អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ប្តូរ​នាយករដ្ឋមន្រ្តី​ដែលមានកូដប្រជាប្រិយ​ខ្ពស់ជាង ​ប្រធានាធិបតី

សំឡេង ០៦:៣៧
ប្រធានាធិបតី​បារាំង និង​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​​នៅក្នុង​ពិធី​រំលឹកថ្ងៃ​ជ័យជំនះ​របស់​បារាំង នៅក្នុង​សង្រ្គាម​លោក​លើកទី​២​
ប្រធានាធិបតី​បារាំង និង​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​​នៅក្នុង​ពិធី​រំលឹកថ្ងៃ​ជ័យជំនះ​របស់​បារាំង នៅក្នុង​សង្រ្គាម​លោក​លើកទី​២​ AP - Christophe Ena
ដោយ៖ ឈាង បុប្ផា
៣៣ នាទី

នាយករដ្ឋមន្រ្តី​បារាំង​លោក​អេឌ័រ ហ្វីលីព ដែលកំពុង​ឡើងកូដប្រជាប្រិយភាព​ខ្លាំង នៅក្នុង​ប្រទេស បាន​ដាក់​ពាក្យ​សុំលាលែង​ចេញ​ពី​មុខតំណែង នៅ​ព្រឹកថ្ងៃ​សុក្រ​ទី​៣​កក្កដា។ វិមាន​ប្រធានាធិបតី​បារាំង បាន​ទទួល​យកសំណើ​សុំលាលែង​តំណែង​របស់​លោក​អេឌ័រ ហ្វីលីព និង​បាន​តែងតាំង មន្រ្តី​ម្នាក់ ទទួល​បន្ទុក ផែនការ​បើកទីក្រុង ឡើងវិញ នៅក្រោយ កូវីដ ឲ្យ​ចូលកាន់តំណែង​បន្ទាប់ពី​លោក​អេឌ័រ ហ្វីលីព។

ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បារាំង វិមាន​ប្រធានាធិបតី​បាន​ប្រកាស​នៅថ្ងៃ​សុក្រនេះ​ថា លោក​អេឌ័រ ហ្វីលីព នាយករដ្ឋមន្រ្តី​បារាំង ដ៏មាន​ប្រជាប្រិយភាព បាន​ដាក់ពាក្យ​សុំ​លាលែង​ពីមុខតំណែង។ លោក​អេឌ័រ ហ្វីលីព  បាន​ដាក់ពាក្យ សុំ​លាលែង​ពីមុខ​តំណែង​នាយករដ្ឋមន្រ្តី នៅមួយថ្ងៃ​ក្រោយ ដែល​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ក្រុមការងារ​ថ្មី ដែល​លោក​ចង់បាន សម្រាប់​ផ្លូវ​នយោបាយ ថ្មី នៅ​រយៈពេល ២ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក។

លោកអេឌ័រ ហ្វីលីព ដែល​ធ្លាប់​កាន់តែ តំណែង​ជា​ចៅហ្វាយក្រុង អាវ្រ រហូត​ដល់​ឆ្នាំ ២០១៧ ត្រូវ​បាន​លោក​ប្រធានាធិបតី ម៉ាក្រុង ជ្រើសរើស​ឲ្យ​កាន់តំនែង​នាយករដ្ឋមន្រ្តី ៣ឆ្នាំ​មកហើយ។ កាលពី​ថ្ងៃ​ទី ២៨​មិថុនា លោក​អេឌ័រ ហ្វីលីព​ទើប​តែ​ឈ្នះឆ្នោត ធ្វើ​ជា​ចៅហ្វាយក្រុង អាវ្រ។ លោក​ធ្លាប់​និយាយ​ប្រាប់កាសែត​ថ្នាក់តំបន់មួយ ថា លោកនឹង​ត្រលប់​ទៅ កាន់ការងារ​ជា​ចៅហ្វាយក្រុង អាវ្រ​ឲ្យ​បាន​ឆាប់បំផុត បើសិន​ជា​អាច​ទៅរួច។ មួយវិញ លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព សុំលាលែង​ពីមុខ​តំណែង​នៅពេលនេះ គឺ នៅ​ចំពេល​ដែល​លោកប្រធានាធិបតី​បារាំង កំពុង​ត្រៀម​រុះរើ​រដ្ឋាភិបាល នៅ​ពាក់កណ្តាល​អាណត្តិ។ គេអាច​ថា លោក​អេឌ័រ ហ្វីលីព លាលែង​ពីមុខ​តំណែង​នាយករដ្ឋមន្រ្តី នៅពេលនេះ ដើម្បី ត្រៀម​ឲ្យ​លោកប្រធានាធិបតី ជ្រើសរើស​សាជាថ្មី សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ដូច​កាល​ពេល​រុះរើ​រដ្ឋាភិបាល​កាលពី​២​ឆ្នាំមុន។

សូមរំលឹកថា ចាប់តាំង​ពី​ចូល​កាន់​តំណែង នៅ​ឆ្នាំ ២០១៧  លោកប្រធានាធិបតី ម៉ាក្រុង បាន​រុះរើ​រដ្ឋាភិបាល ២ដង​មកហើយ។ នៅពេល រដ្ឋមន្រ្តី ១៧ រូប ត្រូវ​បាន​ផ្លាស់ប្តូរ ចាកចេញពី​រដ្ឋាភិបាល ដោយសារ​ការរុះរើ​រដ្ឋាភិបាល កន្លងមក លោក​អេឌ័រ ហ្វីលីព ត្រូវ​បាន​លោក​ម៉ាក្រុង រក្សា ឲ្យ​ដឹកនាំ​ក្បាល​ម៉ាស៊ីន នៅ​រយៈពេល​៣ឆ្នាំ។ នៅក្នុង​បទសម្ភាសន៍ កាលពី​ពាក់កណ្តាល​ខែ​មិថុនា លោក​អេឌ័រ ហ្វីលីព​បាន​និយាយ​ថា លោក​ចង់​បន្ត​ការងារ ក្នុង​ជួរដ្ឋាភិបាល ជាមួយ​លោក​ប្រធានាធិបតី​ម៉ាក្រុង​រហូត​ដល់​ចប់អាណត្តិ បើទោះជា​លោក​ជាប់ឆ្នោត ​ជា​ចៅហ្វាយក្រុង។

តាម​ការស្ទង់​មតិ កាលពី​ថ្ងៃ​អាទិត្យ ប្រជាជន​បារាំង ៥៥%​អះអាងថា ពួកគេ ចង់​លោក​Edouard Philippe នៅបន្ត​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។ ប្រជាជន​បារាំង ប្រហែល​ជា​ខកចិត្ត ព្រោះថា បើតាមកាសែត​បារាំង លោក​អេឌ័រ ហ្វីលីព​អេឌ័រ ដែល​សុំលាលែង​ពីមុខតំណែង នាយករដ្ឋមន្រ្តី នៅពេលនេះ ទំនងជា​នឹង​មិនត្រូវ​លោក​ម៉ាក្រុង តែងតាំង ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី សាជាថ្មី​នោះទេ។

នៅពេល​នាយករដ្ឋមន្រ្តី​មាន​ប្រជាប្រិយភាព​ជាង​ប្រធានាធិបតី

លោកអេឌ័រ ហ្វីលីព ស្រឡាញ់​ទីក្រុង​អាវ្រ ដែល​លោក​សម្រេច​ឈរ​ឈ្មោះ ទាំង​នៅក្នុង​ពេល​មាន​តំណែង​នាយករដ្ឋមន្រ្តីក្តី ក៏​គេ​ពិបាក​នឹង​ជឿថា លោក​អេឌ័រ ហ្វីលីព សុខចិត្ត​បោះបង់​ចោល​តំណែង នាយករដ្ឋមន្រ្តី ដើម្បី​ត្រលប់​ទៅ​យក​តំណែង​ចៅហ្វាយក្រុង​ដ៏តូចមួយ​នោះដែរ។ លោក​អេឌ័រ ហ្វីលីព​ដាក់​ពាក្យ​សុំ​លាលែង​ពីមុខតំណែង នៅពេលនះ គឺ​អាច​មក​ពីការចង់​បាន​របស់​លោកប្រធានាធិបតី​ម៉ាក្រុង​ច្រើនជាង។

នៅ​ថ្ងៃម្សិលមិញ លោក​ម៉ាក្រុង បាន​និយាយ​សរសើរ ទំនាក់ទំនង​ដ៏ល្អ ប្រកប​ដោយ​ការជឿទុកចិត្ត រវាង​លោក ហើយនិង​លោក​នាយករដ្ឋមន្រ្តី អេឌ័រ ហ្វីលីព ក្នុងការងារ​ចាត់ចែង​វិបត្តិ​លើកនេះ ប៉ុន្តែ លោក​អេឌ័រ ហ្វីលីព សុំលាលែង​ពីមុខ​តំណែង​នាយករដ្ឋមន្រ្តី​នេះ ក៏ជា​ការចង់បាន​របស់​លោកម៉ាក្រុងដែរ ព្រោះថា លោកម៉ាក្រុង  ប្រាកដ​ជា​មិន​ចង់​ទុក នាយករដ្ឋមន្រ្តី​ដែល​មាន​កូដប្រជាប្រិយភាព ខ្ពស់​ជាងលោក ឲ្យ​បន្ត​ធ្វើការ​ក្បែរ​លោកដែរ។

លោកអេឌ័រ ហ្វីលីព ទទួលបាន​ប្រជាប្រិយភាពខ្លាំង ចាប់តាំង​ពី​កើតមាន​វិបត្តិកូវីដ។ ជា​នាយករដ្ឋមន្រ្តី​ដែល​មានចិត្ត​ត្រជាក់ សុភាពរាបសារ ស្មោះត្រង់ និង​ហ៊ាន និយាយ​ការពិត ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​ប្រជាជន​បារាំង នៅក្នុងអំឡុង​កូវីដ លោក​អេឌ័រ ហ្វីលីព បាន​ទទួល​ការកោតសរសើរ មិនថា ទាំងប្រជាជន និង គណបក្ស​ប្រឆាំង។ កន្លងមក​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាមថា លោក​អេឌ័រ ហ្វីលីព ធ្លាប់​តានតឹង និយាយ​មិនចុះសម្រុង​គ្នា​ជាមួយ លោក​ប្រធានាធិបតី​ម៉ាក្រុង។ លោកម៉ាក្រុង ចង់​ប្រញាប់​បើកទីក្រុង​ឡើងវិញ ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តី ហ្វីលីព ឯណោះវិញ ដែល​ព្រមាន​ពីគ្រោះថ្នាក់​ឆ្លងរាលដាល​កូវីដ មិន​យល់ស្រប​ឲ្យ​គេ​ប្រញាប់​បើក​ទីក្រុង​ឡើងវិញនោះទេ។ ការគិតគូរ ខ្វាយខ្វល់​ពី​បញ្ហា​សុខភាព របស់​ប្រជាជន ធ្វើ​ឲ្យ​កូដប្រជាប្រិយភាព​របស់​លោក​អេឌ័រ ហ្វីលីព ឡើង​ខ្ពស់ដាច់ឆ្ងាយ​ជាង លោកម៉ាក្រុង ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៩ ក្នុង​ចំណោម​បុគ្គល​មាន​មុខមាត់ ៣៥​រូប​នៅបារាំង។

ដោយដក នាយករដ្ឋមន្រ្តី ដែលមាន​ប្រជាប្រិយភាព​ជាងខ្លួន លោក​ម៉ាក្រុង អះអាង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា លោក​ចង់ផ្តើម​ផ្លូវន​យោបាយ​ថ្មី ជាមួយ​ក្រុមថ្មី ដែល​មកពី​គ្រប់​និន្នាការ​នយោបាយ។

ប្រធានាធិបតី​បារាំង​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី ដែល​យល់កាលៈទេសៈ​ច្រើន​ជាង​លោក​អេឌ័រ ហ្វីលីព

វិមាន​ប្រធានាធិបតី​បារាំង បាន​ប្រកាស​ឈ្មោះ​នាយករដ្ឋមន្រ្តី​បារាំង ថ្មី គឺលោក Jean Castex ដែល​ជា​ចៅហ្វាយក្រុង តូចមួយ នៅ​ភាគខាងត្បូង​បារាំង។ មកពី​គណបក្ស​ស្តាំនិយម ដែលមិនមែន​ជា​គណបក្ស​របស់​លោកម៉ាក្រុង​ទេនោះ លោក​Jean Castex ជាមនុស្សស្និទ្ធ​នឹង​អតីតប្រធានាធិបតី បារាំងនីកូឡា សាកូហ្សី។

ថ្មីៗនេះ លោកJean Castex ទើបត្រូវ​បាន​លោកម៉ាក្រុង ជ្រើសតាំង​ឲ្យ​ទទួលបន្ទុក សំណុំរឿង​បើកទីក្រុង បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ នៅក្រោយ បិទខ្ទប់​អស់​២ខែ​ដោយសារ​វិបត្តិកូវីដ។

តាមការពន្យល់​របស់​វិមានប្រធានាធិបតី លោក​Jean Castex ជា​អ្នកនយោបាយ​ដែលយល់ដឹង ស្ថានភាព ជាក់ស្តែង ដែល​អាច​មាន​សមត្ថភាព អនុវត្ត​គោលនយោបាយ ក្រោយ វិបត្តិ​កូវីដ  ដែល​លោកប្រធានាធិបតី​ម៉ាក្រុង បាន​ដៅទុក សម្រាប់​រយៈពេល​២ឆ្នាំចុងក្រោយ​នៃ​អាណត្តិ​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ