អានតួអត្ថបទ
សុខភាព-កូវីដ១៩

ប៉ូលិស​រឹប​អូស​បាន​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​ក្លែង​ក្លាយ​រាប់ពាន់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ជា​អន្តរជាតិ​មួយ

ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩។
ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩។ AFP - ED JONES
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

នៅក្នុង​ប្រតិបត្តិការ​ឆ្មក់​ប្រឆាំង​ទៅនឹង​ផលិតផល​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ខុស​ច្បាប់ នៅ​ទូទាំង​ប្រទេស​ចំនួន​រាប់​សិប​ មន្ត្រី​ប៉ូលិស​បាន​រក​ឃើញ​និង​រឹប​អូស​យក​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​ក្លែងក្លាយ​ប្រមាណ​ ១៧ ០០០​។ ក្រៅពីនេះ​ ប៉ូលិស​ក៏​រឹបអូស​បាន​ផង​ដែរ​ ផលិតផល​ខុស​ច្បាប់​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​អង្គភាព​ប៉ូលិស​ព្រហ្មទណ្ឌ​អន្តរជាតិ​ (Interpol) នៅ​ថ្ងៃពុធ​ ទី​២២ កក្កដា​។

ផ្សាយពាណិជ្ជកម្ម

ឧបករណ៍​ក្លែងក្លាយ​ និង​ផលិតផល​ខុស​ស្តង់ដារ​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​គេ​​រឹប​អូសបាន មាន​តម្លៃ​ប្រមាណ​ ៤០​ លាន​ដុល្លារ​ និង​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​ ៧៧​ ហើយ​មនុស្ស​ចំនួន​ ៤០៧​ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ប្រតិបត្តិកា​របង្ក្រាប​ជាអន្តរជាតិ​​ដែល​ចាប់​ធ្វើ​ឡើង​តាំងពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ដល់ខែ​មិថុនា​ ឆ្នាំ ២០២០​នេះ។

បើ​តាម​ប៉ូលិស​ Interpol ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​លីយ៉ុង​នៃ​ប្រទេស​បារាំង​ ផលិត​ផល​ខុសច្បាប់​ទាំងនោះ​រួមមាន​ ទឹកដោះគោ​ផលិត​មិន​សមស្រប​តាម​ស្តង់ដារ​ សាច់សត្វ​ខូច​គុណភាព​ និង​ផលិតផល​ចំណី​អាហារ​ដែល​មាន​ស្លាក​ក្លែងក្លាយ​ថាជា​ថ្នាំព្យាបាល​ជំងឺ​។

លើសពីនេះ​ ប៉ូលិស​ក៏​ស្ទាក់ចាប់​បាន​ផងដែរ​ ផលិតផល​វេជ្ជសាស្ត្រ​ក្លែងក្លាយ​រាប់ពាន់​ ខណៈ​តម្រូវការ​ផលិតផល​ខាងវេជ្ជសាស្ត្រ​នេះមាន​ការកើនឡើងខ្លាំង​នៅតាម​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ​។

អគ្គលេខាធិការ​ប៉ូលិស​ Interpol លោក​ Jürgen Stock បាន​មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ "ស្របពេល​ដែល​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ​កំពុងខិតខំ​គ្រប់​គ្រង​ជំងឺកូវីដ​ ពួក​ក្រុម​ឧក្រិដ្ឋជន​ឯណោះវិញ​បែរ​កំពុង​ប្រឹងប្រែង​ចែកចាយ​ផលិតផល​ខុស​ច្បាប់​និង​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់​ដើម្បី​រក​ប្រាក់​ចំណេញ​"។

គួរជ្រាបថា​ ក្រៅពី​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​ក្លែងក្លាយ​និង​ផលិតផល​ម្ហូបអាហារ​ខូច​គុណភាព​ ប៉ូលិស​ Interpol ក៏​បាន​រកឃើញ​ផលិតផល​ខុសច្បាប់​ជាច្រើន​ទៀត​មាន​ជាអាទិ៍​ គឿងសំអាង​ ស្បែកជើង​ សម្លៀកបំពាក់​ កាបូបដៃ​ គ្រឿង​បន្លាស់​រថយន្ត​ គ្រឿង​អេឡិច​ត្រូនិក​ និង​ថ្នាំពេទ្យ​ដែល​មាន​តម្លៃ​ប្រមាណ​ ៣​លាន ១​សែន​ដុល្លារ​។

គួរ​ជ្រាប​ទៀតថា​ ការលប​ឆ្មក់​លើកនេះ​គឺជា​ឆ្នាំ​ទី៩​ហើយ​ នៃ​ប្រតិបត្តិ​ការ​បង្ក្រាប​ផលិតផល​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ខុស​ច្បាប់​ របស់​អង្គភាព​ប៉ូលិស​Interpol។ ជាធម្មតា​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ម្តងៗ​ មន្ត្រី​ប៉ូលិស​តែង​រឹបអូស​បាន​ផលិតផល​ក្លែងក្លាយ​ និង​ផលិត​ផល​ដែល​អាចបង្កជា​គ្រោះថ្នាក់​ចំនួន​រាប់​ពាន់តោន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ