈ្មោះជាថ្មី សម្រាប់អាណត្តិទី២ ប្រជែងជាមួយនឹងបេក្ខជនប្រមាណ​១០នាក់ផ្សេងទៀត។ ក្នុងអាណត្តិកន្លងមក របស់លោក អង់ដ្រេច ឌូដា ប៉ូឡូញ និងសហភាព​អឺរ៉ុប បានមានភាពចម្រូងចម្រាស់នឹងគ្នាជាច្រើន ទាក់​ទិននឹង​ភាពរិចរិលនៃការគោរពលទ្ធិប្រជាធិបតេយ្យនៅប៉ូឡូញ។ ជាមួយនឹងវិបត្តិបង្កឡើងកូវីដ១៩ នាពេលបច្ចុប្បន្ននេះទៀត ប៉ូឡូញកំពុងស្ថិតនៅមាត់ជ្រោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ផ្សាយពាណិជ្ជកម្ម

តើលោក អង់ដ្រេច ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញបច្ចុប្បន្ន មកពីបក្សស្តាំអភិរក្សនិយម (PiS) នឹងជាប់ឆ្នោតមួយអាណត្តិទៀតដែរ ឬទេ? មានបេក្ខជនចំនួន១០នាក់ផ្សេងទៀត ដែលប្រជែង​ចង់បានកៅអីប្រធានាធិបតី។ ក្នុងចំណោមនេះ បេក្ខជន​ដែលត្រូវគេរំពឹង ថាអាចឈានទៅដល់ជុំទី២ប្រជែង ប្រជែងជាមួយលោកប្រធានាធិបតីបច្ចុប្បន្នបាន គឺមានតែ​លោក រ៉ាហ្វាល ត្សាស្កូវស្គី (Rafal Trzaskowski) មកពីគណបក្សប្រឆាំងធំជាងគេ គឺបក្ស វេទិកាពលរដ្ឋ (PO)។

គួរកត់សំគាល់ថា ការបោះឆ្នោតប្រធានាធិបតីប៉ូឡូញជុំទីមួយ នាពេលនេះ គឺវាស្ថិតនៅក្នុងបរិបទនយោបាយ និង​ ​សេដ្ឋកិច្ច​ ដ៏តានតឹងបំផុត សម្រាប់ប្រទេសអឺរ៉ុបមួយនេះ។ ការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ បានជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើការឃោសនាបោះឆ្នោត ក៏ដូ​ចជាដំណើរការទូទៅ នៃការបោះឆ្នោត។ យោងតាមការព្យាករណ៍ ប៉ូឡូញ នឹងធ្វើដំណើរធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់មិនធ្លាប់មាន បើគិតចាប់​ពីក្រោយ​ការដួលរំលំ នៃរបបកុម្មុយនីស្តមក។

ក្នុងអាណត្តិកន្លងទៅ ទំនាក់ទំនងរវាងប៉ូឡូញ និងសហភាព​អឺរ៉ុប បានធ្លាក់ចុះ ប្រកបដោយភាពរកាំរកូស។​ សហភាពអឺរ៉ុប បានរិះគន់ជាច្រើនលើកច្រើនសារ ចំពោះកំណែទម្រង់ ក្នុងវិស័យយុត្តិធម៌ប៉ូឡូញ ដែលគេយល់ថា វាជាការធ្វើឲ្យខូ​ចដល់តុល្យភាព នៃការបែងចែងអំណាច រវាងអំណាច​នយោបាយ និង​តុលាការ។​ តែយ៉ាងណា លោកប្រធានាធិបតី អង់ដ្រេច ឌូដា បានអះអាងថា វាជាជម្រើសចាំបាច់ ដើម្បីដកចេញចៅក្រមពុករលួយ។

មតិរិះគន់ ជាច្រើនប្រទេសអឺរ៉ុបខាងលិច បានលើកឡើងថា ការដឹកនាំរបស់​លោក អង់ដ្រេច ឌូដា មានទំនោរបែប​ស្តាំនិយមជ្រុល បែបចាស់គំរិក ប្រកាន់ពូជសាសន៍ និងប្រឆាំងចំពោះអ្នកស្រលាញ់ភេទគ្នា។ យ៉ាងណាមិញ លោក អង់ដ្រេច ឌូដា ត្រូវបានទទួលការប្រកាសគាំទ្រ ពីលោកដូណាល់ ត្រាំ។ កាលពីថ្ងៃពុធ លោក អង់ដ្រេច ឌូដា បានទៅជួប​លោកដូណាល់ ត្រាំ នៅសេតវិមានថែមទៀតផង។

លោក Rafal Trzaskowski បេក្ខជនមកពីគណបក្សប្រឆាំង បានប្រកាសសន្យា ថានឹងនាំប្រទេស​ប៉ូឡូញ អោយជានាជាមួយសហភាពអឺរ៉ុបឡើងវិញ​ និងស្តារពង្រឹងឡើងវិញនូវប្រព័ន្ធប្រជាធិបតេយ្យ អំណាចតុលាការ ព្រមទាំងការពារសិទ្ធិសេរីភាព​ របស់ក្រុម​ជន​ភាគតិចក្នុងសង្គម។ ការ​បោះឆ្នោតជុំទី២ នៅធ្វើទៅនៅថ្ងៃទី​១២កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ