អឺរ៉ុប-សេដ្ឋកិច្ច

អឺរ៉ុប៖សមាជិកទាំង ២៧ប្រទេសពន្យារកិច្ចប្រជុំដើម្បីស្វែងរកកុងសង់ស៊ុសស្តីពីផែនការផ្តល់សន្ទុះសេដ្ឋកិច្ច

ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិល
ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិល POOL/AFP
១៥ នាទី

នៅ​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​បាន​ពន្យារ​កិច្ចប្រជុំ​នា​ថ្ងៃ​អាទិត្យ ទី១៩ កក្កដា​ដើម្បី​បន្ត​ជជែក​លើ​ផែនការ​ផ្តល់​សន្ទុះ​មួយ។ គួរ​បញ្ជាក់​ថា តាំង​ពី​ថ្ងៃ​សុក្រ ទី១៧ កក្កដា​ដែល​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​បាន​ព្យាយាម​ស្វែង​រក​ការ​សម្របសម្រួល​មួយ​លើ​កញ្ចប់​ថវិកា​ដើម្បី​ជួយ​ប្រទេស​សមាជិក​ដែល​បាន​រងគ្រោះ​ដោយ​ជំងឺ​កូវីដ-១៩ ខ្លាំង​ជាង​គេ ពិសេស​អ៊ីតាលី និង​អេស្ប៉ាញ។ តែ​គេ​សង្កេត​ឃើញ​ថា​នា​រយៈពេល ២ថ្ងៃ​កន្លង​ទៅ ការ​ប្រទាញប្រទង់ និង​ការ​ខ្វែង​គំនិត​គ្នា​បាន​កើត​មាន​ខ្លាំង ពិសេស​ការ​ជំទាស់​ពី​ប្រទេស​ហូឡង់ និង​ក្រុម​ប្រទេស​មិត្ត​របស់​ហូឡង់ មាន​ដាណឺម៉ាក ស៊ុយអែត អូទ្រីស និង​ហ្វាំងឡង់។ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ដែល​ជា​ប្រធាន​ផ្លាស់វេន​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី១៩ កក្កដា​ថា កិច្ចប្រជុំ​ថ្ងៃទី៣ នេះ​ក៏​មិន​ប្រាកដ​រក​បាន​កិច្ចព្រមព្រៀង​មួយ​ដែរ។ ចំណែក​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​សង្ឃឹម​រក​បាន​កុងសង់ស៊ុស​មួយ​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ និង​ទទួល​ស្គាល់​ថា នៅ​មាន​ប្រធានបទ​ជា​ច្រើន​ដែល​អឺរ៉ុប​ត្រូវ​បន្ត​ជជែក​គ្នា។

ផ្សាយពាណិជ្ជកម្ម

« ថ្ងៃ​នេះ នៅ​មាន​ប្រធានបទ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​បន្ត​ជជែក​ដើម្បី​បញ្ចប់។ ប្រធានរឿង​ទី១ គឺ​ទាក់ទង​នឹង​បញ្ហា​នីតិរដ្ឋ​ដែល​ជា​លក្ខខណ្ឌ​ស្នូល​របស់​កញ្ចប់ថវិកា​នៃ​ផែនការ​ផ្តល់​សន្ទុះ។ នៅ​ថ្ងៃ​សៅរ៍ ទី១៨ កក្កដា​ម្សិលមិញ យើង​បាន​លើក​យក​បញ្ហា​នីតិរដ្ឋ​នេះ​ទៅ​ជជែក​យ៉ាង​ទូលំទូលាយ​ដោយ​មាន​ការ​យល់​ឃើញ​ជា​រួម​ថា យើង​មិន​អាច​ផាត់​ចោល​រឿង​នីតិរដ្ឋ​នេះ​បាន​ឡើយ ព្រោះ​វា​ជា​បេះដូង​នៃ​គោលការណ៍​នៃ​តម្លៃ​របស់​អឺរ៉ុប។

ប្រធានរឿង​ទី២ គឺ​ទាក់ទង​នឹង​កញ្ចប់​ថវិកា​នៃ​ផ្តល់សន្ទុះ និង​ការ​គ្រប់គ្រង​លើ​កញ្ចប់​ថវិកា​នោះ។ រហូត​មក​ដល់​ពេល​នេះ មាន​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ខ្លាំង​លើ​ការ​ចាយវាយ ហើយ​សំណើ​ជា​គោលការណ៍​មួយ​ត្រូវ​បាន​ដាក់​ចេញ​ដែល​យើង​ត្រូវ​បន្ត​ជជែក​គ្នា​ដើម្បី​បញ្ចប់។ ប្រធានរឿង​ទី៣ ចុងក្រោយ​គឺ​ទាក់ទង​នឹង​ចំនួន​ទឹកប្រាក់​នៅ​ក្នុង​កញ្ចប់​ថវិកា។ ទាក់ទង​នឹង​រឿង​នេះ យើង​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា និង​មាន​ចំណាប់អារម្មណ៍​មិន​ដូច​គ្នា។

ទាំង​អស់​នេះ​សុទ្ធសឹង​ជា​ប្រធានរឿង​សំខាន់ៗ​នៅ​ពី​មុខ​យើង​ដែល​យើង​ត្រូវ​បន្ត​ស្វែង​រក​កុងសង់ស៊ុស​ដ៏​ល្អ​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ ហើយ​ខ្ញុំ​គិត​ថា​វា​ពិត​អាច​ទៅ​រួច។ តែ​ខ្ញុំ​ចង់​និយាយ​ឲ្យ​បាន​ច្បាស់​នៅ​ទីនេះ​ថា កុងសង់ស៊ុស​នេះ​មិន​ចេះ​តែ​សម្រេច​ឡើង​ដោយ​មិន​គិត និង​មិន​ខ្វាយខ្វល់​ពី​មហិច្ឆតា​របស់​អឺរ៉ុប​នោះ​ទេ ព្រោះ​យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​មិន​ធ្លាប់​មាន​ក្នុង​ផ្នែក​សុខភាព សេដ្ឋកិច្ច និង​សង្គម ព្រោះ​ប្រទេស​យើង​កំពុង​ត្រូវ​ការ ហើយ​យើង​ត្រូវ​ការ​ឲ្យ​មាន​ឯកភាព​ផ្ទៃក្នុង​អឺរ៉ុប »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI