អានតួអត្ថបទ
អង់គ្លេស រុស្ស៊ី

អង់គ្លេសចោទរុស្ស៊ី​ ថាប្រើចោរព័ត៌មានវិទ្យា ប៉ុនប៉ងលួចទិន្នន័យស្រាវជ្រាវវ៉ាក់សាំងប្រឆាំង​​​កូវីដ១៩

APT29 គឺជាក្រុមចោរព័ត៌មានវិទ្យារបស់រុស្ស៊ី ដ៏សកម្ម ដែលអ្នកជំនាញ បានតាមដានដឹងកន្លងមក។
APT29 គឺជាក្រុមចោរព័ត៌មានវិទ្យារបស់រុស្ស៊ី ដ៏សកម្ម ដែលអ្នកជំនាញ បានតាមដានដឹងកន្លងមក។ © Reuters
ដោយ៖ ម៉ម ពិសី
១៦ នាទី

អង្គភាពសន្តិសុខព័ត៌មានវិទ្យារបស់រដ្ឋាភិបាលអង់គ្លេស បានជូនដំណឹង កាលពីថ្ងៃព្រហស្បតិ៍ ទី​១៦កក្កដា​ថា មានចោរព័ត៌មានវិទ្យា បានប៉ុនប៉ងចូលមកលួចយកទិន្នន័យ នៃការស្រាវជ្រាវថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ស្ថាប័នស្រាវជ្រាវ​មួយចំនួន​។ អង្គភាព​នេះ អះអាងថា គេ​ដឹងសឹងតែច្បាស់ទាំងស្រុង ថាគឺក្រុមចារកិច្ចរបស់រុស្ស៊ី ដែលជាអ្នក នៅពីក្រោយសកម្មភាព​ ដ៏កំសាកនេះ។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម National Cyber Security Centre (NCSC) របស់អង់គ្លេស បានឲ្យដឹងថា ស្ថាប័ន និងមន្ទីរពិសោធន៍ ដែលកំពុងធ្វើការ លើ​ការស្រាវជ្រាវផលិតថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅអង់គ្លេស នៅអាមេរិក និងកាណាដា បានរងនូវការវាយប្រហាររបស់ក្រុមចោរព័ត៌មានវិទ្យា។ អង្គភាពចំណុះរដ្ឋាភិបាលអង់គ្លេសនេះ អះអាងថា ក្រុមចោរព័ត៌មានវិទ្យាទាំងនោះ មានដូចជាក្រុម APT29 Ducs និង Cozy Bear គឺជាក្រុមដែលធ្វើសកម្មភាព ក្នុងក្របខណ្ឌបញ្ជារបស់ភ្នាក់ងារចារកិច្ចរុស្ស៊ី។ អង្គភាពរបស់អង់គ្លេសនេះ បញ្ជាក់ថា ក្រុមស៊ើបអង្កេតកាណាដា និងអាមេរិក បាន​វិនិច្ឆ័យ ដូចគ្នានេះដែរ។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងសន្តិសុខជាតិអង់គ្លេស អះអាងថា ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ APT29 គឺជាទូទៅ តែងតែធ្វើសកម្មភាពចូលទៅលុកលុយ លួចយកទិន្នន័យ របស់ស្ថាប័នរដ្ឋាភិបាល អង្គទូត និងក្រុមការងារវិភាគស្រាវជ្រាវនានា ដើម្បីប្រមូលយកព័ត៌មានសំងាត់ និងលួចកម្មសិទ្ធិបញ្ញា ដ៏មានតម្លៃ។

សូមបញ្ជាក់ថា យោងតាមលោក Paul Chichester អគ្គនាយក​វិទ្យាស្ថានជាតិ​គ្រប់គ្រងសន្តិសុខ​ព័ត៌មានវិទ្យាអង់គ្លេស គឺក្រុមចោរ បានប្រើប្រាស់វិធីមួយចំនួន ដើម្បីជ្រៀតចូលមកក្នុងប្រព័ន្ធបច្ចេកវិទ្យា របស់ស្ថាប័ន ឬជនរងគ្រោះ ដូចជា តាមរយៈការប្រើ កម្មវិធីបោកបញ្ឆោតបន្លំខ្លួន spear-phisphing ច្រើន​ប្រភេទ ដូចជា WellMess និង WellMail ជាដើម។

លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រតិកម្មថា វាជារឿងមួយ ដែលមិនអាចទទួលយកបានទេ ដែលក្រុមចារកិច្ចរុស្ស៊ី ធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ទៅលើ​ស្ថាប័ន​​ និងអង្គភាព ដែលកំពុងធ្វើការលើ​ការស្រាវជ្រាវរកថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រីបន្ថែមថា ខណៈដែល​អ្នកស្រាវជ្រាវអង់គ្លេស ព្រមទាំងដៃគូរសម្ព័ន្ធមិត្ត កំពុងស្វះស្វែងពួតដៃគ្នា ស្វែងរកថ្នាំវ៉ាក់សាំង ដើម្បីការពារសុខភាព​ប្រជាជនទូទាំងពិភពលោក តែបែរជាប្រទេសខ្លះ មានចិត្តអត្មានិយម ធ្វើសកម្មភាពថោកទាប ប៉ុនប៉ងមកលួចការងារ ដែលគេសម្រេចបាន យ៉ាងកំសាកបែបនេះទៅវិញ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេស នឹងបន្តប្រយុទ្ធប្រឆាំង សកម្មភាពលួចទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយថ្ងៃណាមួយ ជនល្មើសនឹងត្រូវតែ​ទទួលការពិន័យទោស ឲ្យសមនឹងកំហុស។

ដោយឡែក លោក Dmitri Peskov អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានច្រានចោលការចោទប្រកាន់នេះរបស់អង់គ្លេស។ មន្រ្តីរុស្ស៊ីរូបនេះ លើកឡើងថា ការចោទប្រកាន់ថ្មីនេះមកលើអង់គ្លេស គឺមិនខុសពីការចោទប្រកាន់លើកមុនថា​ រុស្ស៊ីចូលបន្លំទៅក្នុង​កិច្ចការបោះឆ្នោតសភាកាលពីខែធ្នូ ទាំងអស់នេះ គឺជាការចោទគ្មានមានមូលដ្ឋាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ