អានតួអត្ថបទ
បំណុល-កូវីដ១៩

បារាំងអំពាវនាវឲ្យ​​ក្រុម​​ប្រទេស ​G20 ​បន្តព្យួរ ​ការ​ទារ​បំណុល​ពី​ប្រទេស​ក្រីក្រ​ ក្នុង​ឆ្នាំ​២០២១

ប្រទេសសេដ្ឋកិច្ចនាំមុខ G20
ប្រទេសសេដ្ឋកិច្ចនាំមុខ G20 © 网络照片
ដោយ៖ ម៉ម ពិសី
១៥ នាទី

រដ្ឋាភិបាលបារាំង នឹងអំពាវនាវ ឲ្យ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ ថាត្រូវតែបន្ត ព្យួរការទារកាប្រាក់ និងបំណុលពីប្រទេសក្រីក្រ ព្រោះថាវិបត្តិកូវីដ កំពុងតែបង្កការប៉ះពាល់ជាខ្លាំង ទៅលើសេដ្ឋកិច្ច។ នេះគឺជាការអះអាង របស់​លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង នៅមុនពេល​បើកកិច្ចប្រជុំ​ក្រុមប្រទេស G20 ដែកគ្រោងធ្វើនៅថ្ងៃសៅរ៍ទី​១៨កក្កដា​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបារាំង បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជម្ងឺកូវីដ១៩ នឹងបន្តអូសបន្លាយធ្ងន់ធ្ងរ រហូតដល់ឆ្នាំក្នុង២០២១ នៅទូទាំងពិភពលោក។ ដូច្នេះ​ ប្រទេសបារាំង​ សូមអំពាវនាវ ឲ្យ​ប្រទេស​សេដ្ឋកិច្ចនាំមុខ G20 ត្រូវបាន​បន្តអនុវត្តការព្យួរ មិនទារកាប្រាក់ពី​ប្រទេសក្រី​ក្រ ដែលជាកូនបំណុល នៅក្នុងឆ្នាំ២០២១ទៀត។ នេះគឺជាវិធីតែមួយគត់ ដើម្បីឲ្យ​ពួកគេ អាចងើបក្បាលដកដង្ហើមបាន។

គួររំលឹកថា កាលពីពាក់កណ្តាលខែមេសា ក្រុមប្រទេស G20 តាមរយៈកិច្ចប្រជុំពីចំងាយ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានសម្រេច​ថា ព្យួរជាបណ្តោះអាសន្ន មិនទារកាប្រាក់ ពីប្រទេសក្រីក្រ ពីនេះរហូតដល់ដាច់ឆ្នាំ២០២០។ សេដ្ឋកិច្ចសកលលោករាំងស្ទះ ប្រទេសក្រីក្រ គ្មានប្រាក់ចំណូល មិនអាចបង់សងកាប្រាក់ នៃបំណុលសាធារណៈ​របស់ខ្លួនបានទេ។ ការផ្តួចផ្តើមនេះ ក៏ត្រូវទទួល​បាន​ការយល់ព្រម ពីសំណាក់ប្រទេសសមាជិក Club de Paris ព្រមទាំងប្រទេសម្ចាស់បំណុលវ័យក្មេង មានដូចជា ចិន​ រុស្ស៊ី ឥណ្ឌា អារ៉ាប៊ីសាអូឌីត តួកគី និងអាហ្វ្រិកខាងត្បូង។

គួរកត់សសំគាល់ថា គិតត្រឹម​ចុងខែមិថុនា មានប្រទេសក្រីក្រ ចំនួន​១៨ប្រទេស ក្នុង​ចំណោម​៣២​​ ​ដែលបានដាក់​​ពាក្យសុំ ដែល​បាន​ទទួលការយល់ព្រម ផ្អាកការបង់កាប្រាក់ រហូតដល់ចុងឆ្នាំ២០២០។ ការប្រាក់​ដែលព្យួរ ដែលមាន​​តម្លៃសរុប ប្រមាណ​ជា​១៣០០​លានដុល្លារ នោះ នឹងត្រូវយកទៅបង់ពង្រាយក្នុងរយៈពេល​៣ឆ្នាំ​ ពី២០២១ ដល់២០២៤។

ដោយឡែក លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានអះអាងថា បារាំង ក៏កំពុងតែ​ស្វះស្វែងរកកាំគាំទ្រ ក្នុងក្របខណ្ខអន្តរជាតិ ដើម្បីរៀបចំ គូសវាសបទវិធាន ទាក់ទិននឹងការប្រមូលពន្ធ ពីក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើបធំៗរបស់អាេមរិក​​ មានដូចជា​ Google Apple Facebook និង Amazon។ កន្លងមកក្រុមហ៊ុន​ទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​បារាំង និងប្រទេសមួយចំនួន​ ចោទថាមានភាព​មិនស្មោះត្រង់ មិនប្រកាសពន្ធឲ្យ​បានត្រឹមត្រូវ ព្រមទាំងបាន​រៀបចំ​យុទ្ធសាស្ត្រ បង្វែរប្រាក់ចំណូល ទៅកាន់ប្រទេសណា ដែលមានអត្រាពន្ធទាបបំផុត។ លោករដ្ឋមន្ត្រីបារាំង បញ្ជាក់ថា ការចរចាគ្នា កំពុងធ្វើឡើង ក្នុងក្របខណ្ឌនៃអង្គការសហប្រតិបត្តិការ​ និង​ អភិវឌ្ឍន៍សេដ្ឋកិច្​ច OCDE។ កាលពី​ថ្ងៃទី​១០កក្កដាកន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ​ក៏បានអំពាវនាវ ឲ្យស្វែងរកកិច្ចព្រមព្រាងអន្តរជាតិមួយ ដើម្បីបិទបញ្ចប់វិវាទពន្ធដា រវាងអាមេរិក និងបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ