អានតួអត្ថបទ
សហរដ្ឋអាមេរិក បារាំង

​ បារាំង​អំពាវនាវ​រក​ការ​ចរចាក្នុង​ក្របខណ្ឌ​OCDE ក្រោយ​អាមេរិក​​​ដំឡើង​ពន្ធ​​លើ​​ទំនិញ​​បារាំង

Google Apple Facebook Amazon ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់អាមេរិក
Google Apple Facebook Amazon ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់អាមេរិក REUTERS
ដោយ៖ ម៉ម ពិសី
4 នាទី

កាលពីថ្ងៃសុក្រទី១០មិថុនាកន្លងទៅ រដ្ឋាភិបាល​សហរដ្ឋអាេមរិក បានប្រកាសដំឡើងពន្ធលើទំនិញបារាំង ដែលគិតជាទឹកប្រាក់ប្រមាណ​១៣០០លានដុល្លារ។ ការដំឡើងពន្ធលើទំនិញបារាំង​នេះ គឺជាវិធានការសងសិក របស់រដ្ឋាភិបាលអាមេរិក មកលើរដ្ឋាភិបាលបារាំង ដែលបានធ្វើច្បាប់យកពន្ធពីលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ដែលប្រមូលប្រាក់ចំណូលនៅក្នុងប្រទេសបារាំង។ ឆ្លើយតប​នឹងការសងសិកនេះ បារាំងបានអំពាវនាវ ឲ្យ​មាន​ការចរចា ស្រុះស្រួលគ្នា នៅក្របខណ្ឌ នៃអង្គការសហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហៅកាត់ថា OCDE។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាេមរិក បានសម្រេចដំឡើងពន្ធ បន្ថែមចំនួន​២៥% ទៅលើមុខទំនិញមួយចំនួន​របស់បារាំង មានដូចជា​ផលិតផលគ្រឿងសំអាង និង កាបូបយួរដៃ ដែលគិតជាទឹកប្រាក់សរុប ប្រមាណ​ជា​១៣០០លានដុល្លារ។ ខុសពីអ្វី ដែលលោកដូណាល់ ត្រាំធ្លាប់បានគំរាម អត្រាពន្ធថ្មីនេះ មិនប៉ះពាល់ទៅលើផលិតផល​នាំចេញ​សំខាន់ៗផ្សេងទៀត របស់បារាំង​ ដូចជាស្រាឆំប៉ាញ និង​ ហ្វ្រូម៉ាស ទេ។ ដោយលែក អត្រាពន្ធដាថ្មីនេះ មិនទាន់ចូលជាធរមាន​ភ្លាមទេ ដោយត្រូវរងចាំ៦ខែទៀត។ ប្រការ​នេះ ហាក់មានន័យថា រដ្ឋាភិបាលអាមេរិក មានបំណងទុកផ្លូវចរចា ជាមួយ​នឹងរដ្ឋាភិបាលបារាំង។

ប្រភពស្និទនឹងខុទ្ទការល័យលោករដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ចបារាំង បាន​អះអាងថា នៅថ្ងៃសៅរ៍ទី​១១កក្កដា លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានទូរស័ព្ទនិយាយគ្នាជាច្រើនម៉ោង ជាមួយ​នឹង​លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាមេរិក ព្រមទាំង​ជាមួយមន្ត្រីអាមេរិក​ ទទួលបន្ទុកការចរចាពាណិជ្ជកម្ម។ តែខ្លឹមសារនៃការនិយាយគ្នាយ៉ាងណា គឺគេមិនបានទំលាយ​ឲ្យ​ដឹងទេ។

សូមរំលឹកថា បារាំង និងសហរដ្ឋអាេមរិក ស្ថិតក្នុងស្ថានភាពគំរាមគ្នាទៅវិញទៅមកក្នុងវិស័យពន្ធដា​នេះ ប្រមាណ​១ឆ្នាំហើយ។ ​នៅខែកក្កដាឆ្នាំ២០១៩ សភាបារាំង បានបោះឆ្នោតអនុម័តលើសេច​ក្តីព្រាងច្បាប់ សំដៅ​រិតបន្តឹងការប្រមូលពន្ធ ពីក្រុមហ៊ុន​បច្ចេកវិទ្យាធំៗទាំងអស់ ដែល​រកស៊ីកើបប្រាក់ចំណេញ​បានក្នុងប្រទេសបារាំង។ ដោយក្រុមហ៊ុ​នបច្ចេកវិទ្យាធំៗទាំងនោះ មានដូចជាGoogle Apple Facebook Amazon (GAFA) គឺជាសុទ្ធតែជាក្រុមហ៊ុនអាមេរិក រដ្ឋាភិបាលអាមេរិកបានចេញមុខការពារ ដោយចោទថាច្បាប់បារាំង ជាច្បាប់រើសអើង ដោយអយុត្តិធម៌។ ការប្រមូលពន្ធរបស់បារាំងនេះ នឹងចាប់ផ្តើមអនុវត្តនៅដំណាច់ឆ្នាំ២០២០។

គួររំលឹដែរថា នៅរវាងខែតុលា ២០១៩ ភាគីបារាំង និងអាមេរិក បានយល់ព្រមគ្នាចរចា ក្នុងក្របខណ្ឌអង្គការ​សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE។ តែការចរចា បានអាក់ខាន បន្ទាប់ពីវិបត្តិកូវីដ១៩​បានផ្ទុះផ្ទុះឡើង។ ភាគីអាមេរិក បាន​ដកខ្លួន​ចេញ ព្រោះមិនបាន​លទ្ធផលរហ័សដូចចិត្ត។

នៅរសៀលថ្ងៃសៅរ៍ទី​១១កក្កដា លោក Bruno Le Maire​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានអំពាវនាវ ឲ្យ​ភាគីអាមេរិកត្រលប់មករកតុចរចាវិញ។ លោកលើកឡើងថា វិវាទពន្ធដានេះ ត្រូវតែដោះស្រាយ តាមរយៈការចរចាជា​លក្ខណៈអន្តរជាតិ​ ហើយប្រទេសសមាជិក  OCDE សឹងតែទាំងអស់ បានសម្តែងការគាំទ្រចំពោះសំណើរដែលធ្លាប់មានកន្លងមកហើយ។ ប្រសិនបើគ្មានការចរចាណាមួយទេ នៅដំណាច់ឆ្នាំ២០២០នេះ បារាំងនឹងចាប់ផ្តើមអនុវត្តច្បាប់ពន្ធដាថ្មី​ ទៅលើ​ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធ័រណិតទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ