អានតួអត្ថបទ
អឺរ៉ុប Covid-១៩

ក្រុមអ្នកជំនាញ៖វិបត្តិជំងឺកូវីដ-១៩ បានពង្រឹងតួនាទីរបស់រដ្ឋ និងអាចពង្រឹងអឺរ៉ុបឲ្យសាមគ្គីគ្នាជាងមុន

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថ្លែង​ទៅកាន់សិក្ខាសាលាស្តីពីសេដ្ឋកិច្ចរៀបចំក្នុងទីក្រុងប៉ារីសតាម Video conference ថ្ងៃទី៤ កក្កដា ២០២០
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថ្លែង​ទៅកាន់សិក្ខាសាលាស្តីពីសេដ្ឋកិច្ចរៀបចំក្នុងទីក្រុងប៉ារីសតាម Video conference ថ្ងៃទី៤ កក្កដា ២០២០ AFP - FRANCISCO SECO
1 នាទី

នៅ​ថ្ងៃ​សៅរ៍ ទី៤ កក្កដា សិក្ខារសាលាស្តីពី​សេដ្ឋកិច្ច​បាន​រៀបចំ​តាម Video conference ក្នុង​ទីក្រុង​ប៉ារីស។ សិក្ខាសាលា​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប​ជា​ច្រើន និង​ក្រុម​អ្នកជំនាញ។ ក្រុមអ្នកជំនាញ​បាន​លើក​ឡើង​ពី​តួនាទី​យ៉ាង​សំខាន់​របស់​រដ្ឋ​ដែល​ជា​អ្នក​ការពារ​ពលរដ្ឋ​នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ តាម​ក្រុមអ្នកជំនាញ​ដដែល វិបត្តិ​សុខភាព​មួយ​នេះ​បាន​ពង្រឹង​តួនាទី​របស់​តរដ្ឋ និង​អាច​ពង្រឹង​អឺរ៉ុប​ឲ្យ​មាន​ការ​រួម​សាមគ្គី​គ្នា​ជាង​មុន។ គួរ​រម្លឹក​ថា វិធានការ​យ៉ាង​ឆាប់​រហ័ស​របស់​ធនាគារកណ្តាល​អឺរ៉ុប​នៅ​ក្នុង​វិបត្តិ​កូវីដ-១៩ បាន​អនុញ្ញាត​ឲ្យ​អឺរ៉ុប​ចៀសផុត​ពី​កំហុស​ឆ្គង​ច្រំដែល​ស្តីពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ២០០៩។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​គ្រប់​ប្រទេស​ក្នុង​លោក និយាយ​ជា​រួម និង​សម្រាប់​ប្រទេស​នៅ​អឺរ៉ុប និយាយ​ដោយឡែក វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ជា​វិញ្ញាសារ​ថ្មី​មួយ​ដើម្បី​វាស់ស្ទង់​ពី​កម្រិត​វិធានការ និង​ប្រសិទ្ធិភាព​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ក្នុង​ការ​ការពារ​ពលរដ្ឋ​របស់​ខ្លួន។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​គ្រប់​រូប​លើ​សកលលោក​មាន​ការ​ភា្ញក់​ដឹង​ខ្លួន​ខ្លាំង​នៅ​ក្នុង​វិបត្តិ​កូវីដ-១៩ គឺ​សារៈសំខាន់​នៃ​ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ បន្ទាប់​មក គឺ​តួនាទី​របស់​រដ្ឋ​ក្នុង​ការ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​ខ្លួន​តាម​គ្រប់​មធ្យោបាយ ទោះ​ត្រូវ​បង់​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ។ ជាក់ស្តែង​នៅ​អឺរ៉ុប ប្រទេស​សមាជិក​នីមួយៗ​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក៏​ដូច​ជា​ការ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច។

ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប ពិសេស​ធនាគារកណ្តាល​អឺរ៉ុប​ក៏​បាន​រួម​ចំណែក​ជួយ​ប្រទេស​សមាជិក​នីមួយៗ​ដោយ​ផ្តល់​សាច់ប្រាក់ និង​រក្សា​អត្រា​ការប្រាក់​ទាប។ គួរ​បញ្ជាក់​ថា​នៅ​ពេល​ដែល​ជំងឺ​កូវីដ-១៩ បាន​ចូល​ដល់​ទឹកដី​អឺរ៉ុប​ដំបូង គេ​នាំ​គ្នា​និយាយ​ថា​អឺរ៉ុប​គ្មាន​សមត្ថភាព​រួម​ដៃ​គ្នា​ដើម្បី​ទប់​ស្កាត់​ទេ។ ប្រទេស​អឺរ៉ុប​នីមួយៗ​ហាក់​បាន​ចាត់​វិធានការ​រៀងៗ​ខ្លួន ហើយ​ជា​លើកទី១ ដែល​គេ​បាន​ឃើញ​ប្រទេស​អឺរ៉ុប​បិទព្រំដែន​រវាង​គ្នា ដូច​ករណី​រវាង​បារាំង និង​អាល្លឺម៉ង់។ តែ​បន្តិច​ម្តងៗ និង​ដោយ​សម្លឹង​ឃើញ​ពី​ហានិភ័យ​នៃ​ការ​បែកបាក់​ផ្ទៃក្នុង ប្រទេស​សមាជិក​នីមួយៗ និង​គ្រប់​ស្ថាប័ន​បាន​ផ្តើម​បញ្ចេញ​សកម្មភាព​ដើម្បី​រួម​សាមគ្គី​គ្នា។

នៅ​ក្នុង​សារ Video ថ្លែង​ទៅ​កាន់​សិក្ខាសាលា​ស្តីពី​សេដ្ឋកិច្ច​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស​តាម Video conference ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​បញ្ជាក់​ដោយ​សុទិដ្ឋនិយម​ថា អឺរ៉ុប​នឹង​ងើប​ផុត​ពី​វិបត្តិ​ដោយ​មាន​ភាព​សាមគ្គី​គ្នា​ខ្លាំង​ជាង​មុន​ផ្ទុះ​វិបត្តិ​កូវីដ-១៩។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​វិបត្តិ​កូវីដ-១៩ ធនាគារកណ្តាល​អឺរ៉ុប​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ពោល​មិន​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ២០០៩ ដែល​មាន​ការ​យឺតយ៉ាវ និង​អល់អែក​ខ្លាំង។ បន្ទាប់​មក ប្រទេស​សមាជិក​អឺរ៉ុប​ក៏​កំពុង​បន្ត​ចរចា​គ្នា​លើ​ផែនការ​ផ្តល់សន្ទុះ​មួយ​ដែល​មាន​ទឹកប្រាក់ ៧៥០ ០០០លាន​អឺរ៉ូ។ សម្រាប់​លោកស្រី Leyen ផែនការ​ផ្តល់សន្ទុះ​មួយ​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ប្រវត្តិ​សហភាព​អឺរ៉ុប ជា​ខ្យល់ដង្ហើម​ថ្មី ជា​កម្លាំងចិត្ត​ថ្មី និង​ជា​ការ​រួបរួម​ថ្មី​របស់​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ