អានតួអត្ថបទ

តួកគី​ផ្តន្ទាទោស​សកម្មជន​អង្គការ​Amnesty International​ពីបទ​ធ្វើសកម្មភាព​ភេរវនិយម

សកម្មជន​ការពារ​សិទ្ធិមនុស្ស​តវ៉ា​នៅ មុខ​តុលាការ​ក្រុង​អ៊ិស្តង់ប៊ូល​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​តុលាការ​សម្រេច​ចោទប្រកាន់​សកម្មជន​របស់​អង្គការ​Amnesty <International នៅតួកគី​ថា​បានចូលរួម ជួយ​ក្រុមភេរវនិយម
សកម្មជន​ការពារ​សិទ្ធិមនុស្ស​តវ៉ា​នៅ មុខ​តុលាការ​ក្រុង​អ៊ិស្តង់ប៊ូល​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​តុលាការ​សម្រេច​ចោទប្រកាន់​សកម្មជន​របស់​អង្គការ​Amnesty <International នៅតួកគី​ថា​បានចូលរួម ជួយ​ក្រុមភេរវនិយម AP - Lefteris Pitarakis
ដោយ៖ ឈាង បុប្ផា
1 នាទី

តុលាការ​តួកគី កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​សម្រេច​ផ្តន្ទាទោស សកម្មជន​៤រូប​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ឲ្យ​ជាប់ពន្ធនាគារ ពី ២ ទៅ​៦ឆ្នាំ ក្នុង​បទចោទប្រកាន់​ថា បានធ្វើ​សកម្មភាព​ភេរវនិយម នៅទឹកដី តួកគី។ សកម្មជន​១១រូប របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ត្រូវ​បាន​អាជ្ញាធរ​ចាប់ឃុំខ្លួន តាំង​ពី​ឆ្នាំ​២០១៧ នៅក្នុង​យុទ្ធនាការ​បង្រ្កាប​របស់​រដ្ឋាភិបាល ទៅលើ​អ្នកប្រឆាំង នៅក្រោយ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ មិនបាន​សម្រេច នៅ​ឆ្នាំ ២០១៦។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សវនការ​ដែល ជា​និមិត្តរូប​នៃ​ការដាក់គំនាប​ទៅលើ​អង្គការ​សង្គមស៊ីវិល ចៅក្រម​តួកគី​បាន​សម្រេច​ផ្តន្ទាទោស អតីតប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ប្រចាំ​តួកគី​ឲ្យ​ជាប់ពន្ធនាគារ ៦ឆ្នាំ ៣ខែ ក្នុង​បទចោទប្រកាន់​ថា ជា​សមាជិក​របស់​ក្រុមភេរវនិយម។ ចំណែក​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៣នាក់ទៀត របស់​Amnesty International ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២ឆ្នាំ​១ខែ ក្នុង​បទចោទប្រកាន់​ថា បាន​ជួយ​អង្គការ​ភេរវនិយម។

សកម្មជន​៧រូបផ្សេងទៀត របស់​Amnesty International ដែលនៅក្នុង​នោះ​មានផង​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ និង​ស៊ុយអែត​ម្នាក់ ផ្ទុយទៅវិញ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​រួចផុត​ពី​ការចោទប្រកាន់។

សម្រាប់​តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស ការសម្រេច​របស់​តុលាការ​គឺជារឿង​អាស្រូវមួយ ព្រោះថា ការចោទប្រកាន់​មិនសមហេតុផល គ្មាន​ភស្តុតាង​អ្វីទាំងអស់។

សកម្មជន​ការពារ​សិទ្ធិមនុស្ស​១០​រូប​របស់​អង្គការ​Amnesty International ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅ​ខែ​កក្កដា ឆ្នាំ ២០១៧ ក្នុង​ពេល​ពួកគេ​កំពុង​ចូលរួម​ប្រជុំ​ក្នុង​សិក្ខាសាលា​មួយ នៅ​ឆ្នេរសមុទ្រ​អ៊ីស្តង់ប៊ូល ដែល​ផ្តោតទៅលើ​បញ្ហា​សន្តិសុខ​អ៊ីនធ័រនែត ។ ប៉ុន្តែ នៅក្នុង​បទ​ចោទ​ប្រកាន់ របស់​តុលាការ ពួកគេ​បាន​ចូលរួម​ក្នុង​ការប្រជុំ​សម្ងាត់​សម្រាប់​រៀបចំ​ផែនការ​បះបោរ បង្ក​ចលាចល​នៅ​តួកគី ដោយ​មាន​ការសហការ​ជាមួយ បណ្តាញ​Gülen នៅ​អាមេរិក ដែល​ប្រធានាធិបតី តួកគី ចោទប្រកាន់​ថា ជាអ្នកនៅពីក្រោយ រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ឆ្នាំ ២០១៦។

សាលក្រម ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិមនុស្ស របស់​អង្គការ​Amnesty International ត្រូវ​បាន​ប្រកាសឡើង នៅក្នុង​កាលៈទេសៈ​មួយ ដែល​តួកគី​កំពុង​មាន​បរិយាកាស​តានតឹង សម្រាប់​ក្រុមអង្គការ​សង្គមស៊ីវិល។ ក្រៅតែ​ពី សកម្មជន​ការពារ​សិទ្ធិមនុស្ស គេ​បារម្ភ​ផងដែរ ពី​ជោគវាសនា​របស់​មន្រ្តីរដ្ឋការ ទាហាន ដែល​ត្រូវ​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី អ៊ែដូហ្កាន តាមប្រមាញ់​ចាប់ខ្លួន នៅក្រោយ រដ្ឋ​ប្រហារ​យោធា មិន​បាន​សម្រេច នៅ​ឆ្នាំ ២០១៦។ តាម​អង្គការ​សិទ្ធិមនុស្ស នៅក្រោយ​រដ្ឋប្រហារ​មិន​បានសម្រេច មនុស្ស​ប្រមាណ​៨ម៉ឺននាក់ ដែល​ភាគច្រើន​ជា​កូនទាហាន ត្រូវ​ចាប់ឃុំខ្លួន។ គ្រូបង្រៀន មន្រ្តី​រដ្ឋការ ជាង ១សែន ៥ម៉ឺននាក់ ត្រូវ​បាន​បណ្តេញចេញ ឬ​ព្យួរការងារ ក្នុង​បទ​សង្ស័យថា បាន​ចូលរួម​គាំទ្រ​ឲ្យ​មាន​រដ្ឋប្រហារ​ប្រឆាំង​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន។ ចំណែក​ស្ថាប័ន​កាសែត ជាង ១៨០​ត្រូវ​បាន​អាជ្ញាធរ បញ្ជារ​ឲ្យ​បិទទ្វារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ