បារាំងប្រឈមនឹងហានិភ័យផ្ទុះការរាតត្បាតរបស់កូវីដ១៩ ជាថ្មី ?
ចុះផ្សាយនៅថ្ងៃ៖
កូវីដ១៩ កំពុងបន្តចម្លងរាតត្បាតយ៉ាងលឿននៅ អាមេរិកនិងអាមេរិកឡាទីន។ ម៉ិចស៊ិកបានក្លាយជាប្រទេសទីបួន ដោយមានចំនួនអ្នកសា្លប់ឡើងដល់ជាង៣៥០០០នាក់ គិតត្រឹមថ្ងៃអាទិត្យទី ១២កក្កដា២០២០ (អាមេរិក១៣៤៧២៩នាក់ ប្រេស៊ីល ៧០៣៩៨នាក់ និងអង់គ្លេស៤៤៧៩៨នាក់) ។ ចំណែកនៅទ្វីបអឺរ៉ុបដែលរងគ្រោះខ្លាំងជាងគេ ដោយមានស្លាប់សរុបដល់ជាង២០ម៉ឺននាក់វិញ ស្ថានភាពបានប្រសើរមែន ប៉ុន្តែករណីឆ្លងថ្មីហាក់ចាប់កំរើកឡើងវិញ។ ការព្រួយបារម្ភខ្លាចមានផ្ទុះកូវីដ១៩រលកទីពីរមានកាន់តែខ្លាំងឡើងៗ។ ក្រុមគ្រូពេទ្យ និងអ្នកជំនាញបារាំង បានអំពាវនាវជាថ្មី ឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ ជាដាច់ខាតនៅតាមទីសាធារណៈ និង រក្សាគម្លាតសុវត្ថិភាពសុខភាព ព្រមទាំងលាងដៃសម្អាតឱ្យញឹកញាប់។
បន្ទាប់ពីបានស្គាល់ភាពស្ងប់ស្ងាត់ និងបើកប្រទេសឡើងវិញ មិនទាន់បានស្រួលបួលផង ស្រាប់តែសម្រែកអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន បានលាន់ឮឡើងជាថ្មី ដាស់ប្រជាពលរដ្ឋដែលហាក់ដូចជាចាប់ផ្តើមភ្លេចខ្លួន ភ្លេចទុក្ខសោកមរណៈបង្កឡើងដោយកូវីដ និងការបិទបង្ឃាំងរយៈពេលជាងពីរខែនោះបាត់ទៅហើយ។ គ្រាន់តែបើកទូលាយប្រទេសឱ្យមានសកម្មភាពជាធម្មតាឡើងវិញបន្តិច គេសង្កេតឃើញចំនួនអ្នកឆ្លងថ្មីចាប់ផ្តើមកំរើកកើនឡើង ព្រមទាំងសញ្ញាផ្សេងទៀតកាន់តែច្រើនឡើងដែលជាហេតុនាំឱ្យមានការភ័យខ្លាចថាបារាំងអាចនឹងជួបការរាតត្បាតកូវីដ១៩រលកទីពីរ នៅរដូវត្រជាក់ខាងមុខ។
អត្រាចម្លងកើនឡើង
អ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភនឹងអត្រាចម្លង (សមត្ថភាពចម្លងជាមធ្យមរបស់វីរុស) ឬសម្គាល់តាមបែបបច្ចេកទេស ដោយពាក្យ R។ នៅមុខពេលបិទខ្ទប់កាលពីពាក់កណ្តាលខែមីនា អត្រាចម្លង R នៅទូទាំងប្រទេសមានកំរិត ៣,៣ ពោលគឺអ្នកផ្ទុកវីរុសម្នាក់អាចចម្លងទៅមនុស្សជាងបីនាក់ផ្សេងទៀតជាមធ្យម។ ដោយសារការបិទខ្ទប់អត្រាចម្លងនេះបានធ្លាក់ចុះ មកត្រឹមតែ (០,៧) មិនដល់មួយនាក់ទេ។ តែឥលូវ អត្រាចម្លង Rនេះបានឡើងដល់ ១,០៥ បានន័យអ្នកផ្ទុកវីរុសម្នាក់ អាចចម្លងទៅមនុស្សជាងម្នាក់ផ្សេងទៀតជាមធ្យម។ ជាកំរិតចម្លងស្មើនឹងការចម្លងកាលពីថ្ងៃទី៥-៦មីនា២០២០។ និយាយបែបនេះមិនមែនថា កន្លះខែក្រោយបារាំងនឹងមានស្ថានភាពធ្លាក់ធ្ងន់ធ្ងរខ្លាំងដូចខែមីនាទេ។ ស្ថានភាពពេលនេះមិនដូចគ្នាពេលមុនទេ។
ជាទូទៅ តាមនិយមន័យ បើអត្រាចម្លង Rក្រោម ១ នោះការជំងឺចាប់ថយ។ បើR=១ វីរុសកំពុងបន្តសកម្មភាពចម្លង និងបើ R=២ ជាសាយភាយរាតត្បាត។
យុវវ័យកត្តាចម្លងថ្មី
នៅពេលនេះ តំបន់នៅភាគខាងកើតប្រទេសបារាំងដែលធ្លាប់រងគ្រោះកូវីដ១៩ខ្លាំង កាលពីខែមីនា-មេសា-ឧសភា មានអត្រាចម្លងទាបជាងគេបំផុត។ ផ្ទុយទៅវិញ តំបន់ប៉ែកខាងលិច តំបន់ប៉ែកខាងត្បូង ដែលពុំសូវរងការរាតត្បាតខ្លាំង ក្នុងពេលបិទខ្ទប់ប្រទេស កំពុងមានកំណើនគួរឱ្យព្រួយបារម្ភ វីរុសមានសកម្មភាពខ្លាំង។ ដែនដីបារាំងដែលកំពុងប្រឈមខ្លាំងជាងគេ គឺនៅតំបន់ឯនាយសមុទ្ទ ហ្គីយ៉ាន ព្រោះមានព្រំដែនជាប់នឹងប្រេស៊ីល ប្រទេសរងគ្រោះខ្លាំងជាងគេបំផុតប្រចាំតំបន់អាមេរិកឡាទីន និងទីពីរលំដាប់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។
ខុសពីលើកមុន ពេលនេះករណីចម្លងថ្មីច្រើនតែកើតមានលើពលរដ្ឋវ័យក្មេង ជាយុវវ័យ និងពុំសូវមានករណីធ្ងន់ធ្ងរត្រូវការការព្យាបាលនៅមន្ទីរពេទ្យទេ ប៉ុន្តែក្មេងមានផ្ទុកវីរុសជាកត្តាដែលមិនយូរមិនឆាប់នឹងជំរុញការឆ្លងរាតដាលទៅមនុស្សចាស់ និងអ្នកមានសុខភាពមិនសូវល្អ។
ចំណុចដ៏គួរឱ្យព្រួយបារម្ភមួយទៀតគឺ បើតាមទិន្នន័យ អ្នកមានរោគសញ្ញាសង្ស័យកូវីដ១៩ តែ១៧%ប៉ុណ្ណោះ បានទទួលវេជ្ជបញ្ជាទៅធ្វើតេស្តមើលកូវីដ។ ដូច្នេះចំនួនអ្នកឆ្លង និងកំណើនករណីកូវីដ ទំនងជាច្រើនជាងតួលេខពិត។ សកម្មភាពរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក៏ចាប់ផ្តើមប្រញឹកជាមុនខ្លាំង សំឡេងទូរស័ព្ទហៅពេទ្យមកជួយព្រោះបញ្ហាកូវីដបានកើនឡើងមួយជាបី រវាងពីខែមិថុនា និងខែកក្កដានេះ។
ពាក់ម៉ាស់នៅកន្លែងបិទជិត
ក្រុមគ្រូពេទ្យមានឈ្មោះបោះសំលេង និងក្រុមអ្នកជំនាញសុខភាពជាច្រើន យល់ថាបារាំងត្រូវចាត់វិធានការ កាត់ផ្តាច់ការចម្លងវីរុសកូរ៉ូណាថ្មីឱ្យបាននៅដំណាក់កាលនេះ បើបារាំងមិនចង់ជួបរលករាតត្បាតកូវីដជាលើកទីពីរ នៅពេលខាងមុខ។ បើចាំដល់ពេលមានករណីចូលព្យាបាលនៅមន្ទីរពេទ្យ នោះប្រទេសនឹងត្រូវជួបហានិភ័យជាថ្មី។
សម្រាប់ក្រុមអ្នកជំនាញវិធីសាស្ត្រល្អអាច ផ្តាច់ការចម្លងវីរុស ទប់មិនឱ្យមានការរាតត្បាតរលកទីពីរ គ្មានអ្វីក្រៅពីឱ្យពលរដ្ឋពាក់ម៉ាស់គ្រប់គ្នា ជាដាច់ខាតនៅតាមទីសាធារណៈ ដែលបិទជិត ដូចជានៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនើប ហាងទំនិញតូចធំ លក់អីវ៉ាន់ លក់ចំណីអាហារ សារមន្ទីរ .... ជាដើម។ល។ ទេ។
ខុសកាលពីដើមឆ្នាំដែលពិភពលោកសូវស្គាល់កូវីដ១៩ និងគ្មានមធ្យោបាយ ឥលូវបារាំងមានលទ្ធភាពផ្តល់ម៉ាស់ឱ្យប្រជាពលរដ្ឋបានគ្រប់គ្រាន់ហើយ ដូច្នេះ វាពិតជាគួរឱ្យសោកស្តាយពេកណាស់ ដែលបារាំងមិនប្រើមធ្យោបាយមានប្រសិទ្ធភាពហើយងាយនោះ។
កូវីដមិនមែនជាជំងឺប្រចាំរដូវ មិនស្លាប់ដោយកម្តៅឡើយ។ គ្មានថ្នាំព្យាបាល គ្មានថ្នាំបង្ការ កូវីដ១៩ នឹងនៅវិលវល់មានសកម្មភាពយូរទៀត។ ហេតុដូច្នេះហើយបានជាក្រុមអ្នកអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យបានចេញលិខិត ដាស់ស្មារតីពលរដ្ឋឡើងវិញកុំឱ្យភ្លេចខ្លួន កុំភ្លេចរក្សាគម្លាតសុវត្ថិភាព និង លាងដៃសម្អាតមេរោគឱ្យបានញឹកញាប់។
សូមបញ្ជាក់ថាវិធានការពាក់ម៉ាស់ជាដាច់ខាតនៅតាមទីសាធារណៈត្រូវបានអនុវត្តហើយ នៅបែលហ្សិក ឬនៅអេស្ប៉ាញ និងនៅអៀរឡង់។ នាយករដ្ឋមន្ត្រីបារាំង ដែលកំពុងបំពេញទស្សនកិច្ចខ្លីនៅហ្គីយ៉ានបានអះអាងនៅល្ងាចមិញថា កំពុងពិចារណា តម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ នេះដែរ ហើយក៏ត្រិះរិះរួចជាស្រេចចំណាត់ទប់ទល់នឹងការផ្ទុះកូវីដ១៩រលកទីពីរ។ ការបិទខ្ទប់ប្រជាជនអាចនឹងត្រូវលើកមកអនុវត្តជាថ្មី នៅតាមតំបន់ដែលមានផ្ទុះខ្លាំង និងមិនធ្វើជាលក្ខណៈទូទៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ