អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូវីដ-១៩៖សេដ្ឋវិទូ អ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំនយោបាយអំពាវនាវឲ្យកាត់បន្ថយគម្លាតវិសមភាពក្នុងលោក

សំឡេង ០៥:១០
សេដ្ឋវិទូ អ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំនយោបាយអំពាវនាវឲ្យកាត់បន្ថយគម្លាតវិសមភាពក្នុងលោកនៅក្រោយវិបត្តិកូវីដ-១៩
សេដ្ឋវិទូ អ្នកស្រាវជ្រាវ និងថ្នាក់ដឹកនាំនយោបាយអំពាវនាវឲ្យកាត់បន្ថយគម្លាតវិសមភាពក្នុងលោកនៅក្រោយវិបត្តិកូវីដ-១៩ AFP - HANDOUT

នៅ​ក្នុង​ជំនួប​តាម video conference នា​ចុង​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រុម​សេដ្ឋវិទូ អ្នកស្រាវជ្រាវ និង​បណ្តា​ថ្នាក់ដឹកនាំ​នយោបាយ​បាន​ទាញសញ្ញា​អាសន្ន​ថា វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​គម្លាត​វិសមភាព​ដែល​មាន​ស្រាប់​រឹតតែ​មាន​គម្លាត​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ គម្លាត​វិសមភាព​កាន់​តែ​ខ្លាំង​នេះ​បាន​កើត​មាន​នៅ​ទូទាំងពិភពលោក រួម​ទាំង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផង​ដែរ។ ក្រុម​សេដ្ឋវិទូ និង​បណ្តា​ថ្នាក់ដឹកនាំនយោបាយ​យល់​ថា កាត់​បន្ថយ​គម្លាត​វិសមភាព​គឺ​ជា​ប្រធានបទ​អាទិភាព​សម្រាប់​ពិភពលោក​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ដែល​ពិភពលោក​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ហើយ​បើ​ទោះ​បី​ជា​នៅ​ពេល​នេះ​មាន​ប្រទេស​ខ្លះ​ហាក់​មាន​ស្ថានភាព​ធូរស្រាល​ជាង​ប្រទេស​ខ្លះ​ទៀត​ក៏​ដោយ​ក៏​វិបត្តិ​មួយ​នេះ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​ដែរ។ លើស​ពី​នេះ និង​អ្វី​ដែល​ក្តីបារម្ភ​ហាក់​ផ្តើម​កក្រើក​​ឡើង​វិញ គឺ​រលក​ឆ្លង​លើកទី២ ដែល​អាច​ធ្ងន់ធ្ងរ​ជាង​លើកទី១។ ផលវិបាក​ដែល​បាន និង​កំពុង​បន្ត​កើត​ចេញ​ពី​វិបត្តិ​កូវីដ-១៩ មាន​ច្រើន ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​សង្គម។ គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក មិន​ថា​ប្រទេស​អភិវឌ្ឍ ឬ​ប្រទេស​កំពុង​អភិវឌ្ឍ​ទេ វិបត្តិ​កូវីដ-១៩ ជា​វិញ្ញាសារ​មួយ​ដើម្បី​វាស់​ពី​កម្រិត​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ។

សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​នេះ​ទៀត​សោត​មិន​សំដៅ​តែ​លើ​ការ​ទប់ស្កាត់​ការ​ឆ្លងរាលដាល និង​ជួយ​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​រួច​ពី​ក្រញាំ​កូវីដ-១៩ ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​ពី​ដំណោះស្រាយ​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩ ដែល​មាន​ច្រើន​រាប់​មិន​អស់។ សម្រាប់​ក្រុម​សេដ្ឋវិទូ អ្នកស្រាវជ្រាវ និង​បណ្តា​ថ្នាក់ដឹកនាំ​នយោបាយ​ដែល​បាន​រួម​ប្រជុំ​គ្នា​តាម video conference នា​ចុង​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​ប៉ារីស អាទិភាព​ជា​ចម្បង​សម្រាប់​ពិភពលោក​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩ គឺ​កាត់​បន្ថយ​គម្លាត​វិសមភាព​ដែល​កំពុង​មាន​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សម័យ​កូវីដ-១៩។ សេដ្ឋវិទូ​បារាំង​លោក Pierre Dockes បាន​គូសបញ្ជាក់​ថា វិបត្តិ​កូវីដ-១៩ បាន​ពន្លឿន​បន្ថែម​នូវ​វិសមភាព​លើ​ពិភពលោក​ដែល​កំពុង​ស្គាល់​វិសមភាព​គួរ​ឲ្យ​កត់សម្គាល់​ស្រាប់។

វិសមភាព​ដែល​គេ​ចង់​និយាយ​នៅ​ទីនេះ គឺ​វិសមភាព​នៃ​ប្រព័ន្ធ​សុខាភិបាល វិសមភាព​នៃ​វិស័យ​ការងារ ឬ​មួយ​ក៏​វិសមភាព​នៃ​កម្រិត​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ។ តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្រុម​គ្រូពេទ្យ និង​ក្រុម​អ្នកជំនាញ​ជំងឺ​ឆ្លង​បាន​សម្គាល់​ឃើញ​ថា មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ​ដូច​ជា​ទឹកនោមផ្អែម ធាត់ចុកខ្លាញ់ ឬ​បេះដូង​ច្រើន​ជា​មនុស្ស​ងាយ​រងគ្រោះ​នឹង​កូវីដ-១៩ ហើយ​មនុស្ស​ប្រភេទ​នេះ​ច្រើន​ស្ថិត​ក្នុង​ចំណោម​អ្នកក្រីក្រ​រស់​ក្នុង​ប្រទេស​អភិវឌ្ឍ។ បន្ទាប់​មក គឺ​ក្រុម​មនុស្ស​ដែល​ធ្វើ​ការងារ​មិន​សូវជំនាញ ដូច​ជា​ការងារ​នៅ​តាម​ផ្សារលក់ចំណីអាហារ នៅ​តាម​ឃ្លាំងស្តុកទំនិញ​លក់​តាម​អ៊ីធ័រនែត ឬ​មួយ​ក៏​ការងារ​ផ្នែក​សេវា​សុខភាព​ជាដើម។

តាម​លោក​ម៉ាក ស្តាប៊ីល​ដែល​ជា​អ្នក​ស្រាវជ្រាវ និង​ជា​អ្នកជំនាញ​ខាង​វិសមភាព ក្រុម​មនុស្ស​ប្រភេទ​នេះ​បាន​បន្ត​ធ្វើ​ការងារ ទោះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កូវីដ-១៩​ក៏​ដោយ ហើយ​ពួក​គេ​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ដែល​មាន​ជីវភាព​ទាប។ ចំណែក​ជ័យលាភី​រង្វាន់ណូបែលសន្តិភាព​ជនជាតិ​អេហ្ស៊ីប​លោក​ម៉ូហាម៉េដ អ៊ែលបារ៉ាដាយ​បាន​លើក​ឡើង​ចំៗ​ដោយ​មិន​លាក់លៀម​ថា ចំនួន​អ្នកក្រ​បាន​បាត់បង់​ជីវិត​ក៏​ដោយសារ​តែ​ពួក​គេ​មិន​បាន​ទទួល​សេវា​សុខភាព ដោយសារ​តែ​ពួក​គេ​មិន​អាច​គោរព​គម្លាត​សុវត្ថិភាព​បាន ព្រោះ​ទីកន្លែង​រស់នៅ​តូចចង្អៀត​មាន​មនុស្ស​ច្រើន និង​ដោយសារ​តែ​ពួក​គេ​ត្រូវ​បន្ត​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង និង​ចិញ្ចម​គ្រួសារ ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង។

នៅ​ត្រង់​ចំណុច​នេះ សេដ្ឋវិទូ​បារាំង​លោក Pierre Dockes បាន​លើក​ករណី​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល​ដែល​នយោបាយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ថ្នាក់មធ្យម​ឲ្យ​ទាន់​នឹង​បណ្តា​ប្រទេស​បស្ចិមលោក​អាច​ស្គាល់​ការ​រាំងស្ទះ​ដោយ​វិបត្តិ​កូវីដ-១៩។ « វាច្បាស់ណាស់ថា យើងនឹងមានកំណើនវិសមភាព » នេះ​ជា​ការ​ព្រមាន​របស់​ប្រមុខ​ធនាគារកណ្តាល​អឺរ៉ុប​លោកស្រី​គ្រីស្ទីន ឡាហ្កាដ។ ក្រៅ​ពី​វិសមភាព​ផ្នែក​ប្រព័ន្ធ​សុខាភិបាល ការងារ ឬ​កម្រិត​ជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ សេដ្ឋវិទូ​អ៊ីតាលី​លោក​អ៊ែលសា ហ្វរនេរ៉ូ​បាន​លើក​ឡើង​នូវ​វិសមភាព​មួយ​ទៀត​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ-១៩ និង​ដែល​គេ​មិន​ត្រូវ​មើល​រំលងបាន​ទេ នោះ​គឺ​វិសមភាព​រវាង​ជំនាន់​មនុស្សវ័យចំណាស់ និង​វ័យក្មេង។

តាម​លោក​ហ្វរនេរ៉ូ បើ​មនុស្សវ័យចំណាស់​បាន​បង់​ជីវិត​ច្រើន​ជាង​គេ​ដោយ​ជំងឺ​កូវីដ-១៩ ផលវិបាក​សេដ្ឋកិច្ច និង​វិធានការ​បិទខ្ទប់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ ពិសេស​ការ​បិទសាលារៀន​បាន​ជះ​ផលវិបាក​យូរ​អង្វែង​ចំពោះ​មនុស្សជំនាន់ក្រោយ។ លទ្ធផល​នៃ​ការ​សិក្សា​មួយ​នៅ​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បង្ហាញ​ថា ក្រុម​យុវជន​ដែល​ពិបាក​រក​ការងារ​ធ្វើ​ក្នុង​ពេល​មាន​វិបត្តិ​មិន​អាច​ត្រឡប់​ក្រោយ​ដើម្បី​ចាប់​យក​ភាព​យឺតយ៉ាវ​ដែល​បាន​ខកខាន​មិន​បាន​ធ្វើ​នោះ​ទេ ឬ​និយាយ​បែប​ផ្សេង ពេល​វេលា​ដែល​កន្លង​ផុត​ទៅ​មិន​អាច​យក​ត្រឡប់​វិញ​បាន​ឡើយ។ តាម​ក្រុម​អ្នកជំនាញ ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩ ជា​រឿង​ដែល​ត្រូវ​ធ្វើ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​កាត់​បន្ថយ​គម្លាត​វិសមភាព​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ