អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​ឃុំ​សង្កាត់បារាំង ៖ បក្ស​បរិស្ថាន​ឈ្នះ​នៅគ្រប់​ក្រុង​ធំៗ បក្ស​កាន់​អំណាច​បរាជ័យ​ខ្លាំង

សំឡេង ០៧:៣៣
អ្នក​បរិស្ថាន​និយម​ Grégory Doucet បាន​ឈ្នះ​ឆ្នោត​នៅ​ក្រុង​លីយុង​ ក្រុង​ធំ​ទីពីរ​បន្ទាប់​ប៉ារីស
អ្នក​បរិស្ថាន​និយម​ Grégory Doucet បាន​ឈ្នះ​ឆ្នោត​នៅ​ក្រុង​លីយុង​ ក្រុង​ធំ​ទីពីរ​បន្ទាប់​ប៉ារីស JEFF PACHOUD / AFP
ដោយ៖ អៀង សុខម៉ិញ

បន្ទាប់​ពី​បាន​ពន្យារ​ពេល​អស់​បី​ខែ ដោយ​ហេតុ​តែ​កូរ៉ូណាវីរុស នៅ​ថ្ងៃទី ២៨​មិថុនា២០២០ បារាំង​បាន​រៀប​ចំ​​​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជុំ​ទីពីរ។ ជា​ការបោះឆ្នោត​ដែល​មានចំនួន​អ្នក​អវត្តមាន​ច្រើន​បំផុត ៖ ប្រជាពលរដ្ឋ​បារាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់ (ជាង​ពាក់​កណ្តាល​) មិន​ទៅ​បោះឆ្នោត​ទេ។ ​ចំណែក​ឯលទ្ធផល​វិញ រឹត​តែ​គួរ​ភ្ញាក់ផ្អើល​មែន​ទែន។ គណបក្ស​បរិស្ថាន​ បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៅ​តាមគ្រប់​ក្រុង​ធំៗ​របស់​ប្រទេស​ និង​ក្លាយ​ជា​កម្លាំង​នយោបាយ​ជួរ​ប្រមុខ ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដែល​ទទួល​​បរាជ័យ​ស្ទើរ​គ្រប់​កន្លែង។

ផ្សាយពាណិជ្ជកម្ម

កាលពី​នៅ​ជុំ​ទី​មួយ (ថ្ងៃទី ១៥​មីនា​២០២០) ចំនួន​អ្នក​អវត្តមាន​ខ្ពស់​ខ្លាំង​ណាស់ទៅ​ហើយ (៥៥,៣៤%) តែ​ជុំ​ទីពីរ​ កាន់​តែ​ខ្ពស់​ខ្លាំង​​ទៀត​។

អត្រា​អវត្តមាន​ខ្ពស់​ខ្លាំងមិន​ធ្លាប់​ប្រទះ

បើ​ទោះ​បី​ជា​មាន​វិធានការ​ការពារ​សុខភាព​សាធារណៈ​ (មាន​អាល់កុល​លាង​ដៃ ពាក់ម៉ាស់ គម្លាត​សុវត្ថិភាព)ក្តី ក៏​ពលរដ្ឋ​បារាំងភាគច្រើន​​ង​មិន​ទៅ​បោះឆ្នោត។ បើ​តាម​ការ​ប៉ាន់​ស្មាន​ ចំនួន​អ្នកអវត្តមាន​បាន​ឡើង​ដល់​ ​៥៩,៥%។ ​សូម្បី​តែ​ការ​បោះឆ្នោតសភា​អឺរ៉ុប​ដែល​ពលរដ្ឋ​បារាំង​មាន​ទម្លាប់​មិន​សូវ​ចាប់អារម្មណ៍ (អវត្តមាន​៥៩,៣៧%) ក៏​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ច្រើន​ជាង​ការ​បោះឆ្នោត​ម្សិលមិញ​បន្តិច​ផង។

ជា​អត្រា​អវត្តមាន​ដ៏​ខ្ពស់​ខ្លាំង ​ដែល​ពុំ​ធ្លាប់​កើត​មាន​ក្នុង​ប្រវត្តិ​នៃ​​គ្រប់​ការ​បោះឆ្នោត​នៅ​ប្រទេស​បារាំង​ តាំង​ពី​ឆ្នាំ​១៩៥៨មក។

តើ​មក​ពី​​កូវីដ ?  អ្នក​វិភាគ​នយោបាយ​ម្នាក់​យល់​ថា ​គេ​មិន​អាច​បន្ទោសទាំងស្រុង​ទៅ​លើ​​វិបត្តិ​កូរ៉ូណាវីរុស​បាន​ទេ។ បារាំង​មាន​សិទ្ធ​​ មាន​សកម្មភាព​ឡើង​វិញ​៦​អាទិត្យ​ហើយ ប៉ុន្តែ​កូវីដ​មាន​ចំណែក​តូច​មួយមកបូក​​បន្ថែមពី​លើ​ការ​បាត់​បង់​ទំនុក​លើ​អ្នក​នយោបាយ ឱ្យពលរដ្ឋ​កាន់​តែ​​លែង​ចង់​ទៅ​បោះឆ្នោត បើ​ទោះ​បី​ជា​​ទូទៅ​ពួកគេ​ចូលចិត្ត​ចៅហ្វាយ​ឃុំ​សង្កាត់​ជាង​តំណាង​រាស្ត្រ​ផ្សេង​ទៀត​ក៏​ដោយ​។ គឺ​ប្រៀប​ដូច​ជា​​ទឹក​មួយ​ដំណក់​ស្រក់​​លើ​កែវ​មាន​ទឹក​ពេញ​ស្រាប់ឱ្យ​ហៀ​តែ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​ បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​អត្រា​វត្តមាន​ដ៏​ទាប​នេះ​ថា ជា​ “បាតុកម្ម​ស៊ីវិល​”។ ឯ​ប្រមុខ​បក្ស​ប្រឆាំង La France insoumise ​ ថានេះ ​ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់។​

គណបក្ស​កាន់​អំណាច បរាជ័យស្ទើរ​ទាំង​ស្រុង

គណបក្ស​កាន់​អំណាច ​ La République en Marche បក្ស​ដ៏​ក្មេង​ខ្ចី ដែល​បាន​ចាប់​កំណើត​​កាលពី​បួន​ឆ្នាំមុន និ​ងមាន​សន្ទុះខ្លាំង​នៅ​ពេល​លោ​ក​ម៉ាក្រុង​ជាប់​ឆ្នោត​ ជា​ប្រធានាធិបតី​បារាំង បាន​ទទួល​​បរាជ័យ​ទាំង​ស្រុង​ ឬ​ស្ទើរទាំង​ស្រុង នៅ ថ្នាក់​មូលដ្ឋាន​ ដោយ​គ្មាន​​ដណ្តើមបាន​ក្រុង​ធំ​ៗ​ណាមួយ​របស់​ប្រទេស​មក​គ្រប់គ្រង​សោះ។  នៅ​ប៉ារីស តំណាង​គណបក្ស​កាន់​អំណាច បាន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​តែ​១៣%​ប៉ុណ្ណោះ។ លើក​លែង​មួយ​ករណី​គត់ គឺ​លោក​នាយករដ្ឋមន្ត្រី អេដ័រ ហ្វីលីព ដែលនៅ​បន្ត​មាន​ឈ្មោះជា​​ចៅហ្វាយ​ ក្រុង ​Havres ​ដដែលដោយ​ទទួល​ការ​គាំទ្រ​ដល់​ទៅ ៥៩% នៅ​ក្នុង​កា​របោះឆ្នោត​ម្សិលមិញ។ លទ្ធផល​ដែល​អាច​ជួយការពារ​​តួនាទី​ជា​នាយករដ្ឋមន្ត្រីរបស់​លោក​​ ​ប្រសិន​បើ​មាន​ការ​រើរុះ​រដ្ឋាភិបាល។

គណបក្ស​បរិស្ថាននិយម​ឈ្នះ​នៅ​តាមក្រុង​ធំៗ

ជា​ការ​ប្តូរ​ផ្លាស់​ជា​​ប្រវត្តិសាស្ត្រ​។ មិន​ដែល​ធ្លាប់​មាន​ទេ គណបក្ស​អឺរ៉ុបបរិស្ថាន​អ្នក​បៃតង ឬ​ បក្ស​បរិស្ថាននិយម​ ដែល​ជា​បក្ស​ដ៏​តូច​មាន​បុគ្គលិក​តែ​បួន​នាក់ គ្មាន​តំណាង​ម្នាក់​សោះ​នៅ​សភា ស្រាប់​តែ​អាចដណ្តើម​ជ័យ​ជំនះ​បាន​ស្ទើរ​នៅ​ក្នុង​គ្រប់​ក្រុង​ធំៗ។  Lyon Bordeau Strasbourg Besançon Tour Poitier Annecy … ក្រុងធំ​​ៗនៅ​ភាគ​ខាង​​​ជើង​ ខាង​​​ត្បូង ឆ្លង​មក​ខាង​កើត​និ​ងខាង​លិច បាន​ប្តូរ​ពណ៌ ទៅ​ជា​បៃតង​បរិស្ថាន​ទាំង​អស់។

ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ជាង​គេ​បំផុត គឺ​នៅ​លីយ៉ុង តំណាង​គណបក្ស​បរិស្ថាន​មិន​ត្រឹម​តែ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​តំបន់​ទេ តែ​ថែមទាំង​បាន​យក​ឈ្នះ​ចៅហ្វាយក្រុង​ផុត​អាណត្តិ​ដែល​ជា​ជំនិត​របស់​រដ្ឋាភិបាល​ទៀត។ អ្នកបរិស្ថាន​បានបិទ​​បញ្ចប់​ប្រវត្តិ​​តាំង​ពីជិត​​៧៣ឆ្នាំ​ ​នៅក្រុង​ប័រដូរBordeau ដែល​ធ្លាប់​តែ​ដឹកនាំ​ដោយ​អ្នក​ស្តាំ​និយម ឱ្យ​ក្លាយ​មក​ជា​អ្នក​បរិស្ថាន​និយម​ម្តង។ នៅ​ក្រុង Lille អ្នក​បរិស្ថាន​បាន​ដេញ​យ៉ាង​ប្រកិត​ចៅហ្វាយក្រុង​ផុត​អាណត្តិដែល​ចាំ​បាច់​ត្រូវ​ស្តាប់​​អ្នក​បរិស្ថានដែរ​ក្នុង​ចំណាត់​ការ​ក្រុង។​

បក្ស​បរិស្ថាន​និយម ក៏​មាន​ចំណែកឈ្នះ​ នៅ​ ប៉ារីស នៅ​ម៉ាកសី  ​​... គណបក្ស​សង្គម​និយម​បាន​ឈ្នះ​នៅ​ប៉ារីស។ ​ចៅហ្វាយ​ក្រុងប៉ារីស​​ផុត​អាណត្តិ​​ មាន​កម្មវិធី​នយោបាយ​ការពារបរិស្ថាន​ដោយ​ខ្លួនឯងខ្លាំង​ផង និង​បាន​​ជ្រើសរើស​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​បរិស្ថានជា​ដៃគូ​ដឹកនាំ​ក្រុង​ទី​មួយ​ ជាតាំង​ពី​ដើម​ទី​ និង​ជា​យូរ​មក​ហើយ។

​របត់​នយោបាយ​ថ្មី​របស់​បារាំង​និង​គណបក្ស​បរិស្ថាន

 ​

ជា​មួយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្លាយ​ជា​អ្នក​ដឹកនាំ​ក្រុង​ធំៗ តែ​ម្នាក់​ឯង​ ឬ​ជាមួយ​សម្ព័ន្ធមិត្ត​ បក្ស​​បរិស្ថាន​ក្រោយ​ថ្ងៃ​ទី ២៨​មិថុនា​២០២០ ក្លាយ​​ជា​ចរន្ត​នយោបាយ​នាំ​មុខ​គេ សម្រាប់​ប្រឆាំង​នឹង​ប្រធានាធិបតី​។ អំណើះ​តទៅ បក្ស​បរិស្ថានលែង​ខ្លាច​នឹង​បញ្ចេញ​មតិ និងប្រតិបត្តិ​នូវ​អ្វី​ដែល​ជា​គោលនយោបាយ​របស់​ខ្លួន​ហើយ។ ពិត​ជា​ជួន​ពេល​ល្អ ជោគជ័យ​នេះ​នឹង​ជំរុញ​ឱ្យ​អ្នក​ការពារ​បរិស្ថាន​កាន់​តែមាន​ទឹក​មាត់ ព្រោះ​នៅ​ថ្ងៃ​​នេះលោក​ប្រធានាធិបតី​ម៉ាក្រុង​ ដើម្បី​បង្ហាញ​នយោបាយ​របស់​រដ្ឋាភិបាល​ស្តី​ពី​អាកាសធាតុ​និង​បរិស្ថាន​ផង ដល់​​សមាជ​ពលរដ្ឋ​។

ជ័យ​ជំនះ​របស់​អ្នក​បរិស្ថាន​ថ្ងៃ​នេះ អាច​ជា​របត់​ថ្មី​នៃ​នយោបាយ​របស់​ប្រទេស​បារាំង។

ទទួល​ជោគជ័យ ​មាន​ភាព​​​ចាស់ទុំ​នយោបាយ អ្នក​នាំ​ពាក្យ​គណបក្ស​បរិស្ថាន​និយម ​បាន​ប្រៀប​ប្រដូច​ជោគជ័យពេល​​នេះ ទៅ​ជោគជ័យ​​នៃ​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​ឆ្នាំ​១៩៧៧​ ដែល​កាល​ណោះ​អ្នក​ឆ្វេង​និយម (គណបក្ស​សង្គម​និយម) បាន​ឈ្នះ​យ៉ាង​ត្រចះត្រចង់។ ហើយ​ ជា​សញ្ញា​ល្អ នៅពេល​បោះឆ្នោត​បន្ទាប់ (បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​១៩៨១) លោក​ហ្វ្រង់ស័រ មីតេរ៉ង់ François Mitterrand នៃ​​គណបក្សសង្គម​និយម​ បាន​ជាប់​ឆ្នោត និង​​បាន​ក្លាយ​ជា​អ្នក​ឆ្វេង​និយម​ដំបូង​គេ ដែល​បាន​ឡើង​ដឹកនាំ​ប្រទេស។ ​អ្នក​បរិស្ថានចាប់​​សំលឹង​ មើល​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០២២ ហើយ​ឬ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ