អានតួអត្ថបទ
សហភាពអឺរ៉ុប

លោកស្រីមែរកិល ​ណាត់​ជួប​លោក​ម៉ាក្រុង​ មុនចាប់​ផ្តើម​ធ្វើ​ប្រធាន​វិលជុំ​នៃ​សហភាព​អឺរ៉ុប

លោកស្រីមែរកិល ពេលធ្វើសន្និសីទកាសែតរួម​ តាមប្រព័ន្ធវីស្យូខុនហ្វឺរិន ជាមួយ​លោក​ម៉ាក្រុង ថ្ងៃទី​ ១៨ ឧសភា ២០២០
លោកស្រីមែរកិល ពេលធ្វើសន្និសីទកាសែតរួម​ តាមប្រព័ន្ធវីស្យូខុនហ្វឺរិន ជាមួយ​លោក​ម៉ាក្រុង ថ្ងៃទី​ ១៨ ឧសភា ២០២០ AFP - KAY NIETFELD
ដោយ៖ ម៉ម ពិសី
4 នាទី

ចាប់ពីខែកក្កដាទៅ អាល្លឺម៉ង់​ត្រូវដល់វេនធ្វើជាប្រធានវិលជុំ នៃសហភាពអឺរ៉ុបរយៈពេល៦ខែ។​ នេះគឺជាកាលៈទេសៈដ៏លំបាកបំផុត សម្រាប់ មិនថា​សហភាពអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែវិបត្តិបង្កឡើង​ ដោយជម្ងឺកូវីដ១៩។ មានសំណុំរឿងធំៗជាច្រើន ដែលសហភាពអឺរ៉ុប ត្រូវរួមគ្នាដោះស្រាយ​ ក្នុងនោះអ្វីដែលសំខាន់ ការជួសជុល ព្យាបាលភាពប្រេះស្រាំ បែក​បាក់​សាមគ្គី រវាងសមាជិកអឺរ៉ុប។ តើលោកស្រីមែរកិល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ អាច​ធ្វើកិច្ចការទាំងអស់នេះ បានជោគជ័យ​កម្រិតណា? នៅល្ងាចថ្ងៃចន្ទទី​២៩មិថុនានេះ លោកស្រី នឹងជួបពិភាក្សាការងារ ជាមួយ​ដៃគូ ដែលមិនអាចខ្វះបាន គឺលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅឯវិមាន Meseberg ជាយទីក្រុងប៊ែរឡាំង។

ផ្សាយពាណិជ្ជកម្ម

កាលពីចុងខែឧសភា លោកស្រីអង់ហ្គេឡា មែរកិល បានលើកឡើងថា​ មេរោគឆ្លងកូរ៉ូណាវីរុសថ្មី បានធ្វើឲ្យក្រឡាប់ចាក់ពិភពលោកទាំងមូល ហើយ​បានធ្វើឲ្យ​ប្រែប្រួលអស់រលីង នូវផែនការដែល​អាល្លឺម៉ង់​បានគូសវាសទុក សម្រាប់ការដឹកនាំធ្វើជាប្រធានវិលជុំនៃសហភាពអឺរ៉ុប។

លោកស្រីបានរំលឹកទៀតថា ពេលដែលជួបវិបត្តិកូវីដ១៩ភ្លាម ថ្នាក់ដឹកនាំអឺរ៉ុប​មួយៗ មិនថាយើងមិនថាគេ នាំគ្នាគិតតែប្រយោជន៍ប្រទេសខ្លួន​ ដោយទុកមួយឡែក នូវប្រយោជន៍រួមរបស់អឺរ៉ុបទាំងមូល។ លោកស្រីបន្តថា តែការបោះបង់ចោលសាមគ្គីភាព​ គឺជាគ្រោះថ្នាក់ធំ ដែលអាចធ្វើឲ្យ​បែកបាក់គ្រួសារអឺរ៉ុប។

គួរកត់សំគាល់ថាកន្លងមក លោកស្រីអង់ហ្គេឡា មែរកិល តែងត្រូវបានគេរិះគន់ ថាមេដឹកនាំដែល មាន​ចិត្តមានះ មិនធ្វើសម្បទានជាដាច់ខាត ទាក់ទិននឹង​វិធានការ​ចាត់ចែង​កញ្ចប់ថវិកាចំនាយ នៅក្នុងសហភាពអឺរ៉ុប។ ក៏ប៉ុន្តែថ្មីៗនេះ ក្រោយវិបត្តិ​កូវីដ១៩ លោកស្រីបានផ្លាស់ប្តូរទាំងស្រុង ដោយលោកស្រី សុខចិត្តយល់ព្រមជាមួយ​លោកម៉ាក្រុង ស្នើការ​ធ្វើកំចីរួមក្នុងនាមសហភាពអឺរ៉ុប មានតម្លៃស្មើ ៥០០ពាន់លានអឺរ៉ូ ដើម្បីយកទៅជួយប្រទេសសមាជិក ដែលជួបការលំបាកខ្លាំង។

គឺសំណើនេះហើយ ដែលអាចធ្វើឲ្យ​លោកស្រី មែរកិល ជួបបរាជ័យ ក្នុងការដឹកនាំការចរចា ចាប់ពីខែកក្កដា​ទៅ។ ប្រទេសអឺរ៉ុបភាគខាងជើង ហូឡង់ ដាណឺម៉ាក ស៊ុយអ៊ែដ និងអូទ្រីសផង បានបដិសេធ មិនយល់ព្រមក្នុងការធ្វើកម្ចីរួមគ្នានេះទេ។

វិមានប្រធានាធិបតីបារាំង បានអះអាងថា បារាំង និងអាល្លឺម៉ង់ បានប្តេជ្ញាហើយថា​ត្រូវតែសម្រេចឲ្យ​បាន ​នូវកិច្ចព្រមព្រៀងស្តីពីកច្ចីរួមនេះ នៅ​ក្នុងខែកក្កដាខាងមុខ។ លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា បើមិនអនុម័តផែនការផ្តល់សន្ទុះសេដ្ឋកិច្ចនេះទេ គឺវារឹតតែធ្វើឲ្យ​វិបត្តិកាន់តែធ្ងន់ធ្ងរ មិនមែនត្រឹមតែសេដ្ឋកិច្ចទេ គឺនយោបាយផងដែរ ព្រោះចរន្តនយោបាយ​ប្រជាភិថុត នឹងឆក់ឱកាស បំប៉ោងបញ្ហា គម្រាមដល់​ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងគ្រិះរបស់សហភាពអឺរ៉ុបផង។

ក្រៅពីបញ្ហា​អនុម័តផែនការផ្តល់សន្ទុះសេដ្ឋកិច្ច ដែលអឺរ៉ុបត្រូវ​ប្រមូលការសាមគ្គីគ្នានេះ អឺរ៉ុបក៏កំពុងប្រឈមនឹងបញ្ហាធំៗផ្សេងទៀត ទាក់ទិននឹងសំណុំរឿង Brexit ដែលរហូតមកទល់ពេលនេះ ការចរចានៅតែជាប់គាំង ខណៈដែលកាលបរិច្ឆេទនៃរយៈពេលអន្តរកាលនឹងចប់នៅចុងខែមករាឆ្នាំក្រោយ។ អឺរ៉ុបក៏ត្រូវស្តារគោលជំហរឲ្យ​បានរឹងមាំផងដែរ ប្រឈមជាមួយចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក។ ទាំងអស់នេះ គឺជាបន្ទាត់នយោបាយ​ធំៗ ដែល​លោកស្រីអង់ហ្គេឡា មែរកិល ត្រូវសម្រេចឲ្យបានជោគជ័យ ក្នុងនាមអាល្លឺម៉ង់ជាប្រធានវិលជុំផង និងអាចជាឱកាស​ចុងក្រោយសម្រាប់លោកស្រី​ ក្នុងការកសាងស្នាដៃ មុននឹងចូលនិវត្តន៍ចាកចេញពីឆាកនយោបាយ នៅចុងឆ្នាំ២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ