អានតួអត្ថបទ
បារាំង កូវីដ១៩

កូវីដ១៩៖ បារាំង​នឹង​ធ្វើ​តេស្តឈាម​ជា​ស្វ័យប្រវត្តិ​ លើ​អ្នកដំណើរ​មកពី​ប្រទេស​ប្រឈម​ខ្លាំង

បុគ្គលិក​ព្រលានយន្តហោះ Paris Orly កំពុងពិនិត្យសីតុណ្ហភាព​អ្នកដំណើរ។  ថ្ងៃទី ២៦ មិថុនា ២០២០
បុគ្គលិក​ព្រលានយន្តហោះ Paris Orly កំពុងពិនិត្យសីតុណ្ហភាព​អ្នកដំណើរ។ ថ្ងៃទី ២៦ មិថុនា ២០២០ REUTERS - Charles Platiau
ដោយ៖ ម៉ម ពិសី
1 នាទី

បារាំងនឹងធ្វើតេស្តឈាមជាស្វ័យប្រវត្តិ លើអ្នកដំណើរ ដែលមកពីប្រទេសប្រឈមខ្លាំង នៅតាមព្រលាន​យន្តហោះ​បារាំង។ នេះគឺជាការអះអាង របស់​អ្នកនាំពាក្យរដ្ឋាភិបាល​បារាំង នៅតាមកញ្ចក់​ទូរទស្សន៍ នារសៀលថ្ងៃទី​១២កក្កដា។ អាជ្ញាធរសុខាភិបាលបារាំង កំពុងត្រៀមលក្ខណៈ​បង្កាយ៉ាងម៉ដ្ឋចត់ ដើម្បីទប់ទល់នឹងរលកឆ្លងរាលដាលជម្ងឺកូវីដ១៩ ជាថ្មីម្តងទៀត។

ផ្សាយពាណិជ្ជកម្ម

លោក Gabriel Attal អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បានអះអាងថា អាជ្ញាធរសុខាភិបាលបារាំង និងតម្រូវឲ្យ​អ្នកដំណើរទាំងអស់​ ដែលមកពីប្រទេសប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ខ្លាំង គឺត្រូវតែ​ធ្វើតេស្តឈាម ដោយស្វ័យប្រវត្តិនៅព្រលានយន្តហោះ។ អ្នកនាំពាក្យ​ដដែលនេះ​ បន្ថែមថា ការធ្វើតេស្តឈាមរកដានមេរោគកូរ៉ូណាវីរុសថ្មី នឹងត្រូវធ្វើឲ្យ​បានយ៉ាងហោច ២០០០តេស្ត ជារៀងរាល់​ថ្ងៃ។

តែយ៉ាងណា តំណាងរដ្ឋាភិបាល​បារាំង មិនបានបញ្ជាក់ទេ​ថា ប្រតិបត្តិការនេះ នឹងចាប់ផ្តើមនៅថ្ងៃណាឲ្យ​ប្រាកដទេ។ ដោយឡែក អ្នកដំណើរដែលបាន​ធ្វើតេស្តឈាមរួចហើយនៅ​មុនពេលចេញដំណើរមកបារាំង គឺមិនតម្រូវឲ្យ​ធ្វើតេស្តម្តងទៀតទេ បើសិនអ្នកនោះមាន​លិខិតបញ្ជាក់ពីការធ្វើតេស្តនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅ លោក Olivier Véran រដ្ឋមន្ត្រីសុខាភិបាលបារាំង បានលើកឡើងថា លោកកំពុងតែរៀបចំឲ្យ​មានការធ្វើតេស្តតាមរយៈការយកសំណាកធាតុរាវ ពីអ្នកដំណើរដែលមកដល់តាមព្រលានយន្តហោះបារាំង។ តែប្រតិបត្តិការនេះ គឺឈរលើការស្ម័គ្រចិត្តរបស់អ្នកដំណើរ ដោយអាជ្ញាធរមិនអាចបង្ខំបានទេ។ បច្ចុប្បន្ន ប្រតិបត្តិការធ្វ​ើតេស្តចេញលទ្ធផលរហ័ស​នេះ កំពុងតែឆ្លងកាត់ការពិនិត្យវិនិច្ឆ័យរបស់អ្នកជំនាញ​។

យោងតាមក្រិត្យមួយ​ចូលធរមាន នៅថ្ងៃសៅរ៍ទី​១១កក្កដា រដ្ឋាភិបាលបារាំងបានកំណត់ប្រទេសនិងដែនដីមួយចំនួន​ ដែលមិនប្រឈមខ្លាំង ហើយ​មិនស្ថិតក្រោមវិធានការដាក់កំហិតនានាឡើយ។ ក្នុងនោះមានប្រទេសសមាជិកសហភាពអឺរ៉ុប អង់ដ័រ អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង ហ្សកហ្ស៊ី អ៊ីស្លង់ ជប៉ុន លីឆ្តិនឆ្តាញ ម៉ូណាកូ ម៉ុងតេណេក្រូ ម៉ារ៉ុក ន័រវែស ណូវែលសេឡង់ អង់គ្លេស រវ៉ាន់ដា សាំងម៉ារ៉ាំង វ៉ាទីកង់ ស៊ែប៊ី ស្វ៊ីស ថៃ ទុយណេស៊ី និងអ៊ុយរ៉ូហ្កាយ។ ប្រទេសដែលមិនមានឈ្មោះក្នុងចំណោមនេះ គឺមានន័យថា ជាប្រទេសដែលបារាំងចាត់ទុកថា ប្រឈមខ្លាំងនឹងការឆ្លងរាលដាលកូវីដ១៩។

សូមបញ្ជាក់ថា អាជ្ញាធរបារាំង កំពុងព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពដែលអាចផ្ទុះរលកឆ្លងរាលដាលខ្លាំងសារជាថ្មី បន្ទាប់ពីបើកប្រទេសឲ្យដំណើរការធម្មតាឡើងវិញ។ នៅថ្ងៃអាទិត្យ​ទី១២កក្កដា លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង ដែលទើបតែឡើងកាន់តំណែង បានធ្វើដំណើរទៅដល់តំបន់ហ្គោយ៉ាន ដែលជាដែនដីនាយសមុទ្ររបស់បារាំង ហើយជាទីដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលគួរឲ្យ​បារម្ភបំផុត។ ក្រុមគ្រូពេទ្យមួយចំនួន​បានរួមគ្នា អំពាវនាវទៅរដ្ឋាភិបាល​បារាំង​ ថាត្រូវតែដាក់កំហិត ឲ្យ​មនុស្សពាក់ម៉ាសឲ្យខាងតែបាន នៅតាមទីសាធារណៈ ឬទីកន្លែង​បិទជិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ