អានតួអត្ថបទ
បារាំង

អតីតនាយករដ្ឋមន្ត្រី​បារាំង លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង​ ជាប់ទោស​ពន្ធនាគារ​៥ឆ្នាំ ពីបទ​​កេងបន្លំ​​ថវិកា​រដ្ឋ

លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង និងភរិយា ពេលចូលទៅស្តាប់សវនាកា នៅថ្ងៃទី១៩មិថុនា ២០២០ នៅតុលាការក្រុងប៉ារីស។
លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង និងភរិយា ពេលចូលទៅស្តាប់សវនាកា នៅថ្ងៃទី១៩មិថុនា ២០២០ នៅតុលាការក្រុងប៉ារីស។ REUTERS
ដោយ៖ ម៉ម ពិសី
1 នាទី

លោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុង អតីតនាយករដ្ឋមន្ត្រីបារាំង ត្រូវបានតុលាការក្រុងប៉ារីស ប្រកាសសាកក្រម កាលពីថ្ងៃចន្ទទី​២៩មិថុនា ផ្តន្ទាទោសជាប់ពន្ធនាគារ៥ឆ្នាំ និង​ត្រូវបង់ប្រាក់ពិន័យដ៏សន្ធឹកសន្ធាប់ ពីបទបន្លំបង្កើតការងារក្លែងក្លាយឲ្យ​ភរិយាខ្លួន ដើម្បីទទួលបានប្រាក់ខែពីរដ្ឋ។ មេធាវីការពារក្តីរបស់ លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង បានបញ្ជាក់ថាកូនក្តីលោក នឹងប្តឹងឡើងទៅសាលាឧទ្ធរណ៍។ គួរបញ្ជាក់ថា រឿងអាស្រូវ ការងារក្លែងក្លាយ របស់លោកស្រី ប៉េណេឡុប ហ្វ៊ីយ៉ុង ភរិយារបស់​លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុងនេះ បាន​ផ្ទុះឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧។ លោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុង បានបង្ខំចិត្ត សម្រេច​បោះបង់ចោលការប្រកួត បើទោះបីជាកាលនោះ បេក្ខភាពរបស់លោកត្រូវបានគេស្ទាបស្ទង់មតិ ដឹងថាអាចមានសង្ឃឹមឈ្នះលោកម៉ាក្រុង ក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

តុលាការបទល្មើសមជ្ឈឹមក្រុងប៉ារីស បើកសវនាកានៅព្រឹកថ្ងៃចន្ទទី២៩មិថុនា បាន​ប្រកាសថា សាលក្រម លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ព្រមទាំងភរិយា រួមជាមួយមនុស្សជំនិតម្នាក់​ទៀតឈ្មោះ Marc Joulaud ពិតជាបានធ្វើអំពើ ក្លែងបន្លំ កិបកេងថវិការដ្ឋ តាមរយៈការ​បង្កើតការងារក្លែងក្លាយ ដើម្បីទទួលបានប្រាក់​បៀវត្ស៍ ដែលផ្តល់ឲ្យដោយរដ្ឋសភាបារាំង។

តុលាការសម្រេចផ្តន្ទាទោសលោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ជាប់ពន្ធនាគារ៥ឆ្នាំ ដែលក្នុងនោះ៣ឆ្នាំជាទោសព្យួរ។ បន្ថែមពីនេះ លោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ត្រូវបងប្រាក់ពិន័យចំនួន​ ៣៧៥០០០អឺរ៉ូ ហើយត្រូវហាមមិនឲ្យ​ឈរឈ្មោះបោះឆ្នោតរយៈពេល​១០ឆ្នាំ។ ចំណែកភរិយាលោក គឺ​លោកស្រី Penelope Fillon ត្រូវជាប់ពន្ធនាគារ៣ឆ្នាំជាទោសព្យួរ បង់ប្រាក់ពិន័យចំនួន ៣៧៥០០០អឺរ៉ូ នឹងហាមមិនឲ្យឈរឈ្មោះរយៈពេល២ឆ្នាំ។

លោកស្រីចៅក្រម Nathalie Gavarino ប្រធានអង្គជំនំជំរះ បានលើកឡើងថា លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង បានធ្វើទង្វើ ដែលមិនសក្តិសមជាគំរូក្នុងសង្គម ក្នុងនាមលោកជាអ្នក​នយោបាយសំខាន់ម្នាក់ ព្រោះលោក​បានកិបកេងថវិការបស់រដ្ឋ ដើម្បី​ភាពមានបានផ្ទាល់ខ្លួន ដែលទង្វើនេះ វាបានធ្វើឲ្យ​ប្រជាពលរដ្ឋបារាំង បាត់បង់ទំនុកចិត្ត លើអ្នកនយោបាយ​ដឹកនាំប្រទេស។

ក្រោយបិទអង្គសវនាកា  លោក Antonin Lévi មេធាវីរបស់លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង បានបញ្ជាក់ថា កូនក្តីលោកនឹងប្តឹងឡើងទៅសាលាឧទ្ធរណ៍​ ដើម្បី​ជំទាល់នឹងសាលក្រមដ៏អយុត្តិធម៌នេះ។ មេធាវីរូបនេះអះអាងថា នៅពីក្រោយរឿងអាស្រូវនេះ គឺវាមានហេតុផលនយោបាយ ដែលអាច​មាន​ជនមួយក្រុម ចង់វាយបំបាក់ លោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ដែលកាលពីឆ្នាំ២០១៧ គឺជាបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាព។ មេធាវីរូបនេះ បានលើកឡើង ពីភាពលឿនរហ័ស យ៉ាងចំលែក ក្នុងការស៊ើបអង្កេត ដើម្បីធ្វើយ៉ាងណា រក​វិធីដាក់បន្ទុក ចោទប្រកាន់មកលើកូនក្តីលោក នៅជិត​ដល់ថ្ងៃ​បោះឆ្នោត។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ រដ្ឋសភាបារាំង គឺ​ជាដើមចម្លើយរដ្ឋប្បវេណី ដែលបានប្តឹងទាមទារសំណងចំនួន​​ ១១៥៦០០០អឺរ៉ូ ពីចុងចោទ។ យោងតាមតំណាងរដ្ឋសភា ប្រាក់នេះ គឺជាប្រាក់សរុប​ ដែលភរិយា ព្រមទាំងកូនៗ របស់លោក ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង បានទទួលក្នុងនាមជាប្រាក់បៀវត្ស៍ តែធាតុពិត គឺលោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុង គ្រាន់តែបានដាក់ឈ្មោះកូននឹងប្រពន្ធខ្លួន​ ដើម្បី​បើកយកតែប្រាក់ខែតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ដោយតុលាការមិនបាន ចេញដីការបង្គាប់អនុវត្តទោសភ្លាមៗ ដូច្នេះ ទោសជាប់ពន្ធនាគារជាក់ស្តែងចំនួន​២ឆ្នាំ ដែលលោកហ្វ្រង់ស័រ ហ្វ៊ីយ៉ុងជាប់នោះ នឹងមិនទាន់​ត្រូវអនុវត្តទេ ដោយរងចាំ លុះចេញសាលក្រមសាលាឧទ្ធរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ