អានតួអត្ថបទ
សុខភាព-កូរ៉ូណាវីរុស

អ្នក​វិទ្យាសាស្ត្រ​ រាយការណ៍​ថា​ជំងឺ​កូវីដ​១៩​ អាច​ឆ្លង​តាម​ខ្យល់​

មនុស្សម្នាពាក់ម៉ាស់ការពារដើរតាមដងផ្លូវក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។
មនុស្សម្នាពាក់ម៉ាស់ការពារដើរតាមដងផ្លូវក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។ REUTERS - GONZALO FUENTES
ដោយ៖ អ៊ុង គឹមអ៊ាន់
១២ នាទី

អ្នក​វិទ្យាសាស្ត្រ​ បាន​ដឹង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ថា​ មេរោគ​កូរ៉ូណាថ្មី​អាច​តោង​នៅ​ក្នុង​ខ្យល់​ នៅ​ក្នុង​បន្ទប់​បិទ​ជិត ពេល​ដែល​មាន​ចំហាយ​ទឹក​មាត់​ខ្ទាត​ចេញពី​អ្នកជំងឺ​នៅ​​ពេល​និយាយ​និង​ដក​ដង្ហើម​។ ក៏ប៉ុន្តែ​កន្លងមកនេះ​ គេ​នៅមិនទាន់​រកឃើញ​ភស្តុតាង​ណាមួយ​ ដែល​បញ្ជាក់ថា​ភាគ​ល្អិត​តូចៗ​នៃ​តំណក់​ទឹកមាត់​ដែល​ហើរក្នុង​ខ្យល់​ ពិតជាអាច​ចម្លង​ជំងឺ​កូវីដ​បាន​ពិត​ប្រាកដមែនឬក៏អត់​នោះទេ​។

ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ថ្មីមួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ​នេប្រាស្កា​ (Nebraska) ដែលមាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ​នា​សប្តាហ៍នេះ​ បាន​បង្ហាញ​ជាលើក​ដំបូងថា​មេរោគកូរ៉ូណា​ថ្មី​ ដែល​យក​បានពី​ចំហាយ​ទឹកមាត់​តូចៗ​ស្រាលៗ​ និង​ដែលត្រូវ​បាន​គេ​កំណត់​ថា​ជា​ភាគល្អិត​តូចជាង​៥​ មីក្រូ​ម៉ែត​ អាច​ចម្លង​ជំងឺ​កូវីដ​នៅក្នុង​ល័ក្ខខ័ណ្ឌ​នៃ​មន្ទីរពិសោធន៍​។

ការ​រក​ឃើញ​ខាងលើ​នេះ​ ជម្រុញឲ្យ​មាន​សម្មតិកម្ម​ថា​ កូវីដ​១៩​ អាច​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ មិនមែនតែ​តាមរយៈ​ការក្អក​ឬ​កណ្តាស់​នោះទេ​ តែវា​ក៏​អាច​ចម្លង​ផងដែរ​តាមរយៈ​ការនិយាយ​និង​ដកដង្ហើម​ធម្មតា​ ហើយ​កម្រិត​នៃ​ការ​ចម្លង​អាចធ្វើដំណើរ​បាន​ចម្ងាយ​ជាង​ពីរម៉ែត្រ​។

លទ្ធផល​ខាងលើ​ ត្រូវ​បាន​គេ​ពិចារណាថា​ជា​ការរកឃើញ​បឋម​នៅឡើយ​ ហើយ​នៅ​មិនទាន់​បាន​បង្ហាញ​ឲ្យ​ក្រុមអ្នក​វិទ្យាសាស្ត្រ​ដទៃទៀត​ត្រួតពិនិត្យ​ ដើម្បី​ជា​ការ​អាច​ផ្តល់​ភាព​ជឿជាក់​បន្ថែម​ទៀត​ចំពោះ​លទ្ធផល​នេះ​នៅឡើយ​ទេ​។

លោក​ Joshua Santarpia សាស្ត្រាចារ្យ​ម្នាក់​នៅឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​នេប្រាស្កា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ ថា​ "វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ប្រមូល​សំណាក​"។ លោក​ថា​ ក្រុម​អ្នកវិទ្យាសាស្ត្ររ​បស់​លោក​ បាន​យក​គំរូ​ខ្យល់​ពី​បន្ទប់​ដែល​មាន​ដាក់​អ្នក​ជំងឺ​កូវីដ​ចំនួន​៥បន្ទប់​ ក្នុង​រយៈកម្ពស់​ប្រហែល​ ៣០​ សង់ទី​ម៉ែត្រ​ពី​លើ​គ្រែរបស់​ពួកគេ​។

នៅ​ខណៈពេល​នោះ អ្នក​ជំងឺខ្លះ​កំពុង​និយាយ​ និង​អ្នក​ខ្លះទៀត​កំពុង​ក្អក​ ហើយ​មាន​ខ្ទាតចំហាយ​ទឹកមាត់​ជា​ភាគល្អិតតូចៗ​ ដែល​ចំហាយ​ទឹកមាត់​ទាំងនោះ​ អាច​តោង​នៅ​ក្នុង​ខ្យល់​រយៈពេល​ជាច្រើន​ម៉ោង​។

លោក​សាស្ត្រាចារ្យ​ Joshua Santarpia បាន​ឲ្យដឹង​ទៀតថា​ បន្ទាប់​មកទៀត​ ក្រុមការងារ​បាន​ព្យាយាម​ប្រមូល​យក​ចំហាយ​ទឹកមាត់​ដ៏តូចៗ​ល្អិត​របស់​អ្នក​ជំងឺកូវីដ​ និង​ក្រោយមកទៀត​ ដាក់​គំរូ​ទាំងនេះ​ទៅ​ក្នុង​ក្រុម​បាក់តេរី​មួយ​ ដើម្បី​ឲ្យ​ពួកវា​រីក​ធំធាត់​។ ជាចុងក្រោយ​ អ្នកវិទ្យាសាស្ត្រ​នៅ​ឯសាកលវិទ្យាល័យ​នេប្រាស្កា​ រក​ឃើញ​ថា​ គំរូ​ ៣​ ក្នុង​ចំណោម​គំរូ​ ១៨ ដែល​បាន​សាកល្បង​ អាច​ចម្លង​មេរោគកូរ៉ូណា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ