អានតួអត្ថបទ
ចិន-បែលហ្ស៊ិក

បែលហ្ស៊ិក​បារម្ភពីគ្រោះថ្នាក់ នៃ​បណ្តាញ​​ឈ្លប​យក​ការណ៍​របស់​ចិន នៅតាម​សកលវិទ្យាល័យ​​ខ្លួន

លោក Charles Michel ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងជំនួប​​កំពូល​ពីចម្ងាយ ជាមួយ​ប្រធានាធិបតីចិន ស៊ី ជីនពីង ថ្ងៃទី​២២ មិថុនា ២០២០
លោក Charles Michel ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងជំនួប​​កំពូល​ពីចម្ងាយ ជាមួយ​ប្រធានាធិបតីចិន ស៊ី ជីនពីង ថ្ងៃទី​២២ មិថុនា ២០២០ REUTERS - YVES HERMAN
ដោយ៖ ម៉ម ពិសី
1 នាទី

អ្នកជំនាញបបែលហ្ស៊ិក​ បាន​ថ្លែងការបារម្ភ អំពីបណ្តាញឈ្លបយកការណ៍សម្ងាត់របស់ចិន នៅតាមសកលវិទ្យាល័យប៊ែកហ្ស៊ិក ជាពិសេស សកលវិទ្យាល័យបច្ចេកវិទ្យាជាន់ខ្ពស់។ នេះគឺជាការសន្និដ្ឋានក្នុង​របាយការណ៍ថ្មីមួយ ធ្វើឡើងដោយអង្គភាពព័ត៌មាន​សម្ងាត់ សន្តិសុខជាតិ របស់បែលហ្ស៊ិក ចេញផ្សាយ​កាលពីរសៀលថ្ងៃទី២កក្កដា។ យោងតាមរបាយការណ៍នេះ កងទ័ពចិន បាន​បញ្ជូននិស្សិត និងអ្នកស្រាវជ្រាវជាច្រើន ឲ្យ​មកក្រេបយកចំណេះដឹង និងប្រមូល​ព័ត៌មានសំខាន់ៗ ពីបែលហ្ស៊ិក​ ក៏ដូចជាពីអឺរ៉ុបទាំងមូលផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីអូស្ត្រាលី​ដែលបានចោទរដ្ឋាភិបាលចិន ថាបាន​ទិញទឹកចិត្តអ្នកនយោបាយអូស្ត្រាលី និងរៀបបណ្តាញ​ធ្វើការបម្រើប្រយោជន៍ចិន គឹដល់វេនប៊ែលហ្ស៊ិុកម្តង ដែលបារម្ភពីបញ្ហានេះ។ របាយការណ៍ប្រចាំឆ្នាំ របស់អង្គភាពព័ត៌មានសម្ងាត់សន្តិសុខជាតិប៊ែលហ្ស៊ិក បានសន្និដ្ឋានថា ចិន​កំពុង​ប្រើប្រស់ និស្សិត និងអ្នកស្រាវជ្រាវជាច្រើននាក់ ឲ្យ​មកសិក្សា យកចំណេះ និងប្រមូលយកព័ត៌មានរសើបទាំងអស់ពីបែលហ្ស៊ិក យកទៅបម្រើកងទ័ពចិន។

របាយការណ៍​លើកឡើងថា សកលវិទ្យាល័យ​បច្ចេកវិទ្យាការពារជាតិចិន ដែលជាស្ថាប័នស្រាវជ្រាវ​បច្ចេកវិទ្យារបស់កងទ័ពចិន បានបញ្ជូននិស្សិតជាច្រើននាក់ ឲ្យមក​រៀននៅតាមសកលវិទ្យាល័យបច្ចេកវិទ្យា​នានា ទូទាំងអឺរ៉ុបភាគខាងលិច ដែលក្នុងនោះ​ក៏មានបែលហ្ស៊ិកដែរ។

អង្គភាព​ស៊ើបការសម្ងាត់និងសន្តិសុខជាតិបែលហ្ស៊ិក មិនបានលំអិតទេ ថានិស្សិតនិងអ្នក​ស្រាវជ្រាវ​​ចិន ដែលគេសង្ស័យថាជាគេញសម្ងាត់របស់កងទ័ពចិននោះ មានប៉ុន្មាននាក់។ តែយ៉ាងណា លោក Pascal Pétry អនុប្រធានអង្គភាពនេះ បានអះអាងថា ក្រុមការងារ​ស៊ើបការណ៍បែលហ្ស៊ិក កំពុងផ្តោតការតាមដានយ៉ាងម៉ដ្ឋចត់បំផុត ទៅលើនិស្សិតចិនទាំងនោះ ព្រោះថាបែលហ្ស៊ិកជាប្រទេសតូចមែន តែបែលហ្ស៊ិក ជាស្នូលកណ្តាលនៃសហភាពអឺរ៉ុប ដែលជាទីតាំងរបស់ស្ថាប័នធំៗរបស់សហភាពអឺរ៉ុប។

អ្នកជំនាញរូបនេះ បន្ថែមថា បំណងមួយទៀតរបស់ចិន គឺធ្វើឲ្យ​យ៉ាងណា​ ឲ្យ​ភ្នាក់ងាររបស់ខ្លួន​ ចូលមកស្គាល់ ដឹងពីរបៀបធ្វើការ និងកិច្ចការសម្ងាត់ៗនានា របស់ស្ថាប័នធំៗនៅបែលហ្ស៊ិក។ ហើយពេលត្រលប់ទៅវិញ​ ភ្នាក់ងារទាំងនោះ នឹងនាំយកបច្ចេកវិទ្យាសម្ងាត់នានា យកទៅអនុវត្តនៅចិន ក្រោមការក្តោបក្តាប់របស់រដ្ឋាភិបាលចិន។ ដែលនេះវាគឺជាគ្រោះថ្នាក់មួយ ដល់កម្មសិទ្ធិបញ្ញា ក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យារបស់បែលហ្ស៊ិក។ នេះបើផ្អែកតាមសម្តីរបស់​លោក Pascal Pétry ចុះផ្សាយដោយកាសែត La Libre Belgique នៅថ្ងៃព្រហស្បតិ៍ទី២កក្កដា។

គួររំលឹកថា ប្រមាណជិតមួយឆ្នាំចុងក្រោយនេះ ក្រុមស៊ើបការណ៍សំងាត់បែលហ្ស៊ិក បាន​លើកឡើងជារឿយៗ នៅក្នុងរបាយការណ៍របស់ខ្លួន ទាក់ទិននឹងបណ្តាញ​ឈ្លបយកការណ៍របស់ចិន នៅក្នុងប្រទេសប៊ែលហ្ស៊ិុក។ សកលវិទ្យាល័យ និង​ មន្ទីរពិសោធន័ស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាទីចំហរដ៏ងាយបំផុត សម្រាប់ប្រតិបត្តិការ​នេះ។ ក្រៅពីនេះដែរ អាជ្ញាធរបែលហ្ស៊ិក បានសង្ស័យទៅលើសមាគម និងវិទ្យាស្ថានសិក្សាវប្បធម៌ចិនផងដែរ ថាបានដើរតួ ក្នុងការ​អូសទាញ ទិញទឹកចិត្តមនុស្ស ឲ្យធ្វើការបម្រើផលប្រយោជន៍ចិន។ អង្គភាពស៊ើបការណ៍សម្ងាត់បែលហ្ស៊ិក ធ្លាប់បានអះអាងថា ភ្នាក់ងារគេញរបស់​ចិនមានច្រើន មានគ្រប់សណ្ឋាន ដូចជាអ្នកកាសែតក្លែងក្លាយ និស្សិត មន្ត្រីទូត ឬអ្នកជំនួញជាដើម ដែលធាតុពិត មនុស្សទាំងនោះ សុទ្ធតែធ្វើការបម្រើផលប្រយោជន៍រដ្ឋាភិបាលចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ